អាជ្ញាធរថៃ បានចាប់ខ្លួនអ្នកសុំទានដែលគេអះអាងថា ជាពលរដ្ឋខ្មែរ ជាច្រើនអ្នកនៅតាមទីប្រជុំជន ផ្សារលក់ទំនិញ និងស្ពានអាកាសថ្មើរជើង ក្នុងបណ្ដាខេត្តមួយចំនួន។ អាជា្ញធរថៃរកឃើញថា អ្នកសុំទានទាំងនោះ បានប្រើប្រាស់វិធីគ្រប់បែបយ៉ាងដើម្បីទាក់ទាញការអាណិតអាសូរពីសប្បុរសជន រួមមានការយកកុមារមកធ្វើជាធ្នាក់ ពិការភាព និងខ្លះទៀតបានប្រកបមុខរបរសុំទាននេះជាលក្ខណៈអាជីព បន្ទាប់ពីពួកគេអាចរកចំណូលបានខ្ពស់។
បន្ទាប់ពីបើកយុទ្ធការសម្អាតអ្នកសុំទាននៅក្នុងប្រទេស នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរថៃបានរកឃើញសម្បុកអ្នកសុំទានជាច្រើន ដែលក្នុងនោះភាគច្រើនគឺជាពលរដ្ឋខ្មែរ។
កាលពីថ្ងៃទី១៤ ខែធ្នូ អាជ្ញាធរថៃ នៅខេត្តសាមុតប្រាកាន (Samut Prakan) បានឃាត់ខ្លួនស្ត្រីសុំទាននៅលើស្ពានអាកាសថ្មើរជើងម្នាក់ជាមួយកូនតូច ដែលគេអះអាងថាជាជនជាតិខ្មែរ និងធ្លាប់ត្រូវអាជ្ញាធរចាប់ខ្លួនបញ្ជូនត្រឡប់មកកម្ពុជា ជាច្រើនលើកមកហើយ។ ស្ត្រីអ្នកសុំទានបានសារភាពថា អាជ្ញាធរថៃបានចាប់ខ្លួនគេចំនួន ៣លើកមកហើយ ដោយលើកទី១ ត្រូវបានចាប់ខ្លួនជាមួយកូន ហើយអាជ្ញាធរបានយកកូននោះទៅមើលថែនៅមណ្ឌលសុខុមាលភាពមួយកន្លែង ចំណែកឯខ្លួនដែលត្រូវជាម្ដាយវិញត្រូវប៉ូលិសនាំទៅខ្លួនប៉ុស្តិ៍ ប៉ុន្តែក្រោយពេលដែលអាជ្ញាធរដោះលែងវិញ រូបគេបានលួចរត់ចោលកូននៅមណ្ឌលសុខុមាលភាព ហើយមកបង្កើតកូនថ្មីម្នាក់ទៀត ដើម្បីយកមកអង្គុយសុំទានជាមួយខ្លួន។ ស្ត្រីដដែលបញ្ជាក់បន្ថែមថា រូបគេបានធ្វើបែបនេះជាច្រើនដងមកហើយ រហូតដល់មានកូនចំនួន៥នាក់ ដែលមកជួយសុំទាន ហើយដោយការប្រើប្រាស់វិធីមួយនេះ រូបគេអាចសុំទានបានលុយចន្លោះពី៣០ ទៅ៦០ដុល្លារក្នុងមួយថ្ងៃ។
ចំណែកនៅឯខេត្តឈុនបុរី (Chon Buri) ឯណោះវិញ កាលពីថ្ងៃទី១៦ ខែធ្នូ ប៉ូលិសអន្តោប្រវេសន៍ខេត្តនេះ បានរកឃើញសម្បុកអ្នកសុំទានជនជាតិខ្មែរមួយកន្លែង ដែលមានគ្នាចំនួន ១៩នាក់នៅក្រុងប៉ាតាយ៉ា (Pattaya) ក្នុងនោះមានកុមារចំនួន ៩នាក់។ អាជ្ញាធររកឃើញថា ពលរដ្ឋខ្មែរទាំងនោះ បានប្រកបរបរសុំទានធ្វើជាអាជីពប្រចាំថ្ងៃ ដែលធ្វើឱ្យពួកគេមានប្រាក់ចំណូលខ្ពស់ រហូតដល់មានលទ្ធភាពជួលបន្ទប់ជួលម៉ាស៊ីនត្រជាក់ ដែលមានតម្លៃថ្លៃសម្រាប់ស្នាក់នៅ។ក្នុងនោះអាជ្ញាធរបានរកឃើញលុយសុទ្ធជាង ១ម៉ឺនដុល្លារ និងលុយនៅក្នុងគណនីធនាគារជាង ៣ម៉ឺនដុលា្លរផ្សេងទៀត ដែលអាជ្ញាធរអះអាងថា លុយទាំងនោះ គឺបានមកពីការសុំទាន។ បច្ចុប្បន្នអាជ្ញាធរថៃបានបញ្ជូនកុមារទាំង ៩នាក់ទៅមណ្ឌលថែទាំក្មេង ចំណែកឯមនុស្សចាស់ទាំង ១០នាក់ ត្រូវអាជ្ញាធរបញ្ជូនខ្លួនទៅអនុវត្តច្បាប់។
មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន លើកឡើងថា តាមរយៈការជួបផ្ទាល់ជាមួយពលរដ្ឋខ្មែរដែលសុំទាននៅប្រទេសថៃ ពួកគេបានអះអាងថាបានចាញ់បោកមេខ្យល់ ឬត្រូវថៅកែបញ្ឈប់ពីការងារ ហើយគ្មានលុយ ក៏បានបង្ខំចិត្តដើរសុំទាន ដើម្បីរកប្រាក់ធ្វើសោហ៊ុយត្រឡប់ទៅស្រុកកំណើតវិញ។ ទោះជាបែបនេះក្ដី លោកស្នើឱ្យកុងស៊ុល និងអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចុះត្រួតពិនិត្យបញ្ហានេះ ដើម្បីចាប់បញ្ជូនអ្នកសុំទានក្លែងក្លាយត្រឡប់មកកម្ពុជាវិញ និងជួយសង្គ្រោះពលករដែលរងគ្រោះដោយសារការរំលោភច្បាប់ការងារ ពីសំណាក់ថៅកែថៃ កុំឱ្យធ្លាក់ខ្លួនរហូតដល់ថ្នាក់ដើរសុំទាន។
លោក លឹង សុផុន៖«ខ្ញុំឃើញមែន ថាមានប្រជាពលរដ្ឋខ្មែរគាត់ដើរជាលក្ខណៈជនអនាថា សួរទៅមិនដឹងថាទៅខាងណានោះទេ អ្នកខ្លះទៅថាប្ដីលែងលះអ៊ីចឹងទៅ។ ខ្ញុំធ្លាប់ឃើញដែរ ថ្មីៗ កន្លងមក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល និងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២០ ខែធ្នូ។
យ៉ាងណាក៏ដោយចុះ កន្លងមក អាជ្ញាធរថៃ បានរកឃើញអ្នកសុំទាន ដែលមានសញ្ជាតិខ្មែរ ជាក្រុមៗ នៅក្នុងប្រទេសថៃ ដោយពួកគេបានចងក្រងគ្នាជាបណ្ដាញ និងមានមេខ្លោងចាំទម្លាក់ពួកគេនៅតាមទីតាំងគោលដៅ ដែលមានមនុស្សច្រើន ដូចជានៅតាមតំបន់ទេសចរណ៍ ស្ពានអាកាសថ្មើរជើងក្នុងទីប្រជុំជន និងនៅតាមផ្សារជាដើម។ អាជ្ញាធរថៃ រកឃើញថា អ្នកសុំទានទាំងនោះ បានប្រើប្រាស់ភាពចាស់ជរា ពិការភាព និងកុមារ ដើម្បីទាក់ទាញក្ដីអាណិត ពីអ្នកឱ្យទាន។ ពួកគេទាំងនោះ បានជ្រើសរើសការសុំទានជាមុខរបរ ដោយក្នុងមួយថ្ងៃពួកគេអាចសុំបានប្រាក់ជាច្រើន។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណីពលរដ្ឋខ្មែរសុំទាននៅប្រទេសថៃ គឺជារឿងអាណោចអាធ័ម ប៉ុន្តែការយកកុមារទៅធ្វើជាឧបករណ៍ដើម្បីរកស៊ី នេះគឺជាការរំលោភសិទ្ធិ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោក អំ សំអាត៖«រូបភាពទាំងនេះ ក៏មិនសូវជាល្អដែរសម្រាប់កម្ពុជាយើង។ ព្រោះកន្លងមក ថៃក៏ដោយ ប្រទេសជិតខាងផ្សេងទៀតក៏ដោយ ក៏មានការចាប់បញ្ជូនការដែលយកក្មេងៗ ធ្វើរបរសុំទាន។ អ៊ីចឹងក៏មានការចាប់បញ្ជូនមកកម្ពុជាច្រើននាក់ហ្នឹង ក៏ធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាដែរ»។
កាលពីខែមីនា ឆ្នាំ២០២៤ អ្នករាយការណ៍វិទ្យុអាស៊ីសេរី បានសន្ទនាជាមួយកុមារដើរសុំទានមួយចំនួននៅក្នុងប្រទេសថៃ ដែលត្រូវបានមេខ្យល់ជួញដូរ និងចាក់ថ្នាំធ្វើឱ្យពិការ ដើម្បីទទួលបានក្ដីអាណិត ពីអ្នកដំណើរ ចំណែកមួយចំនួនទៀតត្រូវឪពុកម្ដាយបញ្ជូនមកឱ្យសុំទានដើម្បីជួយរកលុយផ្គត់ផ្គង់គ្រួសារ។ ក្មេងៗ ទាំងនោះ មិនបានទទួលការអប់រំ ការយកចិត្តទុកដាក់ពីសង្គមឡើយ រហូតមកដល់ពេលនេះពួកគេមួយចំនួន បានធ្លាក់ខ្លួនសេពគ្រឿងញៀន និងប្រព្រឹត្តបទចោរកម្មទាំងវ័យក្មេងថែមទៀតផង។
មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលបង្កើតទីផ្សារការងារនៅក្នុងស្រុកឱ្យសម្បូរបែប ដើម្បីទប់ស្កាត់ពលរដ្ឋធ្វើចំណាកស្រុកខុសច្បាប់ និងសុំទាននៅក្រៅប្រទេស ឱ្យដូចទៅនឹងមហិច្ឆតារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានប្ដេជ្ញាថានឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
