ទីផ្សារក្នុងទីក្រុងភ្នំពេញ ត្រូវការក្ដឹបពោតខ្ចី ឬហៅថា ស្នៀតពោត ច្រើនតោនក្នុងមួយថ្ងៃៗ ដើម្បីធ្វើជាបន្លែផ្សំក្នុងអាហារ។ ដោយសារមូលហេតុនេះ ធ្វើឲ្យកសិករនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលដាំពោតបច្ចុប្បន្ន ពង្រីកផ្ទៃដីដាំពោតយកស្នៀតលក់ នៅតំបន់ដីក្បែរមាត់ទន្លេមេគង្គ។
នៅក្បែរមាត់ច្រាំងទន្លេមេគង្គ ក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានចំការពោតជាច្រើនដាំនៅលើដីវាលរាបជាច្រើនហិកតារ មើលដាច់កន្ទុយភ្នែក។
ម្ចាស់ចំការពោតនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លោក អន វ៉ាន់ណូ ឲ្យដឹងថា ក្រោយពីមានតម្រូវការស្នៀតពោតនៅទីផ្សារក្នុងទីក្រុងភ្នំពេញ កាន់តែច្រើនឡើងនោះ គាត់ចាប់ផ្ដើមដាំពោតយកស្នៀត ឬក្ដឹបពោតខ្ចីលក់វិញ។ លោកថា គាត់លក់ស្នៀតពោត គឺរហ័សប្រមូលផល គាត់ប្រើដីដាំដុះ ៤៥ថ្ងៃ ទៅ ៥០ថ្ងៃ អាចកាប់ដើមចាស់ ហើយយកដីដាំជាថ្មីទៀត។
លោកថា ការដាំពោតយកស្នៀតលក់នេះ មិនលំបាកថែទាំ និងមិនរើសពូជដាំទេ។ ស្នៀតពោតងាយលក់ ដឹកពីកន្លែងដាំទៅផ្សារនៅទីក្រុងនៅជិត រីឯតម្លៃលក់ស្នៀតពោត ប្រហែលនឹងតម្លៃលក់ផ្លែពោតដែរ៖ «មួយស្លឹកពេលបុណ្យទាន មានហាងឆេង អាច ៤ ទៅ ៥ម៉ឺន (រៀល)។ មួយស្លឹក ៥៥០ស្នៀត។ មួយស្លឹកវា ១០ផ្លូន មួយផ្លូន ៥៥ស្នៀត»។
លោក អន វ៉ាន់ណូ ឲ្យដឹងថា ការដាំពោតយកស្នៀតលក់នេះ មិនចាំបាច់ទិញពូជសុទ្ធយកមកដាំក៏បាន។ យកពោតកំពុងដាំ ទុកផ្លែឲ្យទុំ ធ្វើពូជដាំបន្តទៀត។ បើដាំពោតយកផ្លែ ចាំបាច់ត្រូវការទិញគ្រាប់ពូជដែលមានផ្លែវែង គ្រាប់ស្មើល្អយកទៅដាំទើបលក់ដាច់។ បើលក់ស្នៀតពោត គ្រាប់ពូជតូចក្តី ធំក្តី ដាំបានទាំងអស់។ អ្នកទិញគេហូប តែក្ដឹបពោតទេ៖ «ខ្ញុំដាំពោតហាវ៉ៃ នេះខ្ញុំដាំយកស្នៀត ព្រោះស្រុកនេះនៅជិតទីផ្សារ។ បើនៅភ្នំពេញ គេត្រូវការស្នៀតច្រើន បើយើងដាំយកផ្លែ បានតែអ្នកគេនៅទល់ដែន ដូចឆ្ងាយទីផ្សារ បើយើងនៅនេះជិតភ្នំពេញ ទីផ្សារនៅជិត គ្រាន់តែដាំហើយគេមកទិញដល់កន្លែងយើង ដោយមិនបាច់ហត់នឿយប្រឡេះអីយូរ។ បើយើងដាំយកផ្លែ វាត្រូវការពេលវេលាយូរ អាច ៣ខែ ទៅ ៣ខែលើសអី ទម្រាំយើងបានផល។ បើដាំយកស្នៀត តែ ១ខែ ២០ថ្ងៃ បានកាច់ហើយ»។

លោក អន វ៉ាន់ណូ បន្តថា ដំណាំពោតត្រូវការដីមានជីជាតិដើម្បីដុះលូតលាស់។ ដាំពោតយកស្នៀតលក់ ក៏ដូចដាំពោតយកផ្លែលក់ដែរ វាត្រូវការដីល្បប់មាត់ទន្លេ ដែលសំបូរជីជាតិ មិនមែនដីកណ្ដេង និងដីខ្សាច់ទេ។ លោកអះអាងថា ក្រោយពីរើសដីរួច ត្រូវភ្ជួរដី ហាលដី៣ ទៅ ៤ថ្ងៃឲ្យដីឆ្អិនសិន។ បំបែកដីឲ្យម៉ត់ ទើបឆូតជាគន្លងសម្រាប់ដាំ។ គម្លាតពីរងមួយទៅមួយ ចន្លោះពីកន្លះម៉ែត្រទៅ ៧តឹក។ លោកបន្តថា ពោតដាំត្រូវក្នុងគន្លងមិនត្រូវដាំក្នុងពំនូកដីដែលលើជារងនោះទេ។ ការដាំគ្រាប់ពូជពោតក្នុងគន្លងនេះឲ្យវាឆាប់ដុះ ឯដីពំនូករងទុកកាយលុបគល់ដើមពោតនៅពេលវាដុះបានខ្ពស់បន្តិច។ ពោតដាំយកស្នៀតលក់អាចដាំចង្អៀតដើមជាងដាំពោតយកផ្លែ គឺក្នុងមួយរន្ធអាចដាក់គ្រាប់ពោតពូជបាន ៥គ្រាប់ ទៅ ៧គ្រាប់ក្នុង១រណ្ដៅ។ ក្នុងដី១ហិកតារ ប្រើគ្រាប់ពូជពោតចន្លោះពី ៣០ ទៅ ៣៥គីឡូក្រាម។
លោកឲ្យដឹងថា ពូជពោតដែលគាត់ដាំនេះ គេហៅថា ពោតហាវ៉ៃមាន ២ប្រភេទ គឺពូជសក់លឿងខ្ចី និងពូជសក់ក្រហម៖ «អានេះវាមានពូជ ២ប្រភេទ មួយហាវ៉ៃដែរតែសក់ស សក់រាងលឿងៗ ហ្នឹងវាគ្រាប់ស្វិតទេ អាហ្នឹងស្នៀតអត់សូវបានផលទេ វាឲ្យស្នៀតតិចក្នុង១ដើម។ បើខ្ញុំនៅទីនេះវាបានស្នៀត២ ក្នុង ១ដើម តែបើហាវ៉ៃក្រហម និងអាចឲ្យស្នៀត ៣ ទៅ ៤ ហើយសំខាន់វាអត់សូវត្រូវការទឹក។ ដូចថា បើយើងដាំខែប្រាំងយើងដាក់ទឹកតែម្ដងអីទេ រហូតដល់ប្រមូលផល តែបើយើងស្នៀតហាវ៉ៃអាស្នៀតកំពិតនោះ ឬគ្រាប់ស្វិតនោះ យើងអាចបូមទឹក ២ ទៅ ៣ដងបាន យើងបានផល»។
លោក អន វ៉ាន់ណូ បញ្ជាក់ថា ក្រោយការដាំគ្រាប់ពូជ ១៥ ទៅ ២០ថ្ងៃ ត្រូវបាញ់ទឹកតាមរងដាំពោតកុំឲ្យដីរងស្ងួតពេក ដើមពោតក៏មិនសូវថ្លោស ស្នៀតក៏មិនសូវកាន់ច្រើនដែរ៖ «ពោតដូចជាមិនបញ្ហាទេ បើយើងដាក់ទឹកវាដិតដល់ ស្មៅដុះអត់ទាន់ពោតទេ ពោតវាដុះលឿនជាងស្មៅ ហើយពោតតែត្រឹមជង្គង់ទៅ ស្មៅដុះលេងទាន់ពោតហើយ»។
របៀបរៀបចំដីនិងជួលរង៖
