ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ស្នើ​ឲ្យ​មាន​ការ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​មុន​នាំ​ចេញ

0:00 / 0:00

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​សហគមន៍​កសិករ ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង ដោយ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​គ្រប់​ប្រភេទ​មុន​នាំ​ចេញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​រាល់​ការ​បន្លំ​យក​អង្ករ​ប្រភេទ​ក្រអូប​លាយ​ជាមួយ​ប្រភេទ​អង្ករ​ផ្សេង​ទៀត រួច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ ការ​ជំរុញ​នេះ ក្រោយ​ពេល​សហភាព​អឺរ៉ុប ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​នាំ​ចេញ​អង្ករ​មិន​សុទ្ធ​របស់​កម្ពុជា នឹង​ធ្វើ​ឲ្យ​អឺរ៉ុប ពិចារណា​ឈប់​ទិញ។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​កសិករ​លើក​ឡើង​ថា ការ​មិន​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​ឲ្យ​បាន​ល្អិតល្អន់​មុន​នាំ​ចេញ គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បន្លំ​យក​អង្ករ​ប្រភេទ​ក្រអូប​លាយ​ជាមួយ​ប្រភេទ​អង្ករ​ផ្សេង​ទៀត រួច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

ការ​លើក​ឡើង​នេះ ស្រប​ពេល​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា បញ្ជាក់​ជំហរ​ថា ប្រសិន​បើ​អ្នក​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប យក​អង្ករ​ប្រភេទ​ក្រអូប​ដែល​អឺរ៉ុប ត្រូវ​ការ លាយ​ជាមួយ​ប្រភេទ​អង្ករ​ផ្សេង​ទៀត​នោះ វា​នឹង​បង្ក​ឧបសគ្គ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​ជ្រៀត​ចូល​ទីផ្សារ​ស្រូវ​អង្ករ​អឺរ៉ុប។

អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​ទទួល​ស្គាល់​ថា កន្លង​មក​ពិត​ជា​មាន​ការ​បន្លំ​យក​អង្ករ​ផ្សេងៗ​លាយ​ជាមួយ​អង្ករ​ក្រអូប​ទៅ​កាន់​សហភាព​អឺរ៉ុប។ លោក​បន្ត​ថា ដើម្បី​ចៀសវាង​ការ​ស្ដី​បន្ទោស ឬ​ការ​ព្រមាន​ណា​មួយ​ពី​សហភាព​អឺរ៉ុប និង​ទីផ្សារ​អន្តរជាតិ រដ្ឋាភិបាល​គួរ​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្ថាប័ន​កាំកុងត្រូល ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ក្រុមហ៊ុន​អង្ករ​ល្បី​ឈ្មោះ និង​ឯករាជ្យ ដើម្បី​ត្រួត​ពិនិត្យ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​គ្រប់​ប្រភេទ​មុន​នាំ​ចេញ៖ « គ្រប់​ការ​នាំ​ចេញ​ទាំងអស់ ត្រូវ​តែ​ធ្វើ​ការ​បញ្ជាក់ ឌី . អិន . អេ (DNA) ទៅ​លើ​គុណភាព​ប្រភព​ដើម។ តើ​អង្ករ​ហ្នឹង​ជា​ប្រភព​ដើម​របស់​ខ្មែរ ឬ​អត់ ? ដូច្នេះ​ទោះ​អង្ករ​ហ្នឹង​ចេញ​មួយ​ទូ​ក៏ដោយ ចេញ ១០​ទូ​ក៏ដោយ ត្រូវ​តែ​ត្រួត​ពិនិត្យ ដើម្បី​កុំ​ឲ្យ​មាន​ការ​ស្ដីបន្ទោស​ពី​ក្រៅ។ ចឹង​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​ឆាប់ »

