ចំនួនកសិករចិញ្ចឹមជ្រូកសាច់ខ្នាតតូច និងមធ្យមតាមគ្រួសារនៅជនបទ មានការថយចុះ ដោយគេសង្កេតឃើញថា កសិករខ្វះបច្ចេកទេសចិញ្ចឹម និងពេលខ្លះជួបបញ្ហាទីផ្សារលក់ចេញ បណ្ដាលឲ្យពួកគេខាតបង់ប្រាក់យ៉ាងច្រើន ហើយបង្ខំចិត្តបោះបង់មុខរបរនេះចោល។ ប៉ុន្តែកសិករខ្លះនៅក្រាញននៀលបន្តចិញ្ចឹមជ្រូក ហើយទទួលបានជោគជ័យលើការចិញ្ចឹម ធ្វើឲ្យគ្រួសារមានជីវភាពធូរធារ។
ជិត ២០ឆ្នាំហើយដែលកសិករនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង លោក ឡេង សុខគា ចាប់យកមុខរបរចិញ្ចឹមជ្រូកក្រោយលោកឈប់រៀន ដោយប្រឡងធ្លាក់ថ្នាក់ទី១២ ឬមធ្យមសិក្សាទុតិយភូមិ។ រហូតមកដល់បច្ចុប្បន្ន លោកមានបទពិសោធន៍ច្រើនក្នុងការចិញ្ចឹមជ្រូកមេ និងជ្រូកសាច់សម្រាប់លក់ បើទោះបីជាមន្ត្រីជំនាញកសិកម្មមិនដែលបង្រៀនលោក ក្រៅពីអ្នកជំនាញរបស់ក្រុមហ៊ុនលក់ចំណីជ្រូកក្ដី។
នៅក្នុងរោងប្រក់ស័ង្កសីទំហំទទឹងប្រហែល ១៥ម៉ែត្រ និងបណ្ដោយ ៥០ម៉ែត្រ ឋិតនៅក្រោយផ្ទះរបស់លោក សុខគា មានជ្រូកមេ និងជ្រូកសាច់ជាមធ្យមចំនួន ៨០ក្បាល។ រយៈពេលជិត ២០ឆ្នាំ ក្នុងទ្រុងនេះមានជ្រូកជានិច្ច ព្រោះលោកចិញ្ចឹមជ្រូកមេជិត ១០ក្បាលសម្រាប់បង្កើតកូនចិញ្ចឹមដោយខ្លួនឯង ដោយមិនចាំបាច់ទិញពីគេ ដែលពេលខ្លះទិញចំកូនជ្រូកដែលមានសុខភាពមិនសូវល្អ ដែលធ្វើឲ្យធំយឺត។
លោក សុខគា បង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនថា ក្នុងការចិញ្ចឹមជ្រូក កសិករត្រូវអនុវត្តវិធានការបីសំខាន់ គឺការធ្វើទ្រុង ជ្រើសរើសពូជ និងការថែទាំ។ ចំពោះទីតាំងចិញ្ចឹម កសិករត្រូវជ្រើសរើសទីតាំងចិញ្ចឹមមានខ្យល់អាកាសល្អ មានពន្លឺថ្ងៃចេញចូល ដោយសង់រោងបណ្ដោយថ្ងៃ ហើយទ្រុងដាក់ជ្រូកចិញ្ចឹមក្នុងមួយក្បាលៗគិតចាប់តាំងពីតូចរហូតដល់ធំបានចាប់លក់ ត្រូវមានទំហំពីរម៉ែត្រការ៉េ៖ « ទ្រុងយើងត្រូវសង់បណ្ដោយថ្ងៃ មានខ្យល់អាកាសចេញចូលល្អ និងបរិស្ថានជុំវិញល្អ »។
