អាណត្តិ​ការងារ​​លោក​ សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​រឹតត្បិត​​អ្នក​​ការពារ​​បរិស្ថាន​​បង្កើត​​ឱ្យ​មាន​​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​​ធំ​ធេង​​

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានលោក​ សាយ សំអាល់ បាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​ឆ្នាំ​ ២០១៣ រហូត​មក​ដល់​បច្ចុប្បន្ន។​ មិន​ខុស​គ្នា​ពី​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​មុន​ទេ លោក​ សាយ សំអាល់ ត្រូវ​ក្រុម​សកម្ម​ជន​ការពារ​ធនធាន​ធម្មជាតិ​មើល​ឃើញ​ថា ជា​​មន្ត្រី​អសមត្ថភាពដោយ​​សារ​​លោក​​មិន​​អាច​​ទប់​ស្កាត់​​ការ​​បំផ្លិច​​​បំផ្លាញ​​​ព្រៃ​ឈើ​​របស់​​ជាតិ​​បាន។​ លោក​មិន​ហ៊ាន​ប្រើ​តួ​នាទី​ និង​អំណាច​របស់​លោក​ ដើម្បី​តតាំង​ជា​មួយ​ក្រុមហ៊ុន​ និង​ឈ្មួញ​ឈើ​ទុច្ចរិត​មាន​ខ្នង​ក្រាស់​ ដែល​បាន​​បំផ្លាញ​ភោគ​ទ្រព្យ​ធម្មជាតិ​មហា​សាល​នោះ​ឡើយ។

បើគិតតែ​រឿង​ព្រៃ​ឈើ​មួយ​មុខ​ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ​រយៈ​ពេល​ជិត ​១០ ​ឆ្នាំ​កន្លង​ទៅ​នេះ ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​បាន​​កើត​មាន​ពេញ​ផ្ទៃ​ប្រទេស​ ទាំង​ក្នុង​តំបន់​ព្រៃ​អភិរក្ស ទាំង​ក្នុង​តំបន់​ព្រៃ​ឈើ​ការ​ពារ​ដោយ​អនុ​ក្រឹត្យ។ ទិន្នន័យ​ផ្កាយ​រណប​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​រួម (Joint Research Center, JRC) របស់​គណៈ​កម្ម​ការ​អឺរ៉ុប និង​ ទិន្នន័យ​បម្រែ​បម្រួល​ព្រៃ​ឈើ​សាកល (Global Forest Change) របស់​សាកលវិទ្យាល័យ​ម៉ារីលែន​ (University of Maryland) នៃ​សហរដ្ឋ​អាមេរិក រក​ឃើញ​ថា គ្រាន់​តែ​ក្នុង​ឆ្នាំ​២០១៩​មួយ ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ បាន​បាត់​បង់​ព្រៃ​រហូត​ដល់​ទៅ ៧​ពាន់​ ៥រយ​ហិកតារ គឺ​ស្មើ​នឹង​ការ​កើន​ឡើង​ដល់​ទៅ ៧៣% ពី​ឆ្នាំ​២០១៨ ដែល​មាន​ន័យ​ថា​ ក្នុង​១​ម៉ោង ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​នេះ បាត់​បង់​ព្រៃ​ស្មើ​នឹង​ទំហំ​ធំ​ជាង​តារាង​បាល់ទាត់​មួយ។ តួ​លេខ​នេះ ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ទី​១០ ក្នុង​ពិភព​លោក​ដែល​រង​ការ​បាត់​បង់​ព្រៃ​ឈើ​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​២០១៩ គឺ​រហូត​ដល់​ទៅ​ជាង ៦​ម៉ឺន ​៣​ពាន់ ​ហិកតារ។​ ភាគ​ច្រើន​នៃ​ព្រៃ​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​ធ្វើ​អា​ជីវ​កម្ម​ដោយ​ខុស​ច្បាប់​​ទៅ​កាន់​ប្រទេស​វៀតណាម។

Say_Sam_Al_Minister_of_Environment_21_07_2021_02.jpg
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងពេលចុះទស្សនកិច្ចការល្បាតព្រៃឈើ។ (រូប៖ ក្រសួងបរិស្ថាន)

