ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក៏បានសរសេរលើបង្ហោះហ្វេសប៊ុកថា លោក អែម ពិសិដ្ឋ បានប្រព្រឹត្តអំពើក្បត់ជាតិតាមមេបក្សប្រឆាំងដែលលោកចង់សំដៅទៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។ លោក ហ៊ុន សែន បានចោទថា លោក អែម ពិសិដ្ឋ បានគប់គិតជាមួយបរទេសបំផ្លាញខ្មែរ។ ប្រធានព្រឹទ្ធសភារូបនេះបានបន្តថា ប្រសិនបើអាជ្ញាធរថៃមិនគប់គិតជាមួយលោក អែម ពិសិដ្ឋ គួរតែចាប់បញ្ជូនសកម្មជនរូបនេះ ប្រគល់ឱ្យអាជ្ញាធរខ្មែរចាត់វិធានការតាមច្បាប់។
រីឯនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ក៏បានបង្ហោះនៅលើហ្វេសប៊ុកចោទអ្នកនយោបាយប្រឆាំង ថាកំពុងខិតខំពុះពារនិងស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានបំប៉ោង តាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ ដើម្បីវាយប្រហារផ្នែកចិត្តសាស្ដ្រមកលើកងទ័ពកម្ពុជា។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសេចក្ដីប្រកាសនៅថ្ងៃទី១០មិថុនាថា សមត្ថកិច្ចកំពុងស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនលោក អែម ពិសិដ្ឋ អាយុ៣៧ឆ្នាំ ជាសកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ដោយចោទថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត។
ប្រតិកម្មទាំងនេះបានកើតឡើង ក្រោយពេលលោក អែម ពិសិដ្ឋ បានស្លៀកពាក់ឯកសណ្ឋានយោធាខ្មែរ ស្ពាយកាំភ្លើងជ័របាញ់ទឹក និងអាយកូមក្លែងក្លាយ ថតសម្ដែងជាទាហានខ្មែរជួរមុខ រាយការណ៍ទៅមេបញ្ជាការរបស់ខ្លួនថា គ្រឿងសព្វាវុធខ្មែរដាក់ពង្រាយតាមព្រំដែនចាស់ទ្រុឌទ្រោមគ្មានម៉ាស៊ីន។
ប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃលោក អែម ពិសិដ្ឋ បានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានផលិតវីដេអូនោះ គ្រាន់តែជាការលេងសើច មិនមានចេតនាញុះញង់ និងបំបាក់ទឹកចិត្តកងទ័ពកម្ពុជានោះដែរ។
សុំឱ្យបងជាអ្នកសារព័ត៌មាន និងអង្គការសិទ្ធិមនុស្សទាំងអស់ ជួយតាមដាន ប្រសិនបើមានសកម្មភាពណាមួយ ពីអាជ្ញាធរថៃនិងអាជ្ញាធរកម្ពុជា ដែលមានបានចាប់ដៃសហការគ្នា។ អ៊ីចឹង ខ្ញុំក៏ព្រួយបារម្ភដែរបង។
— លោក អែម ពិសិដ្ឋ
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា បានយល់ឃើញថា ប្រសិនបើការថតសម្ដែងវីដេអូ ធ្វើឡើងក្នុងចេតនាលេងសើច រដ្ឋាភិបាលមិនគួរចាត់វិធានការច្បាប់នោះទេ។
យើងពិនិត្យទៅ ក្នុងករណីនេះ វាជាចេតនាមួយ គ្រាន់តែក្នុងន័យទាក់ទាញចំណាប់អារម្មណ៍ទៅលើរូបគាត់ (អែម ពិសិដ្ឋ) តែប៉ុណ្ណឹង។ ប៉ុន្តែខ្ញុំក៏មិនលើកទឹកចិត្តដែរ សម្រាប់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស យើងគួរតែរកមធ្យោបាយណាមួយ ដើម្បីរិះគន់ដើម្បីកែលម្អ និងរីកចម្រើនប្រទេសជាតិ។
— លោក ស៊ឹង សែនករុណា
កាលពីថ្ងៃទី០៩ខែមិថុនា ក្រសួងការពារជាតិបានចេញសេចក្ដីប្រកាសថា កម្ពុជាពុំបានដកទ័ពចេញពីទឹកដីដែលបានកាន់កាប់ជាយូរមកហើយនោះទេ ប៉ុន្តែគ្រាន់តែជាការកែសម្រួលកម្លាំងទ័ព ឱ្យត្រឡប់ទៅទីតាំងសមស្រប ដើម្បីបញ្ចៀសការប្រយុទ្ធបង្ហូរឈាមទ្រង់ទ្រាយធំ។ ការប្រកាសរបស់ក្រសួងការពារជាតិកម្ពុជានេះ ធ្វើឡើង បន្ទាប់ពីមន្ត្រីយោធាជើងគោកជាន់ខ្ពស់កម្ពុជានិងថៃ បានជួបចរចាគ្នា ដើម្បីបញ្ចៀសការប្រយុទ្ធគ្នាជាថ្មី នៅតំបន់មុំបី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។