លោកអ្នកនាងបានជ្រាបពីសប្តាហ៍មុនៗមកហើយ ពីការប្រៀបធៀបរវាងការអប់រំកូនប្រុសស្រី ដោយប្រើធម៌ត្រជាក់ និងការអប់រំដោយប្រើធម៌ក្តៅនោះ អ្នកស្រី យឹម សុខារី នាយិកាប្រតិបត្តិនៃអង្គការកម្មវិធីជួយក្មេងអនាថានិងអភិវឌ្ឍន៍ បានមានប្រសាសន៍រួចមកហើយអំពីការអប់រំទាំងពីរបែបបទនេះថា ៖ «ការអប់រំកូន ខ្ញុំចូលចិត្តនិយាយសម្ដីផ្អែមទៅរកកូនច្រើនជាង។ ខ្ញុំគិតថា បើសិនជាយើងព្យាយាមលួងលោមចិត្តកូនដោយសម្ដីទន់ភ្លន់ កូនក៏វាស្តាប់ទៅ វាត្រជាក់ចិត្តខ្លួនវា វាគិតថា ម៉ែនិយាយពីរោះ ម៉ែនិយាយទន់ភ្លន់ អ៊ីចឹងកូនស្តាប់បានច្រើន»។
អ្នកស្រីបានមានប្រសាសន៍បន្តទៀត ដោយលើកពីលក្ខណៈដែលកូនត្រូវប្រកាន់ ដើម្បីឲ្យបានជាកូនល្អ សិស្សល្អ និងក្លាយជាពលរដ្ឋល្អនោះថា ៖ «ក្នុងនាមជាកូន គឺត្រូវមានបីចំណុចសំខាន់ៗ ធ្វើខ្លួនឲ្យទៅជាកូនល្អ ធ្វើខ្លួនឲ្យទៅសិស្សល្អ ធ្វើខ្លួនឲ្យទៅមិត្តល្អ ទើបយើងអាចក្លាយជាពលរដ្ឋល្អ របស់ប្រទេសជាតិ ឬក៏របស់សង្គម»។
លោក ប៊ូវ៉ាន មុនីរក្ស សព្វថ្ងៃបានបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្រ នៃវិទ្យាស្ថានជាតិគ្រប់គ្រង បានរំឭកឡើងវិញពីភារកិច្ចរបស់ម្តាយលោក ដែលបានចិញ្ចឹមបីបាច់ថែរក្សាលោកឲ្យបានជាកូនល្អតាំងពីនៅក្នុងផ្ទៃរហូតដល់លោកបានសម្រេចការសិក្សា ហើយមានការងារធ្វើថែមទៀតថា ៖ «នៅពេលដែលខ្ញុំធំ ខ្ញុំចូលសាលានៅថ្នាក់មត្តេយ្យនោះ គឺគាត់ខំប្រឹងដើរផ្តែផ្តាំលោកគ្រូ អ្នកគ្រូឲ្យជួយបីបាច់ថែរក្សាកូន ហើយនិងផ្តែផ្តាំលោកគ្រូអ្នកគ្រូឲ្យជួយមើលកូនថា កូនកុំឲ្យដើរលេង។ ម្តាយខ្ញុំទៅជួបនាយកសាលា ឬក៏ទៅតាមដានជារៀងរាល់សប្តាហ៍ម្តង»។
លោក ប៊ូវ៉ាន មុនីរក្ស មានប្រសាសន៍ពីគុណូបការៈនិងទឹកចិត្តដ៏ប្រពៃរបស់ម្តាយលោកថា ទោះជាម្តាយលោកមានកិច្ចមមាញឹកក្នុងការប្រកបការងារដើម្បីរកប្រាក់មកចិញ្ចឹមកូនយ៉ាងណាក៏ដោយ ម្តាយលោកនៅតែខំជួយឆ្លៀតបង្ហាត់បង្រៀនដល់លោកពីរបៀបសរសេរ របៀបនិយាយ របៀបអានភាសាខ្មែរឲ្យបានត្រឹមត្រូវ។
លោក ប៊ូវ៉ាន មុនីរក្ស មានប្រសាសន៍ដូច្នេះ ៖ «គាត់នៅតែព្យាយាមស្វែងរកថវិកា ហើយនិងសម្ភារៈផ្សេងៗដើម្បីទុកឲ្យខ្ញុំ ។ ខ្ញុំខំប្រឹងរៀនរហូតខ្ញុំប្រឡងឌីប្លូមជាប់ ហើយពេលខ្ញុំប្រឡងឌីប្លូម គាត់សប្បាយចិត្តណាស់។ គឺតាំងពីខ្ញុំបានជាប់ឌីប្លូមរហូតដល់ថ្នាក់ទី ១០- ១១– ១២ គឺខ្ញុំបានទទួលរង្វាន់លេខ១ ជារៀងរាល់ឆ្នាំ ជារៀងរាល់ខែ។ ហើយនៅពេលនោះ ម៉ាក់ខ្ញុំសប្បាយចិត្តណាស់ ដោយឃើញកូនរបស់គាត់ដើរតាមគន្លងធម៌ ហើយម៉ាក់ខ្ញុំសន្សំលុយឲ្យខ្ញុំរៀនរហូតដល់ខ្ញុំបានចប់ថ្នាក់បរិញ្ញាបត្រ»។
