សហគមន៍​ឃុំ​រយ៉លើ ខេត្ត​មណ្ឌលគិរី ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បើក​ដៃ​ឲ្យ​ក្រុម​ជនល្មើស​ឆក់​ត្រី និង​ដាក់​ថ្នាំ​បំពុល​ក្នុង​ទឹក​ស្រះ​ពលរដ្ឋ​អាស្រ័យផល

0:00 / 0:00

សហគមន៍​នៅ​ឃុំ​រយ៉លើ ខេត្ត​មណ្ឌលគិរី ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បើក​ដៃ​ឲ្យ​ក្រុម​ជនល្មើស​លួច​ឆក​់ត្រី និង​ដាក់​ថ្នាំ​បំពុល​ក្នុង​ស្រះ​ទឹក មួយ​កន្លែង​ដែល​ពលរដ្ឋ​អាស្រ័យផល​ប្រ​ចាំ​ថ្ងៃ។ អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់ និង​ស្វែង​រក​ជនល្មើស​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អ្នក​ភូមិ​អះអាង​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤​កន្លង​ទៅ មាន​ក្រុម​ជនល្មើស​ជិត​ ១០​នាក់ បាន​នាំ​គ្នា​លួច​ឆក​ត្រី និង​ដាក់​ថ្នាំ​បំពុល​ក្នុង​ទឹក​ស្រះ​មួយ​កន្លែង ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល និង​ទុក​ទឹក​សម្រាប់​ឲ្យ​សត្វ​គោក្របី​ផឹក ស្ថិត​នៅ​ឃុំ​រយ៉លើ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី។ អ្នក​ភូមិ​បន្ថែម​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ ដេក​យាម​ស្រះ​ទឹក​នោះ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បីកុំ​ឲ្យ​មាន​ក្រុម​ជនល្មើស​លួច​ឆក់​ទៀត។

ប្រធាន​សហគមន៍​នៅ​ឃុំ​រយ៉លើ លោក លីន ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ ខែ​មករា​ថា ទឹក​ស្រះ​មួយ​កន្លែង​នៅ​ក្នុង​ឃុំ​រយ៉លើ ដែល​ពលរដ្ឋ​តែងតែ​អាស្រ័យ​ផល​ដាក់​មង និង​បង់​សំណាញ់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ ត្រូវ​បាន​ជនល្មើស​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​នាំ​គ្នា​លួច​ឆក់ និង​ដាក់​ថ្នាំ​បំពុល​ក្នុង​ស្រះ ដើម្បី​យក​ត្រី ដោយ​មិន​មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ​ឡើយ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ មិន​បាន​អើពើ​ជួយ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​អស់​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​ចោទ​ប្រជាពលរដ្ឋ​ថា បាន​បង្កើត​សហគមន៍​ការពារ​ធនធានធម្មជាតិ​ដោយ​ខុស​ច្បាប់។

លោក លីន ម៉ៅ៖ «សុំ​ឲ្យ​គាត់​ជួយ​ដោះស្រាយ​កុំ​ឲ្យ​គេ​ឆក និង​ឲ្យ​គាត់​ជួយ​ធ្វើ​ទំនប់​រួម​សម្រាប់​ប្រជាពលរដ្ឋ​អាស្រ័យផល ដាក់​មង ដាក់​សន្ទូច សុំ​ឲ្យ​ពួកគាត់​ជួយ​មើល​ផង ពួក​ខ្ញុំ​សហគមន៍​ជនល្មើស​គេ​មិន​ខ្លាច​ពួក​ខ្ញុំ​ទេ»។

