ទីផ្សារសាច់មាន់ មិនអាចខ្វះបានក្នុងការផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។ បញ្ហានេះ នាំឲ្យកសិករជាច្រើនបានសាកល្បងចិញ្ចឹមមាន់តាមបច្ចេកទេសប្លែកៗពីគ្នា ដើម្បីផ្គត់ផ្គង់មាន់ទៅទីផ្សារ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
ក្នុងជីវភាពប្រចាំថ្ងៃដែលមានមុខរបរចិញ្ចឹមមាន់ លោកស្រី ស្រី សារុន ដែលមានលំនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តតាកែវ ទៅតាមផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងរោង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ គាត់បានចែកទ្រុងចិញ្ចឹមមាន់ជា ២ផ្នែកដាច់ពីគ្នា។ លោកស្រីអះអាងថា គាត់ចែកទ្រុងចិញ្ចឹមមាន់ជា ២ផ្នែកដាច់ពីគ្នានេះ ព្រោះគាត់សាកល្បងចិញ្ចឹមមាន់តាមបច្ចេកទេស ២បែបខុសគ្នា គឺទ្រុងទី១ គាត់ចិញ្ចឹមមាន់ក្នុងស្រុកតែឲ្យវាស៊ីចំណីផ្សំលក់នៅទីផ្សារ រីឯទ្រុងទី២ គាត់ចិញ្ចឹមមាន់ក្នុងស្រុកដែរ តែឲ្យវាស៊ីចំណីធម្មជាតិ។
លោកស្រីថា ការសាកល្បងចិញ្ចឹមមាន់បែបនេះ ដើម្បីប្រៀបធៀបការទូទាត់ប្រាក់ចំណូលពីការលក់មាន់ទាំងពីរបច្ចេកទេសនោះ៖ «ខ្ញុំទើបចាប់ពិសោធទេ ពីមុនចិញ្ចឹមធម្មតា ឲ្យស៊ីចំណីធម្មជាតិទាំងអស់ តែឥឡូវចង់ពិសោធវែកញែកថា អាចំណីទីផ្សារ និងចំណីធម្មជាតិហ្នឹង តើមួយណាលូតលាស់លឿនជាង»។
លោកស្រីបន្តថា ក្រោយពីចិញ្ចឹមច្រើនដងរកឃើញថា មាន់ចិញ្ចឹមឲ្យស៊ីចំណីផ្សំពីគីមី គឺមាន់ឆាប់ធំលូតលាស់លឿនជាងមាន់ចិញ្ចឹមឲ្យស៊ីចំណីតាមធម្មជាតិ។ ការរកឃើញនេះ ដោយសារគាត់ចាប់មាន់ទាំង ២ប្រភេទនោះ ថ្លឹងសាកមើលក្នុង ១អាទិត្យម្តង ឃើញថាមាន់ឲ្យចំណីគីមី គឺមានទម្ងន់ធ្ងន់ជាង ១០០ក្រាម លើសមាន់ចិញ្ចឹមឲ្យស៊ីចំណីធម្មជាតិ។ លោកស្រីបន្តថា ក្នុងមាន់ ១០ក្បាលដូចគ្នា នៅពេលគាត់លក់វិញ គឺមិនចំណេញដូចមាន់ចិញ្ចឹមឲ្យស៊ីចំណីធម្មជាតិទេ៖ «ទម្ងន់ដែលឲ្យស៊ីហ្នឹងស្មើៗគ្នា ដូចថាមាន់ ១០ ដូចគ្នាអ៊ីចឹង មួយចំហៀងទ្រុងប្រើចំណីទីផ្សារឲ្យស្មើៗគ្នា ជាមួយចំណីធម្មជាតិហ្នឹង គ្រាន់ថាការឲ្យស៊ីហ្នឹងវាខុសគ្នា