សិស្ស​ប្រឡង​ជាប់​ទី​១២ មួយ​ចំនួន​ប្រឈម​នឹង​ការ​បោះបង់​ក្ដី​ស្រមៃ​ដោយសារ​កត្តា​ជីវភាព

ដោយ ជាតិ ចំណាន
2023.11.25
សិស្ស​ប្រឡង​ជាប់​ទី​១២ មួយ​ចំនួន​ប្រឈម​នឹង​ការ​បោះបង់​ក្ដី​ស្រមៃ​ដោយសារ​កត្តា​ជីវភាព ទិដ្ឋភាព​សិស្ស​ប្រឡងបាក់ឌុប កាលពីថ្ងៃទី៥ ខែ​ធ្នូ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សិស្សានុសិស្ស​មួយចំនួន​ដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ ២០២៣ នេះ បង្ហាញ​ក្ដី​បារម្ភ​ពី​ការបោះបង់​ក្ដី​ស្រមៃ នៃ​ការ​បន្ត​ការសិក្សា​នូវ​មុខជំនាញ​នៅ​ថ្នាក់​មហាវិទ្យាល័យ ដោយសារ​បញ្ហា​ជីវភាព​គ្រួសារ​មិន​អំណោយផល​។ សិស្ស និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល បង្កើន​ការ​ផ្ដល់​អាហារូបករណ៍​ឱ្យ​បាន​ច្រើន និង​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​និស្សិត​មកពី​តាម​បណ្ដា​ខេត្ត​ឱ្យ​បាន​សមរម្យ។

សិស្សានុសិស្ស​មកពី​តាម​បណ្ដា​ខេត្ត​នានា អះអាង​ថា ពួកគេ​ហាក់​មិនទាន់​អាច​កំណត់​ពី​គោលដៅ​ច្បាស់លាស់ បន្ទាប់ពី​ប្រឡង​ជាប់​បាក់​ឌុប​នោះ​ទេ​។ ពួកគេ​លើកឡើង​ស្រដៀងៗ គ្នា​ថា ការ​ប្រឡង​បាក់​ឌុប​ជាប់ គឺជា​ជោគជ័យ​មួយ​ផ្នែក ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​ជួប​ឧបសគ្គ​ធំ​មួយ​ផ្សេងទៀត គឺ​ការ​ខ្វះខាត​លទ្ធភាព​បន្ត​​ទៅ​រៀន​មុខជំនាញ​ក្នុង​ក្ដី​ស្រមៃ​នៅ​ថ្នាក់​មហាវិទ្យាល័យ។

សិស្ស​មួយ​រូប​មកពី​វិទ្យាល័យ​ភូមិ​ថ្មី ខេត្ត​រតនគិរី កញ្ញា លេខ ការី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ២៤ វិច្ឆិកា ថា ក្រោយ​ប្រឡង​បាក់​ឌុប​ទទួល​បាន​និទ្ទេស D កញ្ញា​មាន​ក្ដី​ស្រមៃ​ចង់ទៅ​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ លើ​ផ្នែក​ចិត្ត​វិទ្យា និង​សារព័ត៌មាន។ ក៏ប៉ុន្តែ សិស្ស​ដែល​មាន​ដើមកំណើត​ជា​ជនជាតិភាគតិច​ព្រៅ​រូប​នេះ បន្ត​ថា គ្រួសារ​របស់​កញ្ញា​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត មិនអាច​ផ្គត់ផ្គង់​ឱ្យ​កញ្ញា​ទៅ​រៀន​ទីនោះ​បាន​ឡើយ​។ កញ្ញា​បញ្ជាក់​ថា មានតែ​ឱកាស​អាហារូបករណ៍ និង​ការ​ស្នើសុំ​ជំនួយ​ពី​អង្គការ​នានា​តែប៉ុណ្ណោះ ដែល​អាច​ជួយ​ចម្លង​កញ្ញា​ឱ្យទៅ​បន្ត​ការសិក្សា​តាម​ក្ដី​ស្រមៃ​បាន ហើយ​ប្រសិនបើ​គ្មាន​ជំនួយ ឬ​ការ​ផ្ដល់​អាហារូបករណ៍​នោះ​ទេ កញ្ញា​នឹង​បោះបង់​ក្ដី​ស្រមៃ​បន្ត​ការសិក្សា​នៅ​ឧត្ដមសិក្សា​ចោល ហើយ​ងាក​មកកាន់​ចប​ធ្វើ​ចម្ការ​ជំនួស​វិញ​ប៉ុណ្ណោះ។

