ទិវានារីអន្តរជាតិ ៨ មីនា ដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺជាទិវាមួយដ៏នក្ខត្តឫក្សរបស់ស្ត្រីទាំងឡាយក្នុងពិភពលោករួមទាំងស្ត្រីខ្មែរផង ដែលបានមកជួបជុំគ្នាប្រារព្ធអបអរសាទរអំពីការសម្រេចបាននូវភាពជោគជ័យនិងការទទួលស្គាល់សិទ្ធិសេរីភាព សមភាពនិងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិ។
កាលពីដើមទសវត្សរ៍ឆ្នាំ១៩០០ ខណៈដែលមានការកើនឡើងយ៉ាងខ្លាំងនៃប្រជាពលរដ្ឋក្នុងពិភពលោក និងភាពចលាចលវឹកវរផ្នែកវិស័យឧស្សាហកម្ម គេសង្កេតឃើញថា ការរើសអើង ចំពោះស្ត្រីមានការផុសផុលយ៉ាងខ្លាំង ដោយស្ត្រីបានត្រូវចាត់ទុកថា ជាមនុស្សដែលមានឋានៈទាបក្នុងសង្គម រងការគាបសង្កត់ធ្វើបាបនិងមិនមានសិទ្ធិសេរីភាពដូចជាបុរសឡើយ សូម្បីតែសិទ្ធិបោះឆ្នោត។
ការជិះជាន់ ការធ្វើបាប ការបំបិទសិទ្ធិសេរីភាពទាំងនោះហើយ បានជំរុញឲ្យស្ត្រីជំនាន់នោះ នាំគ្នាងើបឡើងធ្វើការតស៊ូនិងធ្វើយុទ្ធនាការជាច្រើនដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរក្នុងសង្គម។ នៅក្នុងឆ្នាំ១៩០៨ ស្ត្រីនៅសហរដ្ឋអាមេរិកប្រមាណ១៥.០០០នាក់ បាននាំគ្នាដង្ហែក្បួនព្យុហយាត្រានៅទីក្រុងញូវយ៉ក ដើម្បីទាមទារម៉ោងធ្វើការតិចទទួលបានប្រាក់បៀវត្សរ៍សមរម្យនិងសិទ្ធិក្នុងការបោះឆ្នោត។
នៅឆ្នាំនេះកម្ពុជា បានលើកប្រធានបទរួមគ្នាបង្កើតសក្តានុពលស្ត្រីនិងយុវវ័យដើម្បីអភិវឌ្ឍន៍សង្គមជាតិក្នុងការចូលរួមប្រារព្ធទិវាស្ត្រីអន្តរជាតិនេះ។
លោកស្រី ស៊ីដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍តាមទូរស័ព្ទថា ការប្រារព្ធទិវានារីអន្តរជាតិនៅឆ្នាំនេះ គឺរៀបចំធ្វើឡើងនៅថ្ងៃទី៤ ខែមីនា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកស្រី ស៊ីដេហ្វីន មានប្រសាសន៍ដូច្នេះ ៖ «បានជាយើងយកប្រធានបទមួយនេះ ពីព្រោះយើងកសាងប្រទេសជាតិ ត្រូវការកម្លាំងរួម មិនថាតែបុរសឬស្ត្រីទេ គឺយើងត្រូវការកម្លាំងយុវវ័យទៀតដែលជាសសរទ្រូងប្រទេសជាតិ។ ពីមុនយើងមាន តែឥឡូវយើងបង្កើនសក្តានុពលថែមទៀតដើម្បីកសាងប្រទេសជាតិយើងវិវឌ្ឍន៍ឈានឡើង»។
