ពលរដ្ឋខ្មែរ-អាមេរិកាំងមួយរូបដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានចំណាយពេលវេលាជាច្រើនឆ្នាំ ក្នុងការជួយកសាងសហគមន៍ខ្មែរនៅទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូស្សេត (Massachusetts) សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោកបានចូលរួមយ៉ាងសកម្មក្នុងការតស៊ូដោយអហិង្សា ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ ពលរដ្ឋខ្មែរ-អាមេរិកាំងរូបនេះ គឺលោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក និងកាណាដា។ តើលោកមានប្រវត្តិយ៉ាងណា?
រៀងរាល់ពេលមានបាតុកម្មរបស់សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកប្រឆាំងនឹងរបបជិះជាន់នៅកម្ពុជា គេតែងតែឃើញវត្តមានរបស់លោក អ៊ុង រិទ្ធី ជាអ្នកស្រែកជយឃោស និងរៀបចំចាត់ចែងកម្មវិធីទាំងនោះ។
មូលហេតុដែលលោកចូលរួមយ៉ាងសកម្មក្នុងសកម្មភាពតស៊ូមតិដោយអហិង្សានេះ គឺដោយសារលោកស្អប់ខ្ពើមអំពើគាបសង្កត់ រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ប្រព្រឹត្តដោយរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោក អ៊ុង រិទ្ធី៖«ខ្ញុំចង់បានតែឃើញខ្មែរយើងមានសេរីភាព មានមេដឹកនាំត្រឹមត្រូវ ដែលគោរពឆន្ទៈប្រជាពលរដ្ឋ ដែលធ្វើតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតៗ ហើយអនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើស មានសិទ្ធិក្នុងការទទួលការថែរក្សាអំពីអ្នកដឹកនាំរបស់យើងនៅពេលខ្លួនមានទុក្ខលំបាក»។
លោក អ៊ុង រិទ្ធី មានអាយុ ៦៤ ឆ្នាំ។ លោកកើតនៅ ឆ្នាំ១៩៥៩ នៅសង្កាត់លេខ៥ រាជធានីភ្នំពេញ។ ឪពុករបស់លោកមានឈ្មោះ អ៊ុង អ៊ិន ជាអតីតមន្ត្រីគយ និងម្ដាយឈ្មោះ ស៊ែម ស៊ីផន ជាស្ត្រីមេផ្ទះ។ លោកមានបងប្អូនបង្កើតចំនួន ១១នាក់ ហើយលោកជាកូនទី៨។
ដូចគ្រួសារខ្មែរភាគច្រើនទៀតដែរ គ្រួសារលោក អ៊ុង រិទ្ធី បានរស់នៅ និងធ្វើការជាទម្ងន់ក្នុងសម័យខ្មែរក្រហម ដោយចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ទៅតាមការចាត់តាំងរបស់អង្គការខ្មែរក្រហម។ ក្រោយពេលកងទ័ពវៀតណាមចូលវាយផ្ដួលរំលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ លោក និងក្រុមគ្រួសារបានបន្តរស់នៅក្នុងប្រទេសកម្ពុជា រហូតដល់ចុងឆ្នាំ ១៩៨០ ទើបសម្រេចចិត្តរត់ភៀសខ្លួនទៅនៅជំរំណងចាន់ ក្បែរព្រំដែនថៃ។ ក្រុមគ្រួសាររបស់លោកដែលមានគ្នាជិត ២០នាក់ ទទួលបានសិទ្ធិជ្រកកោនទៅរស់នៅសហរដ្ឋអាមេរិកនៅដើមឆ្នាំ១៩៨១។
លោក អ៊ុង រិទ្ធី៖«គេយកមកដាក់នៅទីក្រុងដាឡាស់(Dallas)រដ្ឋតិចសាស់(Texas)។ មកដល់Dallasហ្នឹងថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩៨១។ មកដល់ចំពេលរដូវ កាលបុណ្យហាឡូវីន(Halloween)។ មិនបានដឹងស្អីផង មកដល់ឃើញគេពាក់ស្រោមមុខខ្មោចគ្រប់គ្នា ភ័យណាស់កាលហ្នឹង ព្រោះយើងអត់យល់។ នាំគ្នាភ័យ ព្រោះម្នាក់ៗពាក់សុទ្ធតែស្រោមមុខខ្មោច ដើរគ្រប់ទីកន្លែង»។
