តើទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ាន មានលក្ខណៈយ៉ាងណា? តើលំហូរទំនិញ ការវិនិយោគ លំហូរទេសចរ និងការដោះដូរកម្លាំងពលកម្ម រវាងប្រទេសទាំងពីរមានចំណុចអ្វីខ្លះដែលគួរឲ្យកត់សម្គាល់?
ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងថៃ ហាក់ងើបឡើងវិញចាប់តាំងដើមទសវត្សទី៩០ មក គឺនៅពេលកម្ពុជា ងាកមកចាប់យកសេដ្ឋកិច្ចទីផ្សារសេរី។ រហូតមកដល់បច្ចុប្បន្ន ចំណងទាក់ទងសេដ្ឋកិច្ចរវាងសមាជិកអាស៊ានទាំងពីរនេះ មានទាំងក្នុងរូបភាពនៃលំហូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការដោះដូរកម្លាំងពលកម្ម។
ថៃជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា បើប្រៀបធៀបនឹងប្រទេសវៀតណាម និងឡាវ។ ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៤ ស្ថិតក្នុងទំហំទឹកប្រាក់ប្រហែល ៥.១កោដិដុល្លារ ដែលកើនឡើងក្នុងអត្រា ១២% ពីទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០១៣។ ថ្វីបើបរិមាណពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរកើនឡើងជាលំដាប់ក្ដី ក៏បរិមាណដែលកម្ពុជា នាំចេញទៅថៃ ក្នុងមួយឆ្នាំៗនៅតែតិចជាងបរិមាណទំនិញដែលនាំចូលពីថៃ មកវិញ។
ជាក់ស្ដែង បរិមាណដែលកម្ពុជា នាំចេញទៅប្រទេសថៃ ក្នុងឆ្នាំ២០១៤ មានទំហំទឹកប្រាក់ ៥៩០លានដុល្លារ ដែលទំនិញនាំចេញភាគច្រើនជាវត្ថុធាតុដើម។ ចំណែកទំនិញដែលថៃ លក់មកឲ្យកម្ពុជា វិញ ភាគច្រើនជាផលិតផលសម្រេចដែលមានទំហំទឹកប្រាក់ជាង ៤.៥កោដិដុល្លារ កាលពីឆ្នាំ២០១៤។ ទំនិញទាំងនោះមានដូចជា ផលិតផលកសិ-ឧស្សាហកម្ម គ្រឿងយន្ត ប្រេងសាំង សម្ភារៈសំណង់ជាដើម។
ចំណែកទំហំវិនិយោគរបស់ថៃ នៅកម្ពុជា ស្ថិតក្នុងបរិមាណតិចតួចនៅឡើយ។ ទិន្នន័យឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ដីពីការវិនិយោគបង្ហាញថា ប្រទេសថៃ ឈរនៅលេខរៀងទី៤ នាំមុខដោយវិនិយោគិនក្នុងស្រុក វិនិយោគិនចិន និងវិនិយោគិនវៀតណាម។ ភាគច្រើនការវិនិយោគរបស់ថៃ ធ្វើឡើងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ មិនមានទិន្នន័យណាមួយបង្ហាញពីគម្រោងវិនិយោគរបស់កម្ពុជា ក្នុងប្រទេសថៃ នោះឡើយ។
ឯកសាររបស់ក្រុមប្រឹក្សាវិនិយោគប្រទេសថៃ លើកឡើងថា កម្ពុជាជាប្រទេសគោលដៅមួយក្នុងចំណោមប្រទេសគោលដៅដទៃទៀតសម្រាប់វិនិយោគិនថៃ។ វិស័យជាអាទិភាពសម្រាប់វិនិយោគិនទាំងនោះរួមមាន កសិឧស្សាហកម្ម និងអាហារ វិស័យវាយនភណ្ឌ និងកាត់ដេរ។ រីឯវិស័យបន្ទាប់បន្សំមានដូចជា សុខាភិបាល សំណង់ គ្រឿងយន្តកសិកម្ម ការដឹកជញ្ជូន ថាមពល និងការបង្កើតតំបន់ឧស្សាហកម្ម។
អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ស្រី ចន្ធី លើកឡើងថា កត្តាសំខាន់ៗដែលទាក់ទាញអ្នកវិនិយោគថៃ មកកាន់កម្ពុជា រួមមាន តម្លៃពលកម្មទាប និងទីតាំងភូមិសាស្ត្រអនុគ្រោះ៖ «ឱកាសវិនិយោគនោះមានច្រើន ហើយគោលនយោបាយ ច្បាប់អ្វីហ្នឹង ក៏វាប្រសើរជាងមុន ហើយមួយទៀតយើងនៅមានធនធានមនុស្សដែលយើងប្រើមិនទាន់អស់។ កម្មករអី តម្លៃអី បើប្រៀបធៀបទៅ វាធូរថ្លៃជាងនៅឯប្រទេសថៃ។ ទីបួន ប្រទេសយើងវាមានស្ថានភាពភូមិសាស្ត្រល្អ។ យើងមែនទែនទៅនៅកណ្ដាលអាស៊ានទៀត។ ចំណុចចែកចាយជិតជាងគេ បើថាធ្វើផ្លូវធ្វើអីគ្រប់គ្រាន់អស់ទៅហ្នឹងគឺថា ចែកទំនិញ ចែកសេវាអីទៅប្រទេសណានៅក្នុងអាស៊ានក៏ជិត ងាយស្រួលដែរ»។
