រដ្ឋមន្ត្រីមហាផ្ទៃបើកកិច្ចពិភាក្សាដើម្បីរក្សាសន្តិសុខក្នុងពិធីប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម
2023.02.11

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅថ្ងៃទី១០ ខែកុម្ភៈ បានរម្លឹកជាថ្មីទៅដល់ស្ថាប័នពាក់ព័ន្ធ ឱ្យរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ដើម្បីធានាសុវត្ថិភាពក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្ដីពីកិច្ចប្រជុំការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ប្រតិភូកីឡាចំនួន១២ ប្រទេសនឹងមកចូលរួមប្រកួតកីឡាទាំងនេះ ក្នុងនោះរួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស បូកទាំងប្រទេសទីម័រខាងកើត (Timor Leste) និងប្រទេសអូស្ត្រាលី (Australia)។
ជុំវិញការរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនេះ អ្នកវិភាគនយោបាយ ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាមានចេតនាកេងចំណេញនយោបាយ ជាជាងមានចេតនាលើកកម្ពស់វិស័យកីឡា ព្រោះកន្លងមករដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ពង្រឹងសមត្ថភាពកីឡាករឡើយ។ ជាមួយគ្នានេះ គណបក្សកាន់អំណាច បានដាក់កាលបរិច្ឆេទប្រកួតកីឡានៅជិតពេលឃោសនាបោះឆ្នោត គឺមានចេតនាដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ខណៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារាប់សិបឆ្នាំមកនេះ បានធ្វើឱ្យរដ្ឋាភិបាលជាប់បំណុលបរទេសវ័ណ្ឌក និងមិនមានសូម្បីលទ្ធភាពកសាងពហុកីឡាដ្ឋានដោយខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។