លោក​ឲ្យ​ដឹង​ថា ការ​ត្រួត​ពិនិត្យ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​គ្រប់​ប្រភេទ​មុន​នាំ​ចេញ មាន​សារសំខាន់​ណាស់ ព្រោះ​អាច​ឲ្យ​ដឹង​ពី​ប្រភព​អង្ករ​ពិត​ប្រាកដ ថា​សុទ្ធ​មិន​សុទ្ធ ជួយ​កសាង​កេរ្តិ៍​ឈ្មោះ​អង្ករ​កម្ពុជា ជួយ​រក្សា​តម្លៃ​ស្រូវ​កសិករ​ឲ្យ​មាន​ស្ថិរភាព ពិសេស​រក្សា​តំណែង​អង្ករ​ក្រអូប​កម្ពុជា ដែល​ជាប់​ចំណាត់​ថ្នាក់ ៣​ឆ្នាំ​ជាប់​គ្នា៖ « ទី​មួយ កសាង​កេរ្តិ៍​ឈ្មោះ​អង្ករ​កម្ពុជា។ ទី​២ ចៀសវាង​ការ​កេង ឬ​លាយ​បន្លំ។ ទី​៣ គឺ​បម្រើ​ប្រយោជន៍​ឲ្យ​កសិករ​ខ្មែរ​យើង។ វា​ធ្វើ​ឲ្យ​តម្លៃ​ដែល​ទិញ​ពី​កសិករ​មាន​ស្ថិរភាព កុំ​ឲ្យ​កសិករ​គាត់​បាក់​ទឹក​ចិត្ត ព្រោះ​គាត់​ជា​អ្នក​ផលិត ព្រោះ​សព្វថ្ងៃ​វា​នៅ​រញ៉េរញ៉ៃ​ណាស់ ព្រោះ​រាល់​ថ្ងៃ​យើង​ទិញ​ស្រូវ​ពី​កសិករ​អត់​មាន​ស្ថិរភាព​ទេ តែ​បើ​យើង​បាន​ធ្វើ DNA ហើយ​យើង​នឹង​នាំ​ប្រយោជន៍​កសិករ​បាន​ច្រើន »

ទន្ទឹម​គ្នា​នេះ តំណាង​សហគមន៍​កសិករ និង​ជា​តំណាង​កសិករ​ឆ្នើម​ទូទាំង​ប្រទេស លោក ស៊ឹម រ៉ុម យល់​ថា ក្រោយ​មាន​ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប ថា​ការ​នាំ​ចេញ​អង្ករ​មិន​សុទ្ធ​របស់​កម្ពុជា នឹង​ធ្វើ​ឲ្យ​អឺរ៉ុប ពិចារណា​ឈប់​ទិញ គឺ​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​កសិករ​កម្ពុជា។ លោក​ថា សហភាព​អឺរ៉ុប គឺ​ទីផ្សារ​សំខាន់ និង​ធំ​មួយ​របស់​កម្ពុជា។ ដូច្នេះ រដ្ឋាភិបាល ពិសេស​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​ចាត់​វិធានការ និង​ត្រួត​ពិនិត្យ​ឲ្យ​ច្បាស់​ដើម្បី​បញ្ចៀស​បញ្ហា​នេះ៖ « ចង់​សំណូមពរ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ដែល​ជា​ថ្នាក់​ដឹក​នាំ ដែល​គាត់​ជា​អ្នក​ផលិតផល​នាំ​ចេញ គាត់​គួរ​តែ​ត្រួត​ពិនិត្យ​ច្បាស់ កែលំអ​ឡើង ព្រោះ​បើ​សិន​ជា​ខាង​អឺរ៉ុប គេ​ឈប់​ទិញ កសិករ​មិន​ដឹង​រំពឹង​អី ហើយ​លក់​ទៅ​ឲ្យ​អ្នក​ណា​នោះ​ទេ »

កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ក្នុង​កិច្ច​ប្រជុំ​វិស័យ​ពាណិជ្ជកម្ម នៃ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប នៅ​រាជធានី​ភ្នំពេញ សហភាព​អឺរ៉ុប បាន​បញ្ជាក់​ជំហរ​ថា ប្រសិន​បើ​អ្នក​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប យក​អង្ករ​ប្រភេទ​ក្រអូប​ដែល​អឺរ៉ុប ត្រូវ​ការ លាយ​ជាមួយ​ប្រភេទ​អង្ករ​ផ្សេង​ទៀត​នោះ អឺរ៉ុប នឹង​ពិចារណា​ឈប់​ទិញ​អង្ករ។

ក្នុង​កិច្ច​ប្រជុំ​នេះ ប្រធាន​ផ្នែក​អាស៊ី​ខាង​កើត​នៃ​សហភាព​អឺរ៉ុប លោក ភីធឺ ប៊ឺស (Peter Berz) គូស​បញ្ជាក់​ប្រាប់​សម​ភាគី​កម្ពុជា ឲ្យ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នូវ​ផលិតផល​អង្ករ​ក្រអូប មុន​នឹង​បញ្ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប។ លើស​ពី​នេះ សហភាព​អឺរ៉ុប ក៏​ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម នៃ​ប្រទេស​កម្ពុជា សហការ​ផ្ដល់​ទិន្នន័យ​ជាក់ស្ដែង​ស្ដីពី​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​អឺរ៉ុប។

ជាង​នេះ​ទៀត សហភាព​អឺរ៉ុប ចង់​ឲ្យ​កម្ពុជា បង្កើន​ការ​នាំ​ចេញ​អង្ករ​ក្រអូប​បន្ថែម​ទៀត​ទៅ​ទីផ្សារ​អឺរ៉ុប ប៉ុន្តែ​សហភាព​អឺរ៉ុប ចង់​ឲ្យ​កម្ពុជា ទាញ​យក​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​អនុគ្រោះ​ពន្ធ​គយ​របស់​សហភាព​អឺរ៉ុប "អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (Everything but arms)" ដែល​វា​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ជួយ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាជន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស្នើ​ឲ្យ​មាន​ការ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​មុន​នាំ​ចេញ​របស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​សហគមន៍​កសិករ​បាន​ឡើយ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា។

ប៉ុន្តែ​ក្នុង​កិច្ច​ប្រជុំ​វិស័យ​ពាណិជ្ជកម្ម​នៃ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​អាស៊ី​ខាង​កើត​នៃ​សហភាព​អឺរ៉ុប លោក ភីធឺ ប៊ឺស ថា​ជា​ពាក្យ​ចចាមអារ៉ាម​ពី​ការ​លាយ​អង្ករ​ក្រអូប​កម្ពុជា ជាមួយ​អង្ករ​នាំ​ចូល​ពី​វៀតណាម ទៅ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប។ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម រូប​នេះ ក៏​បាន​សង្កត់​ធ្ងន់​ថា កម្ពុជា តាម​រយៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​កំណត់​ស្តង់ដារ​បទដ្ឋាន និង​ក្រម​សីលធម៌​ច្បាស់លាស់ ដោយ​តាម​ដាន​ត្រួត​ពិនិត្យ​ពី​ប្រភព​អង្ករ​ដែល​ត្រូវ​នាំ​ចេញ​ទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៥៣​ម៉ឺន​តោន (៥៣៨.៣៩៦​តោន) ក្នុង​នោះ​ទីផ្សារ​អង្ករ​ក្រអូប​កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ប្រមាណ ៥០%។

ជាង​នេះ អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ លោក សុង សារ៉ន អះអាង​ថា សហភាព​អឺរ៉ុប គឺ​ទីផ្សារ​សំខាន់ និង​យូរ​អង្វែង​ក្នុង​ការ​នាំ​ចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​បន្ត​ទាញ​យក​ទីផ្សារ​ពី​សហភាព​អឺរ៉ុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។