ចំណែកលោកស្រី សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានមានប្រសាសន៍ផងដែរថា មន្ទីរកិច្ចការនារីនៅតាមខេត្តក៏បានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ជាច្រើន ចាប់តាំងពីដើមខែមីនាមក។ ទន្ទឹមនឹងមានការប្រារព្ធដ៏ធំមួយនៅសាកលវិទ្យាល័យភូមិន្ទ ដែលមានវត្តមានប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមជាអធិបតីនោះ តាមក្រសួងនីមួយៗក៏បានរៀបចំការតាំងពិព័រណ៍ផងដែរ។
លោកស្រី សាន្ត អរុណ មានប្រសាសន៍ឲ្យដឹងដូច្នេះ ៖ «មានប្រជាពលរដ្ឋនិងសិស្សានុសិស្សច្រើននៅឆ្នាំនេះ គឺពីវិទ្យាល័យភ្នំពេញផង ក៏ដូចជាសកលវិទ្យាល័យមួយចំនួនទៀត។ យើងគិតថា មានអ្នកចូលរួមប្រមាណជា៣ពាន់នាក់ ហើយក៏យើងធ្វើពិព័រណ៍តាមក្រសួងនីមួយៗ ដើម្បីបង្ហាញពីទស្សនៈនិងសកម្មភាពការងារ។ ដូចជាក្រសួងកិច្ចការនារី ធ្វើអ្វីសម្រាប់នារី មានការអប់រំផ្សព្វផ្សាយ ក៏ដូចជាការពារផ្លូវច្បាប់ ក៏ដូចជាយេនឌ័រផងដែរ។ ក្រសួងវប្បធម៌ឆ្នាំនេះចង់បង្ហាញពីវប្បធម៌ អារ្យធម៌និងប្រពៃណីខ្មែរ ហើយក្រសួងដទៃទៀតក៏មានផែនការយុទ្ធសាស្រ្ដ ក៏ដូចជាបង្ហាញនូវអ្វីដែលលោកអាចជួយដល់យុវនារីទាំងអស់នោះ»។
សហរដ្ឋអាមេរិកបានប្រារព្ធទិវាស្រីនេះមុនគេបង្អស់ តែកាលណោះគេធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩០៩។ នៅក្នុងឆ្នាំ១៩១០ កិច្ចប្រជុំដ៏ធំមួយរបស់ស្ត្រីបានត្រូវរៀបចំធ្វើឡើងនៅទីក្រុង Copenhagen នៃប្រទេសដាណាម៉ាក ដែលពេលនោះមានតំណាងស្ត្រីមកចូលរួមជាង១០០នាក់ មកពីប្រទេសចំនួន១៧ ក្នុងនោះមានសហរដ្ឋអាមេរិក អូស្ត្រាលី ដាណាម៉ាក ស្វ៊ីស អាល្លឺម៉ង់ជាដើម ដែលស្ត្រីទាំងនោះមានតួនាទីជាតំណាងឲ្យសហជីព តំណាងឲ្យគណបក្សសង្គមនិយមនិងក្រុមចលនាការងាររបស់ស្ត្រីជាច្រើន ។ល។
ក្នុងកិច្ចប្រជុំនោះ លោកស្រី ក្លារ៉ា ហ្សេតគិន (Clara Zetkin) តំណាងឲ្យគណបក្សសង្គមនិយមនៃប្រទេសអាល្លឺម៉ង់ បានស្នើសុំឲ្យស្ត្រីទាំងអស់ក្នុងគ្រប់ប្រទេស ប្រារព្ធទិវានារីអន្តរជាតិនៅថ្ងៃជាមួយគ្នា ដើម្បីអបអរសាទរនិងទទួលស្គាល់ការខិតខំប្រឹងប្រែងតស៊ូរបស់ក្រុមចលនាស្ត្រីជាច្រើនក្នុងពិភពលោក ដែលទាមទារចង់បានសិទ្ធិសេរីភាព សមភាព និងភាពយុត្តិធម៌ក្នុងសង្គម។
