ពលរដ្ឋ​ខ្លះ​​​​ទិញ​​​អាហារ​​​បរិច្ចាគ​​ជួយ​​ដល់​​អ្នក​​​ទី​ទ័ល​​ក្រ​​ក្នុង​​​ពេល​​បិទ​​ខ្ទប់​ទីក្រុង

ដោយ សន ចាន់រដ្ឋា
2021-04-19
Share
ពលរដ្ឋ​ខ្លះ​​​​ទិញ​​​អាហារ​​​បរិច្ចាគ​​ជួយ​​ដល់​​អ្នក​​​ទី​ទ័ល​​ក្រ​​ក្នុង​​​ពេល​​បិទ​​ខ្ទប់​ទីក្រុង (ឆ្វេង) លោកស្រី អ៊ុន ចន្ធី ដែលមានសប្បុរសធម៌ផ្តល់អំណោយដល់កម្មការិនីខ្លះដែលកំពុងធ្វើចត្តាឡីស័ក។
រូប៖ គេ​ផ្ដល់​ឱ្យ

ការ​​ធ្វើ​​អំណោយ​របស់​ពលរដ្ឋ​មួយ​ចំនួន ចែកចាយ​ដល់​អ្នក​ទីទ័ល​ក្រ​​មួយ​ចំនួន​ ដោយ​សារ​​កើត​ចេញ​ក្ដី​​អាណិត​អាសូរ និង​យល់​ពី​អារម្មណ៍​អ្នក​ដែល​ទន្ទឹង​រង់ចាំ​ស្បៀង​អាហារ ក្នុង​ពេល​ចត្តាឡីស័ក និងការ​រាំង​បិទ​ខ្ទប់​របស់​អាជ្ញាធរ មិន​ឲ្យ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ​។

អ្នក​ចែក​​អំណោយ​ម្នាក់ គឺលោកស្រី អ៊ុន ចន្ធី រស់​នៅ​​សង្កាត់​ស្ទឹង​​មានជ័យ​​ទី​៣ ខណ្ឌ​មានជ័យ ឲ្យ​ដឹង​ថា លោកស្រី​មាន​​លទ្ធភាព​ទិញ​​ចំណី​​អាហារ​ចែក​ជូន​​​កម្មករ​​ ដែល​​ជួល​​បន្ទប់​​នៅ​​ក្បែរ​ផ្ទះ​បាន​​ ៥ ​គ្រួសារ កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ។ លោកស្រីប្រាប់​ថា លោក​ស្រី​អាណិត​​កម្មករ​​ទាំង​នោះ​ដោយសារ​​ភាគច្រើន​ធ្វើការ​​នៅ​​តាម​​រោងចក្រ ហើយ​​ត្រូវ​ជាប់​​កាតព្វកិច្ច​ធ្វើ​​ចត្តាឡីស័ក​តាម​​បន្ទប់​ជួល​រៀងៗ​ខ្លួន។

លោកស្រី​បន្ត​ថា កម្មករ​​ទាំង​នោះអះអាង​ប្រាប់​ថា គ្មាន​​អាហារ​​បរិភោគ ព្រោះ​ត្រូវ​​អាជ្ញាធរ​​ចង​ខ្សែ​ព័ទ្ធ​​ហាម​ចេញ​​ពី​ផ្ទះ ខណៈ​មួយ​​សប្ដាហ៍​​ទៅ​​ហើយ​នៅ​​មិន​​ទាន់​ទទួល​​បាន​​អំណោយ​ពី​​អាជ្ញាធរ​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា ពេល​នេះ​លោកស្រី អ៊ុន ចន្ធី លែង​អាច​​ធ្វើ​អំណោយ​​ជូន​​អ្នក​​ក្រីក្រ​ក្បែរ​​ខាង​ទៀ​ត​​ហើយ​ដោយ​សារ​​មិន​មាន​​លទ្ធភាព និង​​​មិន​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​​ដែរ​ក្នុង​ពេល​កំពុង​បិទ​ខ្ទប់​នេះ៖ «ខ្ញុំ​នឹក​ឃើញ​ថា គាត់​ជា​ក្បែរ​ខាង​។ ជាប់​ខាងជាប់​ភូមិ​ខ្ញុំ​ជាមួយ​គ្នា​អ៊ីចឹង ហើយ​ពេល​គាត់​ត្រូវ​ចត្តាឡីស័ក​អ៊ីចឹង​ទៅ​ហើយ​​មិន​ឃើញ​អំណោយ​មក​ខ្ញុំ​ក៏​មាន​ទឹក​ចិត្ត​យក​ឥវ៉ាន់​របស់​ខ្ញុំ ចែក​រំលែក​ឲ្យ​គាត់​ហូប​ទៅ​។ ខ្ញុំ​ដាក់​ ​៥ ​កញ្ចប់ គឺ​​សម្រាប់​៥​គ្រួសារ។ ខ្ញុំ​មាន​​សមត្ថភាព​តែ​ប៉ុណ្ណឹង​ទេ»។ 

