ជំងឺ​មាន់​ទា​ពី​កម្ដៅ​និង​វិធី​ព្យាបាល

ខណៈ​ដែល​នៅ​ស.រ.អា.​និង​អឺរ៉ុប​អាកាសធាតុ​ត្រជាក់​ខ្លាំង មាន​ព្យុះ​ទឹក​កក​ហើយ​សីតុណ្ហភាព​ធ្លាក់​ចុះ​ក្រោម​សូន្យ​អង្សា នៅ​កម្ពុជា​កំពុង​ក្តៅ​ខ្លាំង ជាពិសេស​នៅ​ខេត្ត​តាកែវ និង​កំពង់ស្ពឺ កសិករ​បាន​ត្អូញត្អែរ​ប្រាប់​មក​ថា សត្វ​ចិញ្ចឹម​ដូច​ជា​មាន់ ទា ឈឺ​ងាប់​ជា​ច្រើន សួរ​ថា​តើ​ជា​ជំងឺ​ដង្កោកាច់​ឬ​យ៉ាងណា?

0:00 / 0:00

ចំពោះ​ជំងឺ​ដែល​បណ្តាល​ឲ្យ​សត្វ​ស្លាប​ងាប់​រង្គាល​នេះ បើ​ថា​ជា​ជំងឺ​ញិវកាស់ ឬ​ដង្កោកាច់ ក៏​មិន​មែន ព្រោះ​ញិវកាស់​កើត​នៅ​រដូវ​រំហើយ​អាកាស​ត្រជាក់​ស្ងួត និង​ថា​ពុល​កូន​គីង្គក់​ដូច​លោក នូវ កាស៊ី ប្រធាន​វិទ្យាស្ថាន​សន្តិភាព​និង​អភិវឌ្ឍន៍​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​ក៏​មិន​សំណំ ព្រោះ​មិន​ទាន់​មាន​ភ្លៀង​ឲ្យ​កើត​កូន​ក្អុក​កូន​ក្អាត់​នៅ​ឡើយ។

លោក​អតីត​អ្នក​នយោបាយ​ដែល​ងាក​មក​ប្រឡូក​ក្នុង​កិច្ចការ​កសិកម្ម នូវ កាស៊ី បាន​ប្រើ​អានុភាព​នៃ​ការ​សង្កេត​របស់​លោក ដើម្បី​ស្រាវជ្រាវ​រាវ​រក​ដើម​ហេតុ​នៃ​ជំងឺ​សាហាវ​មួយ​នេះ។ ហើយ​លោក​ក៏​បាន​សង្កេត​ឃើញ​ថា ពេល​អាកាស​ធាតុ​ក្តៅ​ហើយ​ស្ងួត​ខ្លាំង រលក​កម្ដៅ​គឺ​ជា​ដើម​ចម​នៃ​ការ​ស្លាប់​រង្គាល​របស់​សត្វ​ចិញ្ចឹម។

លោក នូវ កាស៊ី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «នៅ​ដោយ​តំបន់​ទេ មិន​ទូទៅ​មួយ​ស្រុក​ខ្មែរ​ទេ តំបន់​ណា​ដែល​ស្ងួត​ខ្លាំង ក្ដៅ​ខ្លាំង ហើយ​នៅ​ក្នុង​ខ្យល់​សំណើម​មិន​គ្រប់គ្រាន់​ដូច​ធម្មតា សត្វ​មាន់ ទា ដែល​គ្នា​នៅ​ផ្ទាល់​ដី​ហ្នឹង​គឺ​ថា​វា​ឆួល​ចំហួល​ខ្លាំង​ពី​ដី​មក ហើយ​ខ្លួន​គាត់ គាត់​សម្រប​សម្រួល​ទៅ​តាម​ការ​ប្ដូរ​ធាតុ​អាកាស​មិន​ទាន់ ក៏​ចាប់​ផ្ដើម​មិន​ស្រួល​ខ្លួន​ទៅ។ ហើយ​សត្វ​មាន់​សត្វ​ទា តែ​មិន​ស្រួល​ខ្លួន​អត់​ស៊ី​ចំណី​អាហារ ដល់​អ៊ីចឹង​ទៅ​គឺ​ផ្ដើម​សំកុក​ចាប់​ផ្ដើម​អី​អ៊ីចឹង​ទៅ ហើយ​តែ​កាលណា​វា​ដាច់​អាហារ ២-៣​ថ្ងៃ ៤-៥​ថ្ងៃ ងាប់​មាន់​ងាប់​ទា»

