លោកអ្នកនាងបានជ្រាបពីសប្តាហ៍មុនមកហើយពីសង្គហធម៌ប្រាំប្រការដែលបុត្រធីតាត្រូវមានចំពោះមាតាបិតា។
ព្រះតេជព្រះគុណ វរជិរគន្តោ សម ស៊ីណាន ប្រធានមជ្ឈមណ្ឌលអប់រំ សីលធម៌ ព្រះពុទ្ធសាសនា នាទីក្រុងភ្នំពេញ មានថេរដីការំឮកឡើងវិញថា ៖ «អ៊ីចឹងបុត្រធីតាមានបីប្រភេទគេហៅថា ទី១ អវជាតបុត្តជាកូនដែលមិនស្តាប់បង្គាប់ឪពុកម្តាយ ជាក្មេងចូលចិត្តប្រព្រឹត្តអំពើពាលាអាវាសែ ចូលចិត្តលេងល្បែង ប្រព្រឹត្តតែទង្វើអាក្រក់ទាំងកាយ ទាំងវាចានិងចិត្ត ជាពិសេសមិនស្តាប់ដំបូន្មានឪពុកម្តាយជាដើម។ ទី២ អនុជាតបុត្តជាកូនដែលស្តាប់តាមដំបូន្មានឪពុកម្តាយ។ ឪពុកម្តាយទូន្មានឲ្យធ្វើអ្វីគឺស្តាប់តាម។ ចំណែកទី៣ អតិជាតបុត្តជាកូនដ៏ប្រសើរបំផុត គោរពស្តាប់ឱវាទដំបូន្មានឪពុកម្តាយ ចូលចិត្តប្រព្រឹត្តតែអំពើល្អ ឧស្សាហ៍ព្យាយាមសិក្សា ចំណេះដឹងខ្ពង់ខ្ពស់ ហើយនិងអាចជួយឪពុកម្តាយបំពេញនូវទង្វើល្អផ្សេងៗ»។
ចំណែកនៅក្នុងសំណេររបស់លោកធម្មបណ្ឌិត ប៊ុត សាវង្ស ដែលមានចំណងជើងថា "សិក្ខាបទមនុស្សល្អ" បានចែងថា កូនល្អត្រូវមានសេចក្តីសង្គ្រោះប្រាំយ៉ាង៖ ទី១ កូននៅពេលដែលបានទទួលនូវការទំនុកបម្រុងថែរក្សាឲ្យបានធំធាត់ រៀនសូត្រ ប្រកបរបររកស៊ីបានហើយ កូនត្រូវជួយទំនុកបម្រុងម្តាយឪពុកវិញ ដោយការដឹងគុណ និងដោយការពេញចិត្តចំពោះសេចក្តីល្អ។ ទី២ ជួយកិច្ចការរបស់ឪពុកម្តាយនៅពេលដែលលោកទាំងពីរចាស់ដែលលោកមិនអាចធ្វើបានដូចពីមុន កូនប្រុសស្រីត្រូវធ្វើជំនួសលោក ជាពិសេសកិច្ចការធ្ងន់ៗនៅពេលដែលលោកមានវ័យចាស់ជរា។ ទី៣ ត្រូវរក្សាវង្សត្រកូល កេរដំណែលរបស់ឪពុកម្តាយ។ ទី៤ កូនត្រូវប្រព្រឹត្តខ្លួនឲ្យស័ក្តិសមជាអ្នកទទួលកេរមត៌កអំពីឪពុកម្តាយ។ ទី៥ នៅពេលមាតាបិតាធ្វើមរណកាលទៅហើយ កូនត្រូវមានតួនាទីមួយទៀតគឺបំពេញទក្ខិណាទានផ្សេងៗ ហើយឧទ្ទិសនូវបុណ្យកុសលជូនចំពោះលោក។
ទន្ទឹមនឹងទស្សនៈរបស់លោកធម្មបណ្ឌិត ប៊ុត សាវង្ស នេះ ព្រះភិក្ខុ សម ស៊ីណាន មានថេរដីកាបន្តថា ក្រៅពីសង្គហធម៌ទាំងប្រាំចំណុចដូចដែលរៀបរាប់មកនេះ កូនប្រុសស្រីក៏ត្រូវមានសមធម៌បួនយ៉ាងទៀត។
ព្រះភិក្ខុ សម ស៊ីណាន បានមានថេរដីកាថា ៖ «រាល់រូបបុត្រធីតាទាំងអស់ត្រូវគិតយ៉ាងនេះ ព្រោះមាតាបិតាយើងមិនបានសិក្សារៀនសូត្រច្រើន អ៊ីចឹងយើងមានវិធីមួយដើម្បីជួយគាត់រស់នៅឲ្យបានល្អក្នុងបច្ចុប្បន្នផងនិងទៅអនាគតផង។ កូនដែលមានការយល់ដឹងនិងពិចារណាគួរពន្យល់លោកទាំងពីរឲ្យមានសទ្ធា គឺកុំឲ្យមានជំនឿផ្តេសផ្តាស ព្រោះថាទ្រឹស្តីព្រះពុទ្ធសាសនា ជំនឿមានហេតុផល។ ជឿលើកម្ម ជឿលើផល បើធ្វើអំពើល្អ បានផលល្អ ធ្វើអំពើអាក្រក់គឺបានផលអាក្រក់។ ប្រឹងរៀននឹងចេះ បើមិនរៀនគឺអត់ចេះ ប្រឹងរកស៊ីនឹងមាន តែមិនរកស៊ីគឺមិនមាន...»។