កើត​នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​១៩៨០​ លោក​ សាយ​ សំអាល់​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ជីវ​វិទ្យា​វិទ្យា​សាស្ត្រ (Biological Sciences) នៅ​មហា​វិទ្យា​ល័យ​ម៉ូណាស (Monash University) ប្រទេស​អូស្ត្រាលី។​ លោក​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​តែង​តាំង​លោក ​សាយ សំអាល់​ ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​ក្រោយ​ពេល​លោក​ចាញ់​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​កំពង់​ចាម​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣​ នៃ​នី​តិ​កាល​​ទី​៥​​។

​លោក សាយ សំអាល់​ មាន​អាយុ ៣៣ឆ្នាំ​ នៅពេល​លោក​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​គឺ​ជា​រដ្ឋ​មន្ត្រី​វ័យកេ្មង​ជាងគេ​។ នៅពេល​លោក​ចូលកាន់​តំណែង​នេះ​ដំបូង​ ក្រុម​អ្នក​ការពារ​បរិស្ថាន​ និង​មជ្ឈដ្ឋាន​ទូទៅ​ហាក់​មានក្ដី​សង្ឃឹម​ច្រើន​ថា ​រដ្ឋមន្ត្រី​វ័យ​ក្មេង​រូប​នេះ​ ប្រហែលជា​អាច​ទប់ស្កាត់​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​បាន ​ព្រោះ​លោក​នៅ​វ័យ​ក្មេង​ ឈាម​ថ្មី​ និង​បាន​សិក្សា​ខ្ពស់​នៅ​ប្រទេស​ជឿន​លឿន​ផង​នោះ ​អាច​មាន​គំនិត​ និង​របៀប​ដឹកនាំ​ថ្មី​ជាង​មន្ត្រី​ចាស់​គំរឹល​ជាច្រើន​រូប​ផ្សេងទៀត ​ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​តាំង​ពី​ចុង​ទសវត្សរ៍​៨០​មក​។ ប៉ុន្តែ​ក្ដី​សង្ឃឹម​ទាំងអស់​នោះ ​បាន​ក្លាយ​ជា​ការ​ខកចិត្ត ​និង​ក្ដី​បារម្ភ​ទៅ​វិញ​ ដោយសារ​តែ​​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅតែ​បន្ត​កើត​មាន​ឥត​ស្រាកស្រាន្ត​ និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ក៏​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។

Say_Sam_Al_Minister_of_Environment_21_07_2021.jpg
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន។ (រូប៖ ក្រសួងបរិស្ថាន)

ប្រធាន​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់​ធំ​លោក​ ហឿន សុភាព ​និយាយ​ថា​ ក្នុង​អាណត្តិ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ​មាន​ការ​តឹង​តែង​ជា​មួយ​អ្នក​​ការពារ​ព្រៃ​ឈើ​ តែ​ធូរ​រលុង​ជា​មួយ​អ្នក​បំផ្លាញ​ព្រៃ​ឈើ។​ លោក​ថា ​ជាក់​ស្តែង​មន្ត្រី​បរិស្ថាន​បាន​ឃាត់​ចាប់​អ្នក​កាប់​ឈើ​ និង​អ្នក​ដឹក​ឈើ​ខុស​ច្បាប់​ គេ​គ្រាន់​តែ​ពិ​ន័យ​​ជា​ប្រាក់​ រួច​ប្រគល់​សម្ភារៈ​ឱ្យ​វិញ​ ក្រោយ​មក​អ្នក​ទាំង​នោះ​ ចូល​ព្រៃ​កាប់​ឈើ​ដដែល​។ ការ​ឃាត់​ខ្លួន​នេះ​ទៀត​សោត​ក៏​កម្រ​ធ្វើ​ឡើង​ចំពោះ​ក្រុមហ៊ុន​ធំ​ៗ​ណាស់៖ «អ្នក​កាប់​ឈើ​នៅ​តែ​កាប់​ដដែលៗ ​វា​អត់​មាន​ទោស​ទណ្ឌ​អី ​អ្នក​ធ្លាប់​ធ្វើ​យូរ​ឆ្នាំ​ ដូច​ជា​អត់​មាន​រឹត​បន្តឹង​ពួកគាត់​។ ​ការ​ឃាត់​ចាប់​វត្ថុតាង ​ដូច​គោយន្ត ម៉ូតូ និង​គោយន្ត​យើង​ឃើញ​ មុខ​មាត់​អ្នក​រកស៊ី​ដដែល ​ដូចជា ​ពុំ​មាន​អ្នក​ថ្មី​ទេ។ ​អ្នក​ការពារ​គេ​មាន​វិធានការ​តឹងតែង​ សម្រាប់​អ្នក​បំផ្លាញ ​ដូចជា ​ពុំ​មាន​វិធានការ​ខ្លាំង»។

