អ្នកជំនាញ​ថា បញ្ហា EBA និង​បញ្ហា​ក្នុង​តំបន់ អាច​ជា​ហេតុផល​នៅ​ពីក្រោយ​ការលើក​ពេល​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប​លើកទី១៣

0:00 / 0:00

អ្នកជំនាញ​មើលឃើញ​ថា អាច​មាន​ហេតុផល​ច្រើន​នៅ​ពីក្រោយ​ការសម្រេចចិត្ត​លើកពេល​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើកទី១៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​ ទៅ​ធ្វើ​នៅ​ពាក់​កណ្តាល​ឆ្នាំក្រោយ ជាជាង​ធ្វើតាម​ប្រព័ន្ធVideo Conference។ ពួកគេ​ថា ក្រៅតែ​ពី​បញ្ហា​វិបត្តិ​កូវីដ-១៩ ភាពល្អក់​កករ​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​បញ្ហា​ក្នុង​តំបន់ អាច​ជា​ហេតុផល​មួយ​ចំនួន​ជំរុញ​ឲ្យ​លើកពេល​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​នេះ។

ការសម្រេច​ពន្យារ​ពេល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬ ASEM ​លើកទី១៣ នៅ​កម្ពុជា ទៅ​ឆ្នាំក្រោយ​ ជាង​ធ្វើ​តាម​ប្រព័ន្ធ​អនឡាញ Video Conference ត្រូវ​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​ផ្តល់​ទស្សនៈ​ និង​ការយល់ឃើញ​ផ្សេងៗគ្នា។

​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (Asian Vision Institute) និង​ជា​សមាជិក​មួយ​រូប​នៃ​ក្រុមការងារ​សរសេរ​សុន្ទរកថា​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប បណ្ឌិត ឈាង វណ្ណារិទ្ធ លើកឡើង​ពី​ហេតុផល​ចម្បង​ពីរ​ដែល​នាំ​ឲ្យ​មាន​ការសម្រេច​ពន្យារ​ពេល​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ទៅ​ពាក់​កណ្តាល​ឆ្នាំក្រោយ​វិញ ជាជាង​ប្រជុំ​តាម Video Conference។ ហេតុផល​ទាំងពីរ​នេះ លោកថា គឺ​ដោយសារតែ​មាន​ការពិបាក​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​តាម​វីដេអូ ដែល​មាន​តំណាង​ប្រទេស​រហូត​ដល់​ទៅ​ជាង៥០​ចូលរួម និង​ម្យ៉ាងទៀត​កម្ពុជា​ក៏​ចង់ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​កិច្ចប្រជុំ ASEMទាំងនេះ​ស្គាល់​ពី​កម្ពុជា​កាន់តែ​ច្បាស់​តាមរយៈ​ការចូលរួម​កិច្ចប្រជុំ​ដោយផ្ទាល់​នៅ​ឆ្នាំក្រោយ៖« ទីមួយ​ ធ្វើ Video Conference ជាមួយ​បណ្តា​ប្រទេស​ជាង៥០ ប្រហែល​មិនមែន​ជា​ការងាយស្រួល​ទេ ពីព្រោះអី Time Zone ក៏ខុសគ្នា។ អញ្ចឹងទេ ចំពោះ​ជំហរ​កម្ពុជា​គឺចង់​ពន្យារ ហើយ​បាន​ទទួល​ការគាំទ្រ​ពីគ្រប់​សមាជិក ASEM ទៅ​ពាក់​កណ្តាល​ឆ្នាំក្រោយ។ បញ្ហា​ទីពីរ​ពាក់ព័ន្ធ​ទៅនឹង​គោលបំណង​របស់​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​ចង់ឲ្យ​ភ្ញៀវ​មក​ស្គាល់​កម្ពុជា បង្ហាញ​នូវ​ការរាក់ទាក់ ឬក៏​ការទទួល​កក់ក្តៅ។ »

Chaired by , the July virtual Senior Officials' Meeting decided to postpone to mid-2021 w/ the support & understanding of SOM Leaders,<br/> <br/>More in the press release from the MFA Cambodia👇