កញ្ញា លេខ ការី៖ «អ្វី​ជា​ការ​ព្រួយបារម្ភ​នោះ ដោយសារតែ​ខ្ញុំ​អត់​ទាន់​បាន​ដាក់​អាហារូបករណ៍​ទៅ​ខាង​ណា​ទេ​! អ៊ីចឹង​ទេ ខ្ញុំ​គិតថា ខ្ញុំ​ព្រួយបារម្ភ​ទាក់ទង​នឹង​ថ្លៃ​សាលារៀន ដែល​យើង​ត្រូវ​បង់ ហើយ​និង​ថ្លៃ​ចំណាយ​ផ្សេងៗ ប្រសិនបើ​ត្រូវ​ទៅ​រស់នៅ​ភ្នំពេញ​។ ដោយសារតែ​ឪពុកម្ដាយ​របស់ខ្ញុំ គាត់​អត់​មានអី​ជួយ​ជ្រោមជ្រែង​ខ្ញុំ​តាំង​ពី​ដើម គឺ​ខ្ញុំ​ស្វែង​រកលុយ​ដើម្បី​រៀន​ខ្លួនឯង។ អ៊ីចឹង​ខ្ញុំ​គិតថា វា​ពិតជា​ពិបាក​សម្រាប់​ខ្ញុំ​នៅក្នុង​ដំណាក់កាល​ដំបូង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ឯកសារ​ត្រៀមប្រឡង​ចូល​ឬក៏​រក​កន្លែង​ស្នាក់នៅ ឬក៏​រក​អាហារូបករណ៍​អីហ្នឹង វា​ពិបាក​សម្រាប់​ខ្ញុំ»

ស្រដៀង​គ្នា​នេះ​ដែរ សិស្ស​ម្នាក់ទៀត មកពី​វិទ្យាល័យ​ក្ដុល​ដូនទាវ ក្នុង​ខេត្ត​បាត់ដំបង គឺ​យុវជន ផ្លន ស័ក្កនិត ដែល​ប្រឡង​បាន​និទ្ទេស C ឱ្យ​ដឹង​ថា លោក​ចង់​បោះបង់​ឱកាស​អាហារូបករណ៍​ជំនាញ​ទេសចរណ៍ របស់​សកល​វិទ្យាល័យ​មួយ​នៅក្នុង​ខេត្ត ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​សាលា​តិចណូ ក្នុង​រាជធានី​ភ្នំពេញ លើ​ផ្នែក​វិស្វករ​វិញ។ ប៉ុន្តែ​លោក​ថា ក្ដី​ស្រមៃ​នេះ​ពិបាក​ឈាន​ទៅ​ដល់ ព្រោះ​គ្រួសារ​លោក​មាន​ជីវភាព​មិនសូវ​ធូរធារ មិន​អាច​ផ្គត់ផ្គង់​ការ​ចំណាយ​ដ៏​ច្រើន​លើ​ការ​សិក្សា​មុខជំនាញ​នេះ​បាន​ឡើយ។

យុវជន ផ្លន ស័ក្កនិត៖ «ខាង​គ្រួសារ​គាត់​អត់​សូវ​ចង់ឱ្យ​រៀន​ខាង​ហ្នឹង ដោយសារ​គាត់​គិតថា​យើង​អត់​សូវ​មាន​លុយ ដល់ពេល​យើង​ទៅ​រៀន​ខាង​ហ្នឹង វា​អាច​នឹង​អស់​លុយ​ច្រើន ហើយ​យើង​ត្រូវ​ចំណាយ​លុយ​ថ្លៃ​បង់​សាលា​ទៀត​! អ៊ីចឹង​ច្រើន ខ្លាច​រត់​អត់​រួច។ អ៊ីចឹង​ចង់ឱ្យ​រដ្ឋាភិបាល​គាត់​ផ្ដល់​ឱកាស​ច្រើន​ដល់​សិស្ស​ដែល​ចប់​ទី​១២ ហើយ គាត់​អត់​មាន​ថវិកា​។ អ៊ីចឹង​ស្នើសុំ​លើ​អាហារូបករណ៍​។ និយាយ​ទៅ​បើ​យើង​មាន​អាហារូបករណ៍​ផ្សេងៗ ដែល​រដ្ឋាភិបាល​គាត់​ជួយ​អាហ្នឹង​យើង​អាច​ថា ជីវិត​យើង​នឹង​ល្អ ហើយ​យើង​មានការ​រៀនសូត្រ​បាន​ជ្រៅជ្រះ​ទៅ​មុខ​ទៀត»

សិស្ស​ទើប​ប្រឡង​ជាប់​ទី​១២ ដែល​គ្រួសារ​មាន​ជីវភាព​ខ្វះខាត លើកឡើង​ថា ទម្រាំ​តែ​ប្រឡង​ជាប់​បាក់​ឌុប​នោះ មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ដោយ​ពួកគេ​បាន​ឆ្លងកាត់​ការ​តស៊ូ​ទៅ​រៀន​ទាំង​ខ្វះ​មុខ ខ្វះ​ក្រោយ ហើយ​ពេលខ្លះ ពួកគេ​បាន​កាត់បន្ថយ​ការ​ហូប​ចំណី ដើម្បី​ទុក​ប្រាក់​ចំណាយ​ទៅលើ​ការ​រៀន​គួ​បន្ថែម ហើយ​ប្រាក់​ដែល​ពួកគេ​ផ្ដាច់​ពី​មាត់​ពី​ក នោះ អាច​រៀន​បាន​ត្រឹមតែ ២​មុខវិជ្ជា​ប៉ុណ្ណោះ។

ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ សិស្ស​មួយចំនួន​តែង​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​គ្រួសារ​របស់​ពួកគេ ដែល​បង្ខំ​ឱ្យ​សម្រេចចិត្ត​បោះបង់​ការ​រៀន​បន្ត​នៅ​សកលវិទ្យាល័យ ទោះបី​ប្រឡង​បាន​និទ្ទេស​ល្អ ខ្លះ​ផ្អាក​មួយរយៈ ដើម្បី​រកលុយ​យក​មក​បង់ថ្លៃ​សាលា​ដោយ​ខ្លួនឯង ឯ​ខ្លះ​ខំប្រឹង​ដណ្ដើម​យក​ឱកាស​អាហារូបករណ៍ ដើម្បី​បាន​រៀន​នូវ​មុខជំនាញ​ដែល​ខ្លួន​បាន​ប៉ង​ទុក។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា និង​លោក កាន់ ពុទ្ធី ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា។

សង្គម​ស៊ីវិល​មើលឃើញ​ថា ករណី​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប ខ្វះ​លទ្ធភាព​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា​នេះ ក៏​ជា​ផ្នែក​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​វិសមភាព​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ផង​ដែរ ហើយ​កត្តា​នេះ តម្រូវ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​សិស្ស​ក្រីក្រ និង​រស់នៅ​តំបន់​ដាច់ស្រយាល។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា កត្តា​ជីវភាព​គ្រួសារ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ ដែល​ជះឥទ្ធិពល​លើ​ការសម្រេច និង​ការកំណត់​គោលដៅ របស់​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​។ លោក​យល់ថា ទោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណាក៏ដោយ អាណាព្យាបាល​សិស្ស គួរតែ​ជំរុញ​កូន​ឱ្យ​អស់​លទ្ធភាព ដើម្បី​សម្រេច​គោលដៅ​លើ​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា ឬ​ចាប់​យក​ជំនាញ​ណាមួយ។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ផ្ដល់​អាហារូបករណ៍​បន្ថែម ដល់​សិស្ស​ក្រីក្រ និង​ផ្ដល់​អាទិភាព​ពិសេស​សម្រាប់​ពួកគេ ព្រោះ​កន្លងមក ក៏​មាន​ករណី​សិស្ស​ជាប់​អាហារូបករណ៍​មួយចំនួន បាន​បោះបង់​ការសិក្សា​នៅ​ពាក់​កណ្ដាល​ទី ផង​ដែរ។

បណ្ឌិត មាស នី៖ «អ៊ីចឹង រឿង​អាហារូបករណ៍​នេះ ទោះបីជា​ក្រសួង ផ្ដល់​លទ្ធភាព​ទៅ​ឱ្យ​សិស្ស​ដែល​ប្រឡង​ជាប់​ក្រីក្រ ក៏ដោយ​ហើយ ក៏ប៉ុន្តែ គួរតែ​ពិនិត្យ​ឡើង​វិញ​ហើយ អំពី​បទពិសោធន៍​កន្លង​មក ធ្វើ​ម៉េច​ឱ្យ​និស្សិត ដែល​ចូលរៀន​តាមរយៈ​អាហារូបករណ៍​ហ្នឹង ត្រូវ​ប្រឹងប្រែង​រៀង​ឱ្យ បាន​ខ្លាំង ខ្លាំង​ជាង​និស្សិត ដែល​គេ​រៀន​បង់លុយ នោះ​គឺ​ត្រឹមត្រូវ តាម​អ្វី​ដែល​យើង​ចង់​បាន ចង់​ឃើញ»

ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៦ វិច្ឆិកា ២០២៣ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​មាន​ចំនួន ៩​ម៉ឺន​នាក់ (៩៨.៤៦០​នាក់​) ស្មើនឹង ៧២​ភាគរយ​(៧២,៨៩) នៃ​បេក្ខជន​សរុប​។ សិស្ស​ទទួល​បាន​និទ្ទេស A ចំនួន​ជាង ១​ពាន់ ៦​រយ​នាក់ (.៦៧៣), និទ្ទេស B ចំនួន​ជិត ៧​ពាន់​នាក់ (.៩៦៤), និទ្ទេស C ចំនួន ១​ម៉ឺន ៨​ពាន់​នាក់ (១៨.៣០៨), និទ្ទេស D​ចំនួន ៣​ម៉ឺន ៤​ពាន់​នាក់ (៣៤.២៤៦) និង​និទ្ទេស E ចំនួន ៣​ម៉ឺន ៧​ពាន់​នាក់ (៣៧.២៦៩)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។