ភាព​បរាជ័យ​មួយ​ទៀត​របស់​ក្រសួង​បរិស្ថាន​ គឺ​សហរដ្ឋ​អាមេរិក​បាន​ផ្ដាច់​ជំនួយ​ពី​រដ្ឋា​ភិបាល​កម្ពុជា​លើ​គម្រោង ​«ព្រៃ​ឡង់​បៃ​តង» កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ ជា​ការ​ឆ្លើយ​តប​នឹង​វិធាន​ការ​របស់​រដ្ឋាភិបាល​ដែល​បិទ​ខ្ទប់​សំឡេង​ និង​សកម្ម​ភាព​របស់​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ មិន​ឱ្យ​ពួក​គេ​ចូល​ល្បាត​មើល​បទ​ល្មើស​នៅ​​តំបន់​ព្រៃ​ឡង់​ តំបន់​ការពារ​ដែល​កំពុង​បន្ត​រង​ការ​កាប់​បំផ្លាញ។​

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​លើក​ឡើង​ថា កំណត់​ត្រា​អាក្រក់​ជាង​នេះ​ទៅ​ទៀត​ ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា គឺ​យុវជន​ការពារ​ធនធាន​ធម្ម​ជាតិ​ជាង​ ១០ ​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ក្នុង​​នោះ​មាន​សមាជិក​អង្គ​ការ​មាតា​ធម្ម​ជាតិ​ចំនួន ​៦ ​នាក់។​ អ្នក​ទាំង​ ៦​នាក់​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នោះ​ មាន​លោក​ ថុន រដ្ឋា ​កញ្ញា ​ឡុង គន្ធា ​កញ្ញា​ ភួន កែវ​រស្មី ​លោក​ លី ចាន់ដារ៉ាវុធ ​កញ្ញា​ ស៊ុន រដ្ឋា ​និង​លោក​ យឹម លាងហ៊ី។

Environmental_activist_Alex.jpg
យុវជនបរិស្ថានដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ដោយសារសកម្មភាពការពារបរិស្ថាន តែមន្ត្រីរដ្ឋាភិបាលចាត់ទុកថា ជាសកម្មភាពស្រឡាញ់បរិស្ថានក្លែងក្លាយ។

ស្ថាបនិក​ចលនា​មាតា​ធម្ម​ជាតិ​លោក​ អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) លើក​ឡើង​ថា ការ​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​​ជា​ច្រើន​​រូប​នេះ​ ឆ្លុះ​បញ្ចាំង​ថា​ លោក​ សាយ សំអាល់​ មិន​ខ្វល់ខ្វាយ​ពី​យុវជន​ដែល​លះ​បង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ឡើយ។​ លោក​បញ្ជាក់​​ថា​ ក្នុង​អាណត្តិ​របស់​រដ្ឋមន្ត្រី​រូប​នេះ​ ចំនួន​អ្នក​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​កើន​ឡើង​ច្រើន​ សកម្ម​ភាព​បូម​ខ្សាច់​តាម​ដង​ទន្លេ​មេគង្គ​ និង​ទន្លេ​បាសាក់​កើត​មាន​​យ៉ាង​​អនាធិបតេយ្យ​ ធ្វើ​ឱ្យ​បាក់​ច្រាំង​ទន្លេ។​ រី​ឯ​សកម្មភាព​រុករក​រ៉ែមាស​នៅ​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​មណ្ឌលគិរី​ បង្ក​ផល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ និង​ធនធាន​ធម្ម​ជាតិ​​យ៉ាង​ធំ​ធេង៖ «អត់​ដែល​មានក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ​រាប់​រយ​រាប់ពាន់​ឆ្នាំ​កន្លង​មក​ សហគមន៍​មូលដ្ឋាន​ចង់​ចូល​ព្រៃ ​និង​ចង់​ល្បាត​ធ្វើ​បាន​តើ ​មាន​តែសម័យ ​សាយ ​សំអាល់ ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ស្រឡាញ់​ព្រៃឈើចូលល្បាត ​ពុំ​មែន​ចូល​កាប់​។ ​គាត់​អត់​អនុញ្ញាត ​គាត់​បញ្ជា​ឱ្យ ​បេអឹម​ ទៅ​រារាំង​និង​គំរាម​ចាប់​ដាក់គុក។ ​អាហ្នឹង​ជា​រឿង​មួយ ​ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា ​មិនដែលមាន ​ជា​រឿង​មួយដែល​យើង​ចារ​នៅ​ប្រវត្តិសាស្ត្រ»។

