ពលករ​ខ្មែរ​សាទរ​នឹង​ក្រសួង​ការងារ​ថៃ​ដែល​ស្នើ​រដ្ឋាភិបាល​ខ្លួន​ឲ្យ​ពលករ​ត្រឡប់​ទៅ​លេង​បុណ្យ​ចូលឆ្នាំ​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញចូល​

0:00 / 0:00

ក្រសួង​ការងារ​ថៃ​ត្រៀម​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ខ្លួន​ ដើម្បី​សម្រួល​ឲ្យ​ពលករ​បរទេស​អាច​ឆ្លង​ដែន​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​៥​រហូត​ដល់​ថ្ងៃ​ទី៣០ មេសា ដោយ​មិន​បាច់​បង់​ប្រាក់​ធ្វើ​ទិដ្ឋាការ​ចេញ​ចូល​តាម​ព្រំដែន។ ពលករ​ខ្មែរ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សាទរ​ចំពោះ​វិធានការ​នេះ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលករ​ត្រឡប់​ទៅ​ស្រុក​កំណើត។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​លោក ហឿន ស ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ​ថា ការ​ជួយ​សម្រួល​នេះ​ជា​រឿង​ល្អ​ចំពោះ​ពលករ ដើម្បី​បាន​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ដោយ​មិន​ចំណាយ​ថវិកា​ច្រើន។ លោក​បន្ត​ថា​កន្លង​មក ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ច្រើន​តែ​ចេញ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ព្រោះ​ងាយ​ស្រួល​រក​ឡាន​ឈ្នួល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ៖ «មិន​ថា​កន្លែង​ណា​ទេ​ខ្ញុំ​លឺ​គេ​ថា បាន​គេ​ឲ្យ​ចេញ​ចូល​សេរី​មិន​ដូច​មុន​ល្អ​ បើ​ពី​មុន​សមត្ថកិច្ច​យក​លុយ​គ្រប់​ច្រក​ព្រំដែន​ ដល់​ក្រសួង​ការងារ​ថៃ​មិន​យក​លុយ​ខ្ញុំ​ត្រេកអរ​ ដែល​គេ​ផ្ដល់​តម្លៃ​ឲ្យ​ពលករ ដែល​ធ្វើ​ការ​នៅ​ស្រុក​គេ ដូច​ថា ពេល​មាន​បុណ្យ​ទាន​យើង​អាច​ត្រឡប់​ទៅ​លេង​បងប្អូន​បាន​ស្រួល »

ចំណែក​ពលករ​ម្នាក់​ទៀត​ថ្លែង​ឲ្យ​ដឹង​ថា បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​​នេះ ​លោក​មិន​បាន​ទៅ​លេង​ស្រុក​ខ្មែរ​នោះ​ទេ ក៏​ប៉ុន្តែ​លោក​សប្បាយ​ចិត្ត​នឹង​វិធានការ​នេះ​ ព្រោះ​សង្ឃឹម​ថា ​នឹង​បាន​ជួយ​សម្រួល​ដល់​ពលករ​ឲ្យ​ឆាប់​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​លឿន​ជាង​មុន​ផង​ពេល​ទៅដល់​ច្រក​ព្រំដែន៖ «អត់​មាន​លិខិត​ឆ្លង​ដែន​ទៅ​តាម​ផ្លូវ​កាត់​គេ​យក​លុយ​ជាង ១ពាន់​បាត ឬ​ប្រហែល ១៣​ម៉ឺន​រៀល ( ១៣០ . ០០០ ) ។ ខ្ញុំ​ចេះ​តែ​ចង់​ទៅ​ស្រុក​ហើយ ប៉ុន្តែ​ចិត្ត​មួយ​មិន​ចង់​ទៅ​ដោយសារ​ឃើញ​ស្ថានការណ៍​នៅ​ស្រុក​ខ្មែរ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ ព្រោះ​នៅ​ស្រុក​ខ្ញុំ​អាជ្ញាធរ​រំលោភ​យក​ដី​ពលរដ្ឋ ហើយ​ដេញ​ចាប់​ពលរដ្ឋ ដែល​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ »

គេហទំព័រ​ក្រសួង​ការងារ​របស់​ថៃ បាន​ចុះ​ផ្សាយ​នៅ​ពី​​ថ្ងៃ​ទី​២០ កុម្ភៈ​ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក​ អាឌុល សែងសិងកែវ (Adhol Saeng Sing Keo) បាន​ម្រេច​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​ រួម​មាន​ កម្ពុជា លាវ(Lao) និង​ ភូម៉ា ឬ មីអែនម៉ា (Myanmar) អាច​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី៣០ មេសា ដោយ​មិន​បាច់​បង់​ប្រាក់​ធ្វើ​ទិដ្ឋាការ​ចេញ​ចូល​តាម​ច្រក​ព្រំដែន​ដែល​បាន​មាន​តម្លៃ ២ពាន់​បាត ឬ​ប្រមាណ ៦៥​ដុល្លារ​អាមេរិក។ ទោះ​ជា​យ៉ាង​ណា​ក្ដី សេចក្ដី​សម្រេច​នេះ​មិន​ទាន់​បញ្ជូន​ទៅ​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​ទេ ដោយ​ក្រសួង​ការងារ​ថៃ​ត្រៀម​បញ្ជូន​រឿង​នេះ​ដាក់​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​អនុម័ត​ក្នុង​ពេល​ឆាប់ៗ ​ខាង​មុខ។ នៅ​ពេល​រដ្ឋាភិបាល​ថៃ​អនុម័ត​លើ​រឿង​នេះ​ហើយ ក្រសួង​ការងារ​ថៃ នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ផ្សព្វផ្សាយ​ដំណឹង​នេះ​នៅ​ខេត្ត​ជាប់​ព្រំដែន​ និង​ជួយ​សម្រួល​ដល់​ពលករ​នៅ​តាម​ច្រក​ព្រំដែន ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជុំ​វិញ​បញ្ហា​នេះ​ទៀត​ផង។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី២១ កុម្ភៈ​ថា ការ​មិន​ឲ្យ​ពលករ​បង់​ប្រាក់​ធ្វើ​ទិដ្ឋាការ​ចេញ​ចូល គឺ​ជា​​រឿង​មួយ​មាន​​ប្រយោជន៍​សម្រាប់​ពលករ ធ្វើ​ឲ្យ​ពួកគាត់​ចំណាយ​ថវិកា​តិច​ជាង​មុន។ លោក​បន្ត​ថា ជា​រឿយៗ ​ពលករ​ខ្មែរ​ទៅ​លេង​បុណ្យ​ប្រពៃណី​ជាតិ​ម្ដងៗ ​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ការ​ធ្វើ​ដំណើរ​ ចន្លោះ​ពី​ ១០០​ ទៅ​ ២០០​ដុល្លារ​អាមេរិក​ ដោយសារ​​រថយន្ត​ឡើង​ថ្លៃ​និង​ចំណាយ​ធ្វើ​ទិដ្ឋាការ​នៅ​ច្រក​ព្រំដែន៖ «កន្លង​មក​យើង​តែង​តែ​ស្នើ​សុំ​ភាគី​ពាក់ព័ន្ធ​ទាំង​រដ្ឋាភិបាល​ថៃ​និង​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​សហការ​គ្នា​លើក​លែង​ថ្លៃ​ធ្វើ​ទិដ្ឋាការ​ចេញចូល​ប្រទេស​ថៃ​ ពីព្រោះ​វា​ជា​ចំណាយ​ធំ​មួយ​។ក្រៅ​ពី​នេះ​យើង​ស្នើ​សុំ​ឲ្យ​ភាគី​ទាំង​២​ មេត្តា​សម្របសម្រួល​ឲ្យ​មាន​ការ​ចេញ​ចូល កុំ​ឲ្យ​មាន​ការ​យក​លុយ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​ព្រំដែន​ ព្រោះ​ជា​ទូទៅ​ពលករ​ត្រឡប់​មក​លេង​ស្រុក​កំណើត​ច្រើន​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ ហើយ​មាន​ការ​រអ៊ូរទាំ​ការ​យក​លុយ​យក​កាក់​នៅ​ច្រក​ព្រំដែន​ច្រើន »

សព្វ​ថ្ងៃ​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​មាន​ជាង ១លាន​នាក់ ខណៈ​ដែល​ក្រសួង​ការងារ​ថៃ​ប៉ាន់​ប្រមាណ​ថា ពលករ​ដែល​ត្រឡប់​ទៅ​លេង​បុណ្យ​ចូលឆ្នាំ​នៅ​ពេល​ខាង​មុខ​មាន​ប្រមាណ​ពី ២០ ទៅ ៣០​ម៉ឺន​នាក់ (៣០០.០០០)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។