ព្រះភិក្ខុ សម ស៊ីណាន ថេរដីកាអធិប្បាយបន្តថា ៖ «ទី២ សីល៖ បើម្តាយឪពុកមិនមានសីលធម៌ល្អទេ មិនមានសុជីវធម៌ក្នុងការរស់នៅទេ ជាពិសេសបើម្តាយឪពុកខ្មែរយើង បើសិនណាគាត់មិនសូវមានសីលមានទានទេត្រូវជំរុញគាត់ទៅ អ៊ីចឹងយើងធ្វើទង្វើល្អបានផលល្អ ចាស់ទុំគាត់រាប់អាន អីចឹងប្រពៃណីយើងមានតែជូនពុកម៉ែទៅវត្តទៅវ៉ា ស្តាប់ធម៌ ស្តាប់អាថ៌។ ទី៣ ចាគ៖ មាតាបិតាខ្លះបុត្រធីតាជូនបច្ច័យ ជូនអី គាត់រក្សាទុក គឺឪពុកម្តាយខ្លះមិនព្រមចាយវាយ គាត់នៅតែខំសន្សំសម្រាប់ទំនុកបម្រុងក្រុមគ្រួសារ ប៉ុន្តែដល់ចាស់ទៅកុំរក្សាច្រើនពេក បានន័យថា ដល់យើងចាស់ទៅយើងមិនអាចប្រើប្រាស់បានទេ ព្រោះថាជីវិតមិនទៀងទេ មិនថាក្មេងថាចាស់។ អ៊ីចឹងត្រូវមានសទ្ធាក្នុងការបរិច្ចាគជួយដល់ជនក្រីក្រជួយដល់ស្មូមយាចក ពេលប្រទេសជាតិមានបញ្ហា ប្រជាជនជួបគ្រោះមហន្តរាយ ទុរ្ភិក្សអី បែងចែករំលែកជួយ...»។
ព្រះតេជព្រះគុណបានអធិប្បាយទៀតត្រង់ចំណុចទី៤ថា រាល់រូបកូនប្រុសស្រីទាំងអស់ត្រូវធ្វើយ៉ាងណាឲ្យមាតាបិតាមានបញ្ញា ៖ «ព្រោះថាសម័យមុននោះឪពុកម្តាយលោករវល់តែប្រកបការងារដើម្បីចិញ្ចឹមកូន គ្មានពេលបានសិក្សារៀនសូត្រឬក៏អានសៀវភៅបានដូចកូនប៉ុន្មានទេ។ ហើយមានឪពុកម្តាយខ្លះរវល់ធ្វើស្រែចម្ការដើម្បីចិញ្ចឹមកូន។ បើថាគ្មានពេលបង្រៀនគាត់ដូច្នេះ ដឹកគាត់ទៅតែវត្តទៅយូរៗទៅចេះឯង ដល់ថ្ងៃសីលដឹកម៉ាក់ទៅវត្ត ប៉ាទៅវត្ត។ នៅវត្តគាត់សេពគប់ជាមួយអ្នកណា គាត់សេពគប់តែជាមួយព្រះសង្ឃ តាអាចារ្យ តាជី ដូនជី ដល់គាត់ជជែកធម៌អាថ៌យូរៗគាត់ចេះហើយ។ ចេះធម៌សូត្រក៏យើងយក ចេះបែបទស្សនៈក៏យើងទទួលបាន...»។
ព្រះតេជព្រះគុណវរជិរគន្តោ សម ស៊ីណាន មានថេរដីកាបញ្ជាក់ថា ចំណុចទាំងអស់នេះហើយដែលបុត្រធីតាត្រូវបំពេញចំពោះមាតាបិតា។ បើមាតាបិតានិងបុត្រធីតាស្គាល់តួនាទីរបស់ខ្លួនទៅវិញទៅមកដូច្នេះ នោះនឹងធ្វើឲ្យសីលធម៌របស់ខ្មែររីកចម្រើន សង្គមនឹងប្រកបដោយសីលធម៌ជាសង្គមប្រកបដោយសុខសន្តិភាព ដែលមានសេចក្តីសន្តោសនិងមានសេចក្តីអនុគ្រោះយោគយល់គ្នាទៅវិញទៅមកជាមិនខាន។ ហើយដែលសំខាន់គឺខ្មែរចេះខ្លាចបាប ហៅថាមានហិរិឧត្តប្បៈនេះឯង៕