កសិករ​ខេត្ត​កំពង់ឆ្នាំង​ចែក​រំលែក​បទពិសោធន៍​ចិញ្ចឹម​កន្ធាយ

0:00 / 0:00

អតីត​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​នឿយ​ហត់​ខ្លាំង​ក្នុង​ចម្ការ​បន្លែ​នៅ​ស្រុក​គេ​អស់​រយៈពេល ៦​ឆ្នាំ បាន​សម្រេច​ចិត្ត​មក​ស្រុក​កំណើត​រៀបចំ​ជីវិត​គ្រួសារ​មួយ​ដែល​មាន​សុភមង្គល និង​មាន​ជីវភាព​មធ្យម តាម​រយៈ​ការ​ចិញ្ចឹម​កន្ធាយ និង​ដាំ​ដំណាំ​ជាច្រើន​មុខ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន។ កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង ម្នាក់​នេះ កំពុង​កាក់កប​នឹង​មុខ​របរ​ចិញ្ចឹម​កន្ធាយ ដ្បិត​ជួប​បញ្ហា​ទីផ្សារ​ខ្លះ​ក្ដី។

ផ្ទះ​តៀម​ប្រក់​ស័ង្កសី បាំង​ជញ្ជាំង​ស័ង្កសី​តូច​ល្មម​មួយ​ខ្នង​ដែល​នៅ​ជុំវិញ​ផ្ទះ​មាន​ដំណាំ​អំពៅ ដូង ខ្នុរ និង​ស្រះ​ចិញ្ចឹម​កន្ធាយ​ចំនួន​ពីរ​នៅ​ក្បែរ​នោះ​ផង គឺ​ជា​ទីលំនៅ​របស់​កសិករ​ឈ្មោះ ពៅ សម្បត្តិ និង​ប្រពន្ធ ព្រម​ទាំង​កូន​តូច​ម្នាក់​រស់នៅ​ជុំ​គ្នា។

ផ្ទះ​នេះ​ឋិត​នៅ​ឆ្ងាយ​បន្តិច​ពី​ផ្ទះ​អ្នក​ស្រុក នៃ​ភូមិ​ស្ដុកកប្បាស ប៉ុន្តែ​វា​មាន​ខ្យល់​អាកាស​ល្អ និង​អំណោយ​ផល​ដល់​ការងារ​កសិកម្ម ជាពិសេស​ការ​ចិញ្ចឹម​កន្ធាយ។

កាល​ពី​ឆ្នាំ​២០១៣ ដែល​លោក ពៅ សម្បត្តិ ត្រឡប់​ពី​ប្រទេស​កូរ៉េ ភ្លាម លោក​បាន​សម្រេច​ចិត្ត​ទិញ​កូន​កន្ធាយ ១​ម៉ឺន ៥​ពាន់​ក្បាល​ពី​អាជីវករ​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​នាំ​ចូល​ពូជ​កន្ធាយ​ធម្មជាតិ​ពី​ប្រទេស​វៀតណាម ដើម្បី​យក​មក​ចិញ្ចឹម។ ដើម​ឡើយ លោក​ពុំ​មាន​ជំនាញ​ចិញ្ចឹម​កន្ធាយ​អ្វី​សោះ ក្រៅ​ពី​ការ​ណែនាំ​ខ្លះៗ​ពី​អ្នក​មាន​បទពិសោធន៍​ចិញ្ចឹម ប៉ុន្តែ​លោក​ប្ដេជ្ញា​ថា​នឹង​ធ្វើ​វា​ឲ្យ​បាន​ជោគជ័យ៖ « ការ​ពិត​ខ្ញុំ​គិត​ថា យើង​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​រយៈពេល​យូរ​ដែរ ហើយ​ហត់​ដែរ ទើប​ចង់​រក​អ្វី​មួយ​ដោយ​ចេញ​ពី​ចិត្ដ​ពី​កម្លាំង ពី​ប្រាជ្ញា​ខ្លួន​ឯង។ ស្រឡាញ់​វិស័យ​កសិកម្ម ហើយ​ឃើញ​គេ​ចិញ្ចឹម​អ៊ីចឹង ដូច​មាន​ចំណាប់​អារម្មណ៍។ លោក ជិន ជេដ្ឋា៖ ជាទូទៅ​ចិញ្ចឹម​ប៉ុន្មាន​ខែ ហើយ​ចាប់​ពី​ទម្ងន់​ប៉ុន្មាន​ដែល​យើង​អាច​ប្រមូល​ផល​បាន ? បើ​តាម​ទីផ្សារ ឬ​យក​ដាក់​ស្តង់ គេ​ច្រើន​យក​ចាប់​ពី ៦​ខាំ​ឡើង​ទៅ ឬ​កន្លែង​ខ្លះ​ត្រូវ​ការ​កន្លះ​គីឡូ យើង​ត្រូវ​យក​តាម​ហ្នឹង​ឲ្យ​គេ »

