ប្រវត្តិ លោក អ៊ុង រិទ្ធី ខ្មែរ-អាមេរិកាំង ដែល​ប្ដេជ្ញា​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

0:00 / 0:00

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​មួយ​រូប​ដែល​ជា​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ឆ្នាំ ក្នុង​ការ​ជួយ​កសាង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាស្សាឈូស្សេត (Massachusetts) សហរដ្ឋអាមេរិក។ ជាមួយ​គ្នា​នេះ លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​តស៊ូ​ដោយ​អហិង្សា ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​រូប​នេះ គឺ​លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក និង​កាណាដា។ តើ​លោក​មាន​ប្រវត្តិ​យ៉ាងណា?

រៀងរាល់​ពេល​មាន​បាតុកម្ម​របស់​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​របប​ជិះជាន់​នៅ​កម្ពុជា គេ​តែងតែ​ឃើញ​វត្តមាន​របស់​លោក អ៊ុង រិទ្ធី ជា​អ្នក​ស្រែក​ជយឃោស និង​រៀបចំ​ចាត់ចែង​កម្មវិធី​ទាំងនោះ។

មូលហេតុ​ដែល​លោក​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​នេះ គឺ​ដោយសារ​លោក​ស្អប់ខ្ពើម​អំពើ​គាប​សង្កត់ រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

លោក អ៊ុង រិទ្ធី៖«ខ្ញុំ​ចង់​បាន​តែ​ឃើញ​ខ្មែរ​យើង​មាន​សេរីភាព មាន​មេដឹកនាំ​ត្រឹមត្រូវ ដែល​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ ដែល​ធ្វើ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ពិតៗ ហើយ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស មាន​សិទ្ធិ​ក្នុង​ការ​ទទួល​ការ​ថែ​រក្សា​អំពី​អ្នកដឹកនាំ​របស់​យើង​នៅពេល​ខ្លួន​មាន​ទុក្ខ​លំបាក»។

លោក អ៊ុង រិទ្ធី មាន​អាយុ ៦៤ ឆ្នាំ។ លោក​កើត​នៅ ឆ្នាំ​១៩៥៩ នៅ​សង្កាត់​លេខ​៥ រាជធានី​ភ្នំពេញ។ ឪពុក​របស់​លោក​មាន​ឈ្មោះ អ៊ុង អ៊ិន ជា​អតីត​មន្ត្រី​គយ និង​ម្ដាយ​ឈ្មោះ ស៊ែម ស៊ីផន ជា​ស្ត្រី​មេផ្ទះ។ លោក​មាន​បងប្អូន​បង្កើត​ចំនួន ១១​នាក់ ហើយ​លោក​ជា​កូន​ទី​៨។

ដូច​គ្រួសារ​ខ្មែរ​ភាគច្រើន​ទៀត​ដែរ គ្រួសារ​លោក អ៊ុង រិទ្ធី បាន​រស់នៅ និង​ធ្វើការ​ជា​ទម្ងន់​ក្នុង​សម័យ​ខ្មែរ​ក្រហម ដោយ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ទៅតាម​ការ​ចាត់តាំង​របស់​អង្គការ​ខ្មែរ​ក្រហម។ ក្រោយ​ពេល​កងទ័ព​វៀតណាម​ចូល​វាយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩ លោក និង​ក្រុម​គ្រួសារ​បាន​បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា រហូតដល់​ចុង​ឆ្នាំ ១៩៨០ ទើប​សម្រេច​ចិត្ត​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជំរំ​ណងចាន់ ក្បែរ​ព្រំដែន​ថៃ។ ក្រុម​គ្រួសារ​របស់​លោក​ដែល​មាន​គ្នា​ជិត ២០​នាក់ ទទួល​បាន​សិទ្ធិ​ជ្រកកោន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​នៅ​ដើម​ឆ្នាំ​១៩៨១។