ប្រធាន​សហគមន៍​រូប​នេះ​បន្ថែម​ទៀត​ថា បន្ទាប់​ពី​មាន​ត្រី​ពុល​ងាប់​ពេញ​ស្រះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចង់​ផ្លាស់​ប្ដូរ​ទឹក​ស្រះ ​ដែល​មាន​ជាតិ​ពុល​ចេញ ដើម្បី​ជួយ​សង្គ្រោះ​ត្រី​ដែល​នៅ​រស់​បាន​ខ្លះ គ្រាន់​ទុក​បន្ត​ពូជ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត។ ប៉ុន្តែ​ភ្លាម​ៗ​ នោះ ត្រូវ​បាន​អាជ្ញាធរ​មក​ហាម​ឃាត់ និង​ចោទ​ពួកគាត់​ថា ​កំពុង​បំផ្លាញ​ត្រី​ក្នុង​ស្រះ និង​បង្កើត​សហគមន៍​ដោយ​ខុស​ច្បាប់។ សហគមន៍​ថា បច្ចុប្បន្ន​សហគមន៍​រយ៉លើ កំពុង​ស្នើ​សុំ​ចុះ​បញ្ជី​ដីធ្លី និង​ស្រះ​ទឹក​ទាំង​នោះ ទៅ​ជា​ដី​សមូហភាព និង​ជា​សម្បត្តិ​រួម​ក្នុង​សហគមន៍។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​កោះញែក លោក សឹ ទូច និង​អ្នកនាំពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក ស៊ុន សារុន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែ​មករា។

ទោះ​ជា​យ៉ាង​ណា​ថា នៅ​ថ្ងៃ​ទី​១០ ខែ​មករា ខាង​មុន​នេះ សហគមន៍​ឃុំ​រយ៉លើ និង​អាជ្ញាធរ​ស្រុក នឹង​ជួប​ជជែក​ពិភាក្សា ដើម្បី​ស្វែង​រក​ដំណោះស្រាយ និង​ស្វែង​រក​ជនល្មើស​យក​មក​អនុវត្ត​ច្បាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់​ឃើញ​ថា ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​សហការ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​នានា កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​មិន​ត្រូវ​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក ប៊ី វ៉ាន់នី៖ «អាជ្ញាធរ​ត្រូវ​តែ​ចូលរួម​ការពារ ចូលរួម​លើក​កម្ពស់​ជីវភាព និង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ តាម​អនុសាសន៍ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល ហើយ​បើ​យើង​ជា​មន្ត្រី​ប្រើប្រាស់​ភាសា​មនុស្ស​ជនពាល វា​មិន​អាច​ក្លាយ​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​ទេ យើង​ត្រូវ​តែ​មាន​ក្រមសីលធម៌ ឬ​ការ​អត់ធ្មត់​ច្រើន​ជាង​ប្រជាពលរដ្ឋ យើង​ទៅ​ច្រឡោត​ដាក់​គាត់​នឹង​យើង​មិន​អាច​ក្លាយ​ជា​មន្ត្រី​បម្រើ​រាស្ត្រ​ទេ»។

សហគមន៍​ថា ស្រះ​ទឹក​មួយ​នេះ​មាន​ទំហំ​ជាង​ ៥​ហិកតារ ដែល​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​រយ៉លើ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី បាន​នាំ​គ្នា​ប្រមូល​ថវិកា​ជួល​គ្រឿង​ចក្រ​ស្ដារ និង​កាយ​ធ្វើ​ជា​ទំនប់ ដើម្បី​ទប់​ទឹក​ទុក​សម្រាប់​ឲ្យ​សត្វ​ស្រុក និង​សត្វ​ព្រៃ​ផឹក និង​ជា​ជម្រក​ត្រី​ជា​ច្រើន​ប្រភេទ​ទៀត​រស់នៅ និង​បន្ត​ពូជ​ទៅ​ថ្ងៃ​ខាង​មុខ។

សហគមន៍​លើក​ឡើង​ទៀត​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​អាជ្ញាធរ​បាន​ធ្វើ​ទុក្ខបុកម្នេញ​​ប្រជា​សហគមន៍ ក្រោយ​ពី​សហគមន៍​ឃុំ​រយ៉លើ នាំ​គ្នា​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យក​ដី​ព្រៃ​កប់​សព ដី​ចម្ការ​វិល​ជុំ និង​ដី​ព្រៃ​បម្រុង​ទុក​របស់​ពួកគាត់ យក​ទៅ​លក់​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​មាន​លុយ​មាន​អំណាច​មិន​បាន​សម្រេច ព្រម​ទាំង​បាញ់​កាំភ្លើង​គំរាម​ពលរដ្ឋ និង​ដេញ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។