មនុស្សចំនួន ៥២នាក់ស្លាប់ និង ១៨៣នាក់ របួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៤ថ្ងៃ នៃកំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា។
របាយការណ៍របស់ការិយាល័យនគរបាលផ្លូវគោក នៃអគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី១៦ មេសា បង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ ៤ថ្ងៃ នៃកំឡុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះ ចំនួនអ្នកស្លាប់កើនជាងឆ្នាំមុន ចំនួន ២០នាក់ គឺឆ្នាំ២០១៨ ស្លាប់ ៣២នាក់ ឯឆ្នាំ២០១៩ ស្លាប់ ៥២នាក់។
អ្នករងរបួសធ្ងន់ និងស្រាល បានកើនឡើងចំនួន ៧៥ករណី គឺឡើងពី ១០៨ករណី ក្នុងឆ្នាំ២០១៨ កើនដល់ ១៨៣ករណី ក្នុងឆ្នាំ២០១៩។ របាយការណ៍ឱ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារបើកហួសល្បឿន ច្រើនជាងគេ (៤១ករណី) មិនប្រកាន់ស្ដាំ (១៦ករណី) មិនគោរពសិទ្ធិ (១៦ករណី) បត់គ្រោះថ្នាក់ (១៤ករណី) ស្រវឹងស្រា (៨ករណី) និងកត្តាយានយន្ត (២ករណី)។
ខេត្ត ដែលកើតគ្រោះថ្នាក់ច្រើនជាងគេ គឺខេត្តកំពង់ឆ្នាំង ដែលមានអ្នកស្លាប់ចំនួន ៦នាក់ របួស ៨នាក់។ រីឯខេត្តកំពង់ស្ពឺ ស្លាប់ ៥នាក់ ខេត្តកណ្ដាល ស្លាប់ ៤នាក់ របួស ១០នាក់ ខេត្តត្បូងឃ្មុំ ស្លាប់ ៤នាក់ របួស ២នាក់ ភ្នំពេញ ស្លាប់ ៤នាក់ របួស ២០នាក់ ពោធិ៍សាត់ ស្លាប់ ៣នាក់ របួស ២២នាក់ ខេត្តក្រចេះ ស្លាប់ ៣នាក់ របួស ៦នាក់ និងខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ របួស ៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