អ្វី​ដែល​លោក​បាន​ត្រៀម​ដើម្បី​ប្រឈម​មុខ​នឹង​ហានិភ័យ​ផ្សេងៗ​នោះ គឺ​កញ្ចប់​ថវិកា​ដែល​សន្សំ​បាន​ពី​ប្រទេស​កូរ៉េ ជីក​ស្រះ​ក្បែរ​ផ្ទះ​ដែល​មាន​ជម្រៅ​ជ្រៅ​អាច​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា ដើម្បី​ផ្គត់ផ្គង់​ដល់​ស្រះ​ចិញ្ចឹម​កន្ធាយ និង​ស្រោចស្រព​ដំណាំ​ផ្សេងៗ​នៅ​ក្បែរ​ផ្ទះ។ ក្រៅ​ពី​នេះ លោក​ក៏​ស្វែងរក​ទីផ្សារ​ត្រៀម​លក់​កន្ធាយ​ចេញ និង​អាសយដ្ឋាន​អ្នក​ជំនាញ​សម្រាប់​ហៅ​មក​ជួយ​ក្នុង​ករណី​កន្ធាយ​មាន​បញ្ហា។

លោក ពៅ សម្បត្តិ អ្នក​ចិញ្ចឹម​កន្ធាយ​នៅ​ភូមិ​ស្ដុកកប្បាស ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧។
លោក ពៅ សម្បត្តិ អ្នក​ចិញ្ចឹម​កន្ធាយ​នៅ​ភូមិ​ស្ដុកកប្បាស ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧។ (RFA/Chin Chetha)

លោក ពៅ សម្បត្តិ បាន​បង្ហាញ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចិញ្ចឹម​កន្ធាយ​ថា ដំបូង​គេ​ត្រូវ​ជីក​ស្រះ​បី គឺ​ស្រះ​មួយ​សម្រាប់​ផ្គត់ផ្គង់​ទឹក និង​ពីរ​ស្រះ​ទៀត​សម្រាប់​ដាក់​ចិញ្ចឹម​កន្ធាយ។ ស្រះ​ចិញ្ចឹម​កន្ធាយ​នីមួយៗ​ត្រូវ​មាន​ទំហំ​ទទឹង ២៥​ម៉ែត្រ​បណ្ដោយ ៣៥​ម៉ែត្រ និង​មាន​ជម្រៅ​ពីរ​ម៉ែត្រ​កន្លះ។ ស្រះ​មួយ​អាច​ដាក់​កូន​កន្ធាយ​បាន ៥​ពាន់​ក្បាល ហើយ​នៅ​ជុំវិញ​ស្រះ​ត្រូវ​បាំង​ស័ង្កសី​កុំ​ឲ្យ​កន្ធាយ​វារ​ចេញ៖ « វាយ​ស័ង្កសី​ផ្ដេក​កម្ពស់​កន្លះ​ម៉ែត្រ​ឡើង​លើ​ព័ទ្ធ​ជុំវិញ​បាន​ហើយ។ ការពិត​ទំហំ​ស្រះ​ទទឹង ២៥ បណ្ដោយ ៣៥​ម៉ែត្រ ដាក់ ៥ . ០០០​ក្បាល​ល្មម គឺ​វា​អត់​ធំធាត់​ចង់​ស្មើ​គ្នា​ទាំងអស់។ លោក ជិន ជេដ្ឋា៖ ចុះ​លោក​ធ្លាប់​បរាជ័យ​យ៉ាង​ម៉េច​ដែរ​ទាក់ទង​នឹង​ដាក់​កន្ធាយ​ច្រើន ? បទពិសោធន៍​បរាជ័យ​ហ្នឹង គឺ​ស្រះ​ទំហំ ២៥ គុណ ៣៥​ម៉ែត្រ យើង​ដាក់​ដល់​មួយ​ម៉ឺន​ក្បាល។ អ៊ីចឹង​ទេ​វា​ក្រិន ក្ដៀន ព្រោះ​វា​ដាក់​ខុស​បច្ចេកទេស »

លោក​បញ្ជាក់​ថា ទឹក​ត្រូវ​ដាក់​យ៉ាង​តិច​មួយ​ម៉ែត្រ ឬ​មួយ​ម៉ែត្រ​កន្លះ​ពី​បាត​ស្រះ ហើយ​ត្រូវ​រក​កំប្លោក​ដាក់​បណ្ដែត​លើ​ផ្ទៃ​ទឹក​នោះ​ផង ដើម្បី​ឲ្យ​ទឹក​ថ្លា​ត្រជាក់ និង​អាច​ឲ្យ​កូន​កន្ធាយ​ហែល​តោង​លេង​បាន។

កូន​កន្ធាយ ១​ក្បាល​ប៉ុន​មេ​ដៃ ឬ​ប៉ុន​មេ​ជើង​មាន​តម្លៃ​ជិត ១​ដុល្លារ (០,៨​ដុល្លារ) ឬ​ជិត ៤​ពាន់​រៀល ដែល​លោក​ទិញ​ពី​គេ​យក​មក​ចិញ្ចឹម​នោះ គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ខ្ពស់​ក្នុង​រយៈពេល ៣​ខែ​ដំបូង ព្រោះ​វា​ទើប​រៀន​ស៊ី​ចំណី និង​ទើប​បន្សំ​ក្នុង​ស្រះ​ថ្មី។ រយៈពេល ៣​ខែ​នេះ កូន​កន្ធាយ​ស៊ី​ចំណី​តែ​មួយ​មុខ​គត់ គឺ​សាច់​ត្រី​ដែល​វះ​យក​ឆ្អឹង​ចេញ ប៉ុន្តែ​ក្រោយ​ពី​នោះ គេ​អាច​លាយ​សាច់​ត្រី​ជាមួយ​កន្ទក់ ឬ​ត្រកួន ដើម្បី​ឲ្យ​វា​ស៊ី​បាន​រហូត​ដល់​ធំ៖ « លះ​យក​ឆ្អឹង​វា​ចេញ​ទៅ យើង​ដាក់​វា​ចង​ដូច​ត្រី​ងៀត​អ៊ីចឹង ទម្លាក់​វា​ចូល​ក្នុង​ទឹក​ឲ្យ​វា​ស៊ី​ចំណី​ហ្នឹង​ស៊ាំ​រយៈពេល​ចាប់​ពី​បី​ខែ​ឡើង​ទៅ។ យើង​ចាប់​ផ្ដើម​កិន​វា​មិន​ចាំបាច់​ស្អាត​ទេ។ យើង​កិន​ទាំង​ស្រកា ទាំង​អាចម៍​ដាក់​ចូល​គ្នា​ម៉ង ហើយ​ចាប់​ពី​បី​ខែ​ឡើង​ទៅ វា​រាង​ធំ​ចេះ​ស៊ី​ចំណី​ទៅ​មាន​លាយ​ត្រកួត លាយ​កន្ទក់​កិន​ចូល​គ្នា​ដាក់​ស្នូក​អែប​មាត់​ទឹក​ឲ្យ​វា​ស៊ី »

លោក សម្បត្តិ ថា​កសិករ​អាច​ប្រមូល​ផល​កន្ធាយ ឬ​ចាប់​កន្ធាយ​លក់​បាន​ក្រោយ​ចិញ្ចឹម​រយៈពេល ១២​ខែ ដែល​កន្ធាយ​មួយ​ក្បាល​អាច​មាន​ទម្ងន់​ចន្លោះ​ពី​ប្រាំមួយ​ខាំ​ទៅ​មួយ​គីឡូក្រាម​កន្លះ។ រយៈពេល ១២​ខែ​នៃ​ការ​ចិញ្ចឹម​នេះ កសិករ​ត្រូវ​ផ្លាស់ប្ដូរ​ទឹក​ឲ្យ​បាន​ទៀងទាត់​ក្នុង​រយៈពេល​មួយ​ខែ ឬ​ពីរ​ខែ​ម្ដង ដើម្បី​កុំ​ឲ្យ​ទឹក​ស្អុយ និង​មាន​ជាតិ​ពុល​ដែល​អាច​ធ្វើ​ឲ្យ​កូន​កន្ធាយ​មាន​ជំងឺ​ដំបៅ​ខ្នង​ពិបាក​នឹង​ព្យាបាល។

ក្រៅ​ពី​ផ្លាស់ប្ដូរ​ទឹក​ក្នុង​ស្រះ​ដើម្បី​បញ្ចៀស​ជំងឺ​ប្រភេទ​នេះ កសិករ​ក៏​ត្រូវ​រៀបចំ​ទីធ្លា​អម​មាត់​ស្រះ ដោយ​ដាំ​បន្លែ និង​ស្លឹកគ្រៃ​នៅ​អែប​ស័ង្កសី​ផ្នែក​ខាង​ក្នុង​នៃ​ស្រះ​ទឹក ដើម្បី​ឲ្យ​កន្ធាយ​ឡើង​ពី​ទឹក​ទៅ​ពង​កូន ឬ​សំដិល​ថ្ងៃ។ កសិករ​ត្រូវ​ផ្ដល់​ចំណី​ទៀងទាត់ គឺ​ក្នុង​មួយ​ថ្ងៃ​ម្ដង ហើយ​ត្រូវ​ផ្ដល់​ក្នុង​បរិមាណ​សម​ល្មម​ដែល​កូន​កន្ធាយ​ស៊ី​អស់ មិន​សល់​ចំណី​ក្នុង​ទឹក​បង្ក​ឲ្យ​ខូច​គុណភាព​ទឹក​នៅ​តាម​ស្រះ​ចិញ្ចឹម​នីមួយៗ។

កសិករ​រូប​នេះ​ថា​មុន​នឹង​លោក​ទទួល​ភាព​ជោគជ័យ ឬ​ទទួល​បាន​ផល​កន្ធាយ​ល្អ​នៅ​ឆ្នាំ​ដំបូង ដែល​លោក​ចាប់​ផ្ដើម​មុខ​របរ​នេះ លោក​ចំណាយ​លុយ​អស់​ជាង​មួយ​ម៉ឺន​ដុល្លារ ដែល​ផាត់​ទៅ​លើ​ថ្លៃ​ទិញ​ត្រី​ធ្វើ​ចំណី និង​ជួល​គ្រឿងចក្រ​ជីក​ស្រះ ព្រម​ទាំង​ចំណាយ​កម្លាំង​ពលកម្ម​ផ្ទាល់​ខ្លួន​ខ្លាំង​ដែរ។ នៅ​វគ្គ​ដំបូង​នេះ លោក​មិន​ចំណេញ​ប្រាក់​ច្រើន​ទេ ប៉ុន្តែ​បាន​ផាត់​រួច​ថ្លៃ​ដើម និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ៖ « ឥឡូវ​និយាយ​ពី​សេដ្ឋកិច្ច​នៅ​កម្ពុជា យើង​មិន​ទាន់​ទូលំទូលាយ ហើយ​ទីផ្សារ​ក៏​មិន​ទូលំទូលាយ​ដែរ។ លោក ជិន ជេដ្ឋា៖ ប៉ុន្តែ​មុខ​របរ​ចិញ្ចឹម​កន្ធាយ​ហ្នឹង​អាច​នឹង​ធ្វើ​ឲ្យ​ជីវភាព​បង​រីក​ចម្រើន​ទេ ? បាទ ! ទៅ​ថ្ងៃ​អនាគត បើ​យើង​អាច​ដាក់​បន្ត​ទៀត យើង​អាច​បាន ព្រោះ​មុន​អ្វី​យើង​បាន​ចំណាយ​ទៅ​លើ​វា​អស់​ហើយ ដល់​យើង​ដាក់​លើក​ក្រោយ​អាច​ចំណេញ​បាន »