ក្រោយពីកិច្ចប្រជុំនៅទីក្រុង Copenhagen ក្នុងឆ្នាំ១៩១០មក ទិវានារីអន្តរជាតិត្រូវបានប្រារព្ធធ្វើនៅក្នុងប្រទេសអូទ្រីស ដាណាម៉ាក អាល្លឺម៉ង់និងស្វ៊ីស នៅថ្ងៃ១៩ មីនា ក្នុងឆ្នាំ១៩១១ ដែលមានអ្នកចូលរួមរាប់លាននាក់ដើម្បីទាមទារសិទ្ធិទទួលបានការងារធ្វើសម្រាប់ស្ត្រី សិទ្ធិបោះឆ្នោត សិទ្ធិទទួលការហ្វឹកហ្វឺនវិជ្ជាជំនាញ បញ្ចប់ភាពរើសអើងគ្រប់រូបភាពនិងការជិះជាន់ធ្វើបាបចំពោះស្រ្តីភេទ។
ចាប់តាំងពីឆ្នាំ១៩១៣មក ទិវានារីអន្តរជាតិបានត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ៨ មីនាវិញ និងបន្តធ្វើរហូតដល់សព្វថ្ងៃនេះ នៅតាមបណ្តាប្រទេសមួយចំនួន ហើយនៅឆ្នាំ១៩៧៥ អង្គការសហប្រជាជាតិក៏បានប្រកាសទទួលស្គាល់ពេញនូវសិទ្ធិសេរីភាពរបស់ស្ត្រី និងបានចាត់ទុកទិវានារីអន្តរជាតិ៨ មីនាថា ជាថ្ងៃបុណ្យឈប់សម្រាកជាតិថែមទៀតផង។
នៅកម្ពុជាទិវាស្ត្រីនេះ បានទទួលការយកចិត្តទុកដាក់ទាំងពីខាងស្ថាប័នរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល។ គេបានរៀបចំជាព្រឹត្តិការណ៍ផ្សេងៗនិងកិច្ចប្រជុំជាច្រើន។
លោកស្រី លឹម មុន្នី ប្រធានផ្នែកកិច្ចការស្ត្រីនិងកុមារនៃសមាគមអាដហុក បានមានប្រសាសន៍រៀបរាប់ពីសកម្មភាពទាំងនេះ ៖ «រៀងរាល់ឆ្នាំយើងចូលរួមធ្វើជាមួយក្រសួងកិច្ចការនារី ហើយកិច្ចការធំមួយទៀត សមាគមអាដហុកយើងខ្ញុំ គឺយើងមានការចូលរួមជាមួយអង្គការដៃគូនៅតាមបណ្ដាខេត្តក្រុង។ ដោយឡែកនៅឆ្នាំ២០១០ ទិវានារីអន្តរជាតិ ៨ មីនានេះ យើងធ្វើនៅខេត្តបាត់ដំបង ធ្វើនៅថ្ងៃទី៣ មីនា។ យើងធ្វើមុន ដោយសារតែថ្ងៃទី៥ មន្ទីរកិច្ចការនារីខេត្តលោកធ្វើបន្ទាប់ពីយើង ហើយបន្ទាប់មកយើងមានការសម្រាក ក៏ដូចជាមានការចូលរួមនៅវត្តភ្នំអីជាដើម ហើយថ្ងៃ៨ នៅភ្នំពេញ»។
រហូតមកដល់បច្ចុប្បន្ននេះ ចលនាស្ត្រីអន្តរជាតិជាច្រើនបានរីកដុះដាលយ៉ាងខ្លាំង ហើយតាមរយៈការគាំទ្រឲ្យមានជាសន្និសីទស្ត្រីសកលលោករបស់អង្គការសហប្រជាជាតិមក ការប្រារព្ធទិវានារីអន្តរជាតិនេះ បានក្លាយជាវេទិកាដ៏សំខាន់ក្នុងការជំរុញនិងទាមទារឲ្យមានការដោះស្រាយបញ្ហាជាច្រើនរបស់ស្ត្រី ដូចជាការលុបបំបាត់និងទប់ស្កាត់នូវរាល់សកម្មភាពការជួញដូរស្ត្រីនិងកុមារបំបាត់ភាពរើសអើង ជំរុញឲ្យស្ត្រីទទួលបានសិទ្ធិសេរីភាពនិងសមភាពពេញលេញក្នុងការអភិវឌ្ឍសង្គមជាតិ៕
