តើអ្នកឈឺក្បាលជង្គង់ គួរធ្វើអ្វីខ្លះ ដើម្បីបំបាត់ឬសម្រាលការឈឺចាប់?
2022.09.15
គ្រូពេទ្យជំនាញសុខភាពផ្តល់ដំបូន្មានថា គេមានវិធីសាស្ត្រជាច្រើន ដើម្បីបំបាត់ឬសម្រាលការឈឺចាប់ក្បាលជង្គង់ ដែលបណ្តាលមកពីគ្រោះថ្នាក់ប៉ះទង្គិចណាមួយ ឬក៏ដោយសារជំងឺរលាកក្បាលជង្គង់។ វិធីសាស្ត្រទាំងនោះ រួមមាន សម្រកទំងន់ ព្រោះនៅពេលធាត់ខ្លាំង ទំងន់ខ្លួនប្រាណសង្កត់ខ្លាំងទៅលើជើង ជាពិសេសលើជង្គង់ ខ្លួនប្រាណត្រូវសកម្ម កុំសម្រាកដេកស្ងៀមយូរពេក ព្រោះវាអាចបណ្តាលឲ្យសាច់ដុំចុះខ្សោយ ធ្វើលំហាត់ប្រាណ ដោយពង្រឹងសាច់ដុំដើម្បីគាំទ្រក្បាលជង្គង់ ដូចជាដើរហាត់ប្រាណ ហែលទឹក និងពត់ខ្លួនប្រាណដៃជើង ដើម្បីជួយបង្កើនភាពបត់បែនងាយស្រួល និងពាក់ស្បែកជើង សំរាប់ទ្របាតជើងនៅពេលដើរជាដើម។
ម្ចាស់គ្លីនិកមេត្តានៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ភាគច្រើនអ្នកឈឺក្បាលជង្គង់ ច្រើនជាមនុស្សស្រី និងឡើងទម្ងន់ខ្លាំង។ លោកវេជ្ជបណ្ឌិតបន្តថា ប្រសិនបើនៅតែបន្តដើរ នោះរឹតតែនាំឲ្យឈឺក្បាលជង្គង់ កាន់តែខ្លាំង ព្រោះទំងន់វាសង្កត់ទៅលើជើងជាពិសេសក្បាលជង្គង់៖ «ឈឺក្បាលជង្គង់ភាគច្រើនបំផុត គឺកើតទៅលើមនុស្សស្រី ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ពេលគាត់អស់រដូវ ឆ្អឹងចាប់ផ្តើមពុកផុយ។ យើងសង្កេតឃើញទៀតថា អ្នកឈឺក្បាលជង្គង់ ច្រើនជាអ្នកធាត់លើសគីឡូ ដល់អ៊ីចឹងយើងអាចទី១ ពេលគាត់ចាប់ផ្តើមអស់រដូវ គាត់គួរតែញ៉ាំជាតិកាល់ស្យូម ឬញ៉ាំទឹកដោះគោឆៅ ប្រចាំថ្ងៃទៅ និងកុំឱ្យធាត់លើសគីឡូ...»។
គេហទំព័រសុខភាពវឹបអឹមឌី (WebMD) នៅសហរដ្ឋអាមេរិកឲ្យដឹងថា ប្រសិនបើជង្គង់ឈឺឬហើម ត្រូវបញ្ឈប់ការដើរហាត់ប្រាណ រត់ ឬលេងកីឡា មួយរយៈសិន ដោយស្អំទឹកកក ឬលេបថ្នាំបំបាត់ការឈឺចាប់ និងនៅពេលគេងត្រូវដាក់ខ្នើយកល់ពីក្រោមក្បាលជង្គង់។ អ្នកជំនាញផ្តល់យោបល់ថា ជំនួសឲ្យការដើរ ឬរត់ អ្នកជំងឺសន្លាក់ជង្គង់ អាចជ្រើសយកការហែលទឹក និងហាត់យូហ្គា (Yoga) ដើម្បីអាចកាត់បន្ថយសម្ពាធរបស់ទម្ងន់ខ្លួន ទៅលើសន្លាក់ជង្គង់។ ក៏ប៉ុន្តែប្រសិនបើប្រើវិធីសាស្ត្រទាំងនោះ រយៈពេលរហូតដល់២សប្តាហ៍ហើយ នៅតែមិនបាត់ឈឺជង្គង់ទៀត គឺត្រូវជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
ចំពោះការហាត់ប្រាណដើម្បីពង្រឹងសាច់ដុំ និងជួយជង្គង់ឲ្យបត់បែនដោយស្រួលវិញ គេហទំព័រ WebMD បង្ហាញពីវិធីមួយចំនួន ដូចជាគេងដាក់ខ្នងលើក្តារឬឥដ្ឋ បត់ជង្គង់ម្ខាង និងជង្គង់ម្ខាងទៀត លាតឲ្យត្រង់លើកជើងឡើងលើឲ្យខ្ពស់ ដោយប្តូរពីជង្គង់ម្ខាងទៅមួយទៀត ធ្វើដូចគ្នាចំនួន ១៥ដង។ វិធីមួយទៀត គឺពង្រឹងសាច់ដុំនៅពីក្រោយភ្លៅ ដោយដេកផ្កាប់មុខ ដាក់ជើងទាំងពីរលាតឲ្យត្រង់ និងព្យាយាមលើកជើងម្ខាងៗ ឲ្យបានខ្ពស់តាមតែអាចធ្វើបាន និងធ្វើឲ្យបាន១៥ ដងសំរាប់ជើងម្ខាង។ នៅមានវិធីជាច្រើនទៀត ដូចជា ឈរឲ្យត្រង់ពីក្រោយកៅអី លើកជើងម្ខាងម្តងមួយៗ ដោយដាក់ទម្ងន់បន្ថែម ពី១គីឡូក្រាម ទៅ៣គីឡូងក្រាម ដើម្បីពង្រឹងសាច់ដុំជើង ជាដើម។