លោក​ អាឡិក ​សង្កេត​ឃើញ​ថា​ លោក​ សាយ សំអាល់​ មិន​ហ៊ាន​តតាំង​ជា​មួយ​ ក្រុមហ៊ុន​កាប់​ឈើ​មាន​ខ្នង​ក្រាស់​ ដូច​ជា​ ក្រុមហ៊ុន​ ទ្រី ភាព ​និង​ ក្រុមហ៊ុន​ចិន​ជា​ដើម​ ដោយ​សារ​រដ្ឋមន្ត្រី​រូប​នេះ​ ខ្លាច​ឥទ្ធិពល​របស់​ក្រុម​អ្នក​មាន​អំណាច​ទាំង​នោះ។​ ហេតុ​ដូច្នេះ​ហើយ​ លោក​ អាឡិក ​ថា លោក​ សាយ សំអាល់​ ជា​មនុស្ស​អសមត្ថ​ភាព​​ក្នុង​ការ​ការ​ពារ​សម្បត្តិ​ធម្ម​ជាតិ​របស់​ខ្មែរ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ ​ក្រសួង​បរិស្ថាន​ដែល​គ្រប់គ្រង​ដោយ​លោក សាយ សំអាល់ ​ក្នុង​រយៈ​ពេល ​៨ ​ឆ្នាំ​កន្លង​ទៅ​នេះ​ លោក​ក៏​បាន​កសាង​ស្នាដៃ​មួយ​ចំនួន​ផង​ដែរ។​ លោកបាន​កសាង​អគារ​ទីស្តី​ការ​ក្រសួង​បរិស្ថាន​ទំនើប​មួយ។​ លោក​បាន​ពង្រីក​វិសាល​ភាព​តំបន់​ការពារ​ធម្ម​ជាតិ​ តំបន់​ការពារ​ទេស​ភាព​ តំបន់​រ៉ាំសា​ តំបន់​របៀង​អភិ​រក្ស​ជីវ​ចម្រុះ​ និង​តំបន់​អេកូទេស​ធម្ម​ជាតិ​ ២៣​ ខេត្ត​ក្រុង​ ឬ​ស្មើ​នឹង​ជាង​ ៧០​ កន្លែង។​ លើស​ពី​នេះ​ លោក​បាន​ផ្ដួចផ្ដើម​ឱ្យ​ចុះ​បញ្ជី​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​ និង​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង​ខាង​លិច​ជា​ដើម។ ទោះ​ជា​បែប​នេះ​ក្ដី​ អ្វី​ដែល​ជា​បញ្ហា​នោះ​ គឺ​ក្រសួង​បរិស្ថាន​មិន​អាច​ទប់​ស្កាត់​បទ​ល្មើស​ដែល​កើត​មាន​ក្នុង​តំបន់​ការពារ​ទាំង​នោះ​បានឡើយ​។​ លេស​ឬ​ហេតុ​ផល​ការពារ​ខ្លួន​មួយ​របស់​ក្រសួង​បរិស្ថាន​នោះ​ គឺ​ថា​ ក្រសួង​មាន​ធនធាន​មនុស្ស​តិច​ ដែល​មិន​អាច​រាយ​ពង្រាយ​ដើម្បី​ល្បាត​ការពារ​ព្រៃ​ឈើ​ដល់​គ្រប់​ទី​កន្លែង​នោះ​ទេ។

Say_Sam_Al_with_New_office_of_Environment_21_07_2021.jpg
ទីស្តីការក្រសួងបរិស្ថានដ៏ល្អប្រណិតស្ថិតនៅជាប់ដៃទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុង​អាណត្តិ​ការងារ​របស់​លោក​សាយ សំអាល់ ក៏​មាន​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​ចំនួន​ត្រូវ​បាន​រំលាយ​ចោល​ដែរ រួម​មាន ដែន​ជម្រក​សត្វ​ព្រៃ​ស្នូល​ក្នុង​ខេត្ត​ក្រចេះ​ និង​ ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូនសំ ​ក្នុង​ខេត្ត​បាត់ដំបង។​ តំបន់​អភិ​រក្ស​ទាំង​ពីរ​នេះ​ មាន​ផ្ទៃ​ដី​ជិត​ ២០​ម៉ឺន​ហិកតារ​ ត្រូវ​បាន​រដ្ឋាភិបាល​រំសាយ​ កាល​ពី​ឆ្នាំ​ ២០១៨​កន្លង​ទៅ ដោយ​ក្រសួង​អះអាង​ថា​ លែង​មាន​តម្លៃ​ជា​តំបន់​អភិរក្ស​ ប៉ុន្តែ​សកម្ម​ជន​បរិស្ថាន​មិន​យល់​ដូច្នេះ​ឡើយ។​