តើ​មាន​វិធី​ណា​សម្គាល់​បាន​ថា​មាន់​ទា​ដែល​ចិញ្ចឹម​ចាប់​ផ្តើម​មាន​បញ្ហា? លោក នូវ កាស៊ី បាន​ប្រាប់​ដូច្នេះ ៖ «ក្រោយ​ពី​ខ្ញុំ​បាត់​បង់​ទា​កាប៉ា​មួយ​ថ្ងៃ​អស់ ៣០-​៤០ កាល​ដំបូង​អត់​ទាន់​ដឹង​នោះ គឺ​ថា​ខ្ញុំ​ផ្ដើម​សង្កេត គឺ​ប្រើ​ឥទ្ធិពល​នៃ​ការ​សង្កេត​ហ្នឹង សង្កេត​ទៅ​ថា​កាល​ណា​តែ​គាត់​ជល់​គ្នា សត្វ​ក្នុង​ហ្វូង​បង​ប្អូន​បង្កើត​វា​មួយ​ហ្វូងៗ ជល់​គ្នា​តែ​ផ្ដេសផ្ដាស​ទៅ មាន់​ដាំងដុង​ជល់​ជាមួយ​ទា​កាប៉ា​ទៅ ទា​កាប៉ា​ជល់​ជាមួយ​មាន់​គក​អ៊ីចឹង​ទៅ បាន​ន័យ​ថា​វា​ជល់​គ្នា​ខុស​រឿង គឺ​វា​មួម៉ៅ ជួន​កាល​វា​នាំ​គ្នា​រត់​ទៅ​ជ្រក​ហើយ​ដង្ហក់ យើង​ឃើញ​ដង្ហក់​តាម​កញ្ចឹង​ក​វា​ហ្នឹង​ដង្ហក់​ឃឹកៗ ហើយ​ខ្លះ​ក៏​ឡើង​ទៅ​លើ​មែក​ឈើ​ទទះ​ស្លាប​មិន​ធម្មតា​អ៊ីចឹង​ទៅ គឺ​ថា​អាហ្នឹង​ជា​សញ្ញា​មួយ​តាម​ដែល​ខ្ញុំ​សង្កេត​ឃើញ​គឺ​ថា​មិន​យូរ​ប៉ុន្មាន​គឺ​វា​នឹង​ឈឺ​ហើយ»

ជំងឺ​នេះ​លោក​(នូវ កាស៊ី)​ហៅ​ថា​ជំងឺ​ក្តៅ​កើត​ពី​រលក​កម្ដៅ ឬ Heat Wave ៖ «ក្ដៅ​ហ្នឹង​មិន​ធម្មតា​ទេ ក្ដៅ​ហ្នឹង​បើ​ថា​មាន់​វិញ​គឺ​ងាប់​មួយ​ទ្រុង អ្នក​ខ្លះ​យល់​ថា​អាសន្ន​រោគ ថា​ប៉េស​អី។ ខ្ញុំ​អត់​ដឹង​ថា​ជា​ស្អី​ទេ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​មក​ពី​រលក​កម្ដៅ ខ្យល់​វា​ក្ដៅ​បក់​មក​ម្ដងៗ​ប៉ះ​ត្រង់​ណា​ងាប់​មាន់​ងាប់​ទា​ត្រង់​ហ្នឹង រលក​នៃ​ខ្យល់​ក្ដៅ​ហ្នឹង​មក​ចំ​តំបន់​ណា មក​ត្រង់​ហ្នឹង ៣,៤,៥,៦ មួយ​ព្រឹក​អី​ទៅ តាម​គន្លង​ហ្នឹង​គឺ​ងាប់​មាន់​ទា»

