ស្ថានទូតចិន បង្ហាញលទ្ធផលស៊ើបអង្កេត ទៅលើជនជាតិចិនមួយក្រុម ដែលចេញវីដេអូមួយ គំរាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុ ថ្មីៗនេះថា ពួកគេមិនមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មណាមួយទេ។
សេចក្ដីប្រកាសរបស់ស្ថានទូតចិន ផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា ឱ្យដឹងថា សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះត្រូវបានថតដោយជនជាតិចិន មកពីទីក្រុងចុងកឹង (Chongqing) ដែលបានមកធ្វើការនៅប្រទេសកម្ពុជា កាលពីខែមីនាឆ្នាំ២០១៩ ហើយក្រោយពីស្រវឹងស្រារួច ពួកគេក៏បានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។
ក្នុងវីដេអូនេះ ជនជាតិចិនមួយក្រុមមានគ្នាប្រមាណ ២០នាក់ កាលពីថ្ងៃទី១២ ខែឧសភា បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និយាយជាភាសាចិន ដែលបកប្រែមិនផ្លូវការ ជាភាសាខ្មែរថា ពួកគេចង់ឱ្យខេត្តព្រះសីហនុ វឹកវរ គឺវឹកវរ ចង់មានស្ថិរភាព គឺមានស្ថិរភាព។ ក្រោយពីការបង្ហោះវីដេអូនេះព្រោងព្រាតមក សមត្ថកិច្ចកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជាអះអាងថា ពួកគេរួមគ្នាទប់ស្កាត់និងបើកការស្រាវជ្រាវករណីនេះ។
ក៏ប៉ុន្តែកាលពីថ្ងៃទី១៦ ខែឧសភា មន្ត្រីនគរបាលនៃស្នងការនគរបាលជាតិអះអាងថា ក្រុមជនជាតិចិនព្រមានបង្កបញ្ហាអសន្តិសុខនៅខេត្តព្រះសីហនុនោះ គឺជាឃ្លិបវីដេអូចាស់ ហើយមិនមែនធ្វើឡើងនៅខេត្តព្រះសីហនុ និងនៅកម្ពុជានោះទេ។ របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ជនជាតិចិន ជាជនបរទេសដែលប្រព្រឹត្តបទល្មើសច្រើនជាងធៀបទៅនឹងជនជាតិបរទេសផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
