សិស្សានុសិស្សមួយចំនួនដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ ២០២៣ នេះ បង្ហាញក្ដីបារម្ភពីការបោះបង់ក្ដីស្រមៃ នៃការបន្តការសិក្សានូវមុខជំនាញនៅថ្នាក់មហាវិទ្យាល័យ ដោយសារបញ្ហាជីវភាពគ្រួសារមិនអំណោយផល។ សិស្ស និងមន្ត្រីសង្គមស៊ីវិល ស្នើសុំឱ្យរដ្ឋាភិបាល បង្កើនការផ្ដល់អាហារូបករណ៍ឱ្យបានច្រើន និងផ្ដល់កន្លែងស្នាក់នៅដល់និស្សិតមកពីតាមបណ្ដាខេត្តឱ្យបានសមរម្យ។
សិស្សានុសិស្សមកពីតាមបណ្ដាខេត្តនានា អះអាងថា ពួកគេហាក់មិនទាន់អាចកំណត់ពីគោលដៅច្បាស់លាស់ បន្ទាប់ពីប្រឡងជាប់បាក់ឌុបនោះទេ។ ពួកគេលើកឡើងស្រដៀងៗ គ្នាថា ការប្រឡងបាក់ឌុបជាប់ គឺជាជោគជ័យមួយផ្នែក ប៉ុន្តែពួកគេនឹងត្រូវជួបឧបសគ្គធំមួយផ្សេងទៀត គឺការខ្វះខាតលទ្ធភាពបន្តទៅរៀនមុខជំនាញក្នុងក្ដីស្រមៃនៅថ្នាក់មហាវិទ្យាល័យ។
សិស្សមួយរូបមកពីវិទ្យាល័យភូមិថ្មី ខេត្តរតនគិរី កញ្ញា លេខ ការី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ២៤ វិច្ឆិកា ថា ក្រោយប្រឡងបាក់ឌុបទទួលបាននិទ្ទេស D កញ្ញាមានក្ដីស្រមៃចង់ទៅបន្តការសិក្សានៅរាជធានីភ្នំពេញ លើផ្នែកចិត្តវិទ្យា និងសារព័ត៌មាន។ ក៏ប៉ុន្តែ សិស្សដែលមានដើមកំណើតជាជនជាតិភាគតិចព្រៅរូបនេះ បន្តថា គ្រួសាររបស់កញ្ញាមានជីវភាពក្រីក្រខ្វះខាត មិនអាចផ្គត់ផ្គង់ឱ្យកញ្ញាទៅរៀនទីនោះបានឡើយ។ កញ្ញាបញ្ជាក់ថា មានតែឱកាសអាហារូបករណ៍ និងការស្នើសុំជំនួយពីអង្គការនានាតែប៉ុណ្ណោះ ដែលអាចជួយចម្លងកញ្ញាឱ្យទៅបន្តការសិក្សាតាមក្ដីស្រមៃបាន ហើយប្រសិនបើគ្មានជំនួយ ឬការផ្ដល់អាហារូបករណ៍នោះទេ កញ្ញានឹងបោះបង់ក្ដីស្រមៃបន្តការសិក្សានៅឧត្ដមសិក្សាចោល ហើយងាកមកកាន់ចបធ្វើចម្ការជំនួសវិញប៉ុណ្ណោះ។
កញ្ញា លេខ ការី៖ «អ្វីជាការព្រួយបារម្ភនោះ ដោយសារតែខ្ញុំអត់ទាន់បានដាក់អាហារូបករណ៍ទៅខាងណាទេ!អ៊ីចឹងទេ ខ្ញុំគិតថា ខ្ញុំព្រួយបារម្ភទាក់ទងនឹងថ្លៃសាលារៀន ដែលយើងត្រូវបង់ ហើយនិងថ្លៃចំណាយផ្សេងៗ ប្រសិនបើត្រូវទៅរស់នៅភ្នំពេញ។ ដោយសារតែឪពុកម្ដាយរបស់ខ្ញុំ គាត់អត់មានអីជួយជ្រោមជ្រែងខ្ញុំតាំងពីដើម គឺខ្ញុំស្វែងរកលុយដើម្បីរៀនខ្លួនឯង។ អ៊ីចឹងខ្ញុំគិតថា វាពិតជាពិបាកសម្រាប់ខ្ញុំនៅក្នុងដំណាក់កាលដំបូងដែលខ្ញុំត្រូវធ្វើឯកសារត្រៀមប្រឡងចូលឬក៏រកកន្លែងស្នាក់នៅ ឬក៏រកអាហារូបករណ៍អីហ្នឹង វាពិបាកសម្រាប់ខ្ញុំ»។