មន្ត្រី​រាជ​ការ​ធ្វើ​ការ​នៅ​មន្ទីរ​បរិស្ថាន​ម្នាក់​ ដែល​ស្និទ្ធ​នឹងលោក​ សាយ សំអាល់​ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​អាស៊ីសេរី​ថា លោក​ សាយ សំអាល់​ មាន​សមត្ថ​ភាព​ខ្ពស់​ ចិត្ត​ទូលាយ​ រុះរាយ​រាក់​ទាក់​ជា​មួយ​មន្ត្រី​តូច​តាច​ថ្នាក់​ក្រោម​ និង​អនុ​វត្ត​សកម្ម​ភាព​ការងារ​បាន​ច្រើន។​ លោក​ថា ​រដ្ឋមន្ត្រី​រូប​នេះ​ បាន​កសាង​ស្នាដៃ​ជា​ច្រើន​ ក្នុង​​អាណត្តិ​ការងារ​របស់​លោក​រួម​មាន ជំរុញ​ឱ្យ​មន្ត្រី​ឧទ្យានុរក្ស​ជាង​ ១​ពាន់​ នាក់​ ដែល​ធ្លាប់​ជា​មន្ត្រី​កិច្ច​សន្យា​ ឱ្យ​ចូល​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​រាជ​ការ​ ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ សម្ភារៈ​ចុះ​ល្បាត​ កាំ​ភ្លើង​ និង​ថវិកា​ចុះ​ល្បាតជា​ដើម។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ មាន​ចំណុច​ខ្វះ​ខាត​ដែរ​ ដោយ​សារ​ព្រៃ​ឈើ​ក្រៅ​តំបន់​ការពារ​ធម្ម​ជាតិ​បាត់​បង់​ស្ទើរ​ទាំង​ស្រុង។​

​ជុំ​វិញ​រឿង​នេះ​ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ រដ្ឋមន្ត្រី​រូប​នេះ​ ពុំ​អាច​ប្រើ​សមត្ថ​ភាព​ និង​ចំណេះ​ដឹង​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​ បម្រើ​ឱ្យ​ប្រយោជន៍​ជាតិ​ពេញ​លេញ​ឱ្យ​ល្អ​ប្រសើរ​នោះ​ទេ​ ព្រោះ​ការងារ​របស់​លោក​ ឋិត​ក្រោម​នឹម​នយោបាយ​របស់​បក្ស​កាន់​អំណាច។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូល​ដ្ឋាន​នៃ​សមាគម​អាដហុក​លោក​ ប៉ែន ប៊ុណ្ណារ៍​ សង្កេត​ឃើញ​ថា​ ក្រសួង​បរិស្ថាន​​មិន​ដែល​ធ្វើ​ជាដើម​បណ្តឹង ​ប្តឹង​បរិហារ​ ក្រុម​ឈ្មួញ​ និង​អ្នក​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​នោះ​ទេ​។ ​លោក​ថា​ ក្រសួងបរិស្ថាន​ដែល​ជា​ក្រសួង​សាមី​ ខ្វះ​ជំហរ​ម៉ឺងម៉ាត់​ក្នុងការ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដែល​ច្បាប់​​អនុញ្ញាត​។ លោកថា អ្នក​ដែល​រក​ស៊ី​បំផ្លាញ​ព្រៃឈើ​ធំៗ​មាន​អំណាច ​និង​ឥទ្ធិពល​ជាង​រដ្ឋមន្ត្រី​ ដែល​ទាមទារ​ឱ្យ​មន្រ្តីរដ្ឋាភិបាល​ហ៊ាន​ប្រើ​ដាវ​អាជ្ញាសឹក​កុំ​និយាយ​​តែ​​មាត់​ ដើម្បី​កាត់​សាច់​ស្អុយ​រលួយ​ចេញ​ទើប​ធ្វើ​ឱ្យ​វិបត្តិ​ព្រៃឈើ​អាច​ដោះស្រាយ​បាន​៖ «បទល្មើស​ឧក្រិដ្ឋ​ពាក់ព័ន្ធ​មនុស្ស​មួយ​ចំនួន ​មាន​ឥទ្ធិពល​ជាង​គាត់​ទៀត​ អ៊ីចឹង​បាន​ធ្វើ​ឱ្យ​សង្គម​យើង​ហ្នឹង ​ជា​សង្គម​មួយ​ដែលយក​ឥទ្ធិពល​នរណា​ម្នាក់​មក​គ្រប​ ទៅ​លើ​ប្រព័ន្ធ​ដឹកនាំ​ទាំងអស់​ហ្នឹង។​ ទោះ​បី​ឃើញ​បទល្មើស​ឧក្រិដ្ឋ​លុប​ដី​បឹង ​ផ្ទាល់​ភ្នែក ​ស្គាល់​អត្តសញ្ញាណ​ តែ​ធ្វើ​អី​អត់​កើត​។ ​តើ​ឥទ្ធិពល​អ្នក​កាប់​ព្រៃឈើ ​មាន​ឥទ្ធិពល​យ៉ាង​ម៉េច ​ ? តាម​ពិត​ខ្ញុំ​គិត​ថា​ វា​មាន​ឥទ្ធិពល​ជាង​រដ្ឋមន្ត្រី ​ក្រសួង​​បរិស្ថាន​ទៀត»។

