ក្រុមយុវជនដែលធ្វើយុទ្ធនាការប្រមូលសំរាមនៅបឹងឡាយលូបឹងត្របែក នាំគ្នាប្រារព្ធសង្ក្រាន្ត ឆ្នាំថ្មីនៅលើប្រឡាយទឹកស្អុយ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី និងគាំទ្រការការពារ និងការសំអាតបរិស្ថានទីក្រុងទាំងអស់គ្នា។
កម្មវិធីសង្ក្រាន្តឆ្នាំថ្មីដែលរៀបចំដោយក្រុមយុវជនប្រមូលសំរាមនេះ គឺធ្វើឡើងនៅលើប្រឡាយលូ បឹងត្របែង ជិតសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីម៉ោង ៣រៀល ដល់ម៉ោង ៩យប់ នៅថ្ងៃទី៦ ខែមេសា។
អ្នកផ្ដួចផ្ដើមប្រមូលសំរាមក្នុងលូបឹងត្របែក យុវជន សាន ដារ៉ាវីត រៀបរាប់ថា ការប្រារព្ធសង្ក្រាន្តឆ្នាំ ថ្មីនៅលើប្រឡាយលូទឹកស្អុយបែបនេះ គឺក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងចង់បញ្ជ្រាបការយល់ដឹងអំពីការការពារ និងការសម្អាតអនាម័យបរិស្ថានក្នុងទីក្រុង៖« ដំបូងឡើយ យើងចង់ធ្វើ ខនសឺត (concert ) ឬក៏ប្រគំតន្ត្រី ប៉ុន្តែខាងសាលាក្រុងអត់ឱ្យធ្វើព្រោះថា ស្ទះចរាចរណ៍ ដូច្នេះហើយយើងក៏ចាប់ផ្ដើមចាត់ចែង ធ្វើសង្ក្រាន្តវិញ។ គោលបំណងយើងចង់រឹតបន្តឹងចំណងមិត្តភាពយុវជន និងយុវជន និងមានកម្មវិធីសប្បាយខ្លះ។ បន្ទាប់មកយើងនឹងនិយាយជជែកគ្នា និងមានសំណួរចម្លើយពីបញ្ហាបរិស្ថាន និងការជះឥទ្ធិពលអាក្រក់ពីទឹកស្អុយនេះ » ។
យុវជន សាន ដារ៉ាវីត បានយក «ប្រឡាយលូបឹងត្របែក» ជាចំណុចផ្ដើមប្រមូលសំរាមចាប់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ មក មុននឹងពង្រីកសកម្មភាពរបស់ខ្លួនទៅកន្លែងដទៃទៀត ដែលកំពុងមានគំនរ សំរាមរាយប៉ាយដូចគ្នាដែរ។ យុវជនរូបនេះ ចង់ប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងគ្មានសំរាម គ្មានក្លិនស្អុយ និងគ្មានដីហុយ។ យុវជន ដារ៉ាវីត អះអាងថា ប្រឡាយលូបឹង ត្របែកដែលធ្លាប់តែពោរពេញដោយគំនរសំរាមប្លាស្ទិក និងសំរាមគ្រប់ប្រភេទស្អុយរលួយយ៉ាងណែនណាន់តាន់តាប់ជាច្រើនឆ្នាំមកហើយ ឥឡូវនេះ លោកប្រមូលសំរាមអស់ប្រមាណ៨០ភាគរយហើយ ក្នុងរយៈពេល ១ខែកន្លងមកនេះ៖ « យើងនឹងធ្វើវារហូតទាល់តែលូនេះក្លាយទៅស្អាត ហើយអាចធ្វើអាជីវកម្ម និងកម្សាន្តនៅក្បែៗ លូនេះបាន។ បន្ទាប់មកយើងនឹងធ្វើនៅលើគោកម្ដង » ។
