សារធាតុគីមី និងបច្ចេកទេសប្រើប្រាស់ ក្នុងការបំប៉ន និង បណ្ដេញសត្វចង្រៃ ក្នុងវិស័យកសិកម្ម ជាក្ដីកង្វល់មួយ របស់អង្គការសង្គមស៊ីវិល និងអ្នកទទួលទាន បានប៉ះពាល់នូវសារធាតុគីមី។ ឆ្លើយតប នឹងក្ដីកង្វល់នេះ អង្គការសង្គមស៊ីវិលមួយចំនួន រួមគ្នាធ្វើយុទ្ធនាការ បំផុសឲ្យមានការ ចូលរួមកាត់បន្ថយ ផលប៉ះពាល់ពីថ្នាំកសិកម្ម ដើម្បីធានាបាន នូវសុខុមាលភាពនិងសុវត្ថិភាពស្បៀង នៅថ្ងៃនេះ។
មនុស្ស ប្រមាណ៥០០នាក់ នាំគ្នាចូលរួមក្នុងយុទ្ធការ រួមគ្នាកាត់បន្ថយ ផលប៉ះពាល់ថ្នាំកសិកម្ម ដើម្បីធានាបាននូវសុខុមាលភាព និងសុវត្ថិភាពស្បៀង នៅខេត្តក្រចេះ នាថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៤។
នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែងថា យុទ្ធនាការរួមគ្នាកាត់បន្ថយ ផលប៉ះពាល់ថ្នាំកសិកម្ម ប្រារព្ធនៅខេត្តក្រចេះនេះ ព្រោះតំបន់នោះ ទើបចាប់ផ្តើមប្រើថ្នាំកសិកម្ម និងថ្នាំពុល ដើម្បីបង្កើនដំណាំកសិឧស្សាហកម្ម មាន ដំឡូង កៅស៊ូ ម្រេច ពោត អំពៅ ស្រូវ និង ដំណាំបន្លែគ្រប់មុខ។ លោកថា ការនាំចូលថ្នាំកសិកម្ម ចាប់ពីឆ្នាំ ២០០៦មកដល់ឆ្នាំ២០១០ មានចំនួនច្រើនលានដុល្លារ គឺលើសជាង២០០% នៃការនាំចូលនៅទសវត្ស១៩៩០។ លោកបន្តថា ឥទ្ធិពលថ្នាំកសិកម្មប៉ះពាល់សុខភាព គឺអ្នកបាញ់ថ្នាំផ្ទាល់ អ្នករស់នៅជាប់កន្លែងបាញ់ជាតិគីមី និងអ្នកទទួលទានបន្លែ ផ្លែឈើ មានសារធាតុគីមី សុទ្ធតែរងគ្រោះ ដល់សុខភាព និងសន្តិសុខស្បៀង។ លោកថា ថ្នាំកសិកម្ម ដែលកសិករ និងម្ចាស់ចម្ការ បាញ់បំប៉នបន្លែ ផ្លែឈើ បំប៉នដើម ផ្កា មើម ផ្លែ ជ័រ ជាដើម មិនត្រូវតាមបច្ចេកទេសណែនាំទេ ព្រោះថ្នាំកសិកម្មខ្លះ សរសេរភាសាវៀតណាម ថៃ និងភាសាផ្សេងទៀត ដែលអ្នកប្រើប្រាស់ថ្នាំ មិនយល់ពីការណែនាំត្រឹមត្រូវ៖ «ទី១ក្រុមហ៊ុននាំចូលសម្ភារៈកសិកម្ម ដូចជាគ្រាប់ពូជ ថ្នាំកសិកម្ម ហើយនិងជីគីមីនឹង ត្រូវតែគោរពច្បាប់ ហើយនិងបកប្រែជាភាសាខ្មែរទាំងអស់ ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ ឲ្យគាត់ អាចមើលបាន គាត់អាចប្រើប្រាស់ត្រូវតាមបច្ចេកទេស»។
អនុប្រធានមន្ទីរកសិកម្ម ខេត្តកណ្ដាល និងជាប្រធានគ្រប់គ្រង គម្រោងអភិវឌ្ឍ វិស័យកសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច លោក ហូ សុផល អះអាងថា កសិករនៅខេត្តកណ្ដាល ប្រើសារធាតុគីមី ទៅលើបន្លែ មាន៥០% ប៉ុន្តែបានថយចុះ អ្នកប្រើសារធាតុគីមី ទៅលើដំណាំស្រូវ ចំនួន៣០% នៅក្នុងទំហំផ្ទៃដីកសិកម្ម ក្នុងខេត្តកណ្ដាល៖ «ប៉ុន្តែយើងបានណែនាំគាត់ហើយ ឲ្យប្រើប្រាស់ថ្នាំ ដែលក្រសួងកសិកម្ម បានចេញអនុញ្ញាតឲ្យ ដែលចុះបញ្ជីការ ហើយនិងចុះបណ្ដុះបណ្ដាលគាត់ ជាពិសេសគឺបណ្ដុះបណ្ដាលអាជីវករ និងអ្នកប្រើប្រាស់ជាមួយគ្នា»។