យោង​តាម​បទពិសោធន៍​របស់​លោក នូវ កាស៊ី ក្នុង​ករណី​មាន់​ទា​ឈឺ​ងាប់​ដោយសារ​រលក​កម្ដៅ គឺ​លោក​ប្រើ​សំបក​ដើម​ឈើ​ម្យ៉ាង​ឈ្មោះ​ដើម​កណ្តោល ដែល​យោង​តាម​វចនានុក្រម​រុក្ខជាតិ​ប្រើ​ប្រាស់​នៅ​កម្ពុជា​របស់​អ្នក​គ្រូ ឌី ផុនប៉ូលីន គឺ​ជា​ដើម​ឈើ​តូច​ដុះ​ក្នុង​ព្រៃ​ស្រោង ឬ​ព្រៃ​ល្បោះ​ស្លឹក​ខ្ចីៗ​អាច​ធ្វើ​បន្លែ ឬ​របោយ​បាន។ សំបក​ដើម​សម្រាប់​ធ្វើ​អាន​ដំរី។ ជ័រ​ពណ៌​ខ្មៅ​ចេញ​ពី​សំបក​គេ​ប្រើ​ធ្វើ​ថ្នាំ​លាង​ដំបៅ​ឲ្យ​ឆាប់​ជា ឬ​ជា​ថ្នាំ​រាក។ ឈើ​វា​គេ​សម្រាប់​សង់​ផ្ទះ។

លោក នូវ កាស៊ី រៀប​រាប់​ដូច្នេះ ៖ «ខ្ញុំ​សួរ​ចាស់​ទុំ​តាម​ពិត​ទៅ​ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​អី​ទេ ខ្ញុំ​ចូល​ស្ដាប់​ចាស់​ទុំ​នៅ​តាម​ស្រុក​តាម​ភូមិ ហើយ​ចាស់​ទុំ​គាត់​ឲ្យ​គំនិត​ថា​តាម​បទពិសោធន៍​ផង​ដែរ គាត់​ដាក់​កណ្ដោល​ទៅ។ សំបក​កណ្ដោល​ហ្នឹង​នៅ​ក្បែរៗ​ចម្ការ​ខ្ញុំ​ច្រើន​ដែរ តាម​ជាយ​ភូមិ​អី​មាន​ច្រើន​ណាស់​កណ្ដោល ហើយ​សំបក​កណ្ដោល​នេះ​អ្នក​ខ្លះ​យក​មក​ដំ​ឲ្យ​ទក់ យក​ទឹក​ឲ្យ​ខាប់ អ្នក​ខ្លះ​ទៀត​ចង់​ឲ្យ​មាន​ប្រសិទ្ធភាព​ហ្នឹង​គឺ​យក​មក​ដាំ​ទឹក​បី​យក​ទឹក​មួយ»

តែ​ចំពោះ​​​លោក នូវ កាស៊ី លោក​ប្រាថ្នា​ចង់​ឃើញ​កសិករ​ខ្មែរ​ឈរ​លើ​ជំហរ​ការពារ​ទុក​ប្រសើរ​ជាង​កែខៃ ៖ «កាល​ណា​ឃើញ​មាន់​ទា​ហ្នឹង​ចាប់​ផ្ដើម​មិន​ស្រួល​ហើយ ខ្ញុំ​ឲ្យ​គេ​រក​សំបក​កណ្ដោល​មក យក​មក​ដំ​ឲ្យ​ទក់​ទៅ ត្រាំ​នៅ​ក្នុង​កន្លែង​ទា​លេង​ទឹក​ហ្នឹង អាង​ទឹក​តូចៗ​ទា​លេង ត្រាំ​ទៅ​វា​ចេញ​ជ័រ​ឡើង​ពណ៌​ស្វាយ។ ហើយ​ទា​កាប៉ា​ដែល​វា​ទៅ​លេង​ទឹក​ហ្នឹង វា​លេង​ខ្លះ​ទៅ​វា​ផឹក​ខ្លះ​ទៅ ហើយ​ក៏​អត់​ឃើញ​ទា​ហ្នឹង​ងាប់​ម្ដង​២០ ម្ដង​៣០ ទៅ​ទៀត​ទេ។ ដូច្នេះ​ខ្ញុំ​ឃើញ​ថា​សំបក​កណ្ដោល​ហ្នឹង​វា​ត្រឹម​មួយ​បែប​ដែរ។ ធម្មតា​ទេ​មាន់​ខ្លះ​គាត់​មិន​បាន​ផឹក​ដិត​ដល់​អាច​ឈឺ​ដែរ អាហ្នឹង​យើង​ចូល​ទៅ​ដល់​ព្យាបាល​»