ក៏ប៉ុន្តែ សម្រាប់​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​ដទៃទៀត ពួកគេ​យល់ឃើញ​ផ្សេង​ពីនេះ។ កន្លងទៅ​ បើទោះបីជា​ប្រឈម​នឹង​វិបត្តិ​រាតត្បាត​សាកល​នៃ​ជំងឺ​កូវីដ-១៩​ក៏ដោយ ជា​ជាង​លុបចោល ឬ​ពន្យារ​ពេល ក៏​កិច្ចប្រជុំ​កំពូល​នានា​នៅតែ​អាច​បន្ត​ធ្វើ​បាន​តាមរយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ ដូចជា​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​ប្រទេស​វៀតណាម កិច្ចប្រជុំ​នានា​របស់​អង្គការ​សហប្រជាជាតិ និង​របស់​សហភាព​អឺរ៉ុប​ជាដើម។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ Naresuan នៃ​ប្រទេស​ថៃ បណ្ឌិត ប៉ូល ឆែមប៊័រ (Paul Chambers) យល់​ឃើញ​ថា​ការពន្យារ​ពេល​ជាជាង​ធ្វើ​កិច្ចប្រជុំ​តាម​វីដេអូ​អនឡាញ​នាចុង​ឆ្នាំនេះ គឹ​អាច​ដោយសារតែ​កម្ពុជា​មិន​ចង់ឲ្យ​ប្រទេសចិន​ថ្នាំងថ្នាក់ ប្រសិន​បើ​កិច្ចប្រជុំ​នោះ​ ឈាន​ទៅ​និយាយ​ពី​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ឬ​បញ្ហា​នៅ​ក្រុងហុងកុង​ជាដើម។ លោក​បន្ថែមថា ហេតុផល​មួយទៀត​គឺ​លោក ហ៊ុន សែន មិន​ចង់​រង​ការ​អាម៉ាស់ នៅ​ពេល​ដែល​តំណាង​សហភាព​អឺរ៉ុប អាច​នឹង​លើក​យក​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មក​និយាយ​នៅពេល​ដែល​មាន​កិច្ចប្រជុំ​អនឡាញ​នោះ។

ដូចគ្នា​នេះដែរ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​មួយរូប​ទៀត បណ្ឌិត អៀ សុផល យល់ថា មេដឹកនាំ​អាស៊ី-អឺរ៉ុប សម្រេចចិត្ត​ថា វា​ជារឿង​ប្រសើរ​ដែល​ពួកគេ​មិនទាន់​ជួបគ្នា បើទោះជា​តាម​វីដេអូ Conferenceក៏ដោយ។ លោកថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​កំពុង​មាន​ប្រវត្តិ​អាក្រក់​ជាមួយ​សហភាព​អឺរ៉ុប មួយ​រយៈពេល​ចុងក្រោយ​នេះ ដូច្នេះ​ហើយ​ការធ្វើ​ជា​ត្រូវរ៉ូវ​គ្នា​ អាច​ជា​ការចម្លែក​បន្តិច​នៅពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ចំអក និង​វាយប្រហារ​ដោយ​ពាក្យ​សម្ដី​ទៅលើ​សហភាព​អឺរ៉ុប ដោយសារ​បញ្ហា​រម្លាយ​ប្រជាធិបតេយ្យ និង​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ក្រៅពីនោះ បញ្ហា​វិធានការ​របស់​ប្រទេសចិន​មក​លើ​ក្រុងហុងកុង និង​សមុទ្រចិន​ខាងត្បូង​ដែល​សហរដ្ឋអាមេរិក​ថា​ជា​ទង្វើ​ខុសច្បាប់​នោះ ក៏​សុទ្ធសឹងតែ​ជា​រឿងរ៉ាវ​ធ្វើឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ភាព​រួញរា និង​មិន​ស្រណុកចិត្ត ព្រោះ​ប្រទេស​ដទៃ​អាច​នឹង​លើក​យក​បញ្ហា​ទាំងនេះ​មក​និយាយ ប្រសិន​បើ​មាន​ការប្រជុំ​តាម​វីដេអូ​អនឡាញ​នៅ​ចុង​ឆ្នាំនេះ។

គេហទំព័រ​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប ASEMInfoBoard បង្ហាញថា​​កិច្ចប្រជុំ​កំពូល ASEM​ លើកទី១៣ ត្រូវបាន​លើកពេល​ទៅធ្វើនៅ​ចន្លោះ​ថ្ងៃទី០១ ខែមិថុនា ដល់​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វិញ។
គេហទំព័រ​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប ASEMInfoBoard បង្ហាញថា​​កិច្ចប្រជុំ​កំពូល ASEM​ លើកទី១៣ ត្រូវបាន​លើកពេល​ទៅធ្វើនៅ​ចន្លោះ​ថ្ងៃទី០១ ខែមិថុនា ដល់​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វិញ។ (ASEMInfoBoard)

ជុំវិញ​ការសម្រេច​ចិត្ត​ពន្យារ​ពេល​កិច្ចប្រជុំ​កំពូល​ទៅ​ធ្វើ​នៅឆ្នាំ​ក្រោយនេះ​ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​ លោក ឯម សុវណ្ណារ៉ា យល់ថា​ ការចង់​មាន​ជំនួប​ផ្ទាល់​ជាជាង​ការធ្វើ​ដោយប្រយោល​តាមវីដេអូConference ក៏​អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ជាពិសេស​គឺ​ការចរចា​ឡើង​វិញ​ក្នុងរឿង​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៖ « វា​មាន​សារសំខាន់​ត្រង់ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​អឺរ៉ុប​បាន ជាពិសេស​កម្ពុជា​តែម្តង​នៅពេល​ដែល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ មាន​អត្ថប្រយោជន៍​ច្រើន នៅក្នុង​ការចរចា​ ឬជជែកគ្នា នៅ​លក្ខខណ្ឌ ឬ​គោលការណ៍​មួយ​ចំនួន ដែល​អឺរ៉ុប និង​កម្ពុជា​មិន​យល់គ្នា ឧទាហរណ៍​ដូចជា​ពាក់ព័ន្ធនឹង​ការដាក់​ទណ្ឌកម្ម​ ឬក៏​ដាក់​សម្ពាធ​ EBA ២០ % ក៏អាច​ជួយ​ អាច​និយាយ​គ្នាបាន​ប្រសើរ​ជាងដែរ។ អញ្ចឹង ករណី​លើកពេលវេលា​នេះ កម្ពុជា​អាច​សង្ឃឹមថា​ ស្ថានភាព​ធូរស្បើយ អាច​និយាយ​ទៅ​មាន​ភាព​ប្រសើរ​ជាង​ លឿន​ជាង​ការប្រជុំ​តាមរយៈ Video Conference ឬ​អនឡាញ​ដែល​និយាយ​សាច់រឿង​មិនអស់​ខ្លឹមសារ »

លោក ឯម សុវណ្ណារ៉ា បន្តថា នៅពេល​មាន​កិច្ចប្រជុំ​កំពូល​នេះ​នាពេល​ខាងមុខ កម្ពុជា​អាច​នឹង​ព្យាយាម​បញ្ចៀស​មិន​ឲ្យមាន​ការជជែក​ដេញដោល​ពី​បញ្ហា​នៅ​ក្រុងហុងកុង និង​បញ្ហា​សមុទ្រចិន​ខាងត្បូង ពីព្រោះ​កន្លងទៅ​កម្ពុជា​គាំទ្រ​ប្រទេសចិន៖ «ខ្ញុំ​គិត​ថា បញ្ហា​រឿង​ហុងកុង បញ្ហា​រឿង​សមុទ្រ​ចិន​ខាងត្បូង ប្រហែលជា​កម្ពុជា​អាច​បញ្ចៀស​មិន​ចង់​ឲ្យ​មាន​ការ​លើកឡើង​ទេ ឬក៏​ពាក់ព័ន្ធ​បញ្ហា​នេះទេ ព្រោះ​កន្លងមក​កម្ពុជា​ឈរ​ជំហរ​ខាងចិន។ ដូច្នេះ​ហើយ​ វា​មិន​អំណោយផល​សម្រាប់​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ជាមួយនឹង​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ទេ។ តែប្រសិនបើ​កម្ពុជា​លើក ខ្ញុំគិតថា ពាក់ព័ន្ធនឹង​បញ្ហា​ស្ថិរភាព នយោបាយ​ប្រជាធិបតេយ្យ​ពាក់ព័ន្ធនឹង​បរិយាកាស​វិនិយោគ ជាពិសេស​ផ្តោតទៅលើ​វិស័យ​ទេសចរណ៍»។

ការមិន​ហ៊ាន​និយាយ​ពី​បញ្ហា​ក្នុងតំបន់​របស់​ប្រទេស​ចិន ត្រូវ​បណ្ឌិត ឈាង វណ្ណារិទ្ធិ ថា កម្ពុជា​មិន​ឲ្យ​តម្លៃ​នោះទេ ខណៈ​ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​នេះ គឺផ្តោតពី​បញ្ហា​ពង្រឹង​ប្រព័ន្ធ​ពហុភាគីនិយម និង​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ៖ « កម្ពុជា​បាន​ដាក់ចេញ​នូវ​ប្រធានបទ​សំខាន់​គឺ ពង្រឹង​ប្រព័ន្ធ​ពហុភាគី​និយម​ដើម្បី​កំណើន​រួម។ វានឹង​នៅតែ​បន្ត។ ប៉ុន្តែ អាច​នឹង​ផ្តោត​សំខាន់​បន្ថែម​ទៅនឹង​ការ​រើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​បន្ទាប់​ពី​សម័យ​កូវីដ ក៏ប្រហែល​ជា​បញ្ហា​ដែល​បណ្តាល​ប្រទេស ASEM ភាគច្រើន​គេ​ចាប់អារម្មណ៍។ ចំពោះ​បញ្ហា​សមុទ្រចិន​ខាងត្បូង​ វាអាស្រ័យ​ទៅលើ​សមាជិក​ផ្សេងៗទេ។ បើគាត់​ចាប់អារម្មណ៍​ គាត់​អាច​លើក​បញ្ហា​នេះ​បាន។ ក៏ប៉ុន្តែ នោះ​មិនមែន​ជា​បញ្ហា​ដែល​កម្ពុជា​ចាប់​អារម្មណ៍ ឬក៏​ឲ្យ​តម្លៃ​ខ្ពស់​នោះទេ »