ស្រះ​ចិញ្ចឹម​កន្ធាយ​របស់​លោក ពៅ សម្បត្តិ នៅ​ភូមិ​ស្ដុកកប្បាស ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧។
ស្រះ​ចិញ្ចឹម​កន្ធាយ​របស់​លោក ពៅ សម្បត្តិ នៅ​ភូមិ​ស្ដុកកប្បាស ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧។ (RFA/Chin Chetha)

កន្ធាយ​ជា​ពពួក​សត្វ​ល្មូន​ដែល​មាន​រូបរាង​ស្រដៀង​នឹង​សត្វ​អណ្ដើក​ដែរ ប៉ុន្តែ​កន្ធាយ​មាន​សាច់​ច្រើន​ជាង​អណ្ដើក ដោយ​នៅ​ខាង​ខ្នង និង​ពោះ​វា​មាន​ស្បែក​ទន់​គ្រប​ដណ្ដប់​ស្នូក។ បន្ទាប់​ពី​ភាព​ខ្សត់​ទៅ​នៃ​សត្វ​កន្ធាយ និង​អណ្ដើក​តាម​ព្រៃ​លិច​ទឹក​មាត់​ទន្លេ ស្ទឹង បឹងបួ បច្ចុប្បន្ន​កន្ធាយ​ចិញ្ចឹម​មាន​ទីផ្សារ​គួរសម។ ប៉ុន្តែ​កសិករ​ចិញ្ចឹម​កន្ធាយ​ត្រូវ​ចំណាយ​ដើម​ទុន​ច្រើន និង​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​ខ្ពស់​ជាង​សត្វ​ដទៃ។

បច្ចុប្បន្ន លោក ពៅ សម្បត្តិ មាន​ម៉ូយ​រង់ចាំ​ទិញ​កន្ធាយ​របស់​លោក​ទៅ​ធ្វើ​ជា​ម្ហូប​ប្រចាំ​អាហារដ្ឋាន និង​ហាង​ផឹក​ស៊ី​ល្បីៗ​មួយ​ចំនួន​នៅ​ក្រុង​កំពង់ឆ្នាំង។ កន្ធាយ​មួយ​គីឡូក្រាម​តម្លៃ ១០​ដុល្លារ ឬ​អាច​ថ្លៃ​ជាង​នេះ​ទៅ​តាម​កន្ធាយ​ធំ ឬ​តូច និង​ការ​ចង់​បាន​របស់​ម៉ូយ។ លោក​គ្រោង​ទិញ​កូន​កន្ធាយ​មក​ដាក់​ចិញ្ចឹម​មួយ​វគ្គ​ទៀត​ក្នុង​ពេល​ឆាប់ៗ បើ​ទោះ​បី​ជា​លោក​នៅ​អាច​ប្រមូល​ផល​កន្ធាយ​ខ្លះៗ​នៅ​តាម​បាត​ស្រះ​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។