មកពីឲ្យចំណីទីផ្សារ ខ្ញុំឲ្យវាលាយចំណីហ្នឹងហើយ និងកន្ទក់ ត្រកួន ហើយដល់ចំណីធម្មជាតិមានស្រូវ កន្ទក់ ត្រកួន ដើមចេក កាកសំណល់ ផ្ទះបាយដែលសល់ ឃើញថាការលូតលាស់របស់វាហ្នឹង ឲ្យចំណីទីផ្សារលឿនជាង។ មួយអាទិត្យអ៊ីចឹងខ្ញុំចាប់ថ្លឹងមើលវាខុសគ្នាពីកន្លះខាំ ទៅ ១ខាំ អ៊ីចឹងទៅអាដែលដណ្ដើមវាស៊ីបានលោតជាង។ អាចំណីធម្មជាតិហ្នឹងវាចាញ់ចំណីទីផ្សារ តែក្នុងមាន់ ១០ក្បាលហ្នឹង ខ្ញុំថ្លឹងមើលដូចគ្នាខុសគ្នាទម្ងន់ធ្ងន់ជាងលើស ៦គីឡូ ១ខាំ។ ហើយសរុបមាន់១០ ហ្នឹង បាន ២៥គីឡូ ៤ខាំ ហ្នឹងចំណីទីផ្សារ។ ហើយចំណីធម្មជាតិបានតែ ១៩គីឡូ ៣ខាំទេ តែគិតជាតម្លៃលុយចំណូលចំណាយទៅ អាចំណីធម្មជាតិចំណេញជាង»។
ដោយសារតែមានកសិករខ្លះមិនសូវមានបច្ចេកទេសចិញ្ចឹមមាន់ ប៉ុន្តែបច្ចុប្បន្នមានឯកសារផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមមាន់របស់ក្រសួងកសិកម្ម បានណែនាំពីការរើសពូជ ការសង់ទ្រុង ការផ្តល់ចំណី និងការថែទាំផ្សេងៗ ដើម្បីឲ្យអ្នកចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារទទួលជោគជ័យ។
នៅក្នុងឯកសារនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល បានបោះពុម្ពផ្សាយនៅឆ្នាំ២០១៣ ណែនាំពីគុណសម្បត្តិនៃការចិញ្ចឹមមាន់ពូជក្នុងស្រុក គឺវាធន់នឹងអាកាសធាតុ មិនសូវឆ្លងជំងឺ ហើយអាចទប់ទល់នឹងជំងឺកាចសាហាវ។ មាន់ក្នុងស្រុកមិនចាំបាច់ផ្តល់នូវចំណីគីមីផ្សំទាំងស្រុង អាចផ្សំចំណីធម្មជាតិដែលងាយរកបានក្នុងមូលដ្ឋាន។ ចិញ្ចឹមមាន់ក្នុងស្រុកងាយថែទាំ ផ្តល់ស៊ុត ក្រាប ភ្ញាស់ និងបណ្ដើរកូនដោយខ្លួនវា។ មាន់នៅក្នុងស្រុកពេញនិយមជួញដូរនៅទីផ្សារ គឺមានតម្លៃខ្ពស់ជាងមាន់ចិញ្ចឹមឲ្យស៊ីចំណីផ្សំលាយគីមី។
ឯកសារដដែលណែនាំពីការសង់ទ្រុងសម្រាប់ការពារមាន់ធំ និងកូនមាន់ បញ្ចៀសពីការយាយី និងការបំផ្លាញផ្សេងៗ ហើយអាចទប់ទល់នឹងអាកាសធាតុប្រែប្រួលបានទៀតផង។ ទ្រុងមាន់ត្រូវសង់ក្នុងទីធ្លាមានខ្យល់អាកាសស្រឡះ និងស្ងួត។ ទ្រុងមាន់ ត្រូវសង់ឲ្យមានលក្ខណៈងាយស្រួលក្នុងការបោសសម្អាត។ ទ្រុងមេមាន់ ត្រូវមានទ្រនំសម្រាប់មេមាន់ដេក មានសម្បុកសម្រាប់មេមាន់ពង និងសម្រាប់មេមាន់ក្រាបពង។ ទ្រុងសម្រាប់មេមាន់ ១ក្បាល និងកូនមាន់ចន្លោះពី ១៥ ទៅ ២០ក្បាល ត្រូវសង់ក្នុងទំហំ ១,៥០ម៉ែត្រ ៤ជ្រុង។ ចំពោះទ្រុងសម្រាប់ថែកូនមាន់វិញ ត្រូវសង់ឲ្យខ្ពស់ពីដី ០,៥០ម៉ែត្រ រីឯបាតទ្រុង និងជញ្ជាំង អាចយកបន្ទះឫស្សី ឬសំណាញ់ដែក ឬនីឡុងទៅសង់។ ខាងក្រោមទ្រុង ត្រូវក្រាលអង្កាម ឬកម្ទេចអាចម៍រណារ ដើម្បីរក្សាកម្ដៅ និងងាយស្រួលបោសយកលាមកមាន់ចេញ។ ទ្រុងសម្រាប់មាន់ធំ គួរសង់នៅកន្លែងទួល មិនដក់ទឹក ជុំវិញទ្រុង ត្រូវដាំដើមកន្ធំថេត ដើមងប់ ត្រកួន ដំឡូងឈើ ដើម្បីផ្តល់ជាអាហារបន្ថែមដ៏ល្អសម្រាប់មាន់ នៅពេលលែងវាឲ្យដើររកស៊ី។ ទ្រនំ ឬធ្នើរ ឬបង្គងសម្រាប់មាន់ដេក គឺឲ្យទាបជាងសម្បុក។ សម្បុកមាន់ គួររៀបចំមុនមេមាន់រកពង។ កម្ពស់សម្បុក ត្រូវដាក់ឲ្យស្មើគ្នានឹងកម្ពស់មាន់ក្រាប ហើយសម្បុកនោះ ត្រូវចងជាប់នឹងទ្រុងនៅកន្លែងមិនសូវមានពន្លឺ។ សម្បុកអាចធ្វើអំពីចំបើងស្ងួត ឬស្លឹកចេក ដាក់ឲ្យក្រាស់នៅបាតក្រោម ដើម្បីផ្តល់កម្ដៅដល់ស៊ុតឲ្យវាញាស់ល្អ។ នៅពេលកូនមាន់ញាស់ ត្រូវយកថ្នាំជក់ ឬស្លឹកសាវម៉ាវព្រៃដាក់នៅក្រោមសម្បុក ដើម្បីកម្ចាត់ស្រមើរក្នុងសម្បុក។ បន្ទាប់ពីរៀបចំសម្បុករួច ត្រូវរៀបចំស្នូកដាក់ចំណី និងស្នូកដាក់ទឹកសម្រាប់មាន់។ ស្នូកទាំងនោះគួររកវត្ថុណាដែលមិនសូវថ្លៃ ហើយកាត់បន្ថយការកំពប់ ដែលនាំឲ្យបាត់បង់ចំណី។ គួរយកប៊ីដុងចាស់ៗ ឬកានជ័រ ទៅកែច្នៃជាស្នូក ដោយកាត់ជាប្រហោងតូចៗប៉ិនក្បាលមាន់មួយ អាចឲ្យវាឱនចឹកចំណីបាន។ ចំពោះកូនមាន់ អាចយកកំប៉ុងជ័រធ្វើស្នូកដាក់ទឹកឲ្យកូនមាន់ផឹក។
ឯកសារដដែលណែនាំទៀតពីការជ្រើសរើសមេ និងបាមាន់ ក្នុងការបង្កាត់ពូជ។ គួររើសពូជមាន់នៅក្នុងតំបន់សម្រាប់ធ្វើមេ និងបា។ មាន់ឈ្មោលចិញ្ចឹមបាន ៦ខែឡើងទៅ ទើបអាចបង្កាត់ពូជល្អ។ ចំណែកមាន់ញីពេញវ័យក្រោយការចិញ្ចឹមបាន ៤ ទៅ ៥ខែ ប៉ុន្តែមិនអាចបង្កកំណើតកូនបាននៅពេលវាមានអាយុពី ៥ ទៅ ៦ខែ។ មេមាន់ដែលស៊ីចំណីគ្រប់គ្រាន់មានសុខភាពល្អ វានឹងផ្តល់ស៊ុតរាល់ព្រឹកព្រលឹម។ នៅពេលមេមាន់ពងរួច ស៊ុតវាត្រូវការសំណើម និងសីតុណ្ហភាពកម្ដៅចន្លោះពី ៣៨ ទៅ ៣៩អង្សាសេ។ ជាទូទៅ មេមាន់តែងតែក្រាបលើស៊ុត ២១ថ្ងៃ ហើយវាបង្វិលស៊ុតជាប្រចាំ គឺ ៤ដងក្នុង ១ថ្ងៃ។ ការបង្វិលស៊ុតនេះ ដើម្បីឲ្យកម្ដៅស៊ុតសាយភាយទៅលើអំប្រ៊ីយ៉ុង ឬហៅថាកំណកំណើតកូន ឲ្យចំណុចពណ៌លឿងនៅចំកណ្ដាលស៊ុត។ ចំពោះការជ្រើសរើសស៊ុតយកទៅភ្ញាស់ ត្រូវមើលទំហំ និងពណ៌ល្អមុនសិន។ មិនត្រូវយកស៊ុតកខ្វក់ទៅភ្ញាស់ទេ ហើយក៏មិនត្រូវយកស៊ុតទៅលាងសម្អាតដែរ ព្រោះវានឹងបំផ្លាញប្រព័ន្ធការពារពីធម្មជាតិរបស់ស៊ុត។ ការភ្ញាស់ស៊ុតមាន ២បែប គឺភ្ញាស់តាមធម្មជាតិ និងភ្ញាស់ដោយម៉ាស៊ីន ឬទូភ្ញាស់។
ការភ្ញាស់ស៊ុតតាមធម្មជាតិ គឺត្រូវទុកស៊ុតនៅស្ងៀមក្នុងសម្បុក ដើម្បីឲ្យមេក្រាប។ សម្បុកនោះ មិនត្រូវឲ្យមានស្រមើរ ឬចៃ ទេ។ នៅពេលមេមាន់ក្រាប វាតែងតែហើរចេញពីសម្បុក ១៥នាទី ដើម្បីរកចំណី។ ពេលមេមាន់ក្រាប មិនត្រូវឲ្យវាស៊ីចំណីឆ្អែតពេកទេ។ ក្រោយកូនមាន់បំបែកសម្បកចេញដោយខ្លួនវាហើយ គឺខ្លួនវានៅសើម និងអស់កម្លាំង។ រយៈពេល ២ ទៅ ៣ម៉ោង ក្រោយពីញាស់ វានឹងដេក។ ក្រោយពេលរោមវាស្ងួត កូនមាន់នឹងធ្វើចលនា ប៉ុន្តែផ្នែកលឿងនៃស៊ុតដែលមាននៅក្នុងខ្លួនកូនមាន់ គឺនៅជាប់រហូតដល់ ៤៨ម៉ោង។
ការភ្ញាស់ស៊ុតដោយម៉ាស៊ីន ឬទូភ្ញាស់ មិនចាំបាច់ប្រញាប់យកស៊ុតទៅដាក់ក្នុងទូភ្ញាស់ឡើយ អាចទុកវា ៦ថ្ងៃ ដោយដាក់ក្នុងបន្ទប់ត្រជាក់។ ទូភ្ញាស់ស៊ុតមាន់ ត្រូវធានាថាមានចរន្តខ្យល់នាំអុកស៊ីហ្សែនចូល និងនាំឧស្ម័នកាបូនិចចេញ ព្រមទាំងនាំសំណើម។ ក្នុងស៊ុត តែងតែមានទឹកដើម្បីឲ្យទឹកនោះរំហួត ត្រូវទុកវាក្នុងថង់ប្លាស្ទិក ឬថង់ធ្វើពីកប្បាសដែលស្អាតល្អ ហើយរក្សាទុកនៅកន្លែងមានសុវត្ថិភាព។ រក្សាសីតុណ្ហភាពឲ្យនៅថេរក្នុងរង្វង់ ៣៧,៥អង្សាសេ ត្រួតពិនិត្យស៊ុតដោយថ្លឹងមុនដាក់ក្នុងទូភ្ញាស់។ ការបង្វិលស៊ុត គឺធ្វើឲ្យពណ៌លឿងនៅចំកណ្ដាលស៊ុត។ ប្រសិនបើគ្មានការបង្វិលស៊ុតទេ អំប្រ៊ីយ៉ុង ឬការកកើតកូននឹងងាប់ នាំឲ្យលទ្ធផលញាស់មានកម្រិតទាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