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ដោយសារតែ​លោក​មិន​លើក​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២១ កក្កដា។ លោក​ក៏​មិនទាន់​ឆ្លើយតប​នឹង​សំណួរ​របស់​អាស៊ីសេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅឡើយទេ​គិតត្រឹម​ម៉ោង​ផ្សាយ​នេះ ជុំវិញ​ជំហរ​របស់​កម្ពុជា​ពី​បញ្ហា​របៀបវារៈ​ទាំងនេះ និង​ថាតើ​កម្ពុជា​នឹងត្រូវ​ធ្វើ​ដូចម្តេច​ទៀត​ប្រសិន​បើ​វិបត្តិកូវីដ-១៩​នៅតែ​មិន​អាច​បិទ​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំក្រោយ ហើយ​បន្ត​រារាំង​ដល់​កិច្ចប្រជុំ​នេះទៀត។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២-៣ ខែកក្កដា...Posted byon

ប្រសិនបើ​កម្ពុជា​នៅតែ​មិន​អាច​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​បាន បណ្ឌិត ប៉ូល ឆែមប៊័រ យល់ថា កម្ពុជា​នឹង​ខាត​បង់​ប្រយោជន៍​ព្រោះ​នាំឲ្យ​មាន​ការយល់​កាន់​តែ​ច្រើន​ឡើង​ថា ប្រទេស​នេះ​មិន​អាច ឬ​មិន​ចង់​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​អឺរ៉ុប​បាន។ រីឯ​បណ្ឌិត អៀ សុផល វិញថា កម្ពុជា​នឹងត្រូវ​បាត់បង់​មុខមាត់ រួម​ទាំង​ចំណូល​លើ​ការកក់​សណ្ឋាគារ​ដោយសារ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នេះ ខណៈ​ប្រទេសចិន​ក៏​អាក់ខាន​មិន​អាច​ឈ្លប​យក​ការណ៍​ពីកិច្ចប្រជុំ​នេះ​បាន។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ លើកទី​១៣ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ២០២០។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ លើកទី​១៣ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ២០២០។ (រូបថត៖ ក្រសួង​ការបរទេស​)

លោក ហ៊ុន សែន ធ្លាប់​ចាត់ទុក​ថា​ កិច្ចប្រជុំ​កំពូល​នេះ នឹងក្លាយជា​ព្រឹត្តិការណ៍ « ប្រវត្តិសាស្ត្រ​ការទូត » របស់​កម្ពុជា ហើយ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​កម្ពុជា​ក្នុង​ការពង្រឹង​ប្រព័ន្ធ​ពហុភាគី​និយម ជំរុញ​ការដោះស្រាយ​បញ្ហា​ប្រឈម​សាកល និង​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាព​រស់រវើក​ឡើងវិញ។

កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នេះ នឹង​មាន​មេដឹកនាំ​កំពូលៗ​មក​ពី​អាស៊ី និង​អឺរ៉ុប សរុប​ចំនួន៥៣ ប្រទេស​ចូលរួម ក្នុងនោះ ២១ប្រទេស​មក​ពី​អាស៊ី និង​៣០ប្រទេស​មកពី​អឺរ៉ុប ព្រមទាំង​អគ្គលេខាធិការដ្ឋាន​អាស៊ាន និង​សហភាព​អឺរ៉ុប។ ប្រទេស​ជាដៃគូ​អាស៊ី-អឺរ៉ុប ឬ ASEM តំណាង​ឲ្យ ៦៥ភាគរយ នៃ​សេដ្ឋកិច្ច​ពិភពលោក ៦០ភាគរយ នៃ​ប្រជាជន​ពិភពលោក ៥៥ភាគរយ នៃ​ពាណិជ្ជកម្ម​ពិភពលោក និង​៧៥% នៃ​ទេសចរណ៍​ពិភពលោក។ កិច្ចប្រជុំ​កំពូលនេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើក​កម្ពស់​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប ដើម្បី​លើកកម្ពស់​សន្តិភាព វិបុលភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម។ កិច្ចប្រជុំ​កំពូល​នេះ ប្រព្រឹត្តិ​ទៅ​រៀងរាល់​ពីរឆ្នាំ​ម្តង ដោយ​ប្ដូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ ម្ដង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​ណាមួយ​ជា​រដ្ឋ​សមាជិក​នៅ​អឺរ៉ុប ឬនៅ​អាស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។