ពលរដ្ឋ​ចង់​ឃើញ​វិធានការ​ទប់ស្កាត់​អំពើ​ចោរកម្ម​និង​អគ្គិភ័យ​នា​ថ្ងៃ​ចូលឆ្នាំ​ឱ្យ​មាន​ប្រសិទ្ធភាព

ដោយ សុ ជីវី
2019-04-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការ​នគរបាល​រាជធានីភ្នំពេញ លោក ស ថេត។
ស្នងការ​នគរបាល​រាជធានីភ្នំពេញ លោក ស ថេត។
រូប​ពី​ហ្វេសប៊ុក លោក ស ថេត

សហជីព និង​ពលរដ្ឋ រស់នៅ​រាជធានី​ភ្នំពេញ ស្នើសុំ​សមត្ថកិច្ច​បង្កើន​វិធានការ​ទប់ស្កាត់ ករណី​ចោរ​គាស់​ផ្ទះ និង​អគ្គីភ័យ ក្នុង​កំឡុង​ពេល​ពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត ឱ្យ​មាន​ប្រសិទ្ធភាព ជាង​ឆ្នាំ​មុនៗ​។ ការ​ស្នើ​សុំ​នេះ ធ្វើឡើង​ក្រោយពេល​ស្នងការ​រាជធានី​ភ្នំពេញ​ប្រកាស ឱ្យ​សមត្ថកិច្ច បង្កើន​ការ​ទប់ស្កាត់ ករណី​ចោរ​គាស់​ផ្ទះ​ពលរដ្ឋ និង​ហានិភ័យ​ឆេះ​ផ្ទះ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក ខាន់ ភូមិន្ទ សង្កេត​ឃើញ​ថា រាល់​ឆ្នាំ​សមត្ថកិច្ច​តែង​ប្រកាស​បង្កើន​ការទប់ស្កាត់​ករណី​ចោរ​គាស់​ផ្ទះ​ពលរដ្ឋ ប៉ុន្តែ​មិនទាន់​ធ្វើ​ឱ្យ​ពលរដ្ឋ​ទុកចិត្ត ថា មាន​ប្រសិទ្ធិភាព​ទេ ព្រោះ​ករណី​ចោរ​គាស់​ផ្ទះ ពេល​ពលរដ្ឋ​ទៅលេង​ស្រុក​នៅតែ​កើតមាន​ដដែលៗ​រៀងរាល់ឆ្នាំ​។​

យុវជន​រូប​នេះ យល់ថា ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ថា ផ្ទះ ឬ​បន្ទប់​ជួល​របស់​ពលរដ្ឋ​មិន​រង​ការ​គាស់​លួច​ទេ​នោះ គឺ​សមត្ថកិច្ច​ត្រូវ​បន្ថែម​វិធានការ ដូចជា ពង្រឹង​ការ​យាមល្បាត ក្នុង​តំបន់​របស់​ខ្លួន ពិសេស​ត្រូវ​បន្ថែម​សមត្ថកិច្ច​យាមល្បាត នៅ​តំបន់​ដែល​សម្បូរ​ចោរ​គាស់​ផ្ទះ កាលពី​ឆ្នាំ​កន្លង​មក ត្រូវ​បន្ថែម​បច្ចេកទេស ឬ​កាមេរ៉ា ហើយ​នៅ​ពេល​ចាប់​ជនសង្ស័យ​បាន​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យ​ពលរដ្ឋ​ជឿ​ទុកចិត្ត​ថា ជនសង្ស័យ​នោះ នឹង​មិន​អាច​រួចខ្លួន ដោយ​គ្មាន​ទោស​ទេ៖ «សមត្ថកិច្ច ក៏ដូចជា អាជ្ញាធរ គាត់​តែងតែ​មាន​ចំណាត់ការ​។ តែ​បញ្ហា​នេះ នៅ​តែ​មាន​។ ខ្ញុំ​មិន​ថា ពួកគាត់​អសកម្ម​ទេ ពួកគាត់ ក៏​ប្រឹងប្រែង​អស់​លទ្ធភាព​ដែរ​។ រឿង​ចោរ ដែល​ធ្វើ គឺ​មិន​ឱ្យ​សមត្ថកិច្ច​ដឹង​ទេ។ បើ​សមត្ថកិច្ច​ដឹង នឹង​ចាប់​វិធានការ​ភ្លាមៗ​។ គ្រាន់​ថា សម្រាប់​ខ្ញុំ នៅតែ​មាន​បញ្ហា​ចោទ​។ អ្វី​ដែល​លើកទឹកចិត្ត ក៏ដូចជា​ការ​ស្នើសុំ គឺ​ស្នើសុំ​ឱ្យ​ពួកគាត់ មានការ​រឹត​បន្តឹង ឬ​មាន​យុទ្ធសាស្ត្រ​ផ្សេង ដើម្បី​ឱ្យ​រក្សាទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ ឬ​វិធីសាស្ត្រ​ណាមួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ»

ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត កាលពី​ថ្ងៃ​ទី​១០ មេសា បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច បង្កើន​ការ​ទប់ស្កាត់​ករណី​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ពលរដ្ឋ និង​ជាពិសេស គឺ​ទប់ស្កាត់​បញ្ហា​អគ្គីភ័យ។ លោក ស ថេត លើកឡើង​ថា ត្រូវ​ការពារ​លំនៅឋាន​របស់​ពលរដ្ឋ ព្រោះ​អាច​នឹង​មាន​ករណី​ចោរ​គាស់ ចោរលួច ឬ​ចោរឆក់ នៅ​ពេល​ពលរដ្ឋ​ធ្វើដំណើរ​ទៅលេង​ស្រុក។

លោក ស ថេត ក៏​បង្គាប់​ឱ្យ​អធិការ​ខណ្ឌ​ទាំងអស់ ត្រូវ​ក្រើនរំលឹក​ឱ្យ​ពលរដ្ឋ មុន​ចេញ​ពី​ផ្ទះ ត្រូវ​ពិនិត្យមើល​ឱ្យ​សព្វ​ជ្រុងជ្រោយ និង​ត្រូវ​បិទ​ប្រព័ន្ធ​អគ្គិសនី​ទាំងឡាយ ឱ្យ​អស់ មុន​ពេល​ចាក​ចេញ​ពីផ្ទះ ទៅ​លេង​ស្រុកកំណើត៖ «ដូច្នេះ​យើង​មិន​ឱ្យ​មានការ​កើត​នូវ​បទល្មើស នៅ​ពេល​ពលរដ្ឋ​ចាកចេញ​ពី​លំនៅឋាន។ ទី​២ គឺ​ការ​ធ្វើ​ម្ដេច ជួយ​ក្រើនរំលឹក ឱ្យ​ពួកគាត់ មុន​នឹង​ចាកចេញ​ពី​លំនៅឋាន ធ្វើ​ម្ដេច​ត្រូវតែ​បិទ​ប៉ារ៉ែត (អគ្គិសនី) ឬក៏​ប្រយ័ត្នប្រយែង​រឿង​ខ្សែភ្លើង»

ឆ្នាំនេះ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​១៦ មេសា​។ ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ភ្នំពេញ ជាច្រើន បាន​ទៅលេង​ស្រុកកំណើត​បណ្ដើរៗ តាំងពី​ថ្ងៃ​ទី​១០ មេសា ហើយ​ពួកគេ​គ្រោង​នឹង​ត្រលប់​មកវិញ ជា​បន្តបន្ទាប់ នៅ​ក្រោយ​ពិធី​ចូលឆ្នាំ។

បើ​ទោះជា​យ៉ាងណា​មិន​មាន​របាយការណ៍ បង្ហាញ​ថា រយៈពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​កន្លងមក មាន​ករណី​ចោរ​គាស់​ផ្ទះ​ប៉ុន្មាន​ករណី ឱ្យ​ជាក់លាក់​ទេ។ ប៉ុន្តែ​សហជីព ឱ្យ​ដឹង​ថា បន្ទប់​ជួល​របស់​កម្មករ ប្រឈម​នឹង​ករណី​ចោរ​គាស់​ខ្លាំង ព្រោះ​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព និង​មាន​មនុស្ស​ប្លែក​មុខ​ចេញចូល​ច្រើន។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យ​ដឹង​ថា រាល់​ឆ្នាំ ករណី​ចោរ​គាស់​បន្ទប់​ជួល​របស់​កម្មករ ឧស្សាហ៍​កើតឡើង​ណាស់ ព្រោះ​បន្ទប់​ជួល មិន​មាន​ប្រព័ន្ធ​សុវត្ថិភាព​អ្វី​ទេ មានតែ​មេសោ​មួយ កិប​ជាប់​ទ្វារ​បន្ទប់​ប៉ុណ្ណោះ​។ អ្នកស្រី ថា​ទ្រព្យសម្បត្តិ​របស់​កម្មករ មិន​មាន​អ្វី​ច្រើន​ទេ មានតែ​ទូរទស្សន៍​មួយ​គ្រឿង ឬ​សម្ភារៈ​ចាស់ៗ៖ «កម្មករ​មួយ​ចំនួន​ហ្នឹង នៅ​ពេល​ផ្ទះ​គាត់ (​នៅ​ស្រុកកំណើត​) នៅ​ឆ្ងាយ​អ៊ីចឹង ជួនកាល គាត់​មាន​ម៉ូតូ​មាន​អ្វី ទុក​ម៉ូតូ​នៅ​ហ្នឹង​ដែរ​។ គាត់​អត់​បាន​ជិះ​ម៉ូតូ​ទៅ​ទេ​។ គាត់​សុខចិត្ត​ទៅតាម​ឡាន ឬ​តាម​អ្វី​ផ្សេងៗ​ណា​។ គាត់​ទុក​ឥវ៉ាន់​នៅ​ក្នុង​ផ្ទះ​ជួល​ហ្នឹង យើង​មើល​ឃើញ​ថា វា​អត់​មាន​សុវត្ថិភាព​សម្រាប់​គាត់​ដែរ ព្រោះ​ម្ចាស់ផ្ទះ គាត់​អត់​បាន​មើល​គ្រប់​ជ្រុងជ្រោយ​ទេ»

មន្ត្រី​សហជីព​រូប​នេះ យល់ថា សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ គួរ​រឹត​បន្តឹង​ឱ្យ​ខ្លាំង និង​ពង្រីក​ការ​យាមល្បាត ឱ្យ​ច្រើនជាង​រាល់​ឆ្នាំ ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល