កសិករ​ងាក​មក​ចាប់អារម្មណ៍​ផលិត​ជី​ធម្មជាតិ​ប្រើប្រាស់​ដោយ​ខ្លួនឯង​ខណៈ​ជី​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ខ្ពស់

ដោយ សេក បណ្ឌិត
2022.07.01
កសិករ​ងាក​មក​ចាប់អារម្មណ៍​ផលិត​ជី​ធម្មជាតិ​ប្រើប្រាស់​ដោយ​ខ្លួនឯង​ខណៈ​ជី​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ខ្ពស់ ជី​សរីរាង្គ​ដែល​ផលិត​ដោយ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ លោក សយ បូណា ច្រក​ដប​ទុក​ក្នុង​ផ្ទះ​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ។ រូបថត​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
Photo Provided

កសិករ​មួយចំនួន​ងាក​មក​ចាប់អារម្មណ៍​ផលិត​ជី​សរីរាង្គ​ធម្មជាតិ​ប្រើប្រាស់​ដោយ​ខ្លួនឯង​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​មាន​ស្រាប់​នៅ​ក្នុង​សហគមន៍ និង​កាកសំណល់​ផ្ទះបាយ​ជាដើម។

ការ​ស្វះ​ស្វែងរក​មធ្យោបាយ​ផលិត​ជីធម្មជាតិ​ប្រើប្រាស់​ដោយ​ខ្លួនឯង​នេះ ដោយសារ​ពួកគាត់​ខ្វះខាត​ថវិកា​ទិញ​ជី​កសិកម្ម​ដែល​ដាក់​លក់​លើ​ទីផ្សារ និង​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព។

កសិករ​មួយចំនួន​ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ​របរ​ធ្វើស្រែ​ចម្ការ​មិនសូវ​ទួល​បាន​ផល​ចំណេញ​ប៉ុន្មាន​ឡើយ​ដោយសារ​ពួកគាត់​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ជាពិសេស​ចំណាយ​ទៅលើ​ជី ថ្នាំ​កសិកម្ម និង​ប្រេងសាំង​ជាដើម ដែល​បន្ត​ឡើងថ្លៃ​ជា​បន្ទាប់ ចំណែក​ផលិតផល​របស់​ពួកគាត់​ដែល​ទទួល​បាន​លក់​បាន​ថោក។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មុខរបរ​របស់​ពួកគាត់​ពេល​ខ្លះ​ប្រឈម​នឹង​ការ​ខាតចុងខាតដើម។

កសិករ​ដាំ​ទុរេន នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង លោកស្រី វិត សុខភា មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កសិករ​ភាគច្រើន បាន​ព្យាយាម​សិក្សា​ស្វែងយល់​ពី​ការផលិត​ជី​កសិកម្ម​តាម​បណ្ដាញ​សង្គម​មាន​ដូចជា យូ​ធូប​(YouTube) និង​ហ្វេសប៊ុក(Facebook) ជាដើម​ដែល​មាន​អ្នកជំនាញ​ផលិត​ជីធម្មជាតិ និង​កសិករ​ដែល​មាន​បទពិសោធន៍​ក្នុង​រឿង​នេះ​បាន​ចែក​រម្លែក ឬ​ហៅថា​(Share)​តាមរយៈ​បណ្តាញ​សង្គម​នេះ។

ទោះ​យ៉ាងណា លោក ស្រី វិត សុខភា នៅតែ​ត្អូញត្អែរ​ថា ការផលិត​ជី​សរីរាង្គ​ដោយ​ខ្លួនឯង​នេះ ពុំបាន​ច្រើន​តាម​តម្រូវការ​ឡើយ​ព្រោះ​វត្ថុធាតុដើម​នោះ​ប្រមូល​បាន​តិច និង​ត្រូវការ​អ្នកជំនាញ​ក្នុង​ការ​ផលិត​ជី​មក​ជួយ​ណែនាំ ឬ​បង្រៀន​អំពី​ការផលិត​ជីធម្មជាតិ និង​របៀប​ប្រើប្រាស់​ដោយ​ផ្ទាល់​បន្ថែម​ទៀត៖ «យើង​ធ្វើតាម​យូធូប មាន​គ្រឿងផ្សំ​ធ្វើ​ពី​ពង​មាន់ ប៊ីចេង​ជាដើម រយៈពេល​មួយ​ខែ​បាន​យើង​ប្រើ​បាន បាញ់​ទៅ​វា​ធ្វើ​ឲ្យ​ដំណាំ​យើង​លូតលាស់​ស្លឹក​ល្អ យើង​ព្យាយាម​រក​អ្វីៗ​ថ្មីៗ​ល្អ យើង​ប្រើ​ទៅ​កុំ​ឲ្យ​ប៉ះពាល់​សុខភាព យើង​ខំព្យាយាម​ធ្វើ​វា​ឲ្យ​បាន កាត់បន្ថយ​ទិញ​ជី​ពី​គេ​មក​វា​ថ្លៃ បើ​យើង​ធ្វើ​បាន យើ​ចំណេញ​ប្រាក់កម្រៃ​ច្រើន​ដែរ​...»