គ្រូពេទ្យជំនាញឯកទេសទូទៅ លោក វេជ្ជបណ្ឌិត ហ៊ាង រតនា មានប្រសាសន៍បន្តថា អ្នកឈឺក្បាលជង្គង់ជាដំបូង គឺត្រូវសម្រកទំងន់ ដើម្បីកុំឲ្យដាក់សម្ពាធខ្លាំងលើជើងជាពិសេសក្បាលជង្គង់ និងដើរហាត់ប្រាណ ពត់ដៃពត់ជើង ដោយអង្គុយយោលជើងឲ្យបាន១៥នាទី ២ដងក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែប្រសិនបើនៅតែឈឺ គ្រូពេទ្យនឹងផ្តល់វិធីសាស្ត្រព្យាបាល ទៅតាមកម្រិតនៃស្ថានភាពក្បាលជង្គង់នោះ ដូចជាចាក់ថ្នាំស្ពឹកនៅកន្លែងឈឺជង្គង់ ដើម្បីកាត់បន្ថយការឈឺចាប់បាន ពី៣ខែទៅ៦ខែ៖ «គ្រូពេទ្យនឹងសួរនាំពីមូលហេតុដែលនាំឲ្យឈឺហ្នឹង ហើយដែលភាគច្រើនបណ្តាលឲ្យសឹកឆ្អឹងខ្ចី គ្រូពេទ្យនឹងអោយលេបថ្នាំប្រភេទកាល់ស្យូម ឬថ្នាំក្លុយកូតាមីន។ ដំបូងគ្រូពេទ្យឲ្យថ្នាំញ៉ាំ និងរឹតជើង ហើយបន្ទាប់មក គេចាក់ថ្នាំឲ្យនៅក្បាលជង្គង់ហ្នឹងតែម្តង ដើម្បីកាត់បន្ថយការរលាក។ ជម្រើសចុងក្រោយគឺប្តូរក្បាលជង្គង់ហ្នឹងហើយឥឡូវនៅស្រុកខ្មែរទំនើបណាស់ គេអាចធ្វើបាន...»»។
ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកវះកាត់ទម្រង់ឆ្អឹង និងជង្គង់ (Orthopedic and Knee Surgeon) ឲ្យដឹងថា បញ្ហាឈឺជង្គង់នេះ គឺមានលក្ខណៈ ខុសៗគ្នា ពីមនុស្សម្នាក់ទៅម្នាក់ទៀត ខ្លះអាចពាក់ព័ន្ធនឹងការរងរបួសដោយសារលេងកីឡា ការរត់ច្រើនហួសហេតុពេក ដូចជា គ្រេចថ្លោះជង្គង់ (Dislocated kneecap) ដាច់ហើមសរសៃពួរ (ligament rupture) ជាលិកាស្រទាប់ទន់នៅចន្លោះសន្លាក់ឆ្អឹង ដាច់រហែកនិងសឹករេចរឹល (cartilage tears) និងជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ (Osteoarthritis) ជាដើម។
គេហទំព័រសុខភាពវឹបអឹមឌី (WebMD) បន្តថា គ្រូពេទ្យជំនាញនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយការឈឺចាប់ ដូចជាផ្តល់ដំបូន្មានឲ្យធ្វើលំហាត់ប្រាណ រួមមានដើរ ហែលទឹក សម្រកទំងន់ និងពាក់ស្បែកជើងទន់ ដែលជួយទ្របាតជើង កុំឲ្យឈឺជើង នៅពេលដើរ ឬហាត់ប្រាណ។ វិធីព្យាបាលតាមបែបហាត់ប្រាណលំនាំវេជ្ជសាស្ត្រ (Physiotherapy) ក៏អាចជួយកាត់បន្ថយការឈឺចាប់ក្បាលជង្គង់បានដែរ។ ក៏ប៉ុន្តែប្រសិនការឈឺចាប់នោះមិនបាត់ទាល់តែសោះ វេជ្ជបណ្ឌិតជំនាញនឹងពិនិត្យមើលពីលទ្ធភាពវះកាត់ប្តូរជង្គង់ថ្មីសិប្បនិមិត្ត ក្នុងលក្ខខណ្ឌដែលឈឺក្បាលជង្គង់ខ្លាំង ដើរមិនរួច ជាពិសេសសំរាប់អ្នកមានបញ្ហារលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ (Arthritic joints)។
ក្រោយពីការវះកាត់ប្តូរក្បាលជង្គង់ថ្មីហើយ វេជ្ជបណ្ឌិតជំនាញ នឹងបញ្ជូនអ្នកជំងឺទៅមជ្ឈមណ្ឌលស្ដារនីតិសម្បទា ដើម្បីហ្វឹកហាត់ពីការប្រើប្រាស់ជង្គង់ថ្មី និងពីរបៀបហាត់ប្រាណនៅផ្ទះ ដើម្បីអាចឱ្យជង្គង់ដំណើរការបានល្អ បន្ថយការឈឺចុកចាប់ ព្រមទាំងអាចបន្តការងារ និងសកម្មភាពនានា ជាធម្មតាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។