អ្នកស្រី យឹម សុខារី នាយិកាប្រតិបត្តិបានមានប្រសាសន៍លើកឡើងពីលក្ខណៈសិស្សល្អ ដែលគប្បីមានថា ៖ «កូនល្អគឺត្រូវខិតខំរៀនសូត្រដើម្បីស្វែងយកចំណេះវិជ្ជាយកមកឲ្យខ្លួនឯង ក៏ដូចជាគ្រួសារផ្ទាល់ ចេះថែរក្សាកិត្តិយសខ្លួនឯង ក៏ដូចជាកិត្តិយសវង្សត្រកូល និងក្រុមគ្រួសារ។ ចេះយកចិត្តទុកដាក់យ៉ាងម៉េចដើម្បីសាមគ្គីភាពនៅក្នុងគ្រួសារ និងឲ្យតម្លៃដល់វង្សត្រកូលខ្លួនឯង។ ហើយចំពោះកូនដែលត្រូវមានវិន័យល្អ ឬធ្វើខ្លួនល្អ គឺគិតថាជាសិស្សល្អនោះ គឺថាត្រូវទៅរៀនគឺគោរពម៉ោងពេលបទបញ្ជានៅក្នុងសាលា គោរពលោកនាយកនាយិកា ឬ ក៏គ្រូបន្ទុកថ្នាក់របស់ខ្លួន ហើយសំខាន់ខំប្រឹងប្រែងក្នុងការរៀនសូត្រ មិនគេចវេះសាលា ហើយបើសិនជាមានធុរៈអីក្នុងការអវត្តមាន គឺត្រូវផ្តល់ព័ត៌មានជូនទៅសាលានោះឲ្យគេបានដឹង ពិសេសគឺគ្រូបន្ទុកថ្នាក់ដើម្បីជ្រាបជាព័ត៌មាន»។
ចំពោះមិត្តល្អវិញនោះ អ្នកស្រីនាយិកាមានមតិថា គឺត្រូវជួយទុក្ខធុរៈមិត្តដែលមានធុរៈ មានការឈឺថ្កាត់ ឬក៏មានគ្រោះថ្នាក់តាមផ្លូវ ឬ គឺត្រូវចេះជួយគ្នាយកអសារគ្នា ជូនទៅពេទ្យ ឬក៏ផ្តល់ដំណឹងទៅឲ្យក្រុមគ្រួសារ មិត្តភក្តិនោះ។
អ្នកស្រីដែលមាននាទីជាម្តាយផង ជាអ្នកអាណាព្យាបាលផង និងជានាយិកាប្រតិបត្តិនៃអង្គការកម្មវិធីជួយក្មេងអនាថានិងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ដែលនិយាយថាល្អបីយ៉ាង ជាពលរដ្ឋដ៏ល្អនោះគឺ ៖ «ពេលដែលគាត់កសាងខ្លួនគាត់ឲ្យមានភាពថ្លៃថ្នូរ ឬក៏មានវិន័យក្នុងការអប់រំខ្លួនឯងបានហើយ។ នៅពេលដែលគាត់ក្លាយទៅជាសិស្សល្អនោះ គឺគាត់មានការស្រឡាញ់ពេញចិត្តពីឪពុកម្តាយ គឺមាតាបិតាដែលចិញ្ចឹមថែរក្សាបុត្រនោះ សម្លឹងឃើញកូនគាត់ហ្នឹងមានអនាគតប្រសើរ ហើយកូនគាត់នឹងក្លាយទៅជាទីពឹងពំនាក់នៅពេលដែលគាត់ចាស់ជរាទៅ»។
អ្នកស្រីលើកជាឧទាហរណ៍ថា ជាមិត្តល្អ គឺលទ្ធផលចុងក្រោយគឺគាត់សំបូរទៅដោយការរាប់អានមិត្តភក្តិច្រើន គាត់មានវិន័យល្អ គាត់មានចរិតលក្ខណៈល្អ គាត់ក៏មានការទទួលរាប់អានពីមិត្តភក្តិជុំវិញខ្លួនគាត់ មានការសរសើរលើកទឹកចិត្ត ជាពិសេសជាគំរូសម្រាប់ពួកមិត្តភក្តិគាត់ទៅអនាគត ហើយជាប្រការ១ដ៏ប្រសើរ គាត់នឹងក្លាយខ្លួនទៅជាពលរដ្ឋល្អ ក្លាយទៅជាធនធាន១ ដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។
អ្នកស្រី យឹម សុខារី មានប្រសាសន៍ថា ៖ «គឺគាត់ចេះស្រឡាញ់ជាតិខ្លួនឯង ចេះថែរក្សាសម្បត្តិសាធារណៈ សម្បត្តិរួម សម្បត្តិជាតិ ហើយគាត់នឹងក្លាយទៅជាពលរដ្ឋដែលស្គាល់អត្តសញ្ញាណខ្លួនឯងច្បាស់លាស់ ជាតិសាសន៍ច្បាស់លាស់ នឹងក្លាយទៅជាធនធាន១ទៀត ចេះថែរក្សា អភិវឌ្ឍ និងអភិរក្សនូវតម្លៃវប្បធម៌ជាតិសាសន៍ខ្លួនឯងទៀត សង្គមកម្ពុជាយើងទាំងមូលមើលឃើញគាត់ថាជាធនធាន១ដែលមានតម្លៃជាគំរូ»៕
