ប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ថាភ្នាក់ងារនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើទារុណកម្ម និងវាយដុំប្រជាពលរដ្ឋឲ្យដួលសន្លប់ និងបែកក្បាល នៅគ្រាដែលបំពេញតួនាទីឃាត់គោយន្តប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងផាកពិន័យប្រជាពលរដ្ឋ ដែលមិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយជាដើម។
ប្រជាពលរដ្ឋដែលរងការវាយដុំ និងធ្វើទារុណកម្មនោះ គឺមានឪពុក និងកូនៗ សរុបចំនួន ៤នាក់។ ប្រភពបានអះអាងថា សមត្ថកិច្ចចម្រុះដែលប្រើអំពើហិង្សានោះ មានចំនួនជាង ១០នាក់ គឺជានគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថខេត្តស្វាយរៀង។ មានការបាញ់គំរាមចំនួន ៣គ្រាប់ និងបានដាក់ខ្នោះដៃជាដើម។
ប្រជាពលរដ្ឋរងគ្រោះឈ្មោះ យី ឡន អាយុ៤៤ឆ្នាំ ជាកសិករនៅក្នុងភូមិថ្នល់ទទឹង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមីនា ថាភ្នាក់ងារសមត្ថកិច្ចនៅមូលដ្ឋាន បានប្រើអំពើហិង្សាយ៉ាងកំរោល ៖ "ដាក់ខ្នោះកូនខ្ញុំដៃមកក្រោយ ហើយគេដឹកមកប៉េអិមទៀត កងរាជអាវុធហត្ថស្រុកហ្នឹង។ កូនខ្ញុំសម្លប ដាក់ខ្នោះដៃមកក្រោយ។ ខ្ញុំសួរកូនខ្ញុំមានកំហុសប៉ុណ្ណា? ជាទោសឧក្រិដ្ឋដែរអី ដាក់ខ្នោះកូនខ្ញុំម្នាក់។ មកដាក់ខ្នោះខ្ញុំដែរ តែខ្ញុំរើបម្រាស់ ខ្ញុំថាលោកឯងមិនចាំបាច់ដាក់ខ្នោះខ្ញុំទេ"។
សមាជិកក្រុមប្រឹក្សាស្រុករមាសហែក ខេត្តស្វាយរៀង លោក ឃឹម សាផាត អាយុ៤៧ឆ្នាំ បានមានប្រសាសន៍ថា លោកជំរុញឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តស្វាយរៀង នៅពេលឆាប់ៗ នេះ ដើម្បីផ្ដន្ទាទោសជនល្មើសប្រើអំពើហិង្សា បង្ករបួសស្នាម ៖ "រឿងកើតហេតុដល់នេះហើយ មានតែរឿងតុលាការវិនិច្ឆ័យ ពីព្រោះនៅក្នុងនីតិវិធីច្បាប់ អត់មានរឿងណាច្បាប់ឲ្យកម្លាំងសមត្ថកិច្ចមកគំរាមកំហែង និងចាប់វាយប្រជាពលរដ្ឋ។ យើងជាអ្នកអនុវត្តច្បាប់ មិនគួរអីយើងមកចាប់ចងប្រជាពលរដ្ឋ"។
សមត្ថកិច្ចដែលប្រជាពលរដ្ឋបានស្គាល់នោះ មានឈ្មោះ វឿន ភ័ក្រ ជាកងរាជអាវុធហត្ថខេត្តស្វាយរៀង ជាជនដៃដល់ និងភ្នាក់ងារនគរបាល និងកងរាជអាវុធហត្ថចំនួន ១០នាក់ទៀត។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំសេចក្ដីប្រតិកម្មបាននៅឡើយ ពីភ្នាក់ងារនគរបាលចរាចរ និងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលរងការចោទប្រកាន់នោះ។ ស្នងការនគរបាលខេត្តស្វាយរៀង លោក ប្រាជ្ញ រឹម បានបិទទូរស័ព្ទ។ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដើម្បីសុំការបំភ្លឺ។
មន្ត្រីអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា លោក ឧត្ដម សេនីយ៍ឯក គាត ចន្ថារិទ្ធិ បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះនៅឡើយទេ។ លោកបន្តថា ៖ "ឯកឧត្ដម ឧបក៏ដូចជាឯកឧត្ដមអគ្គស្នងការ បានផ្ដាំផ្ញើហើយផ្ដាំផ្ញើទៀត ដំបូន្មានសូម្បីតែម្សិលមិញនេះ មានប្រជុំវេទិកាភូមិឃុំសុវត្ថិភាព ក៏យើងនិយាយរឿងហ្នឹងដែរ។ ធ្វើម៉េចឲ្យមន្ត្រីយើងហ្នឹងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ថែរក្សាប្រជាពលរដ្ឋ។ យើងការពារប្រជាពលរដ្ឋ យើងនិយាយរឿងហ្នឹង។ សូម្បីតែសំណូមពរប្រជាពលរដ្ឋ លោកមានសំណូមពរអ្វី ត្រូវតែយកចិត្តទុក្ខដាក់ស្ដាប់"។
ជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុករមាសហែក ខេត្តស្វាយរៀង៕