ជំហរ​របស់​យុវជន​ជា​សកម្មជន​បរិស្ថាន លោក យីម លាងហ៊ី ដែល​សម្រេច​ចិត្ត​ចូលរួម​ការពារ​បរិស្ថាន

0:00 / 0:00

សកម្មជន​បរិស្ថាន​ម្នាក់​ក្នុង​ចំណោម ៣​នាក់​ដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន កាល​ពី​ពាក់​កណ្តាល ខែ​មិថុនា គឺ លោក យីម លាងហ៊ី បាន​ចូលរួម​ការពារ​បរិស្ថាន​ជាមួយ​ចលនា​មាតា​ធម្មជាតិ កាលពី​ខែតុលា​ឆ្នាំ​២០២០​។ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ អះអាង​ថា លោក យឹម លាងហ៊ី ចង់​បន្តសកម្មភាព​ថែរក្សា​បរិស្ថាន​ពី​សកម្មជន​មុនៗ​ព្រោះ​លោក​មិន​ចង់​ឲ្យ​យុវជន​បាក់​ទឹកចិត្ត ហើយ​លែង​នាំ​គ្នា​ចូលរួម​ការពារ​បរិស្ថាន​ល្អ​នៅ​កម្ពុជា។

យុវជន ជា​សកម្មជន​បរិស្ថាន លោក យីម លាងហ៊ី បញ្ជាក់​ជំហរ​មុន​ពេល​អាជ្ញាធរ​ចាប់ខ្លួន​ថា​៖ ការ​ដែល​ខ្លួន​ស្ម័គ្រចិត្ត​ចូលរួម​ការពារ​បរិស្ថាន​បន្ត​ពី​សកម្មជន​មុនៗ​ដោយ​ឥត​រារែក ឬ​ខ្លាច​គុក​ច្រវាក់​នោះ ក៏​ព្រោះតែ​ខ្លួន​មាន​មាន​ការ​ឈឺចាប់​នឹង​អាជ្ញាធរ គំរាមកំហែង ចាប់ចង​យុវជន​ដែល​សកម្ម​ក្នុង​កិច្ចការ​ពារបរិស្ថាន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយ​អយុត្តិធម៌។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ឲ្យ​ដឹង​ថា លោក យីម លាងហ៊ី បាន​ប្ដេជ្ញា​ថា ចង់​ជួយ​ការពារ​បរិស្ថាន​បន្ត​ពី​សកម្មជន​ផ្សេង​ទៀត ព្រោះ​លោក​ស្រលាញ់​បរិស្ថាន ហើយ​លោក​មិន​ពេញចិត្ត​ទាល់តែសោះ ចំពោះ​អំពើ​ចាប់ចង​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់​។ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​រូប​នេះ យល់​ថា របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន លោក យីម លាង​ហ៊ី ដោយសារ​យុវជន​រូប​នេះ​មាន​សក្ដានុពល​ក្នុង​ការ​ទាក់ទាញ​យុវជន​ផ្សេង​ទៀត និង​ជា​មនុស្ស​មាន​ចំណេះដឹង​ជ្រៅជ្រះ៖ «គាត់​មាន​មិត្តភក្ដិ​មួយ​ឈ្មោះ ឡុង គន្ធា ជា​យុវជន​ម្នាក់​ដែល​របប​ហ៊ុន សែន ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០២០​។ ឡុង គន្ធា ហ្នឹង​ជិតស្និទ្ធ​ជាមួយ លាងហ៊ី ហើយ លាងហ៊ី ប្រាប់​ខ្ញុំ​ថា​នៅពេល​គេ​ចាប់ គន្ធា ថុន រដ្ឋា ដាក់​ពន្ធនាគារ គាត់​ខ្មាស​យុវជន​ហ្នឹង ហើយ​គាត់​ចង់​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ ហៅថា​ជំនួស​យុវជន​ដើម្បី​ការពារ​បរិស្ថាន​ស្រុក​ខ្មែរ​អ៊ីចឹង​ទៅ​។ គាត់ ( លាង​ហ៊ី​ ) ក៏បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិនអាច​នៅ​ជាមួយ​យើង​បាន​យូរ​ពេក​ទេ ដោយសារ​ថា នៅ​ជាមួយ​មាតា​ធម្មជាតិ​គឺ​លុយ​តិចតួច​ណាស់ សឹង​មិន​បាន​គ្រប់គ្រាន់​ទេ ហើយ​គាត់​មាន​ប្រពន្ធ មាន​កូន​។ គាត់​ថា នៅ​ជាមួយ​យើង​បាន​ត្រឹម​មួយឆ្នាំ​ទេ ចូល​ខែ​១០​ឆ្នាំ​២០២១ គាត់​គ្រោង​យក​អាហារូបករណ៍​រៀន​អនុបណ្ឌិត​ផង ហើយ​គ្រោង​ចូល​ជា​គ្រូ​មាន​ប្រាក់ខែ​ត្រឹមត្រូវ​របស់​គាត់»។

MN-activist1.jpg
សកម្មជន​ចលនាមាតា​ធម្មជាតិ​ (ពីឆ្វេង) ​លោក លី ចាន់ដារ៉ាវុធ កញ្ញា ស៊ុន រដ្ឋា និងលោក យីម លាងហ៊ី ដែល​រងការ​ចាប់​ខ្លួន​និង​ដាក់​ពន្ធនាគារ។ Photo Provided

លោក យីម លាងហ៊ី ឆ្នាំនេះ​អាយុ​៣២​ឆ្នាំ ហើយ​គាត់​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឬ​អនុបណ្ឌិត​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL) តាមរយៈ​កម្មវិធី​អាហារូបករណ៍​។ យុវជន​រូប​នេះ ធ្លាប់ធ្វើ​ការ​ស្ម័គ្រចិត្ត​នៅ​តាម​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន មុន​ពេល​លោក​ចូលរួម​ការពារ​បរិស្ថាន​។ លោក​ក៏​ជា​យុវជន​ឆ្នើម​ក្នុង​ការ​ដឹកនាំ និង​បណ្ដុះបណ្ដាល​យុវជន​ផ្សេងទៀត​ដែរ។ អ្នក​ធ្លាប់​ធ្វើការ​ជាមួយ​យុវជន​រូប​នេះ តែងតែ​កោត​សរសើរ​ចំពោះ​លោក យីម លាងហ៊ី។

មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​អ្នកការពារ​ព្រៃឈើ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា បាន​ស្គាល់ លោក យីម លាងហ៊ី ជិត​១០​ឆ្នាំ​ហើយ។ លោក​រំលឹក​ថា ពេល​នោះ លោក លាងហ៊ី គឺជា​អ្នកធ្វើការ​ស្ម័គ្រចិត្ត​នៅ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​កម្ពុជា​(YRDP) និង​ក្រោយ​មក លោក យឹម លាងហ៊ី ធ្វើ​ការ​នៅ​បណ្ដាញ​យុវជន​កម្ពុជា (CYN)។

ក្នុង​ចន្លោះ​ពេលធ្វើការ​នៅ​តាម​អង្គការ​ក្រៅរដ្ឋាភិបាល លោក យីម លាងហ៊ី សកម្ម​នឹង​ការងារ​។ លោក សាន់ ម៉ាឡា បន្ត​ថា យុវជន យីម លាងហ៊ី មាន​ចំណេះដឹង​ជ្រៅជ្រះ​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ យុវជន​រូប​នេះ ក៏​មាន​ភាពរួស​រាយ​រាក់ទាក់ ជា​មនុស្ស​ចូលចិត្ត​ចែករំលែក ហើយ​ទទួល​បាន​ការ​ចូល​ចិត្ត​ពី​យុវជន​ផ្សេង​ទៀត។

បន្ថែម​ពី​នេះ លោក យីម លាងហ៊ី គឺជា​យុវជន​មាន​ឆន្ទៈ​ការងារ​ខ្ពស់។ យុវជន​រូប​នេះ ក៏​មិន​ដែល​មាន​ជម្លោះ ឬ​ចូលរួម​សកម្មភាព​នយោបាយ ឬ​រិះគន់ ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​នរណា​ម្នាក់​ដែរ​។ លោក សាន់ ម៉ាឡា មិនបាន​ដឹង​ពី​មូលហេតុ​ដែល លោក យីម លាងហ៊ី ចូលរួម​សកម្មភាព​ការពារ​បរិស្ថាន​ជាមួយ​ចលនា​មាតា​ធម្មជាតិ ឬ​ចូលរួម​តាំងពី​ពេលណា​ទេ​។ តែ​យ៉ាងណា​លោក សាន់ ម៉ាឡា អះអាង​ថា​សកម្មភាព​ការពារ​បរិស្ថាន​មិនមែន​ជា​អំពើ​ខុសច្បាប់​ទេ តែ​ជា​សកម្មភាព​នេះ ជា​ការ​ការពារ​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ទាំងមូល​៖ «គាត់ (​ យឹម លាង​ហ៊ី​ ) ធ្លាប់​ធ្វើ​នៅក្នុង​គម្រោង​មួយ​ពាក់ព័ន្ធ​នឹង​ការ​នាំ​យុវជន​ស្វែងយល់​ពី​របប​ខ្មែរក្រហម​គាត់​ធ្វើការ​នៅ YRDP ហើយ​នៅ​ក្រោយ​មក​ទៀត​គាត់​ក៏​ធ្លាប់​បម្រើ​ការងារ​នៅ​បណ្ដាញ​យុវជន​ CYN ដែរ​។ ទៅលើ​គម្រោង​មួយ​ឈ្មោះ​ SMART​ ដែល​ផ្ដល់​ការ​បំពាក់​ផ្នែក​កម្មវិធី​និង​ការ​បណ្ដុះបណ្ដាល​ឲ្យ​សហគមន៍​គោលដៅ​។ បាទ​ !​ ហើយ​ក្រោយមក​លឺ​ថា គាត់​ឈប់​ពី​ការងារ​ហើយ​ទៅ​លក់​ទូរស័ព្ទ​នៅ​ខេត្ត​កណ្ដាល​ទៅ​ហើយ មិន​ដឹង​ថា​គាត់​ធ្វើ​អ្វី​ទៀត​ដែរ។ ទើបតែ​ដឹង​នៅ​ក្រោយ​ពេល​លឺ​ថា​មានការ​ចាប់ខ្លួន​គាត់​អ៊ីចឹង»។

ចំណែក​សកម្មជន​បរិស្ថាន​ម្នាក់ទៀត ដែល​ធ្លាប់​ស្គាល់ លោក យីម លាងហ៊ី ដែរ គឺ​លោកស្រី លឹម គឹមស័រ។ លោកស្រី​ឲ្យ​ដឹង​ថា​លោក យីម លាងហ៊ី មាន​ភាព​ឆ្នើម និង​ប៉ិនប្រសប់​ក្នុង​ការ​ដឹកនាំ​យុវជន​។ លោកស្រី លឹម គឹមស័រ រំលឹក​ថា យុវជន​រូប​នេះ តែងតែ​បាន​អញ្ជើញ​លោកស្រី​និង​យុវជន​សកម្ម​ជាច្រើន​ទៀត​ចូលរួម​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន ជាមួយគ្នា នៅ​ពេល​ដែល លោក យីម លាងហ៊ី ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចាប់ពី​ឆ្នាំ​២០១៥​មក។ លោកស្រី​ឲ្យ​ដឹង​ថា ចាប់​តាំង​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ និង​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩(Covid-19)​មក លោក យីម លាងហ៊ី បាន​ដកខ្លួន​ពី​សកម្មភាព​សង្គម ហើយ​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​វិញ៖ «គាត់​ធ្វើ​ការងារ​ច្រើន​លើ​រឿង​បរិស្ថាន​រឿង​ទំនប់​វារីអគ្គិសនី​ពិសេស​ហ្នឹង​លើ​រឿង​ព្រៃឈើ។ ពាក់ព័ន្ធ​នឹង​រឿង​ព្រៃឈើ​គឺ​គាត់​ធ្វើ​ច្រើន​គឺ​គាត់​ធ្វើ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ព្រៃឡង់ ហើយ​គាត់​ក៏បាន​ចូលរួម​ជាមួយ​ស្ថាប័ន​អង្គការ​ជាតិ អន្តរជាតិ​អ្វី​ហ្នឹង​គឺ​បាន​ធ្វើ​ច្រើន​ដែរ​។ គាត់​រៀបចំ​កម្មវិធី​​កម្មសិក្សា​សម្រាប់​យុវជន​ទៅ​តាម​មូលដ្ឋាន​។ ចុះ​ទៅតាម​មូលដ្ឋាន​ហ្នឹង​ច្រើន​ដែរ​។ ការងារ​របស់​គាត់​ស្វិតស្វាញ​ណាស់​។ គាត់​ជា​មនុស្ស អត់ធ្មត់​ហើយ​ចំណេះដឹង​របស់​គាត់​ខ្ពស់​ដែរ»។

លោក យីម លាងហ៊ី បាន​លា​ឈប់​ពី​ការងារ​តាម​អង្គការ​ក្រៅរដ្ឋាភិបាល​ហើយ​ទៅ​បើក​អាជីវកម្ម​លក់​ទូរស័ព្ទ​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាមួយ​ប្រពន្ធ។ បច្ចុប្បន្ន លោក មាន​កូនតូច​ម្នាក់ នៅក្នុង​បន្ទុក។

នគរបាល​ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​កោះ​ហៅ លោក យីម លាងហ៊ី ទៅ​សាកសួរ និង​ចាប់ខ្លួន បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ មិថុនា។ នគរបាល​ក៏​បាន​លាក់បាំង​ព័ត៌មាន​នៃ​ការ​ចាប់​ឃុំខ្លួន លោក យីម លាងហ៊ី អស់​ច្រើន​ម៉ោង​ទៀត ដែល​ធ្វើ​ឲ្យ​យុវជន​រូប​នេះ ខកខាន​ការប្រើប្រាស់​សិទ្ធិ​ប្រឹក្សា​ផ្លូវច្បាប់​ជាមួយ​មេធាវី ក្នុង​ពេល​ចាប់ខ្លួន​នោះ។

៥​ថ្ងៃក្រោយ​មក​គឺ​នៅ​ថ្ងៃទី​២០​មិថុនា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​លោក យីម លាងហ៊ី និង​សកម្មជន​បរិស្ថាន​២​នាក់​ទៀត ដោយ​ចោទប្រកាន់​យុវជន​រូប​នេះ​ថា ចូលរួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ​។ ប៉ុន្តែ​របប​ក្រុងភ្នំពេញ​រង​ការ​រិះគន់​ជុំ​ទិស​ថា បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​សកម្មជន​បរិស្ថាន។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ដដែល លោក អាឡិច ឲ្យ​ដឹង​ថា យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំងអស់ បាន​ប្រើ​បេះដូង​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន។ ពួកគេ​មិន​ទទួល​បាន​លុយ​ច្រើន​ទេ​និង​មិនមែន​ជា​លុយ​ភេរវកម្ម​ដូច​ការចោទប្រកាន់​ឡើយ​។ លោក​អះអាង​ថា​ប្រភព​លុយ​ទាំងនោះ គឺ​បាន​មក​ពី​មូលនិធិ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​ខ្មែរ​នៅក្នុង​ប្រទេស​ចូលរួម​ជួយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ការងារ​ការពារ​បរិស្ថាន៖ «ខ្ញុំ​ធានា​១០០ %​ ថា មិន​ខ្វះ​ទេ ជាពិសេស​យុវជន​ដែល​ខ្វល់ខ្វាយ​ពី​បរិស្ថាន​ហើយ​ចង់​ធ្វើការ​ជាមួយ​យើង​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល គឺ​អត់​ខ្វះ​ទេ​។ បើសិន​ជា ហ៊ុន សែន ចង់​ឲ្យ​យើង​អស់​មនុស្ស​ធ្វើការ អស់​មនុស្ស​សហការ​ជាមួយគ្នា គឺ​គាត់​ត្រូវតែ​ចាប់​ប្រជាជន​ខ្មែរ ១៦​លាន​នាក់​ដាក់គុក​ទៅ អាហ្នឹង​ទើប​អស់​មនុស្ស។ សម័យ​នេះ សម័យ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផង តែ​យើង​ត្រូវ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ឲ្យ​អស់​លទ្ធភាព»។

លោក អាឡិច បាន​ចំអក​ឲ្យ​របប​ក្រុងភ្នំពេញ​ថា ការ​ចាប់ខ្លួន​យុវជន​អ្នកការពារ​បរិស្ថាន​កន្លង​មក ជា​ទង្វើ​ដែល​សកម្មជន​បរិស្ថាន​ទូទាំង​ពិភពលោក​ស្អប់ខ្ពើម​។ លោក​សង្កេត​ឃើញ​ថា ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ និង​អ្នក​ស្រលាញ់​បរិស្ថាន​ទូទាំង​ពិភពលោក បង្កើន​ការ​ថ្កោលទោស​របប លោក ហ៊ុន សែន កាន់តែ​ខ្លាំង។ លោក​អះអាង​ថា រដ្ឋាភិបាល​នានា និង​ពលរដ្ឋ​នៅ​លើ​ពិភពលោក​ទាំងអស់ នឹង​ជំរុញ​ឲ្យ​មានការ​ដាក់​សម្ពាធ​នានា​លើ​របប​លោក ហ៊ុន សែន ដោយសារតែ​ការ​ចាប់ខ្លួន​អ្នក​ការពារ​បរិស្ថាន​ជា​បន្តបន្ទាប់​នេះ។

ទោះ​យ៉ាងណា សង្គម​ស៊ីវិល​មួយចំនួន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដោះលែង​ក្រុម​យុវជន​ជា​សកម្មជន​បរិស្ថាន​ជាច្រើន​នាក់​ដែល​អាជ្ញាធរ​ចាប់ខ្លួន​មកវិញ ដោយ​ឥត​លក្ខខណ្ឌ ក្នុង​នោះ មាន​ដូចជា លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី និង​ការ​ចាប់ខ្លួន​ចុងក្រោយ​នេះ​មាន​យុវជន​៣​នាក់​ទៀត​គឺ កញ្ញា ស៊ុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុធ និង លោក យីម លាងហ៊ី។ អ្នក​ស្រលាញ់​បរិស្ថាន​នៅ​លើ​ពិភពលោក ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​សេរីភាព​ឲ្យ​យុវជន​ទាំងនោះ អាច​បន្ត​ការ​សិក្សា​របស់​ពួកគេ និង​ចូលរួម​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ឲ្យ​បាន​ពេញលេញ និង​ដោយ​គ្មាន​ការ​រារាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។