មន្ត្រីគីមីសាស្ត្រ អង្គការសេដាក លោក ឃិន ដារ៉ាវុធ ថ្លែងថា ដោយសារតែសារធាតុគីមី ប៉ះពាល់ អ្នកប្រើប្រាស់ផ្ទាល់ អ្នកលក់ដូរ អ្នកនៅក្បែរកន្លែងបាញ់ថ្នាំ និងអ្នកទទួលទានអាហារ បន្លែ ផ្លែឈើ ប្រកបដោយសារធាតុគីមីច្រើន ទើបអង្គការសេដាក បណ្ដុះបណ្ដាលកសិករ ដែលមានផ្ទៃដី កសិកម្មខ្នាតតូច ឲ្យធ្វើការដាំដុះ គ្មានសារធាតុគីមី ដោយបង្រៀនឲ្យពួកគេប្រមូលសំរាម ស្លឹករុក្ខជាតិ លាយជាមួយលាមកសត្វ ឆ្អឹងសត្វ ផ្សំជាជីធម្មជាតិ ដើម្បីធានាបាននូវសុខុមាលភាព និង សុវត្ថិភាពស្បៀង៖ «កសិករគាត់ធ្វើដីធំៗ រាប់សិបហិកតារ គាត់មិនអាចផលិតនូវថ្នាំធម្មជាតិនេះសម្រាប់ប្រើប្រាស់»។
ទូទៅបានទេ អីចឹងយើងចាប់ផ្ដើមធ្វើការជាមួយនឹងកសិករ ដែលមានដីតូចៗនឹង ដើម្បីទាញគាត់ ឲ្យចេញពីការប្រើប្រាស់ថ្នាំពុលនឹង។
កសិករ យឹម យឿន នៅឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្ដាល អះអាងថា នៅក្នុងតំបន់នោះ ដំណាំចម្រុះ សុទ្ធតែប្រើសារធាតុគីមីទាំងស្រុង សម្រាប់បំប៉នបន្លែ ផ្លែឈើ។ លោកអះអាងថាមានថ្នាំកសិកម្មខ្លះ គាត់មិនចេះមើលអក្សរទេ ព្រោះគេសរសេរជាភាសាបរទេស តែអ្នកលក់ថ្នាំកសិកម្មនោះ ចែកឲ្យប្រើ សាកល្បង បើពេលប្រើទៅ មានប្រសិទ្ធភាពលើដំណាំ និងបណ្ដេញសត្វចង្រៃ គាត់ទៅទិញយកមកប្រើ៖ «បាញ់ថ្នាំ អានឹងបើមិនដាក់អានឹងជួយ វាស៊ីអស់ហើយ»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ឲ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនាការ រួមគ្នាកាត់បន្ថយ ផលប៉ះពាល់ថ្នាំកសិកម្ម រួមមានមន្ត្រីកសិកម្ម ឈ្មួញលក់ថ្នាំកសិកម្ម និងកសិករ ពួកគេបានទាមទារឲ្យរដ្ឋាភិបាល រឹតបន្តឹងការនាំចូលថ្នាំកសិកម្ម និង អនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្មឲ្យត្រឹមត្រូវ។ លោកបន្តថា កសិករជាង៨០% ដាំដុះក្នុងវិស័យកសិកម្ម។ ក្នុងនោះមានកសិករមួយចំនួនធំ ប្រើថ្នាំកសិកម្ម ដោយសារផ្ទៃដីដាំដុះច្រើនហិកតារ មិនអាចប្រើជីធម្មជាតិបាន ហើយបង្ខំចិត្ត ប្រើថ្នាំកសិកម្ម តែសូមថ្នាំកសិកម្មនោះ មានការទទួលស្គាល់ និងអនុញ្ញាត ឲ្យលក់ដូរនៅទីផ្សារ ដោយរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