ពេលទៅដល់សហរដ្ឋអាមេរិកដែលជាទឹកដីថ្មីនោះ ដោយសារមានចិត្តចង់រៀនបន្ត លោកក៏បានចុះឈ្មោះចូលរៀននៅសាលាសហគមន៍។ ក្រោយមកលោកបានទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មអេឡិចត្រូនិកនៅសាកលវិទ្យាល័យម៉ាស្សាឈូស្សេត និងបានបន្តការសិក្សារហូតចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ។ សញ្ញាប័ត្រជាន់ខ្ពស់នេះបានជួយឱ្យលោក អ៊ុង រិទ្ធី ទទួលបានការងារជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា និងបានក្លាយជាសមាជិកអ្នករៀបរៀងកម្មវិធីសិក្សាសម្រាប់សិស្សថ្នាក់វិទ្យាល័យនៅទីក្រុងឡូវែល។
ក្រៅពីអាជីពមួយនេះ លោក អ៊ុង រិទ្ធី បានចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការកសាង និងពង្រឹងសហគមន៍ខ្មែរនៅទីក្រុងឡូវែល តាមរយៈតួនាទីជាប្រធានសមាគមខ្មែរនៅទីក្រុងឡូវែល។ ដោយសារតែមានការគាំទ្រច្រើនពីពលរដ្ឋ លោកក៏បានឈរឈ្មោះ និងជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលចំនួន ៣ អាណត្តិជាប់គ្នា គឺចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៦។
លោក អ៊ុង រិទ្ធី៖«ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀតដែលបង្កើតកម្មវិធីបុណ្យអុំទូកនៅឯទីក្រុងឡូវែល។ ពេលហ្នឹងសមាគមខ្មែរយើងបានទទួលអគារធំមួយដែលក្រុមហ៊ុនឯកជនគេឱ្យ ពេលហ្នឹងភាគច្រើនខាងគណៈកម្មការប្រតិបត្តិគេអត់ចង់យកទេ ព្រោះថាវាអាគារធំ ហើយគេខ្លាចថា អត់មានថវិកាជួសជុល។ ក៏ប៉ុន្តែខ្ញុំបានជំទាស់ យើងក៏បានសរសេរទទួលយកអាគារមួយហ្នឹងទៅ អាគារហ្នឹងធំមែនទែន អាគាររោងចក្រទាំងមូល ដែលឥលូវនេះក្លាយជាមន្ទីរពេទ្យផ្សេងៗហើយ»។
ពលរដ្ឋខ្មែរអាមេរិកាំងមួយរូបនៅទីក្រុងឡូវែល លោក អ៊ិត វុឌ្ឍី បានពណ៌នាថា លោក អ៊ុង រិទ្ធី ជាមនុស្សស្មោះត្រង់ សុភាព ជួយយកអាសាអ្នកដទៃ និងសាច់ការនិយម ជាពិសេសមានបេះដូងជាខ្មែរ។
លោក អ៊ិត វុឌ្ឍី៖«ខ្ញុំដឹងថា គាត់មនុស្សល្អ។ ខ្ញុំស្គាល់គាត់យូរហើយ ជិត ៣០ ឆ្នាំហើយ គ្រាន់តែមិនជួបរាល់អាទិត្យ។ មនុស្សចូលចិត្ត គេគោរពគាត់ គាត់មនុស្សល្អ ហើយគាត់ជួយសង្គមខ្មែរច្រើន»។
មនុស្សមួយចំនួនទៀតបានហៅលោក អ៊ុង រិទ្ធី ថា «ជាវីរបុរសក្រុងឡូវែល» ហើយការកោតសរសើរនេះ លោកក៏ទទួលបានពីពលរដ្ឋចម្រុះជាតិសាសន៍នៅទីក្រុងឡូវែលផងដែរ។ ពួកគេបានរួមគ្នាធ្វើពិធីជួបជុំមួយកាលពី ០២ ខែមីនា សម្រាប់ការចូលនិវត្តន៍ពីការងាររដ្ឋរបស់លោក អ៊ុង រិទ្ធី។ កម្មវិធីនោះ មានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការ និងពលរដ្ឋនៅទីក្រុងឡូវែលទាំងខ្មែរ និងបរទេស ព្រមទាំងក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដោយពួកគេបានថ្លែងអំណរគុណ និងបង្ហាញទឹកចិត្តរបស់ពួកគេចំពោះលោក អ៊ុង រិទ្ធី។
លោក អ៊ុង រិទ្ធី មានគ្រួសារ និងការងារសមរម្យ ដែលអាចរស់នៅបានដោយថ្លៃថ្នូរ និងសុខសាន្តនៅសហរដ្ឋអាមេរិកក៏ដោយ ក៏លោក អ៊ុង រិទ្ធី មិនដែលភ្លេចជាតិមាតុភូមិដ៏កម្សត់របស់លោកនោះទេ។ នៅឆ្នាំ១៩៩២ លោកបានវិលទៅកម្ពុជាវិញជាមួយភរិយាទីមួយរបស់លោក ដើម្បីបំពេញការងារជាមន្ត្រីផ្នែកបណ្ដុះបណ្ដាល និងសង្កេតការណ៍បោះឆ្នោតឱ្យអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)។ ក្រោយអ៊ុនតាក់ចប់អាណត្តិ លោកបានងាកទៅធ្វើការជាមួយអង្គការអន្តរជាតិមួយទៀតនៅកម្ពុជារហូតដល់ឆ្នាំ១៩៩៦ ទើបលោកវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ។
