កម្មករនិយាយថា តម្លៃឡានឈ្នួល ទៅតាមខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅតែឡើងថ្លៃ បើទោះជាសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈច្រើនគ្រឿង ឲ្យដឹកជញ្ជូនពលរដ្ឋឥតគិតថ្លៃក៏ដោយ។ អ្នកឃ្លាំមើលសង្គម ជំរុញអាជ្ញាធរឱ្យបន្ថែមរថយន្តក្រុងថែមទៀត និងបញ្ចុះតម្លៃសាំង។
កម្មកររោងចក្រនៅម្ដុំឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលម្នាក់ លោក ឡឹក សុភ័គ្រ ប្រាប់ថា តម្លៃឡានឈ្នួលនៅតែឡើងថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បើទោះជាសាលារាជធានីភ្នំពេញ បានបញ្ចេញឡានក្រុងច្រើនគ្រឿងឲ្យដឹកជញ្ជូនពលរដ្ឋ ដោយមិនគិតថ្លៃក៏ដោយ។
កម្មកររូបនេះប្រាប់ថា កម្មករភាគតិចណាស់ បានទទួលសេវារថយន្តសាធារណៈឥតគិតថ្លៃ គឺដោយ សាររថយន្តក្រុងទាំងនោះមានតិច ឯកម្មករមានច្រើន គឺប្រជ្រៀតទៅទទួលយកសេវាមិនឈ្នះគេ។ លោកថា កម្មករនៅជាយក្រុងដូចពួកលោកទៀតសោត មិនអាចធ្វើដំណើរចូលក្រុងមកទទួលយកសេវារថយន្តក្រុងបានឡើយ ម្ល៉ោះហើយពួកគេបានជ្រើសយកការជិះឡានឈ្នួលប្រជ្រៀតគ្នា ទៅលេងស្រុកកំណើតដដែល៖ « និយាយទៅវាភាគតិចណាស់បង។ គាត់ជិះតួរីស។ គាត់ជិះតូរីស គឺតម្លៃដែលមិនមែនជាតាមភូមិ គឺឡើងច្រើនណាស់បង ឡើងដូចថា ៥ពាន់ ឡើងទី ៧ពាន់។ ហ្នឹងសម្រាប់តួលេខ ដែលខ្ញុំបានសួរពួកគាត់ ( កម្មករ ) នៅម្ដុំបែកចានហ្នឹងទេ។ ខ្ញុំសួរថា ទៅផ្ទះហ្នឹងអស់ប៉ុន្មានអ៊ីចឹងទៅណា»។
យ៉ាងណាក្ដី លោក ឡឹក សុភ័គ្រ ឲ្យដឹងថា ថៅកែរោងចក្របានបើកប្រាក់ឈ្នួល ពាក់កណ្ដាល និងឲ្យប្រាក់បំណាច់ទៅកម្មករ ដើម្បីទៅលេងបុណ្យភ្ជុំ។ រោងចក្រខ្លះ អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាំងពីថ្ងៃទី២៣ កញ្ញា និងតម្រូវឲ្យចូលធ្វើការវិញ នៅថ្ងៃទី១ តុលា។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១២០គ្រឿង ឲ្យដឹកជញ្ជូនពលរដ្ឋទៅតាមបណ្ដាខេត្តឥតគិតថ្លៃ ចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ កញ្ញា។ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថា នៅព្រឹកដំបូង មានពលរដ្ឋជាង ៤ពាន់ (៤.២៧០) នាក់ បានធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ។
បណ្ដាញសង្គមហ្វេសប៊ុក (facebook) របស់សាលារាជធានីភ្នំពេញបញ្ជាក់ថា ការដាក់រថយន្តដឹកអ្នកដំណើរ ដោយឥតគិតថ្លៃទៅតាមបណ្ដាខេត្តនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
រថយន្តក្រុង ដឹកជញ្ជូនដោយមិនគិតថ្លៃ ចេញដំណើរពីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា មាន ៥ជើងក្នុង ១ថ្ងៃ គឺចេញដំណើរពីជើងទី១ ជើងទី៥ ចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ២រសៀល។ ចំណែកទីតាំងចំណតសម្រាប់គោលដៅដឹកជញ្ជូនពីភ្នំពេញទៅបណ្ដាខេត្តនានា មាន ៥ទីតាំង គឺម្ដុំផ្លូវ ៦០ម៉ែត្រ សម្រាប់ពលរដ្ឋ ត្រូវទៅខេត្តព្រៃវែង ខេត្តស្វាយរៀង និងតាកែវ តាមផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២។
