ពលរដ្ឋ និង​យុវជន​ គាំទ្រ​ការ​​តាំង​​​ព្រះពុទ្ធ​​រូប​តាម​​ទី​សាធារណៈ​​ក្នុង​​ថ្ងៃ​បុណ្យ​​វិសាខ​បូជា

ដោយ សុ ជីវី
2019-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះពុទ្ធរូប ដែល​អាជ្ញាធរ​ដាក់​តាំង​នៅ​តាម​ផ្លូវ​សាធារណៈ នៅ​មុន​ថ្ងៃ​វិសាខបូជា ឆ្នាំ២០១៩។
ព្រះពុទ្ធរូប ដែល​អាជ្ញាធរ​ដាក់​តាំង​នៅ​តាម​ផ្លូវ​សាធារណៈ នៅ​មុន​ថ្ងៃ​វិសាខបូជា ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ពលរដ្ឋ​ និង​ក្រុម​យុវជន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​តាំង​បង្ហាញ​រូប​ព្រះពុទ្ធ​លើ​ផ្ទាំង​ប៉ាណូ​ធំៗ តាម​ដង​ផ្លូវ​សាធារណៈ ដើម្បី​រំឭក​ដល់​ព្រឹត្តិ​ការណ៍​បុណ្យ​វិសាខ​បូជា ក្រោយ​ពេល​អាជ្ញាធរ​តាំង​បង្ហាញ​រូប​ព្រះពុទ្ធ​ តាម​ផ្លូវ​សាធារណៈ​ជា​លើក​ដំបូង​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន។

ពលរដ្ឋ​ និង​ក្រុម​យុវជន​ ចាត់ទុក​ការ​តាំង​បង្ហាញ​រូប​ព្រះពុទ្ធ​តាមផ្លូវ​សាធារណៈ ឆ្លុះ​បញ្ចាំង​ការ​ផ្តល់​តម្លៃ​ព្រះពុទ្ធ​សាសនា​ និង​បំផុស​ពលរដ្ឋ​ឲ្យ​យល់ដឹង​ ពី​វប្បធម៌​ប្រពៃណី​បែប​ព្រះពុទ្ធ​សាសនា​ ជាពិសេស​កាត់បន្ថយ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ជាដើម។

ព្រះ​តេជគុណ​ រឿន​ វាសនា​ គង់នៅ​វត្ត​ពោធិ៍​ព្រឹក​ មាន​ថេរៈ​ដីកា​ថា​ វិធានការ​របស់ក្រ​សួង​ធម្មការ​ តាំង​រូប​ផ្ទាំង​ព្រះពុទ្ធ​ តាម​ផ្លូវ​សាធារណៈ​បែបនេះ​ គឺ​ជា​ការ​ល្អ​សម្រាប់​សាសនា​ និង​សង្គម​ ក៏ប៉ុន្តែ​ក្រសួង​ត្រូវ​បណ្តុះ​ធនធាន​សង្ឃ​ និង​ផ្សព្វផ្សាយ​បន្ថែម​ពី​ព្រឹត្តិ​ការណ៍​ វិសាខ​បូជា​ ឲ្យបាន​ទូលំទូលាយ​ ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ជ្រាប​ពី​តម្លៃ​សីលធម៌។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា ការ​តាំង​បង្ហាញ​រូប​ព្រះពុទ្ធ ក៏​ជាផ្នែក​មួយ ផ្សព្វផ្សាយ​ការ​អប់រំ​ផ្នែក​សីលធម៌ វប្បធម៌ និង​គុណធម៌​ដែរ៖ «សម្រាប់​អាត្មា គឺ​ត្រេកអរ ដោយសារ​ពលរដ្ឋ​គាំទ្រ និង​ដើរ​ទៅ​តាម​នឹង​ព្រះសម្មាសម្ពុទ្ធ ផល​ប្រយោជន៍​ទៅ​ដល់​សង្គម និង​យុវជន​យើង​សព្វ​ថ្ងៃ គឺ​ទីស​បញ្ជាក់​ឲ្យ​ពលរដ្ឋ​យល់​ដឹង ពី​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់ ព្រះពុទ្ធ​សាសនា​របស់​ខ្លួន​ឯង។ ទី២ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង»