ស្រដៀងគ្នានេះដែរ សិស្សម្នាក់ទៀត មកពីវិទ្យាល័យក្ដុលដូនទាវ ក្នុងខេត្តបាត់ដំបង គឺយុវជន ផ្លន ស័ក្កនិត ដែលប្រឡងបាននិទ្ទេស C ឱ្យដឹងថា លោកចង់បោះបង់ឱកាសអាហារូបករណ៍ជំនាញទេសចរណ៍ របស់សកលវិទ្យាល័យមួយនៅក្នុងខេត្ត ដើម្បីទៅបន្តការសិក្សានៅសាលាតិចណូ ក្នុងរាជធានីភ្នំពេញ លើផ្នែកវិស្វករវិញ។ ប៉ុន្តែលោកថា ក្ដីស្រមៃនេះពិបាកឈានទៅដល់ ព្រោះគ្រួសារលោកមានជីវភាពមិនសូវធូរធារ មិនអាចផ្គត់ផ្គង់ការចំណាយដ៏ច្រើនលើការសិក្សាមុខជំនាញនេះបានឡើយ។
យុវជន ផ្លន ស័ក្កនិត៖ «ខាងគ្រួសារគាត់អត់សូវចង់ឱ្យរៀនខាងហ្នឹង ដោយសារគាត់គិតថាយើងអត់សូវមានលុយ ដល់ពេលយើងទៅរៀនខាងហ្នឹង វាអាចនឹងអស់លុយច្រើន ហើយយើងត្រូវចំណាយលុយថ្លៃបង់សាលាទៀត!អ៊ីចឹងច្រើន ខ្លាចរត់អត់រួច។ អ៊ីចឹងចង់ឱ្យរដ្ឋាភិបាលគាត់ផ្ដល់ឱកាសច្រើនដល់សិស្សដែលចប់ទី១២ ហើយ គាត់អត់មានថវិកា។ អ៊ីចឹងស្នើសុំលើអាហារូបករណ៍។ និយាយទៅបើយើងមានអាហារូបករណ៍ផ្សេងៗ ដែលរដ្ឋាភិបាលគាត់ជួយអាហ្នឹងយើងអាចថា ជីវិតយើងនឹងល្អ ហើយយើងមានការរៀនសូត្របានជ្រៅជ្រះទៅមុខទៀត»។
សិស្សទើបប្រឡងជាប់ទី១២ ដែលគ្រួសារមានជីវភាពខ្វះខាត លើកឡើងថា ទម្រាំតែប្រឡងជាប់បាក់ឌុបនោះ មិនមែនជារឿងងាយស្រួលឡើយ ដោយពួកគេបានឆ្លងកាត់ការតស៊ូទៅរៀនទាំងខ្វះមុខ ខ្វះក្រោយ ហើយពេលខ្លះ ពួកគេបានកាត់បន្ថយការហូបចំណី ដើម្បីទុកប្រាក់ចំណាយទៅលើការរៀនគួបន្ថែម ហើយប្រាក់ដែលពួកគេផ្ដាច់ពីមាត់ពីក នោះ អាចរៀនបានត្រឹមតែ ២មុខវិជ្ជាប៉ុណ្ណោះ។
ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ សិស្សមួយចំនួនតែងត្អូញត្អែរពីបញ្ហាជីវភាពគ្រួសាររបស់ពួកគេ ដែលបង្ខំឱ្យសម្រេចចិត្តបោះបង់ការរៀនបន្តនៅសកលវិទ្យាល័យ ទោះបីប្រឡងបាននិទ្ទេសល្អ ខ្លះផ្អាកមួយរយៈ ដើម្បីរកលុយយកមកបង់ថ្លៃសាលាដោយខ្លួនឯង ឯខ្លះខំប្រឹងដណ្ដើមយកឱកាសអាហារូបករណ៍ ដើម្បីបានរៀននូវមុខជំនាញដែលខ្លួនបានប៉ងទុក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា និងលោក កាន់ ពុទ្ធី ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី២៤ ខែវិច្ឆិកា។
