ពលរដ្ឋនៅខេត្តបាត់ដំបង រិះគន់អាជ្ញាធរខេត្តនេះ យកដីសួនច្បារសាធារណៈរបស់រដ្ឋ ទៅធ្វើជាផ្សាររាត្រី។ ប្រតិកម្មរបស់ពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តបាត់ដំបង រុះរើដីសួនច្បារមុខអតីតសណ្ឋាគារតេអូ ដើម្បីអភិវឌ្ឍន៍ទៅជាផ្សាររាត្រី។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរខេត្តគួរគិតគូរឡើងវិញ អំពីសំណូមពររបស់ពលរដ្ឋ និងគួរមានកិច្ចពិគ្រោះយោបល់ជាមួយពលរដ្ឋជាមុនសិន។
ព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរស់នៅខេត្តបាត់ដំបង សោកស្ដាយសួនសាធារណៈដែលអាជ្ញាធរខេត្តបានរុះរើ កាប់ និងគាស់ដើមផ្កាចំប៉ីនៅលើសួនចេញ ដែលស្ថិតនៅ ភូមិកម្មករ ឃុំស្វាយប៉ោ ក្រុងបាត់ដំបង។ ពួកគាត់លើកឡើងថា កន្លងមកសួនច្បារនេះ តែងមានដាំផ្កាចំប៉ីក្លិនក្រអូប និងផ្ដល់ម្លប់សម្រាប់ពលរដ្ឋសម្រាក និងដើរលំហែហាត់ប្រាណ។ ពួកគាត់ថា អាជ្ញាធរគួរគិតគូពីផ្លូវថ្នល់ខូចខាត គុណភាពលូ និងភ្លើងបំភ្លឺចរាចរណ៍ ប្រសើរជាងបំផ្លាញស្នាដៃរបស់អភិបាលខេត្តចាស់ៗពីមុនមក។
ព្រះសង្ឃគង់នៅវត្តក្នុងក្រុងបាត់ដំបង ព្រះភិក្ខុ លួម សុគន្ធ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២៨ វិច្ឆិកា ថា ព្រះអង្គសោកស្ដាយនូវការបាត់បង់សោភ័ណភាពបរិស្ថានធម្មជាតិក្នុងខេត្ត នៅពេលមានការឈូសឆាយសួនកម្សាន្ត ទៅធ្វើជាផ្សាររាត្រីវិញ។ ព្រះអង្គមានថេរដីកាថា អាជ្ញាធរគួរតែរកដំណោះស្រាយការជួសជុលផ្លូវថ្នល់ ដែលខូចខាតជា ច្រើនកន្លែងប្រសើរជាង។ ព្រះអង្គអំពាវនាវឱ្យអាជ្ញាធរខេត្តនេះ ស្តាប្រព័ន្ធលូ និងសិក្សារំដោះទឹកហូរចេញឱ្យទាន់ពេលវេលា ជៀសវាងជន់លិចរៀងរាល់ឆ្នាំ។
ព្រះភិក្ខុ លួម សុគន្ធ៖ «គឺមានការសោកស្ដាយយ៉ាងខ្លាំងពរ ដោយសារសួនច្បារហ្នឹងវាស្អាត វាមានធម្មជាតិអីអ៊ីចឹងហាស ហើយផ្សារនៅខេត្តបាត់ដំបង គឺមានច្រើន ដូចជាមានផ្សាររោងចក្រ ផ្សារនៅផ្សារទំនើបនៅជិតវត្តក៏មាន ហើយនៅផ្សារហេង ឆៃលី ផ្សារបឹងឈូក ផ្សារណាត់ អីច្រើនទៀត ដែលមិនសូវដំណើរការ។ អ៊ីចឹង បើយើងធ្វើជាផ្សាររាត្រីមួយទៀត វាឃើញថាផ្សាររាត្រីហ្នឹងវាច្រើនពេក ទុកជាសួនហ្នឹងល្អពរ»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង លោក គឹម សិទ្ធ ថ្លែងថា កន្លងមកលោកតែងតែទៅអង្គុយលេងនៅមុខសួនច្បារផ្កាចំប៉ីនេះជាប្រចាំ ដើម្បីបន្ធូរអារម្មណ៍តានតឹងពីការសិក្សា និងការងារ ។ លោក គឹម សិទ្ធ បារម្ភពីការបាត់បង់កន្លែងកម្សាន្តធម្មជាតិនៅទីប្រជុំជននាពេលអនាគត ព្រោះសួនច្បារសាធារណៈក្នុងខេត្តមិនមានច្រើន ហើយធ្វើឱ្យសោភ័ណភាពខេត្តកាន់តែបាត់បង់។
