សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ឃាត់​ជនជាតិ​ចិន​ពីរ​នាក់​ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់

0:00 / 0:00

កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ឃាត់​ជនជាតិ​ចិន​ចំនួន​ ២​នាក់ បន្ទាប់ពី​ជនសង្ស័យ​ទាំងនេះ​បាន​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​​ ២​នាក់​​។ សមត្ថកិច្ច​ក៏​កំពុង​តាម​រក​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិ​ចិន ៣​នាក់​ផ្សេងទៀត ដែល​កំពុង​រត់​គេច​ខ្លួន​។ សង្គម​ស៊ីវិល​បាន​ឱ្យ​ដឹង​ថា ការ​ចាប់​បង្ខាំង​ជនជាតិ​ចិន តែងតែ​កើតមានឡើង​ជារឿយៗ នៅ​ពេល​ជនរងគ្រោះ​ចាញ់​ល្បែង ហើយ​មិន​មាន​លុយ​សង​ម្ចាស់​កាស៊ីណូ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​នៅ​ខេត្ត​ស្វាយរៀង លោក បូពិន្ទ ណារ័ត្ន បាន​ប្រាប់​អាស៊ីសេរី​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ចុះទៅ​ឆែកឆេរ​នៅផ្ទះ​សំណាក់​មួយ​កន្លែង ក្នុង​ភូមិ​បាវិត​កណ្ដាល ក្រុង​បាវិត នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៩ ហើយ​បាន​រក​ឃើញ​ជនជាតិ​ចិន​ចំនួន ៣​នាក់ នៅ​ក្នុង​បន្ទប់ ក្នុង​នោះ​ជនរងគ្រោះ ២​នាក់ និង​ជនសង្ស័យ​ម្នាក់។ លោក​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ​ដែល​ជា​ជនជាតិ​ចិន កាលពី​ថ្ងៃ​ទី​១៦ នៅ​មុខ​សណ្ឋាគារ​​មួយ ស្ថិត​ក្នុង​ភូមិ​បាវិត​កណ្ដាល ហើយ​បាន​នាំ​ខ្លួន​ទៅកាន់​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ។ សមត្ថកិច្ច​បាន​រដោះ​ជនរងគ្រោះ​ទាំង​២​នាក់​នោះ​ផង​ដែរ។

លោក បូពិន្ទ ណារ័ត្ន បន្ត​ថា សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ និង​ជនរងគ្រោះ​ទាំង​នេះ​ទៅកាន់​ទី​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ ដើម្បី​សាកសួរ ប៉ុន្តែ​លោក​មិន​បាន​ដឹង​លម្អិត​អំពី​ការ​ចាប់ខ្លួន​ជនជាតិ​ចិន​នេះ​ទៀត​ទេ គ្រាន់តែ​ដឹង​ថា ជនសង្ស័យ​បាន​បង្ខាំង​ជនជាតិ​ចិន​ទាំង​ ២​នាក់ ​ដើម្បី​ជំរិត​ទារ​លុយ៖ «ខ្ញុំ​ទៅ​ពន្ធនាគារ​​ព្រឹក​មិញ​ហ្នឹង ទៅ​មើល​ឈ្មោះ​អ្នក​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង ខ្ញុំ​ឃើញ​អ្នក​ចូល​ថ្មី​ហ្នឹង​ចិន​ហ្នឹង​មាន​ប្រាំ​ប្រាំមួយ​នាក់ ពាក់ព័ន្ធ​មនុស្ស​ខុសច្បាប់ ហើយ​ភាគច្រើន​រឿង​អស់ហ្នឹង​វា​ច្រើន​បង្ខាំង​គ្នាឯង​កន្លងមក ព្រោះ​ខ្ចី​លុយ​លេងល្បែង អ៊ីចឹង​ទៅ ចាញ់​អ៊ីចឹង​ទៅ​អត់​សង វា​ចាប់​បង្ខាំង​ទុក​នៅ​ហ្នឹង»។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី កាលពី​ថ្ងៃ​ពុធ ទី​១៧ ម្សិលមិញ ប៉ុន្តែ​លោក​ថា​មិនទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ។

លោក បូពិន្ទ ណារ័ត្ន បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​នៅ​ខេត្ត​ស្វាយរៀង​នេះ កន្លងមក​តែងតែ​ឈ្លោះប្រកែក​គ្នា ប្រើ​អំពើ​ហិង្សា​ទៅលើ​ជនជាតិ​ចិន​ដូចគ្នា ហើយ​ភាគច្រើន​ពួកគេ​បាន​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ដើម្បី​ជំរិត​ទារ​ប្រាក់ នៅ​ពេល​លេងល្បែង​ចាញ់​តែ​គ្មាន​លុយ​សង។

កន្លងមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៥៣៧​នាក់ ជាប់​សង្ស័យ​ពី​បទ​ចាប់ជំរិត និង​គំរាមកំហែង​ទារ​ប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ព្រមទាំង​បទ​លើ្មស​ផ្សេងៗ​ទៀត ហើយ​ជនល្មើស​ទាំងនេះ​ត្រូវ​បាន​បណ្ដេញ​ចេញទៅ​ប្រទេស​ចិន​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។