ក្រៅពី​ពលរដ្ឋ​​​ដូច​គ្នា បាន​ចែក​អំណោយ​​ស្បៀង​អាហារ​ឲ្យ​គ្នា​​ហើយ​នោះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិ​ល​​មួយ​​ចំនួន​ក៏​បាន​​ចែក​អំណោយ​​ឲ្យ​សមាជិក​​ជា​អ្នក​ក្រីក្រ​ ក្នុង​សមាគម​​ដែរ​។​ ប្រធាន​​សមាគម​​ឯករាជ្យ​​នៃ​​សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធ​លោក វ៉ន់ ពៅ​ ឲ្យ​ដឹង​ថា ចាប់​តាំង​​ពី​​ផ្ទុះ​ជំងឺ​កូវីដ​១៩ ឆ្លង​ចូល​​ក្នុង​​ព្រឹត្តិការណ៍​​សហគមន៍​២០​​កុម្ភៈ​​មក​ សមាគម​​​​​ទទួល​​បាន​​អំណោយ​ខ្លះ ពី​សប្បុរសជន ដើម្បី​ចែក​ជូន​​អ្នក​​រត់​​រ៉ឺម៉ក​ និង​អ្នក​​​លក់​​ដូរ​​តាម​​ចិញ្ចើម​​ផ្លូវ​។

ទោះ​យ៉ាង​ណា សកម្មភាព​​ចែក​​អំណោយ​​នេះ លែង​អាច​​ធ្វើ​បាន​​ទៀត​ហើយ ចាប់​តាំង​​ពី​រដ្ឋាភិបាល​ដាក់​ចេញ​​បម្រាម​​បិទ​​ខ្ទប់​​រាជធានី​​ភ្នំពេញ​ និង​​ក្រុង​​តាខ្មៅ​​មក។ លោក វ៉ន ពៅ បន្ត​ថា ការ​លំបាក​​ខ្លាំង ពេល​នេះ​ គឺ​​​សមាជិក​នៃ​សមាគម​នេះ​​​ មិន​​អាច​​ចេញ​​ក្រៅ​ផ្ទះ ចែក​​អំណោយ​ទៀត​​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​រស់​នៅ​តាម​​បន្ទប់​​ជួល​​នៅ​ភូមិ​ផ្សេង​ទៀត ​ដែល​​ស្ថិត​​ក្នុង​​តំបន់​​បិទ​ខ្ទប់នៅតែ​អះអាង​ថា ​មិន​ទាន់​​ទទួល​​បាន​​អំណោយ​ពី​​អាជ្ញាធរ​ទេ។ អ្នក​ភូមិ​​ដំណាក់​ធំ​ទី​៣​លោក ឌឿន ធា ​ឲ្យ​ដឹង​ថា​ កម្មករ​រោងចក្រ និង​​អ្នក​រត់​រ៉ឺម៉ក​​កង់​បី​អ្នក​​រត់​​ម៉ូតូ​ឌុប​ដែល​នៅ​​ម្ដុំ​បន្ទប់​ជួល​​របស់​លោក បាន​​ធ្វើ​ចត្តាឡីស័ក ​និង​រង​​ការ​​រាំង​ខ្ទប់ មិន​ឲ្យ​ចេញ​​ក្រៅ​ផ្ទះ​ទាំង​ស្រុង ចាប់​តាំង​​ពី​​ថ្ងៃ​ទី​០៨ ខែមេសា​មក មិន​ទាន់​ទទួល​​បាន​អំណោយ​​ពី​​អាជ្ញាធរ​​ទេ។

លោក ឌឿន ធា ប្រាប់​ថា អ្នក​ជួល​បន្ទប់​​ខ្លះ​ ធ្លាប់​​ទទួល​​បាន​​អំណោយ​​​បន្តិច​បន្តួច​​​ពី​អ្នក​​ជិត​ខាង ដែល​គេ​​​អាណិត​។ តែ​ក្រោយ​ការ​​បិទ​ខ្ទប់​នេះ លែង​​មាន​​ពលរដ្ឋ អាច​មក​​ចែក​​អំណោយ​ឲ្យ​ទៀត​ហើយ។ លោកអំពាវនាវ​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន ប្រញាប់​ចែក​អំណោយ​ដល់​អ្នក​រង​ការ​រាំង​ខ្ទប់​តាម​បន្ទប់​ជួលនៅ​ភូមិ​ដំណាក់​ធំ​ទី​៣ ផង៖ «គេ​ (អាជ្ញាធរ)​បាន​ដឹង​ដែរ​ គេ​យក​​ខ្សែ​​​មក​ព័ទ្ធ​ផ្ទះ​​ ផ្លូវ​​ច្រក​ចេ​ញ​ កុំ​ឲ្យ​យើង​​ចេញ​​​ផ្ដេសផ្ដាស​​អ៊ីចឹង​​ណា។ គេ​​អត់​​មាន​​មក​​សួរ​អ្វី​ទេ អាជ្ញាធរ​​ហ្នឹង​ណា​ភូមិ​ឃុំ​ ​គេ​អត់​មាន​មក​​សួរ​ផង​ព័ទ្ធ​ផ្ទះ​ហើយ​បាត់​ឈឹង។ តែ​អ៊ីចេះ​ដែរ គេ​ឲ្យ​​យើង​​ធ្វើ​ក្រដាស​​ជំរឿន​ឈ្មោះ ​​ឲ្យ​ទៅ​គេ​​ហើយ តែ​អត់​ឃើញ​(អំណោយ)។ ឲ្យ​ទៅ​​គេ​បី​ បួន​​ ថ្ងៃ​​ហើយ»។

