តំណាង​បណ្ដាញ​យុវជន​ចូល​ជួប​មន្ត្រី​ស្និទ្ធ​នឹង​លោក អូបាម៉ា អំពី​បញ្ហា​ចំណាក​ស្រុក

តំណាង​បណ្ដាញ​យុវជន​មក​ពី​តាម​សហគមន៍​ក្នុង​ខេត្ត​ចំនួន​៤ បាន​ចូល​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ស្និទ្ធ​នឹង​លោក បារ៉ាក់ អូបាម៉ា (Barak Obama) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ស្ថានទូត​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី២០ វិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​លើក​ឡើង​អំពី​បញ្ហា​ចំណាក​ស្រុក និង​ការ​ជួញ​ដូរ​មនុស្ស។
ដោយ ខែ សុណង
2012.11.20
យុវជន​ជួប​មន្ត្រី​ស្ថានទូត​អាមេរិក ៣០៥ ក្រុម​យុវជន​ចំនួន​១១​នាក់ ថត​រូប​អនុស្សាវរីយ៍​មុន​ចូល​ជួប​មន្ត្រី​ស្ថានទូត​អាមេរិក កាល​ពី​ថ្ងៃ​ទី២០ វិច្ឆិកា ឆ្នាំ​២០១២។
RFA/Khe Sonorng

មន្ត្រី​កម្មវិធី​សមាគម​យុវជន​ខ្មែរ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ខេ.វាយ.អេ (KYA) បាន​ឲ្យ​ដឹង​ថា យុវជន​ចំនួន ១១​នាក់ មក​ពី​សហគមន៍​ដែល​មាន​ចំណាក​ស្រុក​ប្រថុយប្រថាន​ច្រើន គឺ​ខេត្ត​កំពង់ចាម ព្រៃវែង សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ បាន​ចូល​ជួប កញ្ញា វ៉ាលឺរី ចារិត (Valerie Jarret) ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​កញ្ញា សាមាន្ថា ផៅវើ (Samantha Power) ជំនួយការ​ពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ប្រធាន​កម្មវិធី​សមាគម​យុវជន​ខ្មែរ កញ្ញា យិត សុខា ដែល​អ្នក​សម្រប​សម្រួល​ក្រុម​យុវជន បាន​ថ្លែង​ថា កម្មវិធី​នេះ​មាន​គោលដៅ​បង្ហាញ​ពី​សកម្មភាព​ការងារ​របស់​យុវជន​ក្នុង​ការ​ទប់ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​គ្រោះ​ថ្នាក់ និង​ការ​ជួញ​ដូរ​មនុស្ស និង​ចង់​ឲ្យ​បន្ត​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

កញ្ញា យិត សុខា៖ «ទី១ គឺ​ដើម្បី​ឲ្យ​យល់​ដឹង​ពី​ស្ថានភាព​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​អ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​និង​ការ​ជួញ​ដូរ​មនុស្ស។ មួយ​ទៀត គឺ​ដើម្បី​ឲ្យ​ដឹង​ថា នៅ​ស្រុក​ខ្មែរ​យើង​នេះ ចាប់​ផ្ដើម​មាន​សកម្មភាព មាន​លេខ​ហត់ឡាញ (Hot line) ទាក់​ទង​ការ​ជួញ​ដូរ​មនុស្ស​ផង​ដែរ បើ​មាន​បញ្ហា​អី​ជួយ​អន្តរាគមន៍។ យើង​ចង់​ឲ្យ​សហគមន៍​អឺរ៉ុប​ហ្នឹង ជាពិសេស​សហរដ្ឋ​អាមេរិក​តែ​ម្ដង គឺ​គាត់​ជួយ​ក្នុង​ការ​ធ្វើ​សកម្មភាព ជាពិសេស​គឺ​គាំទ្រ​យុវជន​នៅ​ក្នុង​ការ​ចូល​រួម​ការ​ផ្សព្វផ្សាយ​ស្ដី​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព ហើយ​និង​ការ​ចូល​រួម​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស»

អ្នក​សម្រប​សម្រួល​យុវជន​ដដែល បាន​បន្ត​ថា មន្ត្រី​ជាន់​ខ្ពស់​ស្និទ្ធ​នឹង​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​បាន​ជួប​ជាមួយ​យុវជន បាន​សន្យា​ថា​នឹង​នៅ​តែ​បន្ត​ការ​គាំទ្រ​ដល់​សកម្មភាព​របស់​យុវជន តាម​រយៈ​កម្មវិធី​អ៊ិម.ធី.វី អ៊ីស៊ីត (MTV EXIT) នៃ​អង្គការ​វីនរ៉ក់ (Win rock) ដែល​ទទួល​ជំនួយ​ពី​អង្គការ យូ.អេស.អេ.អាយ.ឌី (USAID)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។