អ្នកជំនាញផ្នែកកិច្ចការតំបន់អាស៊ីអាគ្នេយ៍ ប្រចាំមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (Center for International and Strategic Studies-CSIS) លោក ប្រាយអ៊ិន ហារឌីង (Brian Harding) ផ្ដល់អនុសាសន៍ថា ពលរដ្ឋកម្ពុជា ចាំបាច់ត្រូវតែហ៊ានងើបឈរឡើង តតាំងជាមួយនឹងមេដឹកនាំរបស់ពួកគេ ប្រសិនបើមិនចង់ឱ្យចិនយកកម្ពុជាធ្វើជាអាណានិគមសម័យទំនើបរបស់ខ្លួននោះ។ លោកព្រមានថា ដរាបណាក្រុងភ្នំពេញ និងក្រុងប៉េកាំងនៅតែមានទំនាក់ទំនងជិតស្និទ្ធស្អិតល្មួតខ្លាំងពេកនឹងគ្នា នោះរដ្ឋាភិបាលកម្ពុជា នឹងនៅតែពិបាកក្នុងការព្យាយាមបញ្ចុះបញ្ចូលឱ្យគេឯងជឿជាក់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួននោះ។
នេះជាបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងលោក ប្រាយអ៊ិន ហារឌីង នាយករងកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) ជុំវិញបញ្ហាចម្រូងចម្រាសនៃការចោទប្រកាន់ថា កម្ពុជាអាចអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅលើទឹកដីខ្លួន។
មាន ឫទ្ធិ៖ សំណួរដំបូងរបស់ខ្ញុំអំពីឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ ជាពិសេសគឺនៅកម្ពុជាតែម្ដង ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខលំហសមុទ្រ ការបង្កការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពដល់តំបន់ទាំងមូលនោះ... ខ្ញុំចង់ដឹងថា តាមទស្សនៈរបស់អាមេរិក តើបញ្ហានេះ វាមានភាពធ្ងន់ធ្ងរដល់កម្រិតណាដែរ?
ប្រាយអ៊ិន៖ យើងឃើញថា ការចូលមកពាក់ព័ន្ធរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍ មានសន្ទុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ វិស័យដែលចិននៅមានកង្វះខាតនៅឡើយនោះ គឺការផ្សាភ្ជាប់ទំនាក់ទំនងផ្នែកសន្តិសុខនេះឯង។ ប្រាកដណាស់ ចិនកំពុងសម្លឹងមើលតួនាទីរបស់ខ្លួនឱ្យបានកាន់តែច្រើនជាងនេះ ដើម្បីកាច់ចង្កូតផ្នែកសន្តិសុខនៅតំបន់អាស៊ីអាគ្នេយ៍នេះ។ ចំណោទដ៏ធំនោះ គឺស្ថិតនៅត្រង់ថា តើតួនាទីនោះ នឹងក្លាយជាការសហការ... ជាការកសាងនូវទំនាក់ទំនង វិស័យការពារជាតិទ្វេភាគីជាមួយប្រទេសនានា... ឬមួយក៏ជាម៉ូដែលដែលចិនកំពុងអនុវត្តដូច នៅតំបន់សមុទ្រចិនខាងត្បូង?
មាន ឫទ្ធិ៖ តើលោកវាយតម្លៃយ៉ាងដូចម្តេចដែរ ចំពោះចំណាប់អារម្មណ៍របស់ចិនក្នុងការកសាងមូលដ្ឋានកងទ័ពរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬក៏ប្រើប្រាស់កម្ពុជា ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីកែប្រែឥទ្ធិពលភូមិសាស្ត្រនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ខ្លួននោះ?
ប្រាយអ៊ិន៖ ចំពោះករណីលទ្ធភាពដែលចិនអាចមានវត្ថមានយោធារបស់ខ្លួននៅកម្ពុជា វារាងដូចចាកឆ្ងាយបន្តិចពីនិយាម ឬអ្វីដែលយើងគិតគូរជាធម្មតា ជុំវិញអ្វីដែលចិនកំពុងសម្លឹងមើល ដើម្បីពង្រីកអំណាចរបស់ខ្លួន នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា និងនៅជុំវិញពិភពលោក។ មានរឿងមួយចំនួនដែលអ្នកអាចមានមន្ទិលចំពោះការប្រទាក់ក្រឡាជាយុទ្ធសាស្ត្រ នៃវិស័យយោធា របស់ចិន នៅកម្ពុជានេះ។ ក៏ប៉ុន្តែ ខ្ញុំគិតថា ខណៈដែលវាអាចនឹងមិនមានការប្រទាក់ក្រឡា ជាយុទ្ធសាស្ត្រទ្រង់ទ្រាយធំ ដូចអ្វីដែលបានកើតឡើងនៅប្រទេសជីបូទី (Djibouti) ឬប្រទេសស្រីលង្កា (Sri Lanka) នោះ វត្តមាននៅក្នុងតំបន់ឈូងសមុទ្រថៃ នៃមូលដ្ឋានកងទ័ពចិន នឹងក្លាយជារឿងរ៉ាវសំខាន់មួយសម្រាប់ប្រទេសចិន។ មួយផ្នែក គឺនៅត្រង់ថា វានឹងផ្ដល់ឱ្យចិននូវសមត្ថភាពប្រសើរជាងមុន ក្នុងការតាមដានឃ្លាំមើល និងយាយីកប៉ាល់អាមេរិក ដែលឆ្លងកាត់ទៅប្រទេសថៃ។ វាក៏ផ្ដល់ជាទីតាំងឃ្លាំមើល មួយប្រកបដោយទំនុកចិត្ត សម្រាប់យោធាចិន ចំពោះបញ្ហានៅប្រជុំកោះស្ព្រាតលី (Spratly islands) ផងដែរ។
មាន ឫទ្ធិ៖ បាទ! ក៏ប៉ុន្តែ ក៏មានក្តីបារម្ភ ការប៉ាន់ស្មាន ឬក៏ការដាក់ការសង្ស័យកាន់តែខ្លាំងឡើងៗ ពីសំណាក់ភាគីប្រទេសអាមេរិក ដែលថា កម្ពុជាអាចនឹងអនុញ្ញាតឱ្យចិនដាក់វត្ថមានយោធានៅលើទឹកដីរបស់ខ្លួន ជាលើកដំបូង។ ដូចដែលលោកជ្រាបស្រាប់ហើយ អនុប្រធានាធិបតីអាមេរិក លោក មៃឃ៍ ផេនស៍ (Mike Pence) ក៏ធ្លាប់បានសរសេរលិខិតមួយច្បាប់ទៅលោក ហ៊ុន សែន បង្ហាញកង្វល់អំពីបញ្ហានេះ។ ចុងក្រោយនេះ កម្ពុជាក៏បានបដិសេធទទួលជំនួយរបស់អាមេរិក ដែលចង់ជួយជួសជុលបរិវេណអាគារមូលដ្ឋានកងទ័ពជើងទឹករាម។ តើលោកវាយតម្លៃយ៉ាងណាដែរចំពោះបញ្ហានេះ?
ប្រាយអ៊ិន៖ ខ្ញុំគិតថា ពិតជាមានការព្រួយបារម្ភជាក់លាក់ពីក្រុងវាស៊ីនតោនប្រាកដមែន។ ប៉ុន្តែ ខ្ញុំក៏កត់សម្គាល់ឃើញមានក្តីបារម្ភដូចគ្នាដែរ ក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខ្ញុំគិតថា បញ្ហានេះ នឹងក្លាយជាហេតុការណ៍ដ៏លំបាកបំផុតសម្រាប់តំបន់អាស៊ាន ដោយសារតែអាស៊ាន មិនចង់ឱ្យមានវត្តមានមូលដ្ឋានទ័ព របស់ចិនជាអចិន្ត្រៃយ៍ នៅក្នុងតំបន់របស់ខ្លួននោះទេ។ ខ្ញុំគិតថា ការណ៍នេះ អាចនឹងបណ្ដាលឱ្យមានការប្រេះឆាបន្ថែមទៀត រវាងអាស៊ាន និងកម្ពុជា ដូចដែលយើងបានឃើញ អំពីរឿងរ៉ាវដែលបានកើតមានឡើងជាហូរហែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកម្ពុជាជួយគាំទ្រចិន ក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះឯង។
មាន ឫទ្ធិ៖ ចុះចំពោះលទ្ធភាពនៃការណ៍ដែលចិនអាចពាក់ព័ន្ធ ឬបម្លែងផ្នែកមួយនៃគម្រោង «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេសនៅខេត្តកោះកុង ដែលចិននិយាយថា ការវិនិយោគនេះ គឺដើម្បីធ្វើជារមណីយដ្ឋាន ទេសចរណ៍ជាដើមនោះ... អ្នកជំនាញមួយចំនួនបារម្ភថា ចិនអាចនឹងបម្លែងតំបន់ទាំងនោះ ឱ្យក្លាយទៅជាមូលដ្ឋានយោធារបស់ខ្លួន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ តើវាអាចមានលទ្ធភាពក្លាយជាការពិតប៉ុណ្ណាដែរ តាមការយល់ឃើញរបស់អាមេរិកនោះ?
ប្រាយអ៊ិន៖ ខ្ញុំគិតថា ជាការពង្រីកឥទ្ធិពលធម្មតាទេ ដែលចិនកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បើមនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា និងកន្លែងដទៃទៀត ហើយដែលថា... ចិនអាចនឹងយកវាទៅបម្រើឱ្យវិស័យយោធារបស់ខ្លួននោះ។ ខ្ញុំគិតថា ជាការសំខាន់ដែលត្រូវកត់សម្គាល់ថា មានកម្រិតប្រែប្រួល អំពីការធ្វើយោធូបនីយកម្មនេះ។ វាជារឿងមួយ ដែលគេសាងសង់ស្ពានភ្ជាប់ទៅផែ ដែលអាចក្លាយជាប្រយោជន៍ដល់កប៉ាល់ ចូលចតទស្សនកិច្ចបាន។ វាជារឿងមួយផ្សេងទៀត ដែលចិនក៏អាចធ្វើការកែកុនហេដ្ឋារចនាសម្ព័ន្ធទាំងនោះ សម្រាប់ទុកបម្រើឱ្យកប៉ាល់របស់ខ្លួន។ មួយទៀត ចិនក៏អាចចុះកិច្ចព្រមព្រៀងដើម្បីយកទីតាំងនោះ ធ្វើជាកន្លែងចំណតសម្រាប់ចាក់សាំងបន្ថែម ឬមួយក៏បង្កើតឱ្យមានកំពង់ផែយោធាជាអចិន្ត្រៃយ៍នៅទីនោះ តែម្ដង។ ខ្ញុំគិតថា មានវិធីដែលរដ្ឋាភិបាលកម្ពុជា អាចមានភាពប៉ិនប្រសប់បង្កប់ឧបាយកលនៃការប្រើប្រាស់ភាសា ថាខ្លួនរក្សាអធិបតេយ្យ តែជាមួយគ្នានោះ កម្ពុជាអាចផ្ដល់ឱ្យចិននូវលទ្ធភាពផ្នែកយោធានៅលើទឹកដី របស់ខ្លួន។

មាន ឫទ្ធិ៖ អ៊ីចឹងក្នុងទស្សនៈនេះ តើអាមេរិកគន់គូរយ៉ាងដូចម្ដេចចំពោះបញ្ហានេះ? ខ្ញុំចង់ដឹងថា ប្រសិនបើកម្ពុជា ឈានទៅអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពខ្លួន នៅលើទឹកដីរបស់ខ្លួនមែននោះ តើអ្វីទៅជាលទ្ធភាព ឬសេណារីយ៉ូ ដែលអាមេរិកអាចនឹងធ្វើការឆ្លើយតបចំពោះបញ្ហានេះ?
ប្រាយអ៊ិន៖ សហរដ្ឋអាមេរិក បានធ្វើចំណាត់ការមួយចំនួនចំពោះកម្ពុជា ក្នុងន័យថា ជាការដាក់ទណ្ឌកម្ម។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា មិនស្ថិតនៅកន្លែងល្អនោះទេ។ មានហេតុផលជាច្រើនជុំវិញបញ្ហានេះ។ មិនមែនតែរឿងចិនមួយនោះទេ។ វាពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស សង្គមស៊ីវិល ហើយរឿងនេះក៏ដូចគ្នាដែរទៅនឹងអ្វី ដែលកម្ពុជាកំពុងមានបញ្ហាជាមួយសហភាពអឺរ៉ុបដូច្នោះដែរ។
ការសម្រេចជាក់ស្ដែង ដែលក្រុងវ៉ាស៊ីនតោនកំពុងតែបង្ហាញសាច់ដុំនោះ គឺការដាក់ទណ្ឌកម្មសមស្របចំពោះកម្ពុជា ហើយដែលទីបំផុតទៅ នឹងធ្វើឱ្យមនុស្សដែលទទួលបានប្រយោជន៍ពីវិស័យវាយនភណ្ឌ រោងចក្រកាត់ដេរអីជាដើមនោះ... នឹងទទួលរងនូវឥទ្ធិពលនេះ។ ឬមួយក៏អាចជាការដាក់ទណ្ឌកម្មតាមគោលដៅ... ថាតើយើងចង់កាត់ផ្ដាច់កម្ពុជាទាំងស្រុង ឬមួយក៏ដាក់ទណ្ឌកម្មដោយផ្នែក ទៅលើក្រុមគ្រួសាររបស់មេដឹកនាំនៃប្រទេសនេះ ការធ្វើដំណើររបស់ពួកគេចេញចូលទឹកដីសហរដ្ឋអាមេរិក និងហិរញ្ញវត្ថុរបស់ពួកគេនោះ?
មាន ឫទ្ធិ៖ បាទ! ឥឡូវ យើងងាកទៅមើលទស្សនពីខាងប្រទេសចិនវិញម្ដង។ យើងដឹងថា ទាំងកម្ពុជា និងចិន បានបដិសេធ ដោយចាត់ទុកថា ការចោទប្រកាន់រឿងមូលដ្ឋានទ័ពចិននៅកម្ពុជានេះ ជាព័ត៌មានក្លែងក្លាយ ហើយមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ក្នុងទឹកដីរបស់ខ្លួននោះឡើយ។ ប៉ុន្តែ អ្វីៗវាអាចប្រែប្រួលទោះបីជាសរសេរចែងក្នុងរដ្ឋធម្មនុញ្ញក៏ដោយ។ ចិនខ្លួនឯងក៏ធ្លាប់សង់មូលដ្ឋានសឹកនៅលើកោះស្ព្រែតលី ដែលកាលពីដំបូងឡើយ ចិនតែងតែបដិសេធដូចឥឡូវនេះអ៊ីចឹង។ តែនៅពេលដែលវាកើតឡើង អ្វីៗបានក្លាយជាការពិតបាត់ទៅហើយ។ ចុះចំពោះបញ្ហានេះ យ៉ាងម៉េចដែរ?
ប្រាយអ៊ិន៖ អ្នកអាចមានភាពប៉ិនប្រសប់ក្នុងការប្រើឧបាយកលនិយាយថា ចិនមិនមានមូលដ្ឋានយោធា ឬក៏ថាកម្ពុជារក្សាអធិបតេយ្យរបស់ខ្លួន។ ប៉ុន្តែ ខ្ញុំមិនទុកចិត្តផ្អែកតែទៅលើរដ្ឋធម្មនុញ្ញកម្ពុជាមួយ ដែលធានាថា មិនអនុញ្ញាតឱ្យចិន មានមូលដ្ឋាននៅលើទឹកដីខ្លួននោះទេ។ ជុំវិញចេតនាពិតប្រាកដរបស់ចិន ខ្ញុំគិតថា អ្នកគួរតែពិនិត្យមើលប្រវត្តិរបស់ចិន ដែលរឿងរ៉ាវជាច្រើន អាចមិនកើតឡើង ហើយបានកើតឡើងនាពេលអតីតកាល។ ប្រធានាធិបតីចិនលោក ស៊ី ជីងពីង (Xi Jinping) ធ្លាប់និយាយនៅក្នុងឧទ្យានផ្កាកុលាបនៅក្រុងវ៉ាស៊ីនតោននេះថា ខ្លួននឹងមិនធ្វើយោធូបនីយកម្មតំបន់សមុទ្រចិនខាងត្បូងនោះឡើយ។ ក៏ប៉ុន្តែ យើងឃើញមានកោះដ៏ធំចំនួនបី ដែលកាលពីពេលមុនពុំមាននោះឡើយ ហើយឥឡូវនេះ អាចអនុញ្ញាតឱ្យយន្តហោះទម្លាក់គ្រាប់បែកចុះចត និងអាចរក្សាទុកបរិក្ខារយោធាដទៃទៀត។
ដូច្នេះ ដោយគ្រាន់តែចិននិយាយថា ខ្លួនពុំចាប់អារម្មណ៍ ហើយថាខ្លួននឹងមិនលុកលុយប្រទេសណានោះទេ ខ្ញុំនឹងទទួលយកសម្ដីនេះ តែខ្ញុំនៅតែសង្ស័យ និងមានមន្ទិលអំពីការពិតដដែល។
មាន ឫទ្ធិ៖ មួយវិញទៀត ទាក់ទងទៅនឹងសមាគមអាស៊ានវិញម្តង មុននេះបន្តិច លោកបានមានប្រសាសន៍ថា វានឹងបង្កើតនូវភាពប្រេះឆាយ៉ាងខ្លាំងក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសរវាងប្រទេសដែលគាំទ្រចិន និងប្រទេសដែលគាំទ្រក្រុមប្រទេសលោកខាងលិច។ ដូច្នេះ ប្រសិនបើកម្ពុជាជ្រើសរើសឱ្យចិនដាក់មូលដ្ឋានសឹករបស់ខ្លួនមែននោះ តើវាប៉ះពាល់ធ្ងន់ធ្ងរកម្រិតណាខ្លះដល់ប្រទេសក្នុងតំបន់អាស៊ាន និងស្ថាប័នអាស៊ានខ្លួនឯង ដោយសារបញ្ហានេះ?
ប្រាយអ៊ិន៖ រឿងដំបូង ខ្ញុំអាចនិយាយបានថា វាមិនមែនតែរឿង គាំទ្រចិន ឬគាំទ្រអាមេរិក ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាននេះទេ។ ខ្ញុំគិតថា ប្រទេសក្នុងអាស៊ាន មើលឃើញថា អាស៊ានគឺជាមធ្យោបាយមួយក្នុងការបត់បែនជាមួយគ្នា... បង្កើតឱ្យមានកម្លាំងរួមគ្នា ដែលអាស៊ានមិនចាំបាច់ជ្រើសរើសមហាអំណាចណាមួយ...។ ក៏ដូចជាការថែរក្សាសុចរិតភាពរបស់អាស៊ាន ដើម្បីកុំឱ្យអំណាចបរទេសមកបន្ទច់បង្អាក់ខ្លួនបាន តួយ៉ាងដូចជាករណីចិន កំពុងធ្វើចំពោះកម្ពុជានេះឯង។ និយាយឱ្យទូលំទូលាយជាងនេះ គឺថា ពេលនេះជាពេលវេលាប្រឈមសម្រាប់អាស៊ាន ដោយសារមេដឹកនាំនៃប្រទេសដែលមានសក្ដានុពលក្នុងតំបន់អាស៊ាន ផ្ដោតជាសំខាន់ខ្លាំង តែកិច្ចការក្នុងប្រទេសរៀងៗខ្លួន។ ប្រធានាធិបតី ចូកូវី (JOKOWI) មិនមានទំនោរចង់ក្លាយជាមេដឹកនាំ គំរូជាអន្តរជាតិនោះទេ។ ខណៈប្រធានាធិបតី ឌូទែតេ (Duterte) ផ្ដោតតែទៅលើកិច្ចការក្នុងប្រទេសខ្លួន និងក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ រីឯប្រទេសថៃវិញ ផ្ដោតលើកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ខ្ញុំគិតថា ក្នុងចំណោមប្រទេសធំៗក្នុងតំបន់អាស៊ាន មានតែប្រទេសវៀតណាមទេ ដែលកំពុងគិតគូរយ៉ាងសកម្ម និងប្រកបដោយយុទ្ធសាស្ត្រ តាមបែបអន្តរជាតិ។ ដូច្នេះ តាមរយៈមធ្យោបាយជាច្រើន ក្នុងការព្យាយាមបន្ទច់បង្អាក់រឿងរ៉ាវមួយចំនួននៅអាស៊ាន ឥឡូវនេះ ចិនមានប្រៀបច្រើនជាងគេ ក្នុងទីលាននេះ។
មាន ឫទ្ធិ៖ តើលោកមានអនុសាសន៍អ្វីខ្លះ ដល់រដ្ឋាភិបាលកម្ពុជាលើបញ្ហាទាំងនេះ? តើកម្ពុជា គួរមានចំណាត់ការបែបណាខ្លះ ដើម្បីបញ្ចប់បញ្ហាក្តីមន្ទិល ឬការប៉ាន់ស្មានកាន់តែខ្លាំងឡើង អំពីរឿងដែលថា កម្ពុជាអាចអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធាលើទឹកដីរបស់ខ្លួននោះ?
ប្រាយអ៊ិន៖ ខ្ញុំគិតថា វានឹងមានការលំបាកខ្លាំងសម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការព្យាយាមបញ្ចុះបញ្ចូលឱ្យគេឯងជឿជាក់ថា រឿងនេះវានឹងមិនអាចកើតមានឡើងបាននោះឡើយ... ដរាបណាក្រុងភ្នំពេញ និងក្រុងប៉េកាំងនៅតែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាពេក។
លើសពីនេះទៀត ខ្ញុំគិតថា កម្ពុជា គួរគិតគូរអំពីឥទ្ធិពលដែលខ្លួនមាន។ ខ្ញុំដឹងថា ប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ខ្លួនឯង ចង់ឃើញកម្ពុជាមួយដែលពិតជាឯករាជ្យ តាមដែលអាចធ្វើបាន។ … ហើយថា ពួកគេពិតជាពុំចង់ឱ្យងាកទៅរកចិនកាន់តែជិតស្និទ្ធពេកនោះទេ។ ដូច្នេះ ខ្ញុំគិតថា ពលរដ្ឋកម្ពុជា និងមេដឹកនាំកម្ពុជា គួរគិតថា តើពួកគេកំពុងមានឥទ្ធិពលអ្វីខ្លះនាពេលនេះ? ក្រុងប៉េកាំងពិតជាត្រូវការកម្ពុជាខ្លាំងណាស់។ សម្រាប់ពួកគេ កម្ពុជាគឺជាកូនសោដើម្បីធានាថា អាស៊ានប្រកាន់ជំហរ ដែលផ្ដល់អត្ថប្រយោជន៍ឱ្យចិន។ ខ្ញុំគិតថា កម្ពុជាចាំបាច់ គួរតែស្វែងយល់ឱ្យបានកាន់តែច្បាស់ អំពីឥទ្ធិពលដែលខ្លួនមានទៅលើប្រទេសចិនជុំវិញបញ្ហានេះឯង។
មាន ឫទ្ធិ៖ សំណួរចុងក្រោយរបស់ខ្ញុំ... ពលរដ្ឋកម្ពុជាជាច្រើននាក់ឆ្ងល់ថា ហេតុអ្វីបានជាចិនមានចំណាប់អារម្មណ៍ខ្លាំងម្ល៉េះមកលើប្រទេសរបស់ពួកគេ ហើយបន្តបង្ហូរចូលវិនិយោគទុនរបស់ខ្លួនមិនធ្លាប់មានពីមុនមកមកកម្ពុជា។ ចិនក៏បានបញ្ជូនពលរដ្ឋរបស់ខ្លួនក្នុងនាមជាអ្នកទេសចរណ៍ ឱ្យមកទស្សនាកម្ពុជាដែរ។ ពលរដ្ឋមួយចំនួន ក៏បានរអ៊ូរទាំដែរថា ពួកគេបានបាត់បង់ការងារធ្វើទៅឱ្យចិន ជាពិសេសនៅខេត្តព្រះសីហនុ និងតំបន់តាមឆ្នេរសមុទ្រកម្ពុជាដទៃទៀត។ យើងដឹងថា ចិនកំពុងគ្រប់គ្រង ២០% នៃឆ្នេរសមុទ្រកម្ពុជា។ ដូច្នេះ ពួកគេឆ្ងល់ថា តើវិនិយោគទុនរបស់ចិនទាំងនេះ មានប្រភពចេញមកពីណា ហើយថា តើទេសចរណ៍ចិនទាំងនេះ បានលុយមកពីណា?