ទាក់ទងនឹងរឿងនយោបាយនៅកម្ពុជាវិញ លោក អ៊ុង រិទ្ធី ធ្លាប់ចូលរួមសកម្មភាពជាមួយគណបក្សជាច្រើន មានជាអាទិ៍ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សលោកតាសឺនសាន គណបក្សប្រជាធិបតេយ្យរបស់លោក អ៊ិន តាំ គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ។
នៅពេលលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧ ហើយផ្ទៃក្នុងគណបក្សសង្គ្រោះជាតិមានភាពប្រេះឆាគ្នារវាងក្រុមនិយមលោក កឹម សុខា និងក្រុមនិយមលោក សម រង្ស៊ី នោះ លោក អ៊ុង រិទ្ធី ក៏ត្រូវបានជ្រើសរើសជាប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក និងកាណាដា។ លោក អ៊ុង រិទ្ធី ជាមនុស្សមានគំនិតរួបរួម និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពអហិង្សា ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គឺចំណុចនេះហើយ ដែលធ្វើឱ្យលោកខុសពីជនឱកាសនិយមមួយចំនួនដែលសុខចិត្តទៅលូនក្រាបដាក់លោក ហ៊ុន សែន ដើម្បីបានបុណ្យសក្តិលាភសក្ការៈ ទោះជាពួកគេបានមករស់នៅសហរដ្ឋអាមេរិក ឬប្រទេសលោកសេរីដទៃទៀតយ៉ាងណាក្ដី។
លោក អ៊ុង រិទ្ធី អះអាងថា លោកមិនអាចលក់ឧត្តមគតិដូចជនទាំងនោះបានទេ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
លោក អ៊ុង រិទ្ធី៖«យើងនៅស្រុកសេរីហើយ យើងទទួលស្គាល់អ្នកកាន់អំណាច ដែលកំពុងជិះជាន់ប្រជាពលរដ្ឋខ្លួនឯង ទៅ ទៅ!យើងឃើញភាពអយុត្តិធម៌ហើយ យើងទទួលស្គាល់ថា អ្នកនោះផ្ដល់យុត្តិធម៌ឱ្យអ្នកឯង ទៅ ទៅ!មិនយូរមិនឆាប់ទេ ការដែលយើងបានលាភសក្ការៈពីអ្នកជិះជាន់ ពីរបបមួយដែលមិនគោរពសិទ្ធិមនុស្ស របបមួយដែលមិនគោរពយុត្តិធម៌សង្គម មិនគោរពលទ្ធិប្រជាធិបតេយ្យហ្នឹង មិនយូរមិនឆាប់លទ្ធផលអវិជ្ជមាននឹងធ្លាក់មកដល់ខ្លួនគេជាក់ជាមិនខាន»។
ក្រោយពីចូលនិវត្តន៍ពីអាជីពជាគ្រូបង្រៀន និងសមាជិកអ្នករៀបចំកម្មវិធីសិក្សាសម្រាប់សិស្សថ្នាក់វិទ្យាល័យនៅទីក្រុងឡូវែលនេះទៅ លោក អ៊ុង រិទ្ធី នឹងប្រើពេលវេលាដែលនៅសេសសល់នៃជីវិតរបស់លោក ដើម្បីតស៊ូមតិដោយអហិង្សា ដើម្បីបុព្វហេតុនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អ៊ុង រិទ្ធី៖«ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ មិនមែនមួយថ្ងៃរកបានទេ មានការតស៊ូយូរអង្វែង ការតស៊ូដែលអ្នកកាន់អំណាចចង់ឱ្យយើងអស់សង្ឃឹម ចង់ឱ្យយើងបាក់ទឹកចិត្ត ក៏ប៉ុន្តែការតស៊ូរបស់អ្នកប្រជាធិបតេយ្យនៅខាងក្រៅប្រទេស យើងអត់បាក់ទឹកចិត្ត យើងអត់អស់សង្ឃឹមទេ។ ជាពិសេស យើងសរសើរ និងមានកោតស្ញប់ស្ញែងបងប្អូនខ្មែរយើងនៅក្នុងស្រុក ដែលនៅតែមានជំនឿថា នៅថ្ងៃណាមួយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនឹងចូលមក»។
លោក អ៊ុង រិទ្ធី អំពាវនាវដល់អ្នកប្រជាធិបតេយ្យទាំងអស់ឱ្យរួបរួមគ្នា ដោយមិនត្រូវបោះបង់ក្ដីសង្ឃឹម និងការតស៊ូរបស់ខ្លួនឡើយ ព្រោះប្រទេសកម្ពុជាជារបស់ខ្មែរទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
