សិស្ស​ធ្លាក់​បាក់ឌុប គ្រោង​ទៅ​រក​លោក​ ហ៊ុន សែន ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​​

0:00 / 0:00

ក្រុម​សិស្ស​ធ្លាក់​បាក់ឌុប គ្រោង​​ទៅ​រក​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ​ដើម្បី​ស្នើ​​សុំ​​ លោក ហ៊ុន សែន ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ ក្រោយ​ពេល​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឈប់​ទទួល​ពាក្យ​តវ៉ា និង​រក​មិន​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​កែ​ពិន្ទុ ឬ​បូក​ស្រង់​ពិន្ទុ​បាក់ឌុប​ឡើង​វិញ​។

ក្រុម​សិស្ស​​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ ឬ​បាក់ឌុប​ឆ្នាំ​២០១៩ បាន​ចង​​គ្នា​ជា​បណ្ដាញ​មួយ ដើម្បី​ត្រៀម​ស្នើ​សុំ​ លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ ​លទ្ធផល​បាក់ឌុប​។

សិស្ស​ធ្លាក់​បាក់ឌុប​ម្នាក់ រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង រាជធានី​ភ្នំពេញ លោក សុខ ដានីយ៉ែល ប្រាប់​ថា លោក និង​សិស្ស​ធ្លាក់​បាក់ឌុប​មួយ​ចំនួន​ទៀត មិន​ពេញ​ចិត្ត​ចំពោះ​​ក្រសួង​អប់រំ ក្នុង​ការ​ប្រកាស​ថា រក​មិន​ឃើញ​​ភាព​មិន​ប្រក្រតី ឬ​រក្សា​ទុក​លទ្ធផល​បាក់ឌុប​ដដែល ក្រោយ​ពេល​ធ្វើ​កោសល្យវិច័យ​ឡើង​វិញ​នោះ។ លោក​មិន​ជឿ​ថា ពាក្យ​ប្ដឹង​ច្រើន​រយ​បណ្ដឹង​ ​​បែរ​ជា​គ្មាន​ការ​ប្រែប្រួល​លទ្ធផល​អ្វី​ទាំង​អស់។ លោក​ថា សិស្ស​ធ្លាក់​បាក់ឌុប គ្រោង​​ជួបជុំ​គ្នា ស្នើ​សុំ​ទៅ​លោក ហ៊ុន សែន នៅ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ ឲ្យ​ធ្វើ​អន្តរាគមន៍​ ព្រោះ​ក្រសួង​អប់រំ លែង​ដោះ​ស្រាយ​ឲ្យ​ហើយ៖ « និយាយ​ទៅ​ ឥឡូវ​​យើង​អត់​អាច​ធ្វើ​អ្វី ( តវ៉ា ) គេ​បាន​ដែរ។ អ៊ីចឹង​ យើង​មាន​តែ​វិធី​ហ្នឹង អត់​ដឹង​ធ្វើ​អ្វី​ផង។ បើ​គេ​ទៅ​ ( តវ៉ា )​ ទាំង​អស់​គ្នា អ៊ីចឹង យើង​ទៅ​ដែរ។ ណាមួយ អា​ហ្នឹង គឺ​ដើម្បី​អនាគត​យើង។ និយាយ​ទៅ​អត់​ទាន់​ច្បាស់​ថ្ងៃ​ខែ ដឹង​ថា នឹង​ទៅ។ ខ្ញុំ​បាក់​ទឹក​ចិត្ត​ខ្លាំង​ហ្មង។ មិន​មែន​តែ​ខ្ញុំ​ទេ អ្នក​ផ្សេង​ជាង​១ពាន់​នាក់​​​ផ្សេង​ទៀត ក៏​គេ​បាក់​ទឹក​ចិត្ត»

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី២៦ តុលា បាន​ប្រកាស​ថា គណៈកម្មការ​ពិនិត្យ និង​​ដោះ​ស្រាយ​​ការ​តវ៉ា​របស់​បេក្ខជន បាន​ធ្វើ​កោសល្យ​វិច័យ​លើ​សន្លឹក​កិច្ចការ​របស់​សិស្ស​ដាក់​ពាក្យ​ប្ដឹង​រួច​ហើយ គឺ​លទ្ធផល​ មិន​មាន​ការ​ប្រែប្រួល​ទេ។ ក្រសួង​អប់រំ​ប្រកាស​​​ទៀត​ថា ​​ឈប់​ការ​ទទួល​ពាក្យ​តវ៉ា​របស់​បេក្ខជន​ និង​បញ្ចប់​ដំណើរ​ការ​​ពិនិត្យ​ ដោះ​ស្រាយ​ការ​តវ៉ា​ត​ទៅ​ទៀត​ហើយ។

