តៃវ៉ាន់ដាក់​កម្ពុជា​ក្នុង​បញ្ជី​គោលដៅដែល​ងាយ​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកដំណើរ

ក្រសួងមហាផ្ទៃ​តៃវ៉ាន់ (Taiwan) បាន​ដាក់​ប្រទេស​ចំនួន ៥ នៅ​អាស៊ីអាគ្នេយ៍ ក្នុង​បញ្ជី​ប្រទេស​គោលដៅ ដែល​មាន​ងាយ​នឹង​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកដំណើរ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ​។​

​ប្រទេស​៤​ទៀត ដែល​ក្រសួងមហាផ្ទៃ​តៃវ៉ាន់​ដាក់​ចូល​ក្នុង​បញ្ជី​ដែរ នោះ​គឺ​ប្រទេស​ថៃ (Thailand) វៀតណាម (Vietnam) មីយ៉ាន់ម៉ា (Myanmar) និង​ឡាវ (Laos)។

សារព័ត៌មាន​តៃវ៉ាន់​រាយការណ៍​ថា ក្រសួង​មហាផ្ទៃ​របស់​តៃវ៉ាន់​បាន​សម្រេច​នឹង​ដាក់​សេចក្ដី​ព្រមាន​នៅ​សំបុត្រ​យន្តហោះ​អំពី​រឿង​នេះ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​៥​នេះ​។ ជាមួយ​គ្នា​នេះ​អ្នកដំណើរ​ក៏​គេ​តម្រូវ​ឱ្យ​អ្នកដំណើរ ឬ​អ្នក​ទេសចរណ៍​ទាញ​យក​ឯកសារ​ណែនាំ​ពី​សុវត្ថិភាព​អ្នកដំណើរ​ពី​អនឡាញ​ថែមទៀត។

ក្រសួង​មហាផ្ទៃ​តៃវ៉ាន់​ដដែល​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​ហេតុការណ៍​អាក្រក់​ពាក់ព័ន្ធ​នឹង​ជនជាតិ​តៃវ៉ាន់​ជាច្រើន​ដែល​ត្រូវ​គេ​អូសទាញ​ឱ្យ​ចូល​ទៅ​ក្នុង​ការងារ​ឆបោក​តាម​អនឡាញ នៅ​កម្ពុជា ឬ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

បន្ថែម​ពី​នេះ ទីភ្នាក់ងារ​ជាតិ​អន្តោប្រវេសន៍​តៃវ៉ាន់ និង​ការិយាល័យ​នគរបាល​អាកាសចរណ៍​នឹង​ឈាន​ជំហាន​បន្ទាប់​ទៀត​គឺ​ពួកគេ​នឹង​បញ្ឈប់​មិន​ឱ្យ​អ្នកដំណើរ​តៃវ៉ាន់​ហោះហើរ​ចេញទៅ​ប្រទេស​ដែល​ស្ថិត​ក្នុង​ចង្កោម​ប្រទេស​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ ដើម្បី​ទៅ​ចូលរួម​ជាមួយ​បណ្ដាញ​ឆបោក​តាម​អនឡាញ។

កាលពី​សប្ដាហ៍​មុន​អាជ្ញាធរ​ប្រទេស​មីយ៉ាន់ម៉ា បាន​រំដោះ​ជនបរទេស​ចំនួន ២៦០​នាក់ ពី​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ដែល​ក្នុង​នោះ​ក៏​មាន​ជនជាតិ​តៃវ៉ាន់ ចំនួន​៧​នាក់​ដែរ ដែល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កោះ​តៃវ៉ាន់​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។