មនុស្ស ៣នាក់ស្លាប់ និង ២៦នាក់របួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ
2019.09.20

មនុស្ស ៣នាក់ ក្នុងនោះមានស្រី ២នាក់ បុរសម្នាក់ស្លាប់ ហើយកម្មករកាត់ដេរ ២៦នាក់ទៀតរងបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ តាមបណ្ដោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រលប់ថ្ងៃទី១៨ កញ្ញា។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៩ កញ្ញាថា ហេតុដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួស ក្នុងគ្រោះថ្នាក់ចរាចរនេះ គឺបណ្ដាលមកពីរថយន្តមួយគ្រឿង បើកវ៉ាជែងរថយន្តមួយគ្រឿងទៀត ហើយបុកម៉ូតូ ១គ្រឿងជិះគ្នា ៣នាក់ និងជ្រុលទៅបុករថយន្តដឹកកម្មករ ក្នុងទិសដៅបញ្ច្រាសគ្នា។
លោក វ៉ី សំណាង សង្ស័យថា ម្ចាស់រថយន្តបង្កហេតុ អាចជាជាងជួសជុលរថយន្តតាមផ្លូវ ដោយសារឃើញសម្ភារៈជួសជុលរថយន្តជាច្រើននៅក្នុងរថយន្ត ក្រោយជននោះរត់គេចខ្លួន។ លោកឱ្យដឹងទៀតថា សមត្ថកិច្ចកំពុងស្វែងរកតាមចាប់ម្ចាស់រថយន្តបង្កហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនសំណុំរឿងតុលាការ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឱ្យដឹងថា ភាគីសហជីពតែងតែលើកក្ដីកង្វល់អំពីរឿងនេះ ដាក់ជូនរដ្ឋាភិបាលពិចារណា និងរកមធ្យោបាយកាត់បន្ថយគ្រោះថ្នាក់ចរាចរដល់កម្មករកម្មការិនីនៅពេលធ្វើដំណើរទៅធ្វើការនិងវិលទៅត្រឡប់ទៅផ្ទះវិញ។
លោកយល់ថា ថៅកែរោងចក្រគួរផ្ដល់ប្រាក់ឈ្នួលបន្ថែមទៀតដល់កម្មករ ដើម្បីឱ្យពួកគាត់អាចរកជួលរថយន្តធ្វើដំណើរណាប្រកបដោយសុវត្ថិភាព ឬរោងចក្រអាចផ្ដល់សេវាធ្វើដំណើរមិនយកប្រាក់ ដោយជួលឡានក្រុងឱ្យកម្មករ។
ក្រៅពីនេះ លោក អាត់ ធន់ ស្នើរដ្ឋាភិបាល ពង្រឹងច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹងបំផុត ដោយដាក់ពិន័យដល់អ្នកបើកបរល្មើសច្បាប់ និងពិនិត្យមើលបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតពលរដ្ឋធ្វើដំណើរតាមដងផ្លូវ៕