Prey_Lang_and_Say_Sam_Al_21_07_2021.jpg
ទិដ្ឋភាពព្រៃឡង់ដែលត្រូវបានឈ្មួញកាប់បំផ្លាញ់កន្លងមក។

អាស៊ីសេរី​បាន​ផ្ញើ​សំណួរ​តាមបណ្តាញ​សង្គម​ហ្វេសបុក​ផ្លូវការ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ​រយៈពេល​មួយ​សប្ដាហ៍​មក​ហើយ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​លោក​​ឆ្លើយតប​ការ​លើក​ឡើង​ទាំង​អស់​នេះ ​ប៉ុន្តែ​ពុំមាន​ការឆ្លើយ​ទេ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្រ ភក្ត្រា​ ប្រាប់​អាស៊ីសេរី​ តាម​បណ្ដាញ​សង្គម​ស៊ីវិល​ សិកណល (Signal)​ថា សកម្ម​ភាព​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្ម​ជាតិ​​ដែល​កំពុង​ជាប់ឃុំ​ទាំងនោះ ​គឺ​ជា​ការ​ស្រឡាញ់​បរិស្ថាន​ក្លែង​ក្លាយ​ ដែល​លោក​ចាត់​ទុក​ថា​ កំពុង​ព្យាយាម​ប្រែ​ក្លាយ​ខ្លួនឯង​ជាជន​ល្មើស​ មក​ជា​ជន​រង​គ្រោះ។​ លោក​ថា​ ក្រុម​យុវជន​ចលនា​មាតា​ធម្ម​ជាតិ​ទាំង​នោះ ពួក​គេ​មាន​អង្គ​ការ​ចាត់​តាំង​ខុស​ច្បាប់​ និង​ប្រើ​ប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម​ ដោយ​មាន​ជន​បរទេស​​ជា​​អ្នក​​គូស​វាស​ផែន​ទី​ឱ្យ​ធ្វើ​សកម្មភាព​ និង​ប្រតិបត្តិ​ការ។​ លោក​បញ្ជាក់​ថា ក្រុម​នេះ​មាន​ការ​បញ្ជា​ពី​ក្រោយ​ខ្នង​ដោយ​ជន​បរទេស​ម្នាក់​ឈ្មោះ អាឡិច​សង់​ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជា​ជន​ជាតិ​អេស្បាញ។​ លោកបន្តថា សកម្មភាព​របស់​ក្រុម​នេះ​កន្លង​មក​ គឺ​សុទ្ធ​តែ​មាន​ផែនការ​ និង​ការ​ចង្អុល​បង្ហាញ​របស់​មេ​ខ្លោង​ដែល​ជា​ជន​បរទេស​នៅ​ខាង​ក្រៅ​ប្រទេស​ទាំង​អស់។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ នេត្រ ភក្ត្រា​ បែប​នេះ លោក​ អាឡិក​ ចាត់​ទុក​សំ​ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​ដោះ​សា​​ដដែល​ៗ​ គ្មាន​ប្រសិទ្ធ​ភាព​ និង​ភូតភរ​ពលរដ្ឋ​ខ្លួន​ឯង។​ លោក​បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​ និង​មហា​ជន​ នឹង​កាន់​តែ​បាត់​ទំនុក​ចិត្ត​ចំពោះ​ការ​បក​ស្រាយ​របស់​អ្នក​នាំ​ពាក្យ​រូប​នេះ​ដែល​លោក​ថា ​ គ្មាន​សីលធម៌​ និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។ លោក​សង្កត់​ធ្ងន់​ថា ការ​ចាប់​ខ្លួន​ក្រុម​យុវជន​បរិស្ថាន​ ឆ្លុះ​បញ្ចាំង​ថា​ របប​ក្រុង​ភ្នំពេញ​ខ្លាច​ឥទ្ធិពល​​យុវជន​ ដែល​ក្លាហាន​លាត​ត្រដាង​ពី​ឧក្រិដ្ឋ​កម្ម​ធនធាន​ធម្ម​ជាតិនៅកម្ពុជា៖ «អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ និយាយ​ដូចសារ​ព័ត៌មាន​ក្លែងក្លាយរបប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ​ដូច​ប្រេតញូវ​ជាដើម​ វា​អត់​មាន​ប្រសិទ្ធភាព​ទេ​ គឺ​អ្នក​ឯង​បកស្រាយ​ប៉ុន្មានដង​ក៏​ដោយ ​ក៏​នៅ​តែ​ឃើញ​ថា​ ជា​ការ​ចាប់ចង​តាម​អំពើ​ចិត្ត​​ទេ ​ពុំ​មែន​ជា​ការ​ចាប់​ដើម្បី​អនុវត្ត​ច្បាប់​ទេ​។ ​ភាគ​ច្រើន​គេ​យក​មនុស្ស​ចរិតពាល​ គេ​ពុំសូវ​យក​មនុស្ស​មានធម៌ ​ឬ​ក៏​ពុំ​សូវ​យក​មនុស្ស​ដែល​មាន​ គុណភាព ​ដូច​សឹង្ហបុរី ​និង​វៀតណាម​ ប្រទេស​ផ្ដាច់ការ​មែន​ តែ​អ្នក​នាំ​ពាក្យ​គេ​ឆ្លាត»។