នៅស្ថានីយចំណតរថយន្តផ្លូវ ២០០៤ សម្រាប់ពលរដ្ឋ ត្រូវទៅខេត្តកែប កំពត កំពង់ស្ពឺ និងខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤។ ចំណតទីតាំង សួនច្បារឃ្លាំងសាំងឫស្សីកែវ សម្រាប់ពលរដ្ឋ ត្រូវទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ គឺតាមផ្លូវជាតិលេខ ៥។ ចំណែកទីតាំង រង្វង់មូលទេពមច្ឆាខាងកើតស្ពានដែកឫស្សីកែវក្នុងខណ្ឌជ្រោយចង្វាគឺ សម្រាប់ពលរដ្ឋ ទៅខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តកំពង់ចាម។ ចំណែកចំណតទីតាំងមុខអយស្ម័យយានកម្ពុជា (ស្ថានីយរថភ្លើង) គឺសម្រាប់ពលរដ្ឋ ធ្វើដំណើរទៅខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង។
ក្រៅពីរថយន្តក្រុងសាធារណៈ របបក្រុងភ្នំពេញ ក៏អនុញ្ញាតឲ្យពលរដ្ឋជិះរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីភ្នំពេញទៅដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃដែរ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា។ រថភ្លើងឥតគិតថ្លៃ គឺរត់ ២ជើង ក្នុង ១ថ្ងៃ។ ជើងទី១ ចេញដំណើរនៅម៉ោង ៧កន្លះព្រឹក និងជើងទី២ ចេញដំណើរនៅម៉ោងខ្ទង់៦ ទៅ ៧យប់។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ ដោយសារមិនលើកទូរស័ព្ទ។ តែលោកធ្លាប់ប្រាប់កាលពីពេលកន្លងមកថា មូលហេតុចម្បង២ ដែលអាជ្ញាធរបញ្ចេញរថយន្តសាធារណៈ ឥតគិតថ្លៃ គឺការទប់ស្កាត់ការឡើងថ្លៃរថយន្តឈ្នួល និងដើម្បីសុវត្ថិភាពចរាចរណ៍។
ប្រធានសមាគមឯករាជ្យកម្ពុជានៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្កេតឃើញថា ការដាក់រថយន្តសាធារណៈឥតគិតថ្លៃ ប៉ុន្មានឆ្នាំមកនេះ មិនអាចទប់ស្កាត់ការឡើងថ្លៃឡានឈ្នួលបានទេ។ លោកថា ក្រុមហ៊ុនដឹកជញ្ជូនឯកជន នៅតែបន្តឡើងថ្លៃឈ្នួល ១ទ្វេជា ២ ឬទ្វេជា ៣។ លោក វន់ ពៅ ផ្ដល់យោបល់ឲ្យរដ្ឋាភិបាល បន្ថែមរថយន្តក្រុងថែមទៀត បង្កើតក្រុមអធិការកិច្ចត្រួតពិនិត្យមើលសៀវភៅបន្ទុករបស់ក្រុមហ៊ុនឯកជនដឹកជញ្ជូនទាំងអស់ ដែលបានចុះកិច្ចសន្យាជាមួយរដ្ឋ បញ្ចុះថ្លៃសាំង ថ្លៃហ្គាស កាត់បន្ថយកុងត្រូលជជុះតាមផ្លូវ ហើយកុំដំឡើងថ្លៃចំណតជាដើម៖ « កាត់បន្ថយមួយទៀត គឺកុងត្រូលជជុះ។ ខ្ញុំឃើញថា ខ្ញុំជិះពីភ្នំពេញមក កំពង់ចាម ខ្ញុំឃើញប៉ូលិសដាក់លុយ យកឡានច្រើនកន្លែងមែនទែន នៅស្រុកមុខកំពូលមួយកន្លែង ចេញពីក្រុងមកមួយកន្លែង ហើយអាអ្នកយកលុយបេនទ្វេជា១ ជា២ ជាអ្វី ទាល់តែកាត់បន្ថយភាពអនាធិបតេយ្យ ដែលយកលុយក្នុងឱកាស ឆ្លៀតពេលបុណ្យភ្ជុំ បុណ្យអ្វីហ្នឹង ទាល់តែកាត់ទាំងអស់ថែមទៀត អាហ្នឹង គឺជាចំណុចប្រសើរមួយ»។
កាលពីភ្ជុំបិណ្ឌ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា រយៈពេល ៦ថ្ងៃ នៃការផ្ដល់សេវារថយន្តក្រុងសាធារណៈឥតគិតថ្លៃ មានពលរដ្ឋជាង ២ម៉ឺននាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។