នៅ​កំពង់ធំ ស្លាក​គណបក្ស​សម​រង្ស៊ី​ត្រូវ​គេ​ហែក

នៅឯ​ខេត្ត​កំពង់ធំ មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​សង្កេត​ការណ៍​បោះឆ្នោត បាន​ឲ្យ​ដឹង​ថា មាន​ករណី​ហែក​ស្លាក​គណបក្ស​សម​រង្ស៊ី នៅក្នុង​ឃុំ​ងន ស្រុក​សណ្តាន់​ដោយ​ជន​មិន​ស្គាល់​មុខ ។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក ឈូក រុន បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នោះ​បាន​កើត​នៅ​វេលា​យប់​ថ្ងៃ​ទី​២៧ មិថុនា ។

មន្ត្រី​សិទ្ធិមនុស្ស​ដដែល​បាន​ឲ្យ​ដឹង​ថា មាន​ការប្តឹង​ទៅ​មន្ត្រី​គណៈកម្មាការ​បោះឆ្នោត​ឃុំ ឈ្មោះ លោក សិត ថូយ រួច​ទៅ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ការឲ្យ​ដឹង​ថា តើ​ក្រុម​ឬ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហែក​ស្លាក​នោះ​ឡើយ ៕