ប្រាយអ៊ិន៖ ខ្ញុំគិតថា វាជារឿងធម្មតាទេ ដែលចិន និងកម្ពុជាមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ស្ទើរមិនគួរឱ្យជឿ។ យ៉ាងហោចណាស់តាមកម្រិតម៉ាក្រូសេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជា កំពុងបង្កើនការលូតលាស់របស់ខ្លួន។ កម្ពុជាមានអ្នកប្រើប្រាស់ ឬអតិថិជនថ្មីរាប់រយលាននាក់នៅប្រទេសចិន។ ប្រជាជនចិនរាប់រយលាននាក់ដែលមានធនធាន កំពុងគិតគូរចង់ធ្វើដំណើរទៅលេងក្រៅប្រទេសជាលើកដំបូង។ ដូច្នេះ នេះជារឿងធម្មតាទេ។ ក៏ប៉ុន្តែ គេពុំចាំបាច់ចោទសួរទេ ដែលថា រដ្ឋាភិបាលចិន កំពុងតម្រង់ទិសអត្ថប្រយោជន៍ នៃសកម្មភាពសេដ្ឋកិច្ចក្រៅប្រទេសរបស់ខ្លួន ទៅឱ្យកម្ពុជានោះ។ កម្ពុជាត្រូវបានក្រុងប៉េកាំងមើលឃើញថា ជាប្រទេសសំខាន់មួយរបស់ខ្លួន ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះក៏ដោយសារតែ ប្រសិនបើប្រទេសមួយ ឧទាហរណ៍ជាក់ស្ដែងគឺកម្ពុជានេះឯងតែម្ដង មានទំនាក់ទំនងជិតស្និទ្ធជាពិសេសជាមួយចិននោះ ដោយសារតែអាស៊ានជាស្ថាប័នអនុម័តដោយផ្អែកលើគោលការណ៍កុងសង់ស៊ីស ឬជាឯកច្ឆន្ទនោះ... នៅពេលដែលអ្នកមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសមួយ អ្នកអាចបន្ទច់បង្អាក់ភាពស្រុះស្រួលគ្នា ក្នុងតំបន់អាស៊ានតែម្ដង។ ការណ៍នេះ គឺវាផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដល់ចិន។ យើងមិនចាំបាច់ទៅមើលអីឆ្ងាយទេ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីប៉ុន្មានឆ្នាំមុន។ កាលនោះ ចិនបានដាក់សម្ពាធកម្ពុជា ឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន ពាក់ព័ន្ធនឹងបញ្ហាជម្លោះដណ្ដើម ប្រជុំកោះនៅតំបន់សមុទ្រចិនខាងត្បូង។
មាន ឫទ្ធិ៖ ដោយខ្លី តើលោកមានពាក្យពេចន៍អ្វីខ្លះចង់ថ្លែងទៅកាន់ពលរដ្ឋកម្ពុជា ដែលកំពុងតែទស្សនា ឬស្ដាប់បទសម្ភាសន៍នេះ?
ប្រាយអ៊ិន៖ សហរដ្ឋអាមេរិក ព្យាយាមផ្ដល់ការគាំទ្រឱ្យមានសង្គមស៊ីវិល នីតិរដ្ឋ សិទ្ធិមនុស្ស និងសិទ្ធិដីធ្លី នៅកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជា ចាំបាច់ត្រូវតែហ៊ានងើបឈរឡើង តតាំងនឹងមេដឹកនាំរបស់ពួកគេ។ ខ្ញុំដឹងថា ពេលនេះ ជាពេលវេលាដ៏លំបាកលំបិនមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ពីក្រុងវ៉ាស៊ីនតោន យើងនឹងធ្វើការតស៊ូមតិ ផ្អែកទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីធានាថា កម្ពុជានៅតែជាសង្គមមួយដែលបើកចំហ ហើយដែលពលរដ្ឋ អាចទាមទារឱ្យរដ្ឋាភិបាលរបស់ខ្លួន សម្រេចចិត្តប្រកបដោយគណនេយ្យភាព ឬការទទួលខុសត្រូវ។
មាន ឫទ្ធិ៖ បាទ! សូមអរគុណលោកដែលបានចំណាយពេលផ្ដល់បទសម្ភាសនេះ។
ប្រាយអ៊ិន៖ បាទ! សូមអរគុណលោកដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។