​ពាក់ព័ន្ធ​នឹង​រឿង​​អំណោយ​នេះ អាស៊ី​សេរី​មិន​​អាច​​សុំ​ការ​បញ្ជាក់​ពី​​អ្នក​​នាំ​​ពាក្យ​​​សាលា​រាជធានី​ភ្នំពេញ​​លោក ម៉េត មាស​ភក្ដី និង​​អ្នក​នាំ​​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែមេសា។

ព្រះ​សង្ឃ​គង់​នៅ​វត្ត​នាគ​វ័ន្ត​​រាជធានី​ភ្នំពេញ​ព្រះ​អង្គ យឿង វិជ័យ​ មាន​​ថេរៈ​ដីកា​លើក​ទឹក​ចិត្ត​ដល់​សកម្មភាព​ចែក​ទាន ​ដល់​​អ្ន​ក​​ក្រីក្រ​ក្នុង​ពេល​​បិទ​​ខ្ទប់​ក្រុង​​ភ្នំពេញ​​នេះ។ ​ព្រះ​អង្គ​បន្ត​ថា​ តាម​ព្រះ​ពុទ្ធ​សាសនា​ ការ​ធ្វើ​ទាន នឹ​ង​ទទួល​បាន​អានិសង្ស ទាំង​ជាតិ​នេះ នឹង​​​​​​​​ជាតិ​ក្រោយ។ ព្រះ​សង្ឃ​​អង្គ​នេះពន្យល់​ថា កា​រ​​​​​ចែក​​ទាន​នេះ ​មិន​បាច់ចាំ​ដល់​ពេល​មាន​ទ្រព្យ​ច្រើន ទើប​សាង​កុសល​ទេ គឺ​​កាលៈទេសៈ​នេះ​ហើយ ដែល​មនុស្ស​គ្រប់គ្នាគួរ​ចែក​រំលែក​ទាន​គ្នា៖ «ទស្សនៈ​របស់​អាត្មា ទោះ​បី យើង​មាន​តិច​ឬ​ច្រើន​ក៏​ដោយ យើង​ត្រូវ​ចែក​រំលែក​គ្នា​រស់។ ​អ្នក​មាន​ច្រើន ​ចែក​តាម​ច្រើន​ អ្នក​មាន​តិច​ចែក​​តាម​តិច។ ចេះ​ចែក​​រំលែក​​គ្នា​ធ្វើ​ឲ្យ​​ស​ង្គម​​​​​​​​​​ជាតិ​របស់​យើង​ រីក​ចម្រើន​»។

​​ជុំវិញ​​ការ​ចែក​អំណោយ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៧ ខែមេសា កម្មករ​រោងចក្រ​និង​អ្នក​ប្រកប​របរ​ក្រៅ​​ប្រព័ន្ធ​ច្រើន​រយ​នាក់ស្នាក់​នៅ​​ម្ដុំ​បន្ទប់​​ជួល ចន្លោះ​​ខណ្ឌ​មានជ័យ និង​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នាំ​គ្នា​តវ៉ា​ទាមទារ​​អំណោយ ដោយសារ​រង​ការ​បិទ​ខ្ទប់​ជិត​ដប់​ថ្ងៃ​ហើយនៅ​មិន​ទាន់​ទទួល​បាន​ការ​ឧបត្ថម្ភ។

ក្រោយ​ការ​តវ៉ា​​មួយ​​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៨ ខែមេសា អា​ជ្ញាធរ​រាជ​ធានី​ភ្នំពេ​ញ​ បាន​ចាត់​ឲ្យ​​មន្ត្រី​យក​​អំណោយ​​បន្ទាន់​ ​ចែក​ជូន​ពលរដ្ឋ​​​​ជិត​មួយ​ពាន់ (៨២៧) គ្រួសារ ដែល​កំពុង​​ធ្វើ​ចត្តាឡីស័ក​​នៅ​តាម​ផ្ទះ តាម​បន្ទប់​ជួល​ និង​អ្នក​រង​ការ​រាំង​ខ្ទប់ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌ​មានជ័យ។ ក្នុង​នោះ មួយ​គ្រួសារទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម​​ មី១​កេស​ ត្រី​ខ ​២​យួរ និង​ថវិកា​បី​សែន​ (៣០​ម៉ឺន)​រៀល៕​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល