អ្នកជំនាញកិច្ចការតំបន់ទន្លេមេគង្គ លើកឡើងថា កត្តាប្រែប្រួលអាកាសធាតុ ការគ្មានភ្លៀងធ្លាក់ និងការសាងសង់ទំនប់វារីអគ្គិសនីដ៏សម្បើមនៅតាមប្រទេសខ្សែទឹកខាងលើនៃទន្លេមេគង្គ ជាពិសេសប្រទេសចិន និងឡាវ កំពុងតែធ្វើឲ្យផ្ទៃបឹងទន្លេសាបត្រូវរីងរាក់ខ្លាំងមិនធ្លាប់មានពីមុនមកនៅរដូវវស្សា។ អ្នកជំនាញរូបនេះព្រមានថា ការអូសបន្លាយភាពរីងរាក់នៅបឹងទន្លេសាប និងភាពយឺតយ៉ាវនៃលំហូរទឹកពីទន្លេមេគង្គចូលទៅចាក់បំពេញបឹងទន្លេសាបនារដូវវស្សានេះ នឹងធ្វើឲ្យប្រជានេសាទជាងពីរលាននាក់នៅតំបន់បឹងទន្លេសាប ត្រូវធ្លាក់ខ្លួនខ្ចីបុលគេកាន់តែខ្លាំងថែមទៀត ស្របពេលដែលរដ្ឋាភិបាលពុំបានត្រៀមខ្លួនជួយដោះស្រាយបញ្ហារបស់ពួកគេក្នុងរយៈពេលអន្តរកាលនេះ។
ខាងក្រោមនេះ ជាបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ ជាមួយលោក ប្រាយអ៊ិន អាយល័រ (Brian Eyler) នាយកកម្មវិធីតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយ ស្ទីមសុន សេនធឺ (Stimson Center) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ជុំវិញបញ្ហាវិបត្តិទឹកនៅបឹងទន្លេសាបនៅរដូវវស្សានេះ ដូចតទៅ៖
លោក មាន ឫទ្ធិ៖ តើអ្វីទៅជាហេតុផលចម្បងនៅពីក្រោយការរីងរាក់នៃបឹងទន្លេសាប ឬភាពយឺតយ៉ាវនៃលំហូរទឹកពីទន្លេមេគង្គមកចាក់បំពេញអាងបឹងទន្លេសាបនារដូវវស្សានេះ?
លោក ប្រាយអ៊ិន អាយល័រ៖ កត្តាដែលចូលរួមចំណែកយ៉ាងសំខាន់បង្កឲ្យមានការរីងរាក់នៃបឹងទន្លេសាបនាពេលនេះ គឺកង្វះបរិមាណភ្លៀងធ្លាក់។ ក៏ប៉ុន្តែ នៅពេលដែលខ្វះភ្លៀងធ្លាក់នៅតំបន់ទន្លេមេគង្គខាងក្រោម ពេលនោះគេនឹងនិយាយអំពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនី។ ជាពិសេស គឺផលប៉ះពាល់នៃទំនប់វារីអគ្គិសនីស្តុកទឹកទុកនៅប្រទេសចិន និងឡាវ តែម្ដង ដែលស្តុកទឹកទុកក្នុងបរិមាណដ៏សម្បើមនៅរដូវវស្សា ជាជាងបើកឲ្យទឹកទន្លេហូរដូចធម្មជាតិ។ ចិនគឺជាប្រទេសមួយដែលមានទំនប់វារីអគ្គិសនីធំជាងគេមួយចំនួននៅលើពិភពលោក។ ជាថ្មីម្ដងទៀត យើងមើលឃើញថា ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាមកនេះ ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើរបស់ចិន កំពុងត្រៀមបង្ខាំងទឹកទុកជាង ២០ពាន់លានម៉ែត្រគូប មិនឲ្យហូរចូលទៅខ្សែទឹកខាងក្រោម។ បរិមាណទឹកទាំងនោះ គួរតែត្រូវហូរទៅចាក់បំពេញឲ្យខ្សែទឹកខាងក្រោម កាលពីរដូវវស្សាឆ្នាំទៅមិញ និងរដូវវស្សាឆ្នាំនេះ។ ប៉ុន្តែ វាមិនបានកើតឡើងឡើយ។ បរិមាណទឹកទាំងនេះ អាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឲ្យមាននូវកម្លាំងចលករបង្កើតបានជារដូវមូសុងវស្សា ដែលទឹកភាគច្រើន ត្រូវហូរទៅចាក់បំពេញផ្ទៃអាងបឹងទន្លេសាប នាំឲ្យបឹងទន្លេសាបផ្លាស់ប្ដូរចរន្តទឹកហូរ។ ប៉ុន្តែ វានឹងក្រកើតឡើងក្នុងឆ្នាំនេះ។ ទឹកទាំងនោះ គួរតែហូរចូលទៅបឹងទន្លេសាប ហើយចែកចាយបន្តទៅខ្សែទឹកខាងក្រោម ដែលនឹងពង្រីកការចែកចាយទឹកដល់តំបន់វាលទំនាបនៅកម្ពុជា និងនៅវៀតណាម។ ក៏ប៉ុន្តែ រឿងដូច្នេះ នឹងមិនងាយកើតមានឡើងឡើយក្នុងឆ្នាំនេះ។ ទាំងអស់នេះហើយ គឺជាកត្តាមួយចំនួន ចូលរួមចំណែកបង្កើតឲ្យមានស្ថានភាពកម្រិតទឹកទាបបំផុតនៅតាមដៃទន្លេមេគង្គ និងភាពយឺតយ៉ាវនៃលំហូរទឹកទៅចាក់បំពេញបឹងទន្លេសាប។
លោក មាន ឫទ្ធិ៖ តើគេអាចធ្វើដូចម្ដេចបានដើម្បីជួយសង្គ្រោះបឹងទន្លេសាបកុំឲ្យទទួលរងនូវការរីងរាក់ ឬគ្រោះរីងស្ងួតក្នុងរដូវវស្សាយ៉ាងដូច្នេះនោះ បាទ?
លោក ប្រាយអ៊ិន អាយល័យ៖ ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ អាចត្រូវដំណើរការឡើងដើម្បីទ្រទ្រង់ឲ្យមានលំហូរទឹកតាមបែបធម្មជាតិ និងដើម្បីជួយបង្កើតឲ្យមានធារទឹកធម្មជាតិ។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ កំពុងតែដំណើរការផ្ទុយពីនេះ។ គឺទំនប់វារីអគ្គិសនីទាំងនោះ ត្រូវគេប្រើដើម្បីបង្ខាំងទឹកទុក ហើយត្រៀមទឹកទុកសម្រាប់រដូវប្រាំងខាងមុខ នៅពេលដែលថ្លៃអគ្គិសនីឡើងថ្លៃនៅប្រទេសចិន ដើម្បីឲ្យគេអាចយកទឹកទាំងនោះទៅប្រើប្រាស់សម្រាប់ផលិតអគ្គិសនី។
លោក មាន ឫទ្ធិ៖ ឥឡូវនេះផលប៉ះពាល់ និងការខូចខាតបណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើនៃទន្លេមេគង្គ បានកើតមានរួចទៅហើយ តើកម្ពុជាគួរតែធ្វើដូចម្តេច ក្នុងរយៈពេលខ្លីនេះ ដើម្បីដោះស្រាយបញ្ហានេះ?
លោក ប្រាយអ៊ិន អាយល័រ៖ បាទ! រដ្ឋាភិបាលកម្ពុជា អាចលើកឡើងពីកង្វល់ទាំងនេះ ទៅកាន់ប្រទេសនៅតាមខ្សែទឹកខាងលើ ដែលជាម្ចាស់ទំនប់វារីអគ្គិសនីទាំងនេះ បានដឹងឮ ព្រោះប្រទេសទាំងនោះបានបង្ខាំងទឹកទុកក្នុងរដូវវស្សា ហើយត្រូវស្នើឲ្យមានការបញ្ចេញធារទឹកឲ្យបានច្រើនដូចធម្មជាតិ។ ការធ្វើដូច្នេះ នឹងជួយសម្រាលនូវផលប៉ះពាល់មួយចំនួនបណ្ដាលមកពីភាពរីងស្ងួត និងរាំងស្ងួតដែលកំពុងតែកើតមានឡើងនៅខ្សែទឹកខាងក្រោម ជាជាងធ្វើឲ្យផលប៉ះពាល់ទាំងនោះ រឹតតែអាក្រក់ទៅៗ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំមិនច្បាស់ថា កម្ពុជាត្រៀមលក្ខណៈរួចរាល់ហើយឬនៅ ក្នុងការចាត់ចែងដោះស្រាយជាបណ្ដោះអាសន្នដើម្បីឲ្យប្រជានេសាទជាង២លាននាក់ ដែលកំពុងរស់នៅតាមបណ្ដោយបឹងទន្លេសាប អាចមានជម្រើសផ្លាស់ប្ដូរជីវភាពរស់នៅផ្សេងពីនេះបាន។ ដោយសារតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលគេអាចដឹងទុកជាមុនបាន បូករួមនឹងបញ្ហាប្រឈមនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហារីងស្ងួតនេះ ខ្ញុំមិនគិតថា កម្ពុជាមានធនធានគ្រប់គ្រាន់ទុកសម្រាប់យកទៅជួយប្រជានេសាទទាំងនោះក្នុងរយៈពេលអន្តរកាលនេះបានទេ។ ដូច្នេះ នេះមិនមែនជាអ្វីដែលកម្ពុជាតែឯងត្រូវគិតគូរដោះស្រាយជាបន្ទាន់នោះទេ ក៏ប៉ុន្តែ ដៃគូអភិវឌ្ឍន៍ និងដៃគូសហប្រតិបត្តិការការទូតសំខាន់ៗដទៃទៀតរបស់កម្ពុជា គួរតែចូលរួមផ្ដល់ជំនួយភ្លាមៗក្នុងដំណាក់កាលអន្តរកាលនេះ។ ខ្ញុំគិតថា វាច្បាស់ណាស់ថា បរិមាណជលផលនៅបឹងទន្លេសាបកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងមែនទែន។ បច្ចុប្បន្ន ជម្រើសតែមួយគត់សម្រាប់ប្រជានេសាទទាំងនោះ គឺត្រូវទៅខ្ចីបុលគេកាន់តែច្រើនឡើងបន្ថែមទៀត។ អ្នកនេសាទទាំងនោះ កំពុងតែព្យាយាមដោះបំណុលពីមុនមករបស់ពួកគេស្រាប់។ ពួកគេភាគច្រើន បានជាប់បំណុលច្រើនស្រាប់កាលពីឆ្នាំទៅមិញ ហើយការសងបំណុលវិញទៀតសោត ត្រូវធ្វើឡើងក្នុងពេលវេលាជាក់លាក់មួយ។ ដូច្នេះ ពួកគាត់មិនអាចចេះតែទៅជំពាក់បំណុលគេពីមួយឆ្នាំទៅមួយឆ្នាំបន្តកន្ទុយគ្នាយ៉ាងដូច្នេះបានទេ។ បើមិនដូច្នោះទេ ទាំងអ្នកនេសាទទាំងនោះ ហើយនឹងទាំងសេដ្ឋកិច្ចកម្ពុជានឹងត្រូវខ្ទេចខ្ទាំ។
លោក មាន ឫទ្ធិ៖ បើយើងសម្លឹងមើលទៅអនាគតវែងឆ្ងាយវិញ ប្រសិនបើវិបត្តិនេះចេះតែបន្តកើតមាន និងអូសបន្លាយម្តងហើយម្តងទៀត ជារៀងរាល់ឆ្នាំអញ្ចឹង តើវិបត្តិអត់ទឹកនេះ អាចនឹងឈានទៅបង្កឲ្យមានជាជម្លោះ ឬសង្គ្រាមដណ្ដើមទឹកគ្នាប្រើប្រាស់ក្នុងចំណោមប្រទេសក្នុងតំបន់ទន្លេមេគង្គដែរឬទេ?