លោក អ៊ុង រិទ្ធី៖«គេ​យក​មក​ដាក់​នៅ​ទីក្រុង​ដាឡាស់(Dallas)រដ្ឋ​តិចសាស់(Texas)។ មកដល់Dallasហ្នឹង​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩៨១។ មកដល់​ចំ​ពេល​រដូវ កាល​បុណ្យ​ហាឡូវីន(Halloween)។ មិន​បាន​ដឹង​ស្អី​ផង មកដល់​ឃើញ​គេ​ពាក់​ស្រោម​មុខ​ខ្មោច​គ្រប់គ្នា ភ័យ​ណាស់​កាល​ហ្នឹង ព្រោះ​យើង​អត់​យល់។ នាំគ្នា​ភ័យ ព្រោះ​ម្នាក់ៗ​ពាក់​សុទ្ធតែ​ស្រោម​មុខ​ខ្មោច ដើរ​គ្រប់​ទី​កន្លែង»។

ពេល​ទៅ​ដល់​សហរដ្ឋអាមេរិក​ដែល​ជា​ទឹកដី​ថ្មី​នោះ ដោយសារ​មាន​ចិត្ត​ចង់​រៀន​បន្ត លោក​ក៏​បាន​ចុះ​ឈ្មោះ​ចូលរៀន​នៅ​សាលា​សហគមន៍។ ក្រោយ​មក​លោក​បាន​ទទួល​អាហារូបករណ៍​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​វិស្វកម្ម​អេឡិចត្រូនិក​នៅ​សាកល​វិទ្យាល័យ​ម៉ាស្សាឈូស្សេត និង​បាន​បន្ត​ការ​សិក្សា​រហូត​ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​​វិទ្យាសាស្ត្រ​អប់រំ។ សញ្ញាប័ត្រ​ជាន់ខ្ពស់​នេះ​បាន​ជួយ​ឱ្យ​លោក អ៊ុង រិទ្ធី ទទួល​បាន​ការងារ​ជា​គ្រូបង្រៀន​មុខ​វិជ្ជា​គណិតវិទ្យា និង​បាន​ក្លាយ​ជា​សមាជិក​អ្នក​រៀបរៀង​កម្មវិធី​សិក្សា​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យ​នៅ​ទីក្រុង​ឡូវែល។

ក្រៅពី​អាជីព​មួយ​នេះ លោក អ៊ុង រិទ្ធី បាន​ចំណាយ​ពេល​វេលា​ជាច្រើន​ឆ្នាំ​ក្នុង​ការ​កសាង និង​ពង្រឹង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល តាមរយៈ​តួនាទី​ជា​ប្រធាន​សមាគម​ខ្មែរ​នៅ​ទីក្រុង​ឡូវែល។ ដោយសារ​តែ​មាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ លោក​ក៏​បាន​ឈរ​ឈ្មោះ និង​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ចំនួន ៣ អាណត្តិ​ជាប់​គ្នា គឺ​ចាប់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០០៦។

លោក អ៊ុង រិទ្ធី៖«ខ្ញុំ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ផ្សេង​ទៀត​ដែល​បង្កើត​កម្មវិធី​បុណ្យអុំទូក​នៅ​ឯ​ទីក្រុង​ឡូវែល។ ពេល​ហ្នឹង​សមាគម​ខ្មែរ​យើង​បាន​ទទួល​អគារ​ធំ​មួយ​ដែល​ក្រុម​ហ៊ុន​ឯកជន​គេ​ឱ្យ ពេល​ហ្នឹង​ភាគច្រើន​ខាង​គណៈកម្មការ​ប្រតិបត្តិ​គេ​អត់​ចង់​យក​ទេ ព្រោះ​ថា​វា​អាគារ​ធំ ហើយ​គេ​ខ្លាច​ថា អត់​មាន​ថវិកា​ជួសជុល។ ក៏ប៉ុន្តែ​ខ្ញុំ​បាន​ជំទាស់ យើង​ក៏​បាន​សរសេរ​ទទួល​យក​អាគារ​មួយ​ហ្នឹង​ទៅ អាគារ​ហ្នឹង​ធំ​មែនទែន អាគារ​រោងចក្រ​ទាំងមូល ដែល​ឥលូវ​នេះ​ក្លាយ​ជា​មន្ទីរពេទ្យ​ផ្សេងៗ​ហើយ»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​រូប​នៅ​ទីក្រុង​ឡូវែល លោក អ៊ិត វុឌ្ឍី បាន​ពណ៌នា​ថា លោក អ៊ុង រិទ្ធី ជា​មនុស្ស​ស្មោះត្រង់ សុភាព ជួយ​យក​អាសា​អ្នកដទៃ និង​សាច់ការ​និយម ជាពិសេស​មាន​បេះដូង​ជា​ខ្មែរ។

