រដ្ឋាភិបាល​កម្ពុជា​ព្រួយ​បារម្ភ​ខ្លាច​ពលករ​ចំណាក​ស្រុក​អាច​ឆ្លង​វីរុស​ហ្ស៊ីកា

ដោយ ស៊ុន ហេង
2016.09.05
លី សូវ៉ាន់ ៨៥៥ ២០១៦ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ថ្លែង​ក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ជំងឺ​ហ្ស៊ីកា (ZIKA)នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo: RFA

នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៦ ប្រទេស​ម៉ាឡេស៊ី បាន​ប្រកាស​ពី​ករណី​ឆ្លង​ជំងឺ​វីរុស​ហ្ស៊ីកា (Zika) ដំបូង​បង្អស់​ក្នុង​ប្រទេស។ ប្រទេស​សិង្ហបុរី ក្នុង​រយៈពេល​តែ ៦​ថ្ងៃ​បន្ទាប់​ពី​រក​ឃើញ​ករណី​ដំបូង​ពី​ការ​ឆ្លង​វីរុស​ហ្ស៊ីកា​បាន​កើន​ដល់ ១៨៩​ករណី។ ប្រទេស​ថៃ មាន ៩៧​ករណី​ក្នុង​ឆ្នាំ​២០១៦ ចំណែក​ឯ​វៀតណាម មាន ២​ករណី។ រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឲ្យ​ប្រជាជន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជាពិសេស​ពលករ​នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​ការ​ផ្ទុះ​វីរុស​នេះ។

ករណី​មនុស្ស​ឆ្លង​វីរុស​ហ្ស៊ីកា ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ឆ្នាំ​១៩៥២ នៅ​ទ្វីប​អាហ្វ្រិក។ ចំនួន ៨០​ភាគរយ​នៃ​អ្នក​ដែល​ឆ្លង​វីរុស​ហ្ស៊ីកា​នេះ បង្ហាញ​រោគ​សញ្ញា​តែ​បន្តិចបន្តួច​ហើយ​បាត់​ទៅ​វិញ ឬ​មិន​បង្ហាញ​រោគ​សញ្ញា​ទាល់​តែ​សោះ។ វីរុស​ហ្ស៊ីកា​នេះ គឺ​សឹងតែ​គ្មាន​អ្នក​ស្គាល់។

នៅ​ខែ​កក្កដា ឆ្នាំ​២០១៥ ប្រទេស​ប្រេស៊ីល បាន​រក​ឃើញ​ថា ទារក​ជាង ១.៨០០​នាក់​នៅ​ប្រទេស​ខ្លួន​កើត​មក​មាន​ជំងឺ​ក្បាល​តូច​ខុស​ប្រក្រតី។ ការ​សិក្សា​បាន​រក​ឃើញ​ថា វីរុស​ហ្ស៊ីកា​នេះ​ឯង​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទារក​កើត​មក​ខុស​ប្រក្រតី។

អង្គការ​សុខភាព​ពិភពលោក (WHO) រក​ឃើញ​ថា វីរុស​ហ្ស៊ីកា​ឆ្លង​តាម​រយៈ​អម្បូរ​មូស​ខ្លា​ដូច​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ ក៏ប៉ុន្តែ​អ្នក​ដែល​ឆ្លង​ជំងឺ​ហ្ស៊ីកា​បង្ហាញ​អាការៈ​ស្រាល ដូចជា ក្តៅ​ខ្លួន ឡើង​កន្ទួល​រមាស់ ភ្នែក​ឡើង​ក្រហម ឈឺ​ក្បាល និង​ឈឺ​សន្លាក់​ដៃ​ជើង ជាដើម។ អាការៈ​ទាំងនេះ​តែង​បាត់​ទៅ​វិញ​ក្នុង​អំឡុង​ពេល ២​ថ្ងៃ​ទៅ ៧​ថ្ងៃ​ប៉ុណ្ណោះ។ ក្រៅ​ពី​ការ​ឆ្លង​តាម​ភ្នាក់ងារ​មូស​ខ្លា វីរុស​ហ្ស៊ីកា​ក៏​ត្រូវ​បាន​រក​ឃើញ​ថា ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ផង​ដែរ។ បច្ចុប្បន្ន​គ្មាន​វិធី​ណា​អាច​ឲ្យ​ដឹង​ថា បុគ្គល​ណា​មាន​ផ្ទុក​វីរុស​ហ្ស៊ីកា​បាន​ទេ ក្រៅ​ពី​ការ​ធ្វើ​តេស្ដ​ឈាម ទឹក​មាត់ ទឹក​នោម ឬ​ទឹក​កាម។

ដោយសារ​តែ​រោគ​សញ្ញា​ស្រាល​បែប​នេះ​ហើយ បាន​ជា​អ្នក​ឆ្លង​វីរុស​នេះ​ជាច្រើន​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​វា​ទេ។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬ​ស្ត្រី​គ្រោង​នឹង​មាន​ផ្ទៃពោះ​ដែល​ឆ្លង​វីរុស​នេះ គិត​ថា​ខ្លួន​មាន​សុខភាព​ធម្មតា ខណៈ​ដែល​វីរុស​នេះ​កំពុង​ចូល​ទៅ​យាយី​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ។

អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​សេចក្តី​ណែនាំ​មួយ​អំពី​ការ​ឆ្លង​នៃ​វីរុស​នេះ​តាម​រយៈ​ការ​រួម​ភេទ។ សេចក្តី​ណែនាំ​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បម្រុង​មាន​ផ្ទៃពោះ​ទាំងអស់​គួរ​ប្រើ​ស្រោម​អនាម័យ​ក្នុង​ពេល​រួម​ភេទ​ជាមួយ​ដៃគូ​ដែល​ទើប​មក​ពី​តំបន់​ដែល​មាន​មេរោគ​នេះ​យ៉ាង​តិច ៨​សប្ដាហ៍ បើ​សិន​គេ​មិន​មាន​រោគ​សញ្ញា ហើយ​បើ​គេ​មាន​រោគ​សញ្ញា​វិញ គឺ​តម្រូវ​ឲ្យ​ប្រើ​ស្រោម​អនាម័យ​រហូត​ដល់​រយៈពេល ៦​ខែ។

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​សុក្រ ទី​២ កញ្ញា កន្លង​ទៅ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​នៃ​ការ​ឆ្លង​វីរុស​ហ្ស៊ីកា។ សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១០ កម្ពុជា ធ្លាប់​មាន​ករណី​ឆ្លង​វីរុស​ហ្ស៊ីកា ៧​ករណី​មក​ហើយ ប៉ុន្តែ​ក្រសួង​ពុំ​ដែល​រក​ឃើញ​ករណី​ទារក​ក្បាល​តូច​ដូច​ទៅ​នឹង​ករណី​នៅ​ទ្វីប​អាមេរិក​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​៤ កញ្ញា ថា ដោយសារ​ករណី​ឆ្លង​វីរុស​ហ្ស៊ីកា​នៅ​អាស៊ី​អាគ្នេយ៍​នេះ​នៅ​មាន​ចំនួន​ទាប មិន​ទាន់​មាន​ការ​សិក្សា​ពេញលេញ​ទៅ​លើ​វីរុស​នេះ​នៅ​ឡើយ ថា​តើ​វា​នឹង​មាន​ឥទ្ធិពល​ដូច​វីរុស​ហ្ស៊ីកា​នៅ​ទ្វីប​អាមេរិក​យ៉ាង​ណា​ទេ? ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក លី សូវ៉ាន់ អំពាវនាវ​ឲ្យ​ប្រជាជន​មិន​ត្រូវ​នៅ​ចាំ​ស្តាប់​ការ​រក​ឃើញ​នោះ​ទេ តែ​ត្រូវ​ចាប់​ផ្ដើម​ការពារ​ខ្លួន​ពី​ពេល​នេះ​ទៅ ជាពិសេស​ពលករ​ពលការិនី​រាប់​សែន​នាក់​នៅ​ក្រៅ​ប្រទេស៖ «ខ្ញុំ​សំណូមពរ​ដែរ​ពេល​ដែល​បង​ប្អូន​នៅ​ទីនោះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មូស​ខ្លា​ខាំ ឬ​កុំ​ទៅ​កន្លែង​ណា​មួយ​ដែល​ប្រទេស​ទាំងនោះ​ប្រកាស​ថា​មាន​ការ​រាតត្បាត​នៃ​ហ្ស៊ីកា​ហ្នឹង។ ពេល​ដែល​បង​ប្អូន​ត្រឡប់​មក​វិញ ប្រសិន​បើ​បង​ប្អូន​សង្ស័យ​ថា​មាន​រោគ​សញ្ញា​ហ្ស៊ីកា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ កុំ​ព្យាយាម​ព្យាបាល​ខ្លួន​ឯង ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​រោគ​សញ្ញា​ពិត​ប្រាកដ។ ប្រសិន​បើ​រក​ឃើញ​ថា​ហ្ស៊ីកា យើង​នឹង​អាច​ចុះ​ទៅ​អប់រំ ហើយ​ទប់ស្កាត់​នៅ​តំបន់​នោះ​កុំ​ឲ្យ​មូស​ខ្លា​ខាំ​តែ​គាត់ ហើយ​ចម្លង​ទៅ​អ្នក​ដទៃ»

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់​ក្រសួង​សុខាភិបាល ក៏​បាន​ណែនាំ​ពី​វិធីសាស្ត្រ​ការពារ​ខ្លួន​ពី​វីរុស​ហ្ស៊ីកា​ដែរ។ វិធី​ការពារ​បច្ចុប្បន្ន គឺ​ដូច​នឹង​វិធី​ការពារ​ជំងឺ​គ្រុន​ឈាម​ដែរ ពោល​គឺ​ការ​ការពារ​កុំ​ឲ្យ​មូស​ខ្លា​ខាំ ដោយ​ស្លៀកពាក់​ខោ​អាវ​វែង និង​សម្រាន្ត​ក្នុង​មុង និង​កម្ចាត់​សម្បុក​មូស​ខ្លា​តាម​រយៈ​ការ​ធ្វើ​អនាម័យ​ក្នុង​បរិវេណ​ផ្ទះ។ គេហទំព័រ​អាស៊ាន​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​ណែនាំ​ស្រដៀង​គ្នា​នេះ​ដែរ​ឲ្យ​ទៅ​ប្រទេស​ជា​សមាជិក។

បច្ចុប្បន្ន​នេះ វីរុស​ហ្ស៊ីកា​មិន​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ កន្លង​ទៅ អង្គការ​សុខភាព​ពិភពលោក ប្រកាស​ចាត់​ទុក​ការ​ឆ្លង​វីរុស​ហ្ស៊ីកា ជា​បញ្ហា​ពិភពលោក ក្រោយ​ពី​ប្រទេស​ជាង ៧០ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ឆ្លង​វីរុស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។