លោក គឹម សិទ្ធ៖ « បាត់ដំបងយើងវាអត់សូវមានសួនច្បារទេ គឺមានតែសួន ស ខេង ហើយនិងសួនកន្លែងហ្នឹង ទាល់ឥឡូវគេរើចេញជាផ្សារវិញ ។ សម្រាប់ខ្ញុំ ខ្ញុំអត់ពេញចិត្តនឹងហើយបង ដោយសារម្ដុំហ្នឹងមានមន្ទីរពេទ្យ មានវត្តអារាមជិតហ្នឹងទៀត អ៊ីចឹងយើងធ្វើផ្សារ ធ្វើអីជិតហ្នឹង ក៏វាអត់សូវជា ដូចអត់ទំនងហាសបង។ ខេត្តបាត់ដំបងយើង គឺវាមានចន្លោះខ្វះខាតច្រើន ដូចជាផ្លូវ ដូចការដាក់អំពូលភ្លើងបំភ្លឺផ្លូវពេលយប់អ៊ីចឹងហាសបង ហើយដីបាត់ដំបងគឺធំ ហើយយើងអាចរើសទីតាំងផ្សេងទៅធ្វើផ្សារបាន។ យើងអត់អាចយកសួនហ្នឹងសម្រាប់អ្នកបាត់ដំបងភាគច្រើនគឺ មិត្តភ័ក្ដិខ្ញុំ អ្នកស្គាល់បងៗអីអ៊ីចឹង គឺគេអត់សប្បាយចិត្ត ព្រោះចង់និយាយថា សួនហ្នឹងជួយលំអក្រុងដែរអ៊ីចឹងហាស»។
ចំណែកយុវជនម្នាក់ទៀត កញ្ញាសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា កញ្ញាគាំទ្រ លើការអភិវឌ្ឍន៍ និងសាងសង់វិមានឯករាជ្យ ប៉ុន្តែសម្រាប់ការឈូសឆាយសួនច្បារ ធ្វើជាផ្សាររាត្រី កញ្ញាមិនគាំទ្រឡើយ។ កញ្ញាបន្តថា អាជ្ញាធរគួរកែលំអសួន និងធ្វើផ្លូវឱ្យបានស្អាត ហើយមានភ្លើងបំភ្លឺតាមដងផ្លូវក្នុងទីប្រជុំជនគ្រប់កន្លែង ទើបខេត្តមានសោភ័ណភាពបន្ថែមទៀត។
«ដល់ពេលយើងចង់ហាមពួកគាត់ក៏អត់ដឹងធ្វើម៉េចដែរ ព្រោះអី ធម្មតាយើងប្រជាជនយើងមិនសូវមានសិទ្ធិច្រើនទេបង។ ហៃសម្រាប់ខ្ញុំវិញ អត់ចង់ឱ្យមានការសាងសង់ធ្វើផ្សាររាត្រី ធ្វើអីទេ ព្រោះធម្មតាផ្សារនៅក្នុងក្រុងយើងវាច្រើន ហើយចង់ឱ្យតែអភិវឌ្ឍន៍ផ្លូវ មិនថាផ្លូវក្នុងក្រុង ឬក៏តាមផ្លូវនៅក្នុងស្រុកឃុំមួយចំនួនដែលខូចខាតច្រើន។ អ៊ីចឹងចង់មានសំណូមពរឱ្យគាត់គិតគូររឿងហ្នឹងច្រើនជាងរឿងធ្វើផ្សាររាត្រីហ្នឹង»។
ពលរដ្ឋថាគាំទ្រឱ្យមានការអភិវឌ្ឍ ប៉ុន្តែទីតាំងដីត្រូវអភិវឌ្ឍន៍មានច្រើនណាស់មិនគួរយកដីសួនច្បារសាធារណ:របស់រដ្ឋ ដែលតែងផ្ដល់ជាទីកម្សាន្ត និងជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឡើយ។ ពួកគាត់យល់ថា អាជ្ញាធរគួរថែរក្សា កែលំអ និងអភិរក្សអោយដូចដើម្បី ទុកជាតំបន់ប្រវត្តិសាស្ត្រប្រចាំខេត្ត ហើយចៀសវាងការបំផ្លាញស្នាដៃអ្នកចាស់ និងថវិកាជាតិដោយសាងសង់ និងអភិវឌ្ឍន៍តែកន្លែងដដែលៗ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បដិសេធមិនធ្វើអត្ថាធិប្បាយជុំរឿងនេះទេ ដោយលោកឆ្លើយថា កំពុងជាប់រវល់ប្រជុំ។
