ចិននិងអាមេរិកដើរតួសំខាន់ក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង
2013.03.12
អ្នកវិភាគនយោបាយបានរកឃើញថា ប្រទេសចិន និងសហរដ្ឋអាមេរិក ស្ថិតនៅពីក្រោយនៃជម្លោះសមុទ្រចិន ខាងត្បូង ជាមួយប្រទេសសមាជិកអាស៊ានមួយចំនួន។ ប្រទេសនោះកំពុងប្រឹងប្រែងទាំងនយោបាយសេដ្ឋកិច្ច និងការបរទេស ដើម្បីបង្កើនឥទ្ធិពលលើតំបន់សមុទ្រចិនខាងត្បូង ដែលគេអះអាងថា ជាច្រកយុទ្ធសាស្ត្រសំខាន់ គាំទ្រដល់ពាណិជ្ជកម្មអន្តរជាតិ។
ប្រទេសណាដែលមានឥទ្ធិពលគ្រប់គ្រងលើតំបន់សមុទ្រចិនខាងត្បូងនោះ បានប្រទេសនោះទំនងនឹងអាចក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក។
ជម្លោះរវាងសមុទ្រចិនខាងត្បូងរវាងប្រទេសសមាជិកអាស៊ាន ជាបញ្ហាដែលស្ថិតនៅក្រៅផែនទីបង្ហាញផ្លូវរបស់អាស៊ាន ស្ដីពីការបង្កើតសហគមន៍តែមួយនៅឆ្នាំ២០១៥។ បញ្ហានេះអាចជាមូលដ្ឋានជំរុញឲ្យប្រទេសសមាជិកអាស៊ាន បែកបាក់គ្នា ប្រសិនបើប្រធានប្ដូរវេនអាស៊ានដោះស្រាយមិនប្រកបដោយយុត្តិធម៌ និងមិនស្មើភាពគ្នានោះទេ។
ប្រទេសសមាជិកអាស៊ានដែលមានជម្លោះសមុទ្រចិនខាងត្បូងជាមួយចិន រួមមានប្រទេសហ្វីលីពីន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។
ទោះជាយ៉ាងណា ប្រធានប្ដូរវេនឆ្នាំ២០១២ ប្រទេសកម្ពុជា មិនបានសម្របសម្រួលដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូងបានដោយជោគជ័យទេ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ក៏មិនបានចេញជាសេចក្ដីថ្លែងការណ៍រួមឡើយ ដែលផ្ទុយពីគោលបំណងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក។
អ្នកវិភាគនានាយល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូង អាចនឹងមានដំណោះស្រាយថ្មីបន្ថែមទៀត ពេលដែលអាស៊ានមានអគ្គលេខាធិការអាស៊ានថ្មី និងប្រធានអាស៊ានប្ដូរវេន បានផ្លាស់ប្ដូរនៅឆ្នាំ ២០១៣។
ប៉ុន្តែអ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងជារឿងមួយលំបាក។ ការលំបាកនោះ គឺប្រទេសមហាអំណាចធំៗ ដូចជាចិន និងសហរដ្ឋអាមេរិក នៅពីក្រោយជម្លោះនេះ តាមរយៈឥទ្ធិពលអំណាចនៃការចាត់ចែងគោលនយោបាយការបរទេស។ ការលំបាកផ្សេងទៀត គឺផលប្រយោជន៍នៃប្រទេសមហាអំណាចទាំងពីរ ចង់បានខុសគ្នា។ ឧទាហរណ៍ សហរដ្ឋអាមេរិកចង់រក្សាមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោក ចំណែកប្រទេសចិន ចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីមួយដែរ នៅឆ្នាំ២០១៥។
អ្នកវិភាគនយោបាយលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ទីតាំងភូមិសាស្ត្រនយោបាយក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលប្រទេសមហាអំណាចដូចជាចិន អាចមានទំនាក់ទំនងល្អ គឺប្រទេសកម្ពុជា។ ប៉ុន្តែសហរដ្ឋអាមេរិកវិញ មានភាពបត់បែនខ្លាំង ដោយមានទំនាក់ទំនងល្អរវាងប្រទេសសមាជិកអាស៊ានទាំងអស់។ មានន័យថា ប្រទេសសមាជិកអាស៊ាន មានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ប៉ុន្តែធ្វើនយោបាយការបរទេសជាមួយសហរដ្ឋអាមេរិក។
របាយការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ស្ដីពីពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មផ្ទៃក្នុងរវាងប្រទេសសមាជិកអាស៊ាន មានប្រមាណ ២៥%។ ការធ្វើពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសចិន មានប្រមាណ ១១% ហើយការធ្វើពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកវិញមានចំនួន ៩% នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ានតែប៉ុណ្ណោះ។
សាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកទំនាក់ទំនងអន្តរជាតិ លោក ឡេង ធារិទ្ធ មានប្រសាសន៍ថា ទាំងផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយដែលប្រទេសមហាអំណាចសម្លឹងឃើញតំបន់សមុទ្រចិន ខាងត្បូង។ ម៉្យាងវិញទៀត តំបន់សមុទ្រចិនខាងត្បូង ជាទីតាំងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូន គាំទ្រដល់ពាណិជ្ជកម្មអន្តរជាតិ។
លោក ឡេង ធារិទ្ធ មានប្រសាសន៍បន្ថែមថា លទ្ធភាពដែលអាចដោះស្រាយជម្លោះសមុទ្រចិន បានគឺការបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ ម៉្យាងវិញប្រទេសវៀតណាម ដែលជាអគ្គលេខាធិការអាស៊ានមានតួនាទីសំខាន់ក្នុងសម្របសម្រួលលើបញ្ហានេះ តាមរយៈការបង្កើតតុចរចាមួយដែលមានការព្រមព្រៀងគ្នាពីគ្រប់ភាគីមានជម្លោះ។
ម៉្យាងវិញទៀត ការចូលរួមរបស់អាមេរិក នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង គឺចង់រក្សាចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ាន។
ទោះជាយ៉ាងណា ប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០១៣ ដែលជាប្រទេសប្រ៊ុយណេ និងអគ្គលេខាធិការអាស៊ានថ្មីមកពីប្រទេសវៀតណាម ទំនងជាមិនអាចដោះស្រាយបញ្ហាសមុទ្រចិន ខាងត្បូងបានឡើយ។ ផ្ទុយទៅវិញ អាចបង្កជាបញ្ហាអសន្តិសុខនានារវាងប្រទេសសមាជិកអាស៊ាន រវាងប្រទេសចិន ឬសហរដ្ឋអាមេរិក។
អ្នកវិភាគនយោបាយបានអះអាងថា ប្រទេសមួយធានាបាននូវមហាអំណាចលើពិភពលោកបាន ត្រូវទាមទារកត្តាបីសំខាន់។ ទីមួយអំណាចយោធា ទីពីរអំណាចការទូត និងទីបី អំណាចសេដ្ឋកិច្ច ហើយប្រទេសមហាអំណាចសម្លឹងមកអាស៊ាន ដោយសារតែហេតុផលសំខាន់បួន ដែលប្រទេស មហាអំណាចដូចជាចិន និងសហរដ្ឋអាមេរិក ចូលរួមក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ទីមួយគឺ ធនធានធម្មជាតិនៅក្នុងដី និងសម្បត្តិធម្មជាតិនៅក្នុងទឹក ទីពីរ នាវាចរណ៍ ទីបី ការរក្សាស្ថិរភាពនយោបាយនៅក្នុងតំបន់ និងទីបួន គឺជាទីកន្លែងសមស្របមួយសម្រាប់ពង្រីកឥទ្ធិពលមហាអំណាច និងការពង្រីកទីផ្សាររបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។