សកម្មភាពប្រមូលសំរាមនេះ គឺមានប្រជាពលរដ្ឋនិងយុវជនជាច្រើនបានចូលរួមជាកម្លាំងផ្ទាល់ខ្លះគាំទ្រជាស្មារតីនិងខ្លះទៀត ចូលរួមឧបត្ថម្ភសម្ភារៈភេសជ្ជៈ និងគ្រឿងបរិភោគជាបន្តបន្ទាប់ ប៉ុន្តែមានតែក្រុមយុវជន ប្រមាណជិត ២០នាក់ដែលធ្វើសកម្មភាពសំអាតសំរាម។
អ្នកផ្ដួចផ្ដើមប្រមូលសំរាមមួយរូបទៀត គឺម្ចាស់សិប្បកម្មផលិតធុងសំរាមបរិស្ថានអ្នកនាង សឿង សុថារី រៀបរាប់ថា ការរៀបចំសង្ក្រាន្តនៅលើប្រឡាយលូនេះ មានមនុស្សចូលរួមច្រើន ហើយពួកគេ ស្ងើចសរសើរថា ការប្ដេជ្ញាធ្វើឲ្យប្រឡាយលូបឹងត្របែកក្លាយជាប្រឡាយលូស្អាត និងជាគំរូ។ អ្នកនាងបន្ត លើសពីនេះប្រជាពលរដ្ឋរស់នៅតំបន់ប្រឡាយលូនេះភាគច្រើន ក៏មានការយល់ដឹងពីការចូលរួមសម្អាតអនាម័យបរិស្ថាន និងឈប់បោះសំរាមចោលផ្ដេសផ្ដាសផងដែរ៖ «ប្រជាពលរដ្ឋ មិនសូវបោះសំរាមចូលទឹកលូទៀតទេ គឺមានតែសំរាមចាស់ៗ ដែលខ្លះវាទើបអណ្ដែតឡើងមក និងហូរពីគោលដៅដែលយើងមិនទាន់សម្អាត។ ព្រឹកមិញនេះ យើងក៏មានយុទ្ធនាការជាលើកទី២ ជាមួយអាជ្ញាធរក្នុងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅតាមដងលូ និងបានបិទស្លាកហាមចោលសំរាម។បន្ទាប់ពីអប់រំ និងជូនដំណឹងនេះទៅខាងអាជ្ញាធរ គាត់នឹងចាប់ផ្ដើមធ្វើការផាកពិន័យចំពោះអ្នកដែលនៅតែបន្តបោះចោលសំរាមផ្ដេសផ្ដាស » ។
សកម្មភាពយុវជននេះ ក៏ជំរុញឲ្យអភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ ដឹកនាំអាជ្ញាធរក្នុងខណ្ឌចុះធ្វើយុទ្ធនាការអប់រំណែនាំ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការបោះចោលសំរាមតាមបណ្ដោយផ្លូវលេខ១០៥ (ប្រឡាយបឹងត្របែក) និងជុំវិញតំបន់នោះ ជាលើកទី២ នៅថ្ងៃទី៦ ខែមេសា។ ប៉ុន្តែអាជ្ញាធរ មិនចូលរួមសង្ក្រាន្តឆ្នាំថ្មីជាមួយយុវជននោះទេ។
ក្រុមយុវជនប្រមូលសំរាម បានស្នើសុំឲ្យអ្នកចូលរួមកម្មវិធីសង្ក្រាន្តនេះ នាំយកសៀវភៅ ២ក្បាល ប៉ិច ២ដើម និងខ្មៅដៃ ២ដើមផងដែរ ព្រោះក្រោយកម្មវិធីសង្ក្រាន្តនេះ ក្រុមយុវជន មានបំណងយកសម្ភារៈសិក្សាទាំងនោះ ទៅចែកជូនដល់សិស្សសាលាក្រីក្រនៅតំបន់ដាច់ស្រយាល។ កម្មវិធីសង្ក្រាន្តនៅលើប្រឡាយទឹកលូបឹងត្របែកនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែមេសា ដល់ថ្ងៃទី៨ ខែមេសា៕