ការចិញ្ចឹមជ្រូកសាច់ ត្រូវចំណាយពេលប្រមាណ ៦ខែ ហើយដើម្បីចិញ្ចឹមឆាប់ធំបានលក់តាមពេលវេលានេះ កសិករត្រូវជ្រើសរើសកូនជ្រូកដែលមានអាយុចាប់ពីមួយខែ និងមានទម្ងន់ចន្លោះពី ៨ ទៅ ១០គីឡូក្រាម៖ « ទីផ្សារគេត្រូវ ការល្អ ច្រើន អ៊ីចឹង យើងត្រូវការពូជបីឈាម បីឈាមហ្នឹង គេបង្កាត់ ប្រភេទមេពីរឈាម និងបាមួយឈា ម បានកូន បីឈាម អាហ្នឹង ចេញមក ជាជ្រូកសាច់ ហើយជ្រូក ហ្នឹងទុកធ្វើពូជ ( ជ្រូកមេ ) អត់កើតទេស្តង់ដារគេជ្រូកសាច់ តែម្ដង ។ កូនជ្រូក កុំផ្ដល់ចំណីឲ្យ ស៊ីច្រើនពេក យើងឲ្យស៊ីតិចតែញឹក សំខាន់កុំឲ្យវាស៊ីច្រើន កាលណាវាស៊ី ច្រើនពេក ទៅក្រពះ មិនទាន់ ត្រូវការចំណីទេ វាធ្លាប់តែបៅ ដល់ពេលស៊ីចំណីអាចរាក យើងឲ្យស៊ីស៊ាំក្រពះវាសិន រហូតដល់ ក្រពះវាស៊ាំ បានយើងឲ្យវាស៊ីឆ្អែត ជ្រូកកាលណាប្រូតេអ៊ីនគ្រប់គ្រាន់ វាលែងសូវស៊ីចំណីហើយ »។

ចំណែកដំណាក់កាលថែទាំ កសិករត្រូវចំណាយពេលយូរ និងស៊ូទ្រាំជាមួយសត្វជ្រូកផ្ទាល់ ដោយជ្រូកត្រូវការសម្អាតអាចម៍វាចេញពីទ្រុងជាប្រចាំ ផ្ដល់ចំណី និងចាក់ថ្នាំបង្ការជំងឺផ្សេងៗត្រឹមត្រូវ។
លោក សុខគា ថាកូនជ្រូកត្រូវឲ្យរៀនស៊ីចំណីផលិតពីរោងចក្រប្រភេទ 500/01P ក្រោយកើតបានមួយសប្ដាហ៍ដល់បួនសប្ដាហ៍ ហើយចាប់ពីបួនសប្ដាហ៍ រហូតដល់ដប់សប្ដាហ៍ ឲ្យស៊ីចំណីប្រភេទ 500/02P។ រីឯចាប់ពីដប់សប្ដាហ៍ រហូតដល់ធំបានចាប់លក់ ឬប្រាំមួយខែ ត្រូវផ្ដល់ចំណីប្រភេទ 500/03P។ លោកថា ការផ្ដល់ចំណីមានប្រូតេអ៊ីនគ្រប់គ្រាន់បែបនេះ ជ្រូកឆាប់ធំ៖ « ជ្រូកពូជ ល្អត្រូវការ ចំណី ដែលមាន គុណភាពខ្ពស់ បើជ្រូកស្រែអត់ត្រូវការចំណីមានប្រូតេអ៊ីនគ្រប់គ្រាន់ទេ បើជ្រូក ពូជទាមទារចំណី ដែលមាន ប្រូតេអ៊ីនគ្រប់គ្រាន់ ដើម្បីតម្រូវការលូតលាស់របស់សត្វជ្រូក កាលណាប្រូតេអ៊ីនខ្វះ ធ្វើឲ្យជ្រូកបាក់ ធំយឺត តម្រូវទីផ្សារអត់ទាន់ទេ »។
ចំពោះការគ្រប់គ្រងកាកសំណល់ ឬអាចម៍ជ្រូក លោក សុខគា ណែនាំដល់កសិករដែលមានបំណងចិញ្ចឹមជ្រូក ថាកសិករគួរសង់ឡជីវឧស្ម័នសម្រាប់ប្រមូលអាចម៍ជ្រូកដាក់ ដើម្បីបម្លែងជាថាមពលអគ្គិសនី ឬហ្គាស៍ប្រើប្រាស់ក្នុងផ្ទះផង និងកាត់បន្ថយការជះក្លិនស្អុយដល់អ្នករស់នៅជិតខាង