មក​ទល់​ពេលនេះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​មាន​លើក​ផ្ទាំង​ប៉ាឡូ​ រូប​ព្រះពុទ្ធ​តាម​ផ្លូវ​សាធារណៈ​រួម​មាន​ នៅ​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ត្រៀម​ប្រារព្ធ​ព្រឹត្តិ​ការណ៍​បុណ្យ​វិសាខ​បូជា។ លើស​ពីនេះ​ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ បាន​តាំង​រូប​ព្រះពុទ្ធ​ចំនួន​ ៣ផ្ទាំង​ធំៗ នៅ​ចំណុច​ច្រមុះ​ជ្រូក​ អូរ​ពង​មាន់ផ្លូវ​បំបែក​ខេត្តរតនគិរី​ ដើម្បី​ត្រៀម​ដង្ហែ​ និង​ដាក់​បាត​ព្រះសង្ឃ​ជាង​ ៣រយ​អង្គ។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក សាំង គាំ គាំទ្រ​យ៉ាង​ពេញ​ទំហឹង ដែល​អាជ្ញាធរ​តាំង​រូប​ព្រះពុទ្ធ​នៅ​តាមផ្លូវ​សាធារណៈ ជំនួស​ការ​តាំង​បង្ហាញ​រូប​ស្រា​បៀរ។ លោក​សង្កេត​ឃើញ​ថា កន្លងទៅ​ពួកគេ​ ប្រទះ​ឃើញ​អាជ្ញាធរ​មាន​តាំង​ផ្ទាំង​ប៉ាណូ​ ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​ច្រើន​ស្អេកស្កះ​តាម​ផ្លូវ​សាធារណៈ​ ពុំ​សូវ​ឃើញ​មាន​តាំង​រូប​ព្រះពុទ្ធ​ដូច្នេះ​ទេ៖ «សម្រាប់​ខ្ញុំ​ជា​អ្នក​រស់​នៅ​ខេត្ត​ស្ទឹងត្រែង គឺ​ចង់​ដាក់​តាំង​រូប​ព្រះពុទ្ធ​ឲ្យ​ច្រើន ដើម្បី​ឲ្យ​គាត់​យល់​ថា ព្រះពុទ្ធ​មាន​តម្លៃ​យ៉ាង​ម៉េច និង​អប់រំ​ពលរដ្ឋ​ធ្វើ​ម៉េច​ល្អ? វា​ប្រសើរ​ជាង​តាំង​រូប​ស្រា​បៀរ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ដើម្បី​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១៦ ឧសភា។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ លោក មួង សូនី យល់​ថា ការ​តាំង​រូប​ព្រះពុទ្ឋ​បែប​នេះ​ជា​ការ​បង្ហាញ​ពី​ការ​ដឹង​គុណ​ ព្រះពុទ្ឋ​ដែល​ទ្រង់​បាន​ខិតខំ​បំពេញ​បារមី​ ជួយ​រំដោះទុក្ខ​សត្វ​លោក។ លើស​ពីនេះ​ រូប​ព្រះពុទ្ធ​ក៏​ជា​និមិត្តរូប​ នៃ​គុណធម៌​ និង​អំពើ​ល្អ​ រំលឹក​ប្រជាជន​ខ្មែរ​ អ្នក​នយោបាយ និង​មន្ត្រី​រាជការ​ កុំ​ឲ្យ​លង់​លក់​នូវ​អំពើ​អាក្រក់ទាំង​ពួង

ព្រះ​តេជគុណ រឿន វាសនា មាន​ថេរៈ​ដីកា​ថា​បន្ថែម​ថា​ ព្រះអង្គ​ចង់​ឃើញ​អាជ្ញាធរ​តាំង​រូប​ព្រះពុទ្ធ​ដូច​នេះ​ គ្រប់​ ២៥ខេត្ត​ក្រុង​ទូទាំង​ប្រទេស ដើម្បី​ពញ្ញាក់​ស្មារតី​ឲ្យ​សាធារណៈ​ជន និង​ពលរដ្ឋ​ជ្រាប​ពី​ប្រយោជន៍​ព្រះពុទ្ធ​សាសនា។ ព្រះអង្គ​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ គួរ​កាត់​បន្ថយ​ ការ​លើក​ផ្ទាំង​ប៉ាណូ​ ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​ និង​ដាក់​ជំនួស​ដោយ​រូប​ព្រះពុទ្ធ​តាម​ដងផ្លូវ​សាធារណៈ​ឲ្យ​បានច្រើន​ជាង​នេះ៖ «អាត្មា​ចង់​ឲ្យ​មាន​រូប​បដា រូប​ប៉ាណូ ព្រះ​សម្មាសម្ពុទ្ធ ឲ្យ​កើត​មាន ២៥ខេត្ត​ក្រុង គឺ​កាត់​បន្ថយ​រូប​បដា​ផ្សាយ​ពី​ស្រា​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​ពី​អត្ថ​ប្រយោជន៍​ព្រះ​ពុទ្ធសាសនា ដែល​ដឹក​នាំ​យល់​ពី​ប្រយោជន៍​ការ​អប់រំ​នៃ​ចិត្ត»

កាល​ពី​ចុង​ខែ​មេសាកន្លង​ទៅក្រសួង​ព័ត៌មាន​ បាន​ហាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​បុណ្យ​ជាតិ​វិសាខ​បូជា និង​មាឃបូជា​ ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា។ ក្រសួង​ចាត់​ទុក​ បំរាម​នេះ​ចង់​រំលឹក​ដល់​ព្រឹត្តិការណ៍​បុណ្យ​វិសាខ​បូជា ដែល​ព្រះពុទ្ធ ប្រសូត ត្រាស់​ដឹង និង​ចូល​បរិនិព្វាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល