សមត្ថកិច្ចខេត្តបន្ទាយមានជ័យមិនទាន់ស្រាវជ្រាវចាប់អ្នកលួចដាក់បង្កៃគ្រាប់បែកក្នុងកាស៊ីណូក្រោន (Crown) នៅក្រុងប៉ោយប៉ែតបាននៅឡើយគិតត្រឹមម៉ោង៥រសៀលថ្ងៃចន្ទ បើទោះជាបានឃាត់ខ្លួនជនជាតិថៃម្នាក់ក្តី។
អភិបាលស្រុកប៉ោយប៉ែតលោក សាន ស៊ានហូ មានប្រសាសន៍ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១១កុម្ភៈថា ប៉ូលិសក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនជាតិថៃម្នាក់យកទៅសាកសួរជុំវិញពីការដាក់បង្កៃគ្រាប់បែកនេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់រកមុខអ្នកជនដៃដល់ដើម្បីបញ្ជូនដោះស្រាយតាមផ្លូវច្បាប់នៅឡើយទេ៖ «យើងមិនទាន់សន្និដ្ឋានរបៀបយ៉ាងមិចនៅឡើយទេ គ្រាន់តែមានការហៅមនុស្សទៅសាកសួរ ព្រោះយើងមានវត្ថុតាង និយាយរួមយើងមានកាមេរ៉ា ហើយយើងក៏កំពុងតែឆែករកមើលថាតើមានការពាក់ព័ន្ធអ្វីខ្លះ ? ដូច្នេះហើយមិនទាន់ហ៊ានបញ្ជាក់យ៉ាងណាព្រោះយើងកំពុងតែតាមរក » ។
កាលពីរសៀលថ្ងៃទី១០កុម្ភៈពលរដ្ឋបានប្រទះឃើញគ្រាប់បែកឆ្នៃមួយគ្រាប់ដាក់បង្កៃនៅក្នុងបន្ទប់ទឹកកាស៊ីណូក្រោន (Ground)ប៉ោយប៉ែត។ សមត្ថកិច្ចជំនាញបានយកគ្រាប់បែកមួយនេះទៅបំផ្ទុះចោលនៅខាងក្រៅកាស៊ីណូនៅរសៀលថ្ងៃដដែល។
លោក សាន ស៊ានហូ លើកឡើងថា មូលហេតុដែលប្រញាប់កម្ទេចគ្រាប់ ដោយសារខ្លាចគ្រាប់បែកផ្ទុះមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងអ្នកទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ព្រោះជនល្មើសបានដាក់កំណត់ពេល ដើម្បីឲ្យគ្រាប់បែកផ្ទុះរួចទៅហើយ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា សន្និដ្ឋានថា អ្នកដាក់គ្រាប់បែកនេះមិនមែនជាក្រុមភេរវកម្មអ្វីនោះទេ ទំនងអាចជាក្រុមណាមួយធ្វើឡើងគ្រាន់តែចង់បង្កបញ្ហានៅក្នុងសង្គម ដើម្បីឲ្យគេចាប់អារម្មណ៍ច្រើនជាង។ លោកអះអាងបន្តថា រឿងនេះចង់ស្វែងរកចាប់ជនប្រព្រឹត្តិងាយបំផុត ប្រសិនបើសមត្ថកិច្ចចង់ចាត់វិធានការផ្លូវច្បាប់ ព្រោះនៅក្នុងកាស៊ីណូមានកាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែង និងមានសន្តិសុខយាមយ៉ាងតឹងរ៉ឹងទៀតផង ប៉ុន្តែខ្លាចតែសមត្ថកិច្ចមិនចាត់វិធានការទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