ប៉ះពាល់បរិស្ថាន។ ម្យ៉ាងពេលមានឡធ្វើឲ្យទ្រុងស្អាតជាប្រចាំ គ្មានមេរោគដែលអាចបង្កឲ្យជ្រូកឈឺ៖ « កាលណាយើងទុកអាចម៍ជ្រូក ច្រើនពេក ទៅ វាអាចពុលដូចថាអាម៉ូញ៉ាក់ឡើងពេញក្នុងទ្រុង អាចពុលដល់ជ្រូក ធ្វើឲ្យជ្រូកស្ដ្រេស វាអាចមានបញ្ហាដូចជាអត់សូវស៊ីបាយ តប់ប្រមល់ទល់ពុទ្ធោ វាអ៊ីចឹងទាមទារឲ្យយើងកើបអាចម៍ និង បាច់ទឹក ឲ្យបានញឹកញាប់។ តែយើងមើលទៅលើអាកាសធាតុដែរ តើក្ដៅ ឬត្រជាក់ ? កុំមេឃភ្លៀងហើយបាញ់ទឹកទៀត នាំឲ្យគ្នារងា »។
កសិករវ័យក្មេងរូបនេះបង្ហើបថា មុខរបរចិញ្ចឹមជ្រូកបានធ្វើឲ្យគ្រួសារលោកមានជីវភាពប្រសើរជាងមុន បើទោះបីជាពេលខ្លះតម្លៃជ្រូកធ្លាក់ចុះដោយកត្តាទីផ្សារក្នុងស្រុកនាំជ្រូកចូលពីក្រៅប្រទេសច្រើនពេកក្ដី ក៏លោកលក់បានរួចថ្លៃដើម ឬមានលទ្ធភាពទិញចំណីដាក់ចិញ្ចឹមជ្រូកបន្ត។ ប៉ុន្តែលោកខកចិត្តចំពោះរដ្ឋាភិបាលមិនអាចកាត់បន្ថយការនាំចូលជ្រូកពីក្រៅ ដើម្បីឲ្យជ្រូកក្នុងស្រុកមានតម្លៃនោះ៖ « សម្រាប់ខ្ញុំគិតថា បើដូចទីផ្សារ រាល់ថ្ងៃនេះ កម្ពុជា នឹងលែងមានការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារតទៅមុខទៀតហើយ ។ ភាគច្រើនអ្នកចិញ្ចឹមជ្រូកតាមដែលខ្ញុំស្គាល់មានដប់នាក់ មានប្រាំនាក់ហើយដែលខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយដល់ពេលគាត់លក់មកគ្រាន់តែសងគេ ។ អ៊ីចឹងសូមឲ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ សូមជួយ កសិកម្មផង កសិករ រាល់ថ្ងៃនេះ គាត់យំមិន ចេញទេ ប៉ុន្តែ ឈាមគាត់កកក្នុងបេះដូងហើយ »។
លោក សុខគា ត្រូវចំណាយដើមទុនទិញចំណីឲ្យជ្រូកស៊ីតាំងពីតូចរហូតដល់ធំបានចាប់លក់ អស់ប្រហែល ៥០ម៉ឺនរៀលក្នុងមួយក្បាល។ ប៉ុន្តែបច្ចុប្បន្ន ជ្រូកលក់បាន ៦.៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោកថា បើកសិករអាចលក់ជ្រូកបានក្នុងមួយគីឡូក្រាមចន្លោះពី ៧.៨០០រៀលទៅ ៨ពាន់រៀល នោះទើបកសិករនឹងអាចទប់ទល់ថ្លៃដើម និងបានចំណេញខ្លះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។