ក្រុមហ៊ុននាំមុខគេខាងផ្នែកបណ្ដាញសង្គម គឺក្រុមហ៊ុន Facebook នៅតែបន្តកែសម្រួល និងអភិវឌ្ឍន៍នូវមុខងារថ្មីៗបន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់ និងបន្ថែមទៅលើកម្មវិធីទាំងឡាយរបស់ខ្លួនរួមមាន Facebook, Instagram និង WhatsApp ជាដើម
នៅពេលថ្មីៗក្រុមហ៊ុននេះក៏បានប្រកាសនូវការដាក់ចេញឲ្យប្រើប្រាស់នូវទំព័រនិងមុខងារថ្មីចំនួនពីរបន្ថែមទៀត។
ក្រុមហ៊ុនហ្វេសប៊ុកទើបតែប្រកាសដាក់ឱ្យប្រើប្រាស់នូវ ទំព័របណ្ណាល័យចំណេះដឹងផ្នែកប្រព័ន្ធឌីជីថល និងគ្រោងបញ្ចេញមុខងារថ្មីមួយទៀតសម្រាប់កម្មវិធី Facebook និង Instagram គឺទាក់ទងនឹងមុខងារកំណត់ពេលវេលាដែលបានចំណាយលើ Facebook និង Instagram។
មុខងារសម្រាប់កំណត់ពេលវេលាដែលបានចំណាយលើហ្វេសប៊ុក និងអ៊ីនស្តាក្រាម ដែលក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសកាលពីថ្ងៃទី ០១ ខែសីហាថា នឹងបង្ហាញពីពេលវេលាដែលអ្នកប្រើប្រាស់បានចំណាយជាមធ្យម និងមុខងារគ្រប់គ្រងពេលវេលា តាមរយៈការកំណត់ម៉ោងសម្រាប់ខ្លួនឯង និងកំណត់សារជូនដំណឹងចេញពីកម្មវិធី ទាំង Facebook និង Instagram។
អ្នកប្រើប្រាស់កម្មវិធីFacebook និង Instagramនឹងបានឃើញមុខងារថ្មីនេះ នៅក្នុង“Settings” របស់កម្មវិធីទាំងពីរនេះ។ សម្រាប់កម្មវិធី Instagram នឹងបង្ហាញនូវពាក្យមួយឃ្លាថា “Your Activity” ចំណែកក្នុងកម្មវិធី Facebook នឹងបង្ហាញនូវពាក្យមួយឃ្លាថា “Your time on Facebook”។

ក្នុងផ្ទាំងមុខងារថ្មីនេះ អ្នកប្រើប្រាស់កម្មវិធីទាំងពីរអាចធ្វើការកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីឲ្យកម្មវិធីរម្លឹកអ្នកប្រើប្រាស់ថាដល់ម៉ោងត្រូវឈប់ហើយ និងកំណត់ចំនួនម៉ោង ដែលកម្មវិធី ត្រូវបិទរាល់ការជូនដំណឹងទាំងឡាយដែលបានផ្ញើមករហូតដល់ពេលវេលាដែលអ្នកបានកំណត់។
បើទោះបីជាអ្នកប្រើប្រាស់បានបិទការជូនដំណឹងទាំងនោះក្តីក៏ប៉ុន្តែការជូនដំណឹងទាំងនោះនៅតែរក្សាទុកនៅដដែលនៅត្រង់ចំណុច Notification។
ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងតាមរយៈការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃទី០១ ខែ សីហា ថាការបង្កើតមុខងារថ្មី ដើម្បីជួយឲ្យអ្នកប្រើប្រាស់ចេះគ្រប់គ្រងពេលវេលារបស់ខ្លួន ដែលចំណាយនៅលើFacebook និង Instagramនេះដោយមានការជំរុញនិងសហការជាមួយអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តនិងក្រុមអង្គការអ្នកសិក្សាស្រាវជ្រាវដែលបានផ្ដល់ជាយោបល់នៅក្នុងសហគមន៍។ ក្រុមហ៊ុនហ្វេសប៊ុកមានបំណងចង់ឲ្យ ពេលវេលារបស់អ្នកប្រើប្រាស់ដែលបានចំណាយទៅលើកម្មវិធីFacebook និង Instagramត្រូវតែគោលបំណងភាពវិជ្ជមាន និងមានការជំរុញលើកទឹកចិត្ត។
របាយការណ៍ត្រីមាសរបស់ក្រុមហ៊ុន Facebook បង្ហាញថារៀងរាល់ថ្ងៃមានអ្នកបើកប្រើប្រាស់ហ្វេសប៊ុកជាមធ្យមជាងមួយពាន់លាន។ ចំណែកនៅកម្ពុជាមានអ្នកបើកប្រើប្រាស់សកម្មជាងប្រាំពីរលានគណនី។
កំណើននៃអ្នកប្រើប្រាស់កម្មវិធីFacebook និង Instagramយ៉ាងច្រើនជារៀងរាល់ឆ្នាំនេះបានធ្វើឲ្យ ក្រុមហ៊ុនហ្វេសប៊ុកបានក្លាយជា ក្រុមហ៊ុនដែលនាំមុខគេខាងផ្នែកកម្មវិធីបណ្ដាញសង្គមនៅលើពិភពលោក។
ស្របពេលដែលក្រុមហ៊ុនមួយនេះទទួលបានប្រជាប្រិយភាពនិងមានអ្នកប្រើប្រាស់នាំមុខគេនេះ ក្រុមហ៊ុន Facebook បាន យល់ថាខ្លួនមានទំនួលខុសត្រូវក្នុងការជួយដល់អ្នកប្រើប្រាស់ឱ្យបានយល់ដឹងថាតើ ពេលវេលាច្រើនប៉ុណ្ណាដែលអ្នកប្រើប្រាស់បានចំណាយនៅលើកម្មវិធីដែលពួកគេបានបង្កើត។
ចំណែក ទំព័របណ្ណាល័យចំណេះដឹងផ្នែកប្រព័ន្ធឌីជីថលដែលបានប្រកាសដំណើរការជាផ្លូវការកាលពីថ្ងៃទី ០២ ខែសីហានេះគឺជាបណ្ដុំនៃមេរៀនដែលជួយដល់យុវជនក្នុងការគិតឱ្យបានស៊ីជម្រៅនិងចែកចាយអ្វីមួយនៅលើអ៊ីនធឺណិតដោយមានការពិចារណា។

ទំព័រថ្មីនេះ មានមេរៀនចំនួន១៨ ដែលផ្ដោតទៅលើ ឯកជនភាពនិងកេរ្តិ៍ឈ្មោះការរុករកអត្តសញ្ញាណឥរិយាបថជាវិជ្ជមាន សុវត្ថិភាព និងការចូលរួមក្នុងសហគមន៍។
មេរៀនទាំង ១៨ ដែលមាននៅលើទំព័របណ្ណាល័យចំណេះដឹងផ្នែកប្រព័ន្ធឌីជីថលនេះ បច្ចុប្បន្នកំពុងដំណើរជាភាសាអង់គ្លេសនិងគ្រោងដំណើរការជាភាសាផ្សេងទៀតចំនួន ៤៥ភាសាក្នុងពេលឆាប់ៗ។
ការចុះផ្សាយរបស់ក្រុមហ៊ុន Facebookបានឱ្យដឹងថា ទំព័របណ្ណាល័យចំណេះដឹងផ្នែកប្រព័ន្ធឌីជីថលនេះគឺជា ទំព័រចុងក្រោយបំផុតដែលបានបន្ថែមទៅក្នុងទំព័រ មជ្ឈមណ្ឌលចំណេះដឹងផ្នែកសុវត្ថិភាព។ទំព័រថ្មីនេះត្រូវបានបញ្ចូលទៅក្នុងមជ្ឈមណ្ឌលចំណេះដឹងផ្នែកសុវត្ថិភាព ទំព័រព័ត៌មាន និងចំណេះដឹងសម្រាប់យុវជនឬហៅថាYouth Portal៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