លោក អ៊ិត វុឌ្ឍី៖«ខ្ញុំ​ដឹង​ថា គាត់​មនុស្ស​ល្អ។ ខ្ញុំ​ស្គាល់​គាត់​យូរ​ហើយ ជិត ៣០ ឆ្នាំ​ហើយ គ្រាន់តែ​មិន​ជួប​រាល់​អាទិត្យ។ មនុស្ស​ចូលចិត្ត គេ​គោរព​គាត់ គាត់​មនុស្ស​ល្អ ហើយ​គាត់​ជួយ​សង្គម​ខ្មែរ​ច្រើន»។

មនុស្ស​មួយចំនួន​ទៀត​បាន​ហៅ​លោក អ៊ុង រិទ្ធី ថា «ជា​វីរបុរស​ក្រុង​ឡូវែល» ហើយ​ការ​កោត​សរសើរ​នេះ លោក​ក៏​​ទទួល​បាន​​ពី​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​នៅ​ទីក្រុង​ឡូវែល​ផង​ដែរ។ ពួកគេ​បាន​រួម​គ្នា​ធ្វើ​ពិធី​ជួបជុំ​មួយ​កាល​ពី ០២ ខែមីនា សម្រាប់​ការ​ចូល​និវត្តន៍​ពី​ការងារ​រដ្ឋ​របស់​លោក អ៊ុង រិទ្ធី។ កម្មវិធី​នោះ មាន​ការ​ចូលរួម​ពី​មន្ត្រី​អ្នក​មុខ​អ្នកការ​ និង​ពលរដ្ឋ​នៅ​ទីក្រុង​ឡូវែល​ទាំង​ខ្មែរ និង​បរទេស ព្រមទាំង​ក្រុម​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពួកគេ​​​បាន​​ថ្លែងអំណរគុណ និង​បង្ហាញ​ទឹក​ចិត្ត​របស់​ពួកគេ​ចំពោះ​លោក អ៊ុង រិទ្ធី។

លោក អ៊ុង រិទ្ធី ​មាន​គ្រួសារ និង​ការងារ​សមរម្យ ដែល​អាច​រស់នៅ​បាន​ដោយ​ថ្លៃថ្នូរ និង​សុខសាន្ត​នៅ​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​លោក អ៊ុង រិទ្ធី មិន​ដែល​ភ្លេច​ជាតិ​មាតុភូមិ​ដ៏​កម្សត់​របស់​លោក​នោះ​ទេ។ នៅ​ឆ្នាំ​១៩៩២ លោក​បាន​វិល​ទៅ​កម្ពុជា​វិញ​ជាមួយ​ភរិយា​ទីមួយ​របស់​លោក ដើម្បី​បំពេញ​ការងារ​ជា​មន្ត្រី​ផ្នែក​បណ្ដុះបណ្ដាល និង​សង្កេតការណ៍​បោះឆ្នោត​ឱ្យ​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC)។ ក្រោយ​អ៊ុនតាក់​ចប់​អាណត្តិ លោក​បាន​ងាក​ទៅ​ធ្វើការ​ជាមួយ​អង្គការ​អន្តរជាតិ​មួយ​ទៀត​នៅ​កម្ពុជា​រហូតដល់​ឆ្នាំ​១៩៩៦ ទើប​លោក​វិល​ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ។

ទាក់ទង​នឹង​រឿង​នយោបាយ​នៅ​កម្ពុជា​វិញ លោក អ៊ុង រិទ្ធី ធ្លាប់​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ជាច្រើន មាន​ជាអាទិ៍ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស​លោក​តា​សឺនសាន គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក អ៊ិន តាំ គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ពេល​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧ ហើយ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​ប្រេះឆា​គ្នា​រវាង​ក្រុម​និយម​លោក កឹម សុខា និង​ក្រុម​និយម​លោក សម រង្ស៊ី នោះ លោក អ៊ុង រិទ្ធី ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក និង​កាណាដា។ លោក អ៊ុង រិទ្ធី ជា​មនុស្ស​មាន​គំនិត​រួបរួម និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​សកម្មភាព​អហិង្សា ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ គឺ​ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​ខុស​ពី​ជន​ឱកាស​និយម​មួយចំនួន​ដែល​សុខចិត្ត​ទៅ​លូន​ក្រាប​ដាក់​លោក ហ៊ុន សែន ដើម្បី​បាន​បុណ្យសក្តិ​លាភសក្ការៈ ទោះជា​ពួកគេ​បាន​មក​រស់នៅ​សហរដ្ឋអាមេរិក ឬ​ប្រទេស​លោក​សេរី​ដទៃទៀត​យ៉ាងណាក្ដី។