លោក ប្រាយអ៊ិន អាយល័រ៖ ខ្ញុំមិនយល់ស្របទៅនឹងការទស្សន៍ទាយអំពីសង្គ្រាមដណ្ដើមទឹក ឬជម្លោះបណ្ដាលមកពីកង្វះធនធានទឹកនៅតំបន់ទន្លេមេគង្គនេះទេ។ ខ្ញុំគ្រាន់តែគិតថា វិបត្តិនោះនឹងលេចចេញជារូបរាងបណ្ដើរៗឡើង បន្តិចម្តងៗ ដែលគេមិនអាចដោះស្រាយបាន ដោយសារតែកត្តារួមផ្សំគ្នា នៃជំងឺរាតត្បាតសាកល បូករួមនឹងកង្វះទឹក ព្រមទាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាព្រឹត្តិការណ៍អាកាសធាតុអាក្រក់ក្ដៅខ្លាំង មហន្តរាយបង្កឡើងដោយព្យុះ ជាដើម។ ការឆ្លើយតបរបស់មនុស្សទៅនឹងបញ្ហាអស់ទាំងនេះ នឹងនាំមកនូវរឿងរ៉ាវដែលមិនអាចប្រែប្រួលបាននៅក្នុងតំបន់នេះ ខណៈប្រទេសនានានាពេលបច្ចុប្បន្ននេះពុំបានត្រៀមខ្លួននៅឡើយ។ មួយផ្នែកនៃការណ៍ដែលមិនបានត្រៀមខ្លួននេះ គឺការធ្វើអន្តរកាលរបស់ពលរដ្ឋពីការប្រកបរបរនេសាទជាលក្ខណៈប្រពៃណីនៅលើបឹងទន្លេសាប ទៅប្រកបរបរនៅទីប្រជុំជនវិញ។ ក៏ប៉ុន្តែពលរដ្ឋនៅតាមទីប្រជុំជន ក៏កំពុងតែព្យាយាមដោះស្រាយបញ្ហារបស់ពួកគេដែរ ហើយមិនអាចស្រូបយកប្រជានេសាទទាំងនោះបានទេ។ បញ្ហានេះក៏អាចបង្កើតឲ្យមានជាជនភៀសខ្លួនបរិស្ថាន ដែលពួកគេត្រូវផ្លាស់ទីស្វែងរកការងារធ្វើក្នុងតំបន់ ហើយបង្កើតនូវបញ្ហាប្រឈមសម្រាប់ការធ្វើគោលនយោបាយ ក៏ដូចជាបញ្ហាប្រឈមនៃគោលនយោបាយសេដ្ឋកិច្ចសម្រាប់ប្រទេសក្នុងតំបន់ដែរ។ ដូចដែលយើងអាចឃើញយ៉ាងច្បាស់ពីលំហូរពលរដ្ឋចំណាកស្រុកពីកម្ពុជាទៅប្រទេសថៃ ឬក៏ទៅប្រទេសវៀតណាមជាដើម។ ថាតើបញ្ហាវិបត្តិទឹកនេះ នឹងនាំឲ្យមានជម្លោះដែរឬយ៉ាងណានោះ គឺជាអ្វីមួយដែលគេត្រូវពិនិត្យមើលបន្ថែមទៀត។ ប៉ុន្តែ ខ្ញុំគិតថាបញ្ហាជាតិនិយមនឹងរីកធំឡើងនៅក្នុងតំបន់ទន្លេមេគង្គនេះ នៅពេលដែលជម្លោះនោះលេចចេញជារូបរាងកាន់តែច្បាស់ ហើយខ្ញុំគិតថា ប្រទេសក្នុងតំបន់ ជាពិសេសកម្ពុជា នៅមិនទាន់មានធនធានគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាអនាគតនៃទន្លេមេគង្គនៅឡើយទេ ប្រសិនបើវិបត្តិនេះចាប់ផ្តើមលាយឡំគ្នាកាន់តែធ្ងន់ធ្ងរឡើងៗក្នុងរយៈពេលមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។