លោក សឿម ប៊ុនរិទ្ធិ៖ «អាឡូជម្រាបសួរ ! បាទៗ ខ្ញុំជាប់ប្រជុំជាមួយឯកឧត្ដមអភិបាលខេត្តមានអី ។ កំពុងរវល់បន្តិចបង កំពុងរវល់ ! ខ្ញុំកំពុងរវល់ !»។
ការអភិវឌ្ឍន៍របស់អាជ្ញាធរនៅទូទាំងប្រទេសភាគច្រើន មិនដែលធ្វើប្រជាមតិ ឬសិក្សាពីផលប៉ះពាល់ទាំងអារម្មណ៍ និងអចលនវត្ថុផ្សេងៗរបស់ពលរដ្ឋពាក់ព័ន្ធ និងការអភិវឌ្ឍន៍ឡើយ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា គម្រោងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលរៀបចំធ្វើផ្សាររាត្រី ដើម្បីអោយអាជីវករមួយចំនួននៅផ្សារចាស់ និងអាជីវករលក់ដូរនៅតាមមាត់ស្ទឹងមកលក់នៅផ្សារមួយនេះ។ លោកថា ពលរដ្ឋមានសិទ្ធិលើកឡើងពីបញ្ហាណាមួយ ដែលពួកគាត់មិនពេញចិត្ត និងចូលរួមផ្ដល់គំនិតក្នុងការអភិវឌ្ឍន៍សោភ័ណភាពខេត្ត។ លោកចាត់ទុកការលើកឡើងរបស់ពលរដ្ឋរស់នៅខេត្តបាត់ដំបង ជារឿងសមហេតុផល ព្រោះកន្លងមកពលរដ្ឋនៅតាមបណ្ដាស្រុកតែងមកកម្សាន្ត និងលំហែនៅតាមសួនច្បារក្នុងទីប្រជុំខេត្ត។
«បាទខ្លួនខ្ញុំផ្ទាល់ក៏មានការសោកស្ដាយដែរ ហើយខេត្តគួរតែពិនិត្យទៅលើទីតាំងដីទំនេរនៅកន្លែងផ្សេងទៀត ដែលអាចធ្វើផ្សាររាត្រី។ អ៊ីចឹងករណីនេះ ឯកឧត្ដមអភិបាលខេត្ត លោកគួរតែគិតគូរឡើងវិញ ដោយស្ដាប់នូវមតិលើកឡើងរបស់ប្រជាពលរដ្ឋ និងសំណូមពររបស់គាត់។ ការយកចិត្តទុកដាក់របស់ឯកឧត្តមក្នុងការកែលំអសោភ័ណភាពសម្រស់ទីក្រុងហ្នឹង កន្លងមកពិតជាមានភាពស្រស់ត្រកាលហើយ ទាក់ទាញភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋនៅតាមជនបទ ចូលមកលេងកម្សាន្តនៅក្នុងពេលរាត្រី»។
កន្លងមកផ្សាររាត្រីក្នុងខេត្តបាត់ដំបងមានស្រាប់ហើយនៅទល់មុខសួននាគបាញ់ទឹក ប៉ុន្តែផ្សារនោះមិនសូវមានការចាប់អារម្មណ៍ពីមហាជននោះទេ ព្រោះមានផ្សារក្បែរៗគ្នាច្រើននៅក្នុងខេត្តនេះ។ សួនច្បារផ្កាចំប៉ី ត្រូវបានកសាងឡើងក្នុងអាណត្តិ លោក អ៊ុង សាមី នៅជាអភិបាលខេត្តបាត់ដំបង និងលោក សេរី កុសល ជាអភិបាលរងខេត្ត។ សួនផ្កាចំប៉ីមានផ្ទៃដីប្រមាណជិត ៤ពាន់ម៉ែត្រការ៉េ(៤០០០)។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរខេត្តបាត់ដំបង ពិចារណាអភិរក្ស និងកែលំអសួនផ្កាចំប៉ីបន្ថែមទៀត និងបញ្ឈប់ការកាប់ដើមផ្កាចំប៉ី ដើម្បីទុកបន្សាយក្លិនក្រអូបក្នុងទីក្រុងឱ្យមានខ្យល់បរិសុទ្ធ និងទាក់ទាញភ្ញៀវទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។