ក្រុម​សិស្ស​ធ្លាក់​បាក់ឌុប នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​ កាល​ថ្ងៃ​ទី​១១ កញ្ញា​បាន​នាំគ្នា​តវ៉ា​មុខ​ក្រសួង​អប់រំ ដើម្បី​ស្នើសុំ​ឱ្យ​ពិនិត្យ​លទ្ធផល​បាក់​ឌុប​ឡើងវិញ។ ក្រុម​សិស្ស​ទាំងនោះ​អះអាង​ថា ពួក​គេ ​មិន​អស់​ចិត្តនឹង​លទ្ធផល​មិនល្អ​ទេ។ ចំណែក​ក្រុម​សិស្ស​​ធ្លាក់​បាក់ឌុប​នៅ​តាម​​​បណ្ដា​ខេត្ត​វិញ មិន​បាន​ឡើង​មក​តវ៉ា​ទេ ដោយសារ​ផ្ទះ​នៅ​ឆ្ងាយ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ រស់ សុវាចា និង​លោក ឌី ខាំបូលី ទេ នៅ​ថ្ងៃ​ទី២៨ កញ្ញា ដោយសារ​​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

លទ្ធផល​បាក់​ឌុប ឆ្នាំ​២០១៩ បង្ហាញ​ថា សិស្ស​ថ្នាក់​ទី​១២ ប្រឡង​ជាប់ មាន​ចំនួន​ជិត ៨ម៉ឺន​នាក់ (៧៩.០៥២) ស្មើនឹង​ជាង ៦៨% (៦៨,៦២%) នៃ​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ជាង ​១​សែន​នាក់។ បេក្ខជន​ប្រឡង​បាន​និទ្ទេស​ល្អ​បំផុត គឺ​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ជាង ២ពាន់​នាក់ និទ្ទេស C មាន​ជិត ៦ពាន់​នាក់ និទ្ទេស D មាន​ជាង ១ម៉ឺន ៤ពាន់​នាក់ និង​និទ្ទេស E មាន​ជាង ៥ម៉ឺន ៦ពាន់​នាក់ និង​ធ្លាក់​និទ្ទេស F មាន​ជិត ៤ម៉ឺន​នាក់។

កាល​ពី​ឆ្នាំ២០១៨ ក៏​មាន​ក្រុម​សិស្ស​តវ៉ា​លទ្ធផល​ដូចគ្នា​នេះ​ដែរ។ កាល​ណោះ​ក្រុម​សិស្ស​ពូកែ មក​ពី​តាម​បណ្ដា​ខេត្ត ​បាន​ចូលរួម​ការ​តវ៉ា​ ដោយ​ពួកគេ​ទាមទារ​ ឱ្យ​ក្រសួង​ពិនិត្យ​មើល​លទ្ធផល​ម្ដង​ទៀត។ ក្រោយ​ការ​តវ៉ា ក្រសួង​អប់រំ​ទទួល​ស្គាល់​ថា មាន​កំហុស​បច្ចេកទេស​កុំព្យូទ័រ ដោយ​មិន​បាន​បញ្ចូល​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ឱ្យ​បេក្ខជន​ប្រឡង។ រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​សុំទោស និង​បូក​ពិន្ទុ​គណិតវិទ្យា ឱ្យ​សិស្ស​ឡើងវិញ​ទាំងអស់។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី មាន​ប្រសាសន៍​ថា ការ​ធ្វើ​ឲ្យ​សិស្ស​បាត់​ទំនុក​ចិត្ត​ម្ដង​ជា​ពីរ​ដង លើ​លទ្ធផល​បាក់ឌុប​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​មូល​អស់​ជំនឿ​លើ​វិស័យ​អប់រំ​ទាំង​មូល។ អ្នក​ស្រី​ជំរុញ​ក្រសួង​អប់រំ ឱ្យ​រក​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​សិស្ស​​ព្រម​ទទួល​លទ្ធផល​ ដោយ​ពេញ​ចិត្ត ជា​ជាង​ការ​បន្ត ​ការ​តវ៉ា និង​ពង្រឹង​​វិស័យ​អប់រំ​ឲ្យ​ប្រសើរ​ជាង​ពេល​នេះ៖ « បាន​ន័យ​ថា ដោយ​សារ​តែ​គាត់​អស់​ជំនឿ​ទៅ​លើ​ផ្នែក​អប់រំ​ហ្នឹង​ហើយ បាន​គាត់​ចេះ​តែ​តវ៉ា»

ក្រុម​សិស្ស​ធ្លាក់​បាក់ឌុប ដែល​ចង​គ្នា​ជា​បណ្ដាញ​ តាម​រយៈ​ហ្វេសប៊ុក (facebook) ឈ្មោះ​ក្រុម​តវ៉ា​លទ្ធផល​បាក់ឌុប ឆ្នាំ២០១៩ យល់​ថា ក្រសួង​អប់រំ កុហក​ពួក​គេ ដោយ​យល់​ព្រម​ទទួល​ពាក្យ​បណ្ដឹង​ តែ​មិន​ព្រម​ដោះ​ស្រាយ ឬ​កែ​ឡើង​វិញ​ទេ ព្រោះ​ខ្លាច​រង​ការ​អាម៉ាស់​ថា មាន​កំហុស​បច្ចេកទេស​ដូច​ឆ្នាំ​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។