លោក អ៊ុង រិទ្ធី អះអាង​ថា លោក​មិន​អាច​លក់​ឧត្តមគតិ​ដូច​ជន​ទាំងនោះ​បាន​ទេ ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

លោក អ៊ុង រិទ្ធី៖«យើង​នៅ​ស្រុក​សេរី​ហើយ យើង​ទទួល​ស្គាល់​អ្នក​កាន់អំណាច ដែល​កំពុង​ជិះជាន់​ប្រជាពលរដ្ឋ​ខ្លួន​ឯង ទៅ ទៅ!យើង​ឃើញ​ភាព​អយុត្តិធម៌​ហើយ យើង​ទទួល​ស្គាល់​ថា អ្នក​នោះ​ផ្ដល់​យុត្តិធម៌​ឱ្យ​អ្នក​ឯង ទៅ ទៅ!មិនយូរ​មិន​ឆាប់​ទេ ការ​ដែល​យើង​បាន​លាភ​សក្ការៈ​ពី​អ្នក​ជិះជាន់ ពី​របប​មួយ​ដែល​មិន​គោរព​សិទ្ធិមនុស្ស របប​មួយ​ដែល​មិន​គោរព​យុត្តិធម៌​សង្គម មិន​គោរព​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង មិនយូរមិនឆាប់​លទ្ធផល​អវិជ្ជមាន​នឹង​ធ្លាក់​មក​ដល់​ខ្លួន​គេ​ជាក់​ជាមិនខាន»។

ក្រោយ​ពី​ចូល​និវត្តន៍​ពី​អាជីព​ជា​គ្រូបង្រៀន និង​សមាជិក​អ្នក​រៀបចំ​កម្មវិធី​សិក្សា​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យ​នៅ​ទីក្រុង​ឡូវែល​នេះ​ទៅ លោក អ៊ុង រិទ្ធី នឹង​ប្រើ​ពេលវេលា​ដែល​នៅ​សេសសល់​នៃ​ជីវិត​របស់​លោក ដើម្បី​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​បុព្វហេតុ​នៃ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក អ៊ុង រិទ្ធី៖«ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ មិនមែន​មួយ​ថ្ងៃ​រក​បាន​ទេ មាន​ការ​តស៊ូ​យូរ​អង្វែង ការ​តស៊ូ​ដែល​អ្នក​កាន់​អំណាច​ចង់​ឱ្យ​យើង​អស់​សង្ឃឹម ចង់​ឱ្យ​យើង​បាក់​ទឹកចិត្ត ក៏ប៉ុន្តែ​ការ​តស៊ូ​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​ខាង​ក្រៅ​ប្រទេស យើង​អត់​បាក់​ទឹក​ចិត្ត យើង​អត់​អស់​សង្ឃឹម​ទេ។ ជាពិសេស យើង​សរសើរ និង​មាន​កោត​ស្ញប់ស្ញែង​បងប្អូន​ខ្មែរ​យើង​នៅ​ក្នុង​ស្រុក ដែល​នៅតែ​មាន​ជំនឿ​ថា នៅ​ថ្ងៃ​ណាមួយ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នឹង​ចូល​មក»។

លោក អ៊ុង រិទ្ធី អំពាវនាវ​ដល់​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​ឱ្យ​រួបរួម​គ្នា ដោយ​មិន​ត្រូវ​បោះបង់​ក្ដី​សង្ឃឹម និង​ការ​តស៊ូ​របស់​ខ្លួន​ឡើយ ព្រោះ​ប្រទេស​កម្ពុជា​ជា​របស់​ខ្មែរ​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។