ជាមួយគ្នានេះ​ដែរ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​មើល​ឃើញ​ថា ទោះ​បី​ជា​ដូរ​រដ្ឋ​មន្ត្រី​ថ្មី​ទៀត​ ក៏ពុំ​អាច​ដោះស្រាយ​វិបត្តិ​បរិស្ថាន​បាន​ប្រសើរ​ឡើយ​ ដរាប​ណា​កម្ពុជា​នៅ​តែ​​ស្ថិត​ក្រោម​ប្រព័ន្ធ​ដឹកនាំ​របស់​លោក ​ហ៊ុន សែន ដែល​តម្រូវ​ឱ្យ​មន្ត្រី​ដើរ​តាម​គន្លង​បក្ស​ និង​គ្រួសារ​និយម​នោះ។

Ouch_Leng_Environment_22_04_2021_02.jpg
លោក អ៊ូច ឡេង វីរៈជនបរិស្ថាននិងសកម្មជនបរិស្ថានផ្សេងទៀតត្រូវបានអាជ្ញាធរខេត្តក្រចេះដោះលែងវិញកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីឃាត់ខ្លួនដោយសារតែសកម្មភាពចុះល្បាតព្រៃឈើ។

អតីតតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​អ៊ុំ សំអាន មើលឃើញ​ថា​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ មាន​ទំនាក់​ទំនង​ស្និទ្ធ​ជា​មួយ​ឧកញ៉ា​កាប់​បំផ្លាញ​ព្រៃ​ឈើ ដូច​ជា​ លោក​ ទ្រី ភាព ​ជា​ដើម​ ហើយ​ចំណូល​ដែល​បាន​មក​ពី​ការ​កាប់​ឈើ​ទាំង​នោះ ត្រូវ​ផ្គត់​ផ្គង់​ឱ្យ​គណបក្ស​កាន់​អំណាច និង​អាជ្ញាធរ​ខិល​ខូច។

លោក​ចោទ​ថា ​លោក ​សាយ សំអាល់​ មិន​ត្រឹមតែ​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​ល្អ​នោះ​ទេ​ ថែម​ទាំង​ព្យាយាម​លាក់បាំង​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ ឬ​បិទ​ភ្នែក​បិទ​ត្រចៀក​ ធ្វើ​មិន​ឃើញ ​ធ្វើ​មិន​ឮ ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​អ្នក​ការពារ​ធនធានធម្មជាតិ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​បាន​ថតរូប ​និង​ចងក្រង​របាយការណ៍​ផ្សព្វផ្សាយ​ជា​ហូរ​ហែ​​កន្លង​មក​ ដើម្បី​តែ​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​ឯកជន​៖ «យុវជន​បន្ត​ពូជរបស់​គណបក្ស​ប្រជាជន ​វា​ត្រូវ​ស្នង​តំណែង​ពី​ឪពុក​ ត្រូវ​ដើរ​តាម​គោល​នយោបាយ ​របស់​​ឪពុក ​និង​គោល​នយោបាយរបស់​បក្ស​។ ​បក្ស​ពុក​រលួយ ​ត្រូវ​ពុក​រលួយ​ បក្ស​បណ្ដោយ​ឱ្យ​កាប់​ព្រៃឈើ ​បក្ស​ឱ្យ​បំផ្លាញ​បរិស្ថាន​ ដើម្បី​យក​លុយ​ចូល​បក្ស ​ត្រូវ​ធ្វើ​អ៊ីចឹង​។ ដូច្នេះ​ទោះ​បី​ជាយុវជន​ជំនាន់​ក្រោយ ​ចង់​ធ្វើ​ស្អាតស្អំ​ក៏​ទៅ​មិន​រួច​ដែរ»។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ក្រសួង​បរិស្ថាន​ដែល​សុំ​លាក់​អត្តសញ្ញាណ​ឱ្យ​ដឹង​បន្ថែម​ថា លោក​ សាយ សំអាល់ បាន​បង្កើត​យន្ត​ការ​ថ្មី​ៗ​មួយ​ចំនួន​ ដើម្បី​កៀរគរ​ការ​ចូល​រួម​ទ្រទ្រង់​វិស័យ​បរិស្ថាន​ រួម​មាន​ បង្កើត​ឱ្យ​មាន​ចលនា​សាលា​ប្រកួត​ប្រជែង​ប្រជា​ប្រិយភាព​បរិស្ថាន​ អារាម​មេត្រី​ភាព​បរិស្ថាន​ បង្កើត​ឱ្យ​មាន​ប័ណ្ណ​សរសើរ​ និង​ការ​គ្រប់​គ្រង​​កាក​សំណល់​សំរាម​បាន​ល្អ​ប្រសើរ​ជាង​មុន និង​ យន្ត​ការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្រាស្ទីកជា​ដើម។​

ទោះ​ជា​យ៉ាង​ណា សកម្ម​ជន​បរិស្ថាន​និយាយ​ថា ក្នុង​អាណត្តិ​ការងារ​របស់​លោក​ សាយ សំអាល់​ ព្រៃ​សហគមន៍​ជា​ច្រើន​ នៅ​ខេត្ត​ភាគ​ឦសាន​ និង​ តាម​បណ្តា​ខេត្ត​មួយ​​ចំនួន​ទៀត រលាយ​ហិន​ហោច​ស្ទើរ​ទាំង​ស្រុង ដូច​ជា​ ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ​ ឋិត​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ព្រៃ​សហគមន៍​ភ្នំ​សេះ​ ក្នុង​ខេត្ត​ក្រចេះ និង​ព្រៃ​សហគមន៍​​ភូមិ​ពុលុ​ ក្នុង​ខេត្ត​មណ្ឌលគិរី ជា​ដើម។ លើស​ពី​នេះ​ សកម្ម​ភាព​កាប់​ព្រៃ​កោង​កាង​ជា​ច្រើន​រយ​ហិកតារ​ក្នុង​ខេត្ត​កោះកុង​ និង​ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិកតារ​ នៅ​តំបន់​បឹង​ទន្លេសាប​។

នាយឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទនិង​ជា​មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើផ្ទៃប្រទេសធ្លាប់មាន​ប្រសាសន៍​ទាំង​ខកចិត្ត​ថា​លោក​សោកស្ដាយ​ខ្លាំង​ដែល​កម្ពុជា​បាត់បង់​ទាំង​ព្រៃឈើ​ ទាំង​ប្រាក់​ចំណូល​ចូលជាតិ​ប៉ុន្តែ​ប្រាក់​រាប់​លាន​ដុល្លារ​ពីការ​វិនាស​ហិន​ហោច​នៃ​ព្រៃឈើ​ទាំងនោះ​បែរ​ជា​បាន​ទៅ​ប្រទេស​ជិតខាង​កម្ពុជា​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។