សង្គមស៊ីវិលមើលឃើញថា ករណីសិស្សប្រឡងជាប់បាក់ឌុប ខ្វះលទ្ធភាពបន្តការសិក្សានៅកម្រិតឧត្ដមសិក្សានេះ ក៏ជាផ្នែកមួយ ដែលឆ្លុះបញ្ចាំងពីវិសមភាពក្នុងវិស័យអប់រំនៅកម្ពុជាផងដែរ ហើយកត្តានេះ តម្រូវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ចំពោះសិស្សក្រីក្រ និងរស់នៅតំបន់ដាច់ស្រយាល។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា កត្តាជីវភាពគ្រួសារ គឺជាផ្នែកដ៏សំខាន់មួយ ដែលជះឥទ្ធិពលលើការសម្រេច និងការកំណត់គោលដៅ របស់សិស្សដែលទើបប្រឡងជាប់បាក់ឌុប។ លោកយល់ថា ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ អាណាព្យាបាលសិស្ស គួរតែជំរុញកូនឱ្យអស់លទ្ធភាព ដើម្បីសម្រេចគោលដៅលើការសិក្សានៅកម្រិតឧត្ដមសិក្សា ឬចាប់យកជំនាញណាមួយ។ លោកបន្តថា រដ្ឋាភិបាលគួរផ្ដល់អាហារូបករណ៍បន្ថែម ដល់សិស្សក្រីក្រ និងផ្ដល់អាទិភាពពិសេសសម្រាប់ពួកគេ ព្រោះកន្លងមក ក៏មានករណីសិស្សជាប់អាហារូបករណ៍មួយចំនួន បានបោះបង់ការសិក្សានៅពាក់កណ្ដាលទី ផងដែរ។
បណ្ឌិត មាស នី៖ «អ៊ីចឹង រឿងអាហារូបករណ៍នេះ ទោះបីជាក្រសួង ផ្ដល់លទ្ធភាពទៅឱ្យសិស្សដែលប្រឡងជាប់ក្រីក្រ ក៏ដោយហើយ ក៏ប៉ុន្តែ គួរតែពិនិត្យឡើងវិញហើយ អំពីបទពិសោធន៍កន្លងមក ធ្វើម៉េចឱ្យនិស្សិត ដែលចូលរៀនតាមរយៈអាហារូបករណ៍ហ្នឹង ត្រូវប្រឹងប្រែងរៀងឱ្យ បានខ្លាំង ខ្លាំងជាងនិស្សិត ដែលគេរៀនបង់លុយ នោះគឺត្រឹមត្រូវ តាមអ្វីដែលយើងចង់បាន ចង់ឃើញ»។
ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ មានបេក្ខជនប្រឡងជាប់សរុបមានចំនួន ៩ម៉ឺននាក់ (៩៨.៤៦០នាក់) ស្មើនឹង ៧២ភាគរយ(៧២,៨៩) នៃបេក្ខជនសរុប។ សិស្សទទួលបាននិទ្ទេស A ចំនួនជាង ១ពាន់ ៦រយនាក់ (១.៦៧៣), និទ្ទេស B ចំនួនជិត ៧ពាន់នាក់ (៦.៩៦៤), និទ្ទេស C ចំនួន ១ម៉ឺន ៨ពាន់នាក់ (១៨.៣០៨), និទ្ទេស Dចំនួន ៣ម៉ឺន ៤ពាន់នាក់ (៣៤.២៤៦) និងនិទ្ទេស E ចំនួន ៣ម៉ឺន ៧ពាន់នាក់ (៣៧.២៦៩)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