វិធី​ព្យាបាល​មាន់​ទា​ឈឺពី​រលក​កម្ដៅ លោក នូវ កាស៊ី រៀប​រាប់​ថា ប្រើ​សំបក​កណ្តោល​ក៏​បាន ឬ​ប្រើ​ថ្នាំ​ពេទ្យ​ដែល​នាំ​ចូល​ពី​យៀកណាម​ក៏​បាន ៖ «ព្យាបាល​ក៏​សំបក​កណ្ដោល​ហ្នឹង​ទៀត គ្រាន់​តែ​ថា​ឲ្យ​តែ​វា​ខាប់​ទៅ​ហើយ​ច្រក​តែម្ដង។ ជា​វិធី​ដែល​កសិករ​យើង​អាច​ធ្វើ​បាន​ដោយ​អត់​អស់​លុយ​អស់​កាក់ គឺ​ថា​មាន​នៅ​ជើង​ភូមិ​យើង​ស្រាប់។ ហើយ​ប្រសិន​បើ​គាត់​មាន​លទ្ធភាព​អាហ្នឹង​គាត់​ទៅ​ទិញ​ថ្នាំ​នៅ​កន្លែង​លក់​ថ្នាំ​លក់​ចំណី​មាន់ ចំណី​ទា​ហ្នឹង គឺ StreptomycineTheramycineថ្នាំ​មួយ​កញ្ចប់​ហ្នឹង​ឈ្មោះ​២​មុខ​ហ្នឹង ម្សៅ​លឿងៗ​ដូច​ល្មៀត​អ៊ីចឹង ហើយ​មាន​នៅ​ប្រទេស​វៀតណាម មួយ​កញ្ចប់​តែ ៥​ពាន់ ឬ​៦​ពាន់​ប៉ុណ្ណឹង។ មួយ​កញ្ចប់​ខ្ទង់ ២០០​ក្រាម​អី​ដែរ មើល​ទៅ​បាន ៤-​៥​ស្លាបព្រា​បាយ​ដែរ ហើយ​យើង​យក​មួយ​ស្លាប​ព្រា​បាយ​ច្របល់​ជាមួយ​បាយ​កក​ទៅ ព្រោះ​មាន់​ឈឺ​កាល​ណា​មាន់​ឈឺ​យើង​យក​ទៅ​ដាក់​ក្នុង​ទ្រុង​កុំ​ឲ្យ​វា​ដើរ ហើយ​ទឹក​ក៏​យើង​លាយ​ទឹក​ថ្នាំ​ហ្នឹង ហើយ​ចំណី​យើង​លាយ​បាយ​កក​ជាមួយStreptomycineTheramycine ហើយ​បើ​ឃើញ​ថា​វា​ស៊ី យើង​ឲ្យ​វា​ស៊ី​ទៅ យើង​បើ​មិន​ស៊ី​ទេ​យើង​ច្រក ហើយ​ជា ស័ក្ដិសិទ្ធិ​មែន​ទែន។ ហើយ​នេះ​មិត្ត​ភក្ដិ​ខ្ញុំ​ម្នាក់​ដែល​គេ​ជា​ពេទ្យ​សត្វ​ដ៏​ជំនាញ​គេ​ប្រាប់​មក ហើយ​មិន​ប្រាប់​តែ​ខ្ញុំ​ទេ ប្រាប់​គេ​ឯង​ច្រើន​គ្នា​ដែរ ដែល​គេ​អនុវត្ត​ហ្នឹង​គឺ​ជា​សឹង​១០០%»