អង្គការភាពញញឹមនៃកុមារ និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានសហការគ្នាសាងសង់អគារឲ្យគ្រួសារក្រីក្រ ដែលកំពុងរស់នៅលើគំនរសំរាមស្ទឹងមានជ័យ ជិត ៣០០គ្រួសារ មានអគារស្នាក់នៅត្រឹមត្រូវ។ ការសាងសង់នេះ មានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរយនាក់។
យុវជនស្ម័គ្រចិត្តជាង ១.២០០នាក់ជាសិស្សនិស្សិតមកពីសាលារដ្ឋ និងឯកជន និងបណ្ដាញយុវជន បាននាំគ្នាចូលរួមក្នុងសកម្មភាពសាងសង់ផ្ទះនៅក្នុងខណ្ឌដង្កោ ដោយឲ្យឈ្មោះថា ភូមិនៃក្ដីញញឹម ជូនពលរដ្ឋរស់នៅលើគំនរសំរាមស្ទឹងមានជ័យ នៅថ្ងៃទី៣ ខែឧសភា។
មន្ត្រីផ្នែកទំនាក់ទំនងនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា អ្នកស្រី នូ វ៉ាន់សាន ថ្លែងថា អង្គការភាពញញឹមនៃកុមារហៅកាត់ជាភាសាបារាំង ថា ប៉េអែសអឺ (PSE) បានផ្ដល់ដីចំនួនជាង ២ហិកតារ នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ សម្រាប់សង់អគារស្នាក់នៅជូនឪពុកម្ដាយរបស់សិស្ស ដែលកូនៗរបស់គាត់ជ្រើសរើសឲ្យបានរៀនដោយអង្គការនេះ ប៉ុន្តែបច្ចុប្បន្នពួកគាត់រស់នៅលើគំនរសំរាមស្ទឹងមានជ័យ នោះ បានមករស់នៅក្នុងភូមិថ្មី ឈ្មោះថា ភូមិនៃក្ដីញញឹម វិញ។ អ្នកស្រីបន្តថា អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានសហការរកការគាំទ្រផ្នែកថវិកា និងប្រមូលយុវជនស្ម័គ្រចិត្តជាតិ និងអន្តរជាតិ ឲ្យពួកគេចូលរួមសាងសង់អគារនេះ។ ក្រៅអំពីផ្ដល់ប្រយោជន៍ដល់គ្រួសារពលរដ្ឋដោយផ្ទាល់ យុវជនស្ម័គ្រចិត្តក៏នឹងទទួលបានបទពិសោធន៍ក្នុងការងារសង្គមផងដែរ។
«សំឡេង»
យុវជនស្ម័គ្រចិត្តព្រះវិហារព្រះយេស៊ូវគ្រីស្ទពួកបរិសុទ្ធថ្ងៃចុងក្រោយ លោក ហែម វិឆ័យ ក្នុងចំណោមយុវជនជាង ១ពាន់នាក់ បានសម្ដែងក្ដីត្រេកអរនៅពេលបានចូលរួមកម្មវិធីស្ម័គ្រចិត្តនេះ។ យុវជនរូបនេះ បានចាត់ទុកថា ក្រៅអំពីបានបទពិសោធន៍ ពួកគេបានបង្ហាញនូវសេចក្ដីស្រលាញ់ដល់ប្រជាពលរដ្ឋខ្លួនឯង និងភាពសាមគ្គីគ្នា។
«សំឡេង»
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ទូច វិសាលសុខ ដែលបានចូលរួមក្នុងពិធីនេះដែរ បានស្វាគមន៍ចំពោះយុវជនដែលចូលរួមក្នុងការងារសង្គមដូច្នេះ។ លោកថា តាមរយៈកម្មវិធីនេះ យុវជនកម្ពុជា នឹងមានឱកាសស្គាល់គ្នាកាន់តែច្រើន អាចបង្កើតបណ្ដាញនិស្សិតដូចគ្នា និងការចងសម្ពន្ធភាពជាមួយនិស្សិតបរទេស ដើម្បីពង្រីកទំនាក់ទំនង និងការងារសម្រាប់ថ្ងៃអនាគត។
«សំឡេង»
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានដាក់ឈ្មោះគម្រោងនេះថា ការសាងសង់យុវជន ឬហៅជាភាសាអង់គ្លេសថា យូតបៀល (Youth's build) ដែលគេរៀបចំសង់អគារជូនពលរដ្ឋចំនួន ៩អគារ សម្រាប់ពលរដ្ឋចំនួន ២៧៨គ្រួសារ ដែលកំពុងរស់នៅលើគំនរសំរាមស្ទឹងមានជ័យ។ ក្នុងមួយអគារ ត្រូវចំណាយថវិកាចំនួន ៤៥ម៉ឺនដុល្លារ។ ថវិកាយកមកសាងសង់ រកបានពីការរៃអង្គាសពីក្រុមហ៊ុនឯកជន អ្នកស្ម័គ្រចិត្តក្រៅស្រុក និងយុវជនស្ម័គ្រចិត្តក្នុងប្រទេសកម្ពុជា ដែលបានចូលរួមចំណែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