ឯកសារកសិកម្មផ្សព្វផ្សាយពីបច្ចេកទេសដាំពោតថ្មីរបស់លោក លីវ លាងហ៊ី អ្នកជំនាញផ្នែកផ្ទេរ និងផ្សព្វផ្សាយបច្ចេកវិទ្យានៃគម្រោង ធី.អេស.ធី.ឌី (TSTD) បានណែនាំពីវិធីរៀបចំដី និងធ្វើរង។ ត្រូវភ្ជួរដីឲ្យម៉ត់ក្នុងជម្រៅ ១០ ទៅ ២០ស.ម ហើយហាលដីចន្លោះពី ១០ ទៅ ១៥ថ្ងៃ និងរើសស្មៅពីដីដែលភ្ជួរនោះឲ្យអស់។ លើករងដាំពោត អាចដាំរងទោលក៏បាន ដាំរង ២ជួរក៏បាន។ រងដាំ ២ជួរ ត្រូវលើកទទឹងរង ១ម៉ែត្រ បណ្ដោយរងតាមលទ្ធភាពដី។ កម្ពស់រង បើដាំនៅរដូវប្រាំងលើកពី ២០ ទៅ៣០ ស.ម។ បើរងដាំពោតនៅរដូវវស្សា ត្រូវលើករងកម្ពស់ ៣០ស.ម ទៅកន្លះម៉ែត្រ។ បន្ទាប់មកដាក់ជីលាមកសត្វដែលពុកផុយ ឬជីកំប៉ុសចំនួន ២គីឡូក្រាម ដាក់ក្នុងទំហំដី ១ម៉ែត្រការ៉េ រួចកាយដីលុបពីលើជី និងយកចំបើងគ្របពីលើរង។
មុនដាំគ្រាប់ពូជពោត ត្រូវរើសពូជដែលធន់ទ្រាំនឹងទឹកដីក្នុងតំបន់ដែលនឹងដាំគ្រាប់ពូជនោះ។ គ្រាប់ពូជគួររើសពូជពោតដែលសត្វល្អិតមិនស៊ី គ្មានជំងឺ។ ពូជមានអត្រាដុះ ៨៥ ទៅ ៩០% ជាគ្រាប់ពូជឲ្យទិន្នផលខ្ពស់។ បន្ទាប់ពីរើសពូជបានហើយ អាចដាំដោយគ្រាប់ផ្ទាល់ ឬបណ្ដុះគ្រាប់រឹតតែប្រសើរ។ ដាំក្នុង១រណ្ដៅ១គ្រាប់ ចន្លោះពីគុម្ពមួយទៅមួយ ៣,៥តឹក ឬ ៤,៥តឹក។ កសិករគួរបណ្ដុះកូន ២០ ទៅ៣០% នៃគ្រាប់សរុបសម្រាប់បង្ការយកទៅជួសគ្រាប់ពូជណាដែលមិនដុះ ឬងាប់កូនពោត។
ការថែទាំដោយដាក់ជីបំប៉ន៖
មុនដាំពោតត្រូវដាក់ជីលាមកសត្វពុកផុយ ឬជីកំប៉ុសចំនួន ២គីឡូក្រាមក្នុងដី ១ម៉ែត្រការ៉េ។ បន្ទាប់ពីដាំបាន ១អាទិត្យ ត្រូវថែមជីអ៊ុយរ៉េ ចំនួន ១,៥ក្រាម ក្នុង១គុម្ព។ ជីគីមីនោះ ត្រូវដាក់ចម្ងាយ ១តឹកពីគុម្ពពោត។ ដាំគ្រាប់ពោតបាន ៣០ថ្ងៃ ត្រូវថែមជី ២០ ២០ ១៥ទម្ងន់ ៥ក្រាម ក្នុង១គុម្ព ដាក់ជីចម្ងាយ ២តឹកពីគុម្ពពោត។ ដាំបាន ៥០ថ្ងៃ ត្រូវថែមជីដដែលទម្ងន់ ១០ក្រាមក្នុង ១គុម្ព ដាក់ជីនោះចន្លោះ ២តឹកទៅ ២,៥តឹក ពីគល់ពោត។ នៅក្នុងចន្លោះពេលដាក់ជីចាំបាច់ត្រូវបាញ់ទឹកបំប៉នដើម ក្រោយពីដាំពោតបានកន្លះខែ និងក្រោយពីដើមពោតដុះបានជាង ១ខែ។
កសិករ អន វ៉ាន់ណូ ឲ្យដឹងថា ដាំពោតយកស្នៀតលក់មិនលំបាកថែទាំទេ ហើយជីក៏គាត់មិនដាក់តាមគុម្ពពោតដែរ ព្រោះដីដែលគាត់ដាំនោះ មានជីជាតិស្រាប់។ ប៉ុន្តែពោតត្រូវបាញ់ទឹកទៅក្នុងរងនៅពេលដីស្ងួតខ្លាំង ហើយត្រូវលើករងឲ្យខ្ពស់ បើដាំនៅរដូវវស្សា។ លោកឲ្យដឹងថា គ្រាប់ពូជហាវ៉ៃ ដែលគាត់ដាំនេះ ជាពូជពោតមិនប្រកាន់រដូវទេ អាចដាំបានគ្រប់រដូវទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។