ទន្ទឹមនឹងចំណុចវិជ្ជមានទាំងនេះ លោក ស្រី ចន្ធី បញ្ជាក់ថា នៅមានចំណុចអវិជ្ជមានមួយចំនួនដែរដែលជាបញ្ហាប្រឈមសម្រាប់អ្នកវិនិយោគទូទៅ មិនថាតែវិនិយោគិនថៃ នោះទេ៖ «ការប្រឈមរបស់យើងសំខាន់ហ្នឹង គឺថ្លៃថាមពល តែកាលណាបើវិនិយោគិនគាត់ធ្វើការពាក់ព័ន្ធនឹងឧស្សាហកម្ម សូម្បីតែមិនមែនឧស្សាហកម្មធុនធ្ងន់ក៏ដោយ ជាកសិឧស្សាហកម្មក្ដី ។ល។ ហ្នឹង គឺថា ត្រូវការថាមពល ហើយប្រេងប្រទេសយើងវានៅថ្លៃ អ៊ីចឹងផលិតចេញជាថាមពលទៅ ក៏វានៅថ្លៃ។ ពីរ គឺថ្លៃដឹកជញ្ជូនតែកាលណាប្រេង វាពាក់ព័ន្ធនឹងថ្លៃដឹកជញ្ជូនអីហ្នឹង។ បណ្ដាញដឹកជញ្ជូនរបស់យើងនៅខ្វះចន្លោះ។ ធ្វើបានច្រើនហើយ។ ការថែទាំវាមិនទាន់បានគ្រប់គ្រាន់ ហើយបញ្ហាចម្បងរបស់យើង បញ្ហាគឺខ្វះជំនាញ»។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សំទុះពាណិជ្ជកម្មទ្វេភាគីនឹងខ្លាំងក្លាជាងមុន នៅពេលស្ថានភាពផ្លូវជាតិលេខ៥ ដែលជាតំណភ្ជាប់សំខាន់រវាងប្រទេសទាំងពីរមានភាពល្អប្រសើរជាងមុន។ បច្ចុប្បន្នផ្លូវនេះកំពុងស្ថិតក្រោមការស្ថាបនា ក្រោយពីទទួលបានប្រាក់កម្ចីសម្បទានប្រមាណ ១៦០លានដុល្លារពីរដ្ឋាភិបាលជប៉ុន កាលពីដើមឆ្នាំ២០១៥ បូករួមនឹងជំនួយក្នុងទឹកប្រាក់ ១៣៣លានដុល្លារពីប្រទេសចិន សម្រាប់ការស្ថាបនាកំណាត់ផ្លូវពីចំណុចខេត្តពោធិ៍សាត់ ទៅកាន់ខេត្តត្រាត ប្រទេសថៃ។
ក្រៅពីទំនាក់ទំនងក្នុងសកម្មភាពពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពវិនិយោគ ចំណងសេដ្ឋកិច្ចមួយទៀតរវាងកម្ពុជា-ថៃ គឺតាមរយៈលំហូរនៃភ្ញៀវទេសចរ និងការដោះដូរកម្លាំងពលកម្ម។
តួលេខពីក្រសួងទេសចរណ៍កម្ពុជា បង្ហាញថា ចំនួនភ្ញៀវទេសចរជនជាតិថៃ មកកាន់កម្ពុជា នៅ ៦ខែ ដើមឆ្នាំ២០១៥ នេះ កើនឡើងក្នុងអត្រាជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។ ទន្ទឹមនឹងនេះ ចំនួនភ្ញៀវទេសចរជនជាតិខ្មែរទៅកាន់ប្រទេសថៃ ក៏មានកំណើនដែរ។ ជាក់ស្ដែងកាលពីដើមខែសីហា ឆ្នាំ២០១៥ នេះ រដ្ឋាភិបាលប្រទេសទាំងពីរបានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈវិស័យទេសចរណ៍ ដោយបើកចំហច្រកព្រំដែនបន្ថែមទៀត និងការសម្រួលភាពស្មុគស្មាញពាក់ព័ន្ធនឹងឯកសារឆ្លងដែន។
មួយវិញទៀត ថៃជាប្រទេសគោលដៅចម្បងមួយរបស់ពលករកម្ពុជា ដែលមិនមានជំនាញ។ អង្គការសង្គមស៊ីវិលលើកឡើងថា ចំនួនពលករខ្មែរទាំងស្របច្បាប់និងខុសច្បាប់ ដែលកំពុងធ្វើការនៅប្រទេសថៃ មានចំនួនប្រហែល ១លាននាក់។ កម្លាំងពលកម្មពីកម្ពុជា បានជួយបំពេញកង្វះខាតរបស់ថៃ ដែលកំពុងត្រូវការបរិមាណកម្លាំងកម្មករជាច្រើនពីប្រទេសជិតខាង ចំណែកប្រទេសកម្ពុជា វិញ កំពុងពឹងផ្អែកលើកម្លាំងពលកម្មមានជំនាញពីប្រទេសដទៃ។
អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា សកម្មភាពសេដ្ឋកិច្ចរវាងកម្ពុជា និងថៃ នឹងកើនឡើងជាលំដាប់នៅឆ្នាំខាងមុខ ក៏ប៉ុន្តែថា តើកម្ពុជា មានលទ្ធភាពកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនដែរ ឬយ៉ាងណានោះ គឺអាស្រ័យលើការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែលម្អចំណុចខ្វះខាតដែលកម្ពុជា មាននៅពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។