ការផលិត​ជីធម្មជាតិ​នេះ មាន​ច្រើន​ប្រភេទ ឬ​ច្រើន​របៀប ទៅតាម​ប្រភេទ​ដំណាំ មាន​ដូចជា​ជី​ប្រភេទ​ជី​ទឹក​សម្រាប់​ស្រោច ជី​កំប៉ុស្តិ៍ សម្រាប់​ប្រើ​ទ្រាប់​បាត ឬ​បាច​លើ​ថ្នាល​ដំណាំ ជី​ផេះ​អង្កាម និង​ជី​ផលិត​ពី​ស្រកីដូង​ជាដើម។

ប្រធាន​សមាគម​កសិករ​កសិកម្ម​អភិវឌ្ឍន៍ ភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាមជ័រ ខេត្ត​ព្រៃវែង លោក ភិន ផាត ក៏បាន​ចែក​រម្លែក​នូវ​បទពិសោធន៍​ខ្លះៗ​អំពី​ការ​ផលិត​ជីធម្មជាតិ​សរីរាង្គ​ក្នុង​សហគមន៍​របស់​គាត់​ដែរ។

លោក​ថា ការ​ផលិត​ជី​សរីរាង្គ​នេះ ពួកគាត់​ប្រើ​រុក្ខជាតិ​ទន្ទ្រាន​ខែត្រ កាក​សំណល់​ផ្ទះបាយ និង​ស្លឹក​រុក្ខជាតិ​ផ្សេងទៀត លាយ​ជាមួយ​លាមក​សត្វ ដោយ​ទុក​រយៈពេល​ប្រមាណ​មួយ​ខែ ដើម្បី​ឲ្យ​វា​រលួយ​ចូលគ្នា​ទើប​អាច​យក​ទៅ​ប្រើ​បាន ដោយ​បាច​ទៅ​លើ​ថ្នាល​ដំណាំ​មុន​ពេល​ដាំ ប្រើ​ជា​ជី​ទ្រាប់​បាត​ពេល​ដាំ​ដំណាំ​ហូប​ផ្លែ ឬ​រុក្ខជាតិ​ផ្សេងៗ​ទៀត៖ «ផ្សំ​ជីធម្មជាតិ​១​រយ​គីឡូ គាត់​អាច​ដាក់​ទន្ទ្រាន​ខែត្រ​ប្រមាណ​ជា​៣០​គីឡូ លាមក​សត្វ​៥០​គីឡូ គាត់​អប់​ទុក​ប្រហែល​មួយ​ខែ អាច​យក​ទៅ​បាច​លើ​ដី​ប្រហែលជា ១០​អារ ពីមុន​គាត់​ជីករណ្តៅ​ទុកដាក់​ធ្វើ​ជី​នេះ តែ​ឥឡូវ​គាត់​អាច​ប្រមូល​គ្រឿងផ្សំ​ទាំងនេះ​ទុក​មួយ​កន្លែង​ហើយ​គ្រប​តង់​ពីលើ​ហើយ​រយៈពេល​៣​ថ្ងៃ​គាត់​បើក​បាញ់​ទឹក​ម្តង​ដើម្បី​ឲ្យ​ជាតិ​ហ្គាស​ចេញ​ឲ្យ​អស់​មុន​យក​ទៅ​ប្រើ..»

ការផលិត​ជី​សរីរាង្គ​ដោយ​ប្រើ​វត្ថុធាតុដើម​ដែល​មាន​នៅក្នុង​សហគមន៍​នេះ ក្រៅពី​ផ្តល់​ឲ្យ​កសិករ​ចំណេញ​ថវិកា វា​ក៏បាន​ផ្តល់​នូវ​ផលប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត។

លោក ភិន ផាត បាន​ឲ្យ​ដឹង​ថា​៖ ជី​សរីរាង្គ ដែល​កសិករ​ផលិត​ដោយ​ខ្លួនឯង ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​មាន​នៅក្នុង​សហគមន៍​ពួកគាត់​នោះ បាន​ជួយ​កែប្រែ​ស្ថានភាព​ដី​ឲ្យ​ធូរ​ល្អ ដី​មាន​ជីជាតិ ជួយ​កម្ចាត់រោគ​នៅ​លើ​ដំណាំ ធ្វើ​ឲ្យ​ដំណាំ​មានការ​លូតលាស់​ល្អ ជួយ​ឲ្យ​សហគមន៍ និង​ជុំវិញ​ផ្ទះ​កសិករ មាន​បរិស្ថាន​ល្អ និង​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព​ដល់​អ្នក​បរិភោគ​ផង​ដែរ។

អ្នកជំនាញ​កសិកម្ម​ណែ​នាំ​ឲ្យ​កសិករ​បង្កើន​ការ​ដាំដុះ​រុក្ខជាតិ​មួយចំនួន​ដែល​មាន​ស្លឹក​ច្រើន ឬ​ជា​រុក្ខជាតិ​ប្រភេទ​វល្លិ​នៅ​លើ​ដី​ដែល​ទំនេរ​ចោល ឬ​ដាំ​តាម​របង​ផ្ទះ​ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ការ​ផលិត​ជី​ធម្មជាតិ​ឲ្យ​បាន​ចំនួន​ច្រើន​តាម​តម្រូវការ​ប្រើប្រាស់​ក្នុង​របរ​កសិកម្ម​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។