បទសម្ភាសន៍៖ អ្នក​ជំនាញ​ព្រមាន​ថា ឱកាស​​ស្វែង​រក​ជម្រើស​អភិវឌ្ឍន៍​តំបន់​ទន្លេ​មេគង្គ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ អាច​នឹង​ត្រូវ​បាត់​បង់

0:00 / 0:00

អ្នក​ជំនាញ​ព្រមាន​ថា ឱកាស​នៃ​ការ​ស្វែង​រក​ជម្រើស​អភិវឌ្ឍន៍​តំបន់​ទន្លេ​មេគង្គ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ អាច​នឹង​ត្រូវ​បាត់​បង់ ប្រសិន​បើ​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម នៅ​តែ​អនុវត្ត​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​របស់​ចិន។

អ្នក​ជំនាញ​តំបន់​ទន្លេ​មេគង្គ ​និង​ជា​អ្នកនិពន្ធ​សៀវភៅ «ថ្ងៃ​អវសាន​នៃ​ទន្លេ​មេគង្គ» ឬ (Last Days of the Mighty Mekong) លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) លើក​ឡើង​ថា ចិន​កំពុង​អនុវត្ត​នយោបាយ​នាំ​ចេញ​ផ្នត់​គំនិត​នៃ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ ​ដោយ​ពុំ​បាន​គិតគូរ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន ចំពោះ​ប្រជាជន​មូលដ្ឋាន​របស់​ខ្លួន​ មក​អនុវត្ត​ក្នុង​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម ដូចជា​កម្ពុជា និង​ឡាវ​ជាដើម។ លោក​ព្រមាន​ថា ឱកាស​នៃ​ការ​ស្វែងរក​ជម្រើស​អភិវឌ្ឍន៍​តំបន់​ទន្លេ​មេគង្គ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ​អាច​នឹង​ត្រូវ​បាត់បង់​ ​ប្រសិនបើ​ប្រទេស​នៃ​តំបន់​ខ្សែ​ទឹក​ខាងក្រោម​ ​នៅតែ​អនុវត្ត​តាម​គោលនយោបាយ​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​របស់​ប្រទេស​ចិន​នេះ។

ខាង​ក្រោម​នេះ​ ជា​បទសម្ភាសន៍​រវាង​លោក​ ​មាន​ ​ឫទ្ធិ ​និង​លោក​ ​ប្រាយ​អ៊ិន ​អាយ​ល័រ​ នាយក​កម្មវិធី​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson Center ​ជុំវិញ​ការ​យល់​ឃើញ និង​ចំណាប់អារម្មណ៍​របស់​លោក​ចំពោះ​ទន្លេ​មេគង្គ ដែល​បាន​សរសេរ​ក្នុង​សៀវភៅ ទើប​នឹង​បោះ​ពុម្ព​ផ្សាយ​របស់​លោក​ ស្ដីពី «ថ្ងៃ​អវសាន​នៃ​ទន្លេ​មេគង្គ»៖

លោក​ ​មាន​ ​ឫទ្ធិ​៖​ ​អរគុណ​ណាស់​លោក​ ​ប្រាយ​អ៊ិន ​ដែល​បាន​ចំណាយ​ពេល​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់​យើង​ផ្ទាល់​។ ​ខ្ញុំ​ដឹង​ថា​ ​លោក​បាន​និពន្ធ​សៀវភៅ​ទើប​នឹង​បោះពុម្ព​ផ្សាយ​មួយ​ ​ដែល​មាន​ចំណងជើង​ថា​ «​ ថ្ងៃ​អវសាន​នៃ​ទន្លេ​មេគង្គ​ »​ ។ ​ខ្ញុំ​ចង់​ដឹង​ថា​ ​តើ​មាន​កត្តា​អ្វី​ខ្លះ​ទៅ​ ​ដែល​ជំរុញ​ទឹកចិត្ត​លោក​ ​ឲ្យ​សរសេរ​សៀវភៅ​នេះ​ឡើង​ ​អំពី​ទន្លេ​មេគង្គ​ ?ជាពិសេស​នោះ​ ​តើ​លោក​មាន​ចំណាប់អារម្មណ៍​ដូចម្តេច​ខ្លះ​ ​ចំពោះ​តំបន់​នេះ​ ?​

លោក​ ​ប្រាយ​អ៊ិន ​អាយ​ល័រ៖ បាទ! សៀវភៅ​នេះ គឺជា​ដំណើរការ​មួយ​ដែល​បាន​កើត​មាន​ឡើង​អស់​រយៈ​ពេល​ជាង ៤ឆ្នាំ​មក​ហើយ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​សរសេរ​សៀវភៅ​នេះ​ឡើង​ ​នៅ​ពេល​ដែល​ខ្ញុំ​មើល​ឃើញ​ថា​ ​មាន​ចន្លោះ​នៃ​ឱកាស​ខ្លី​មួយ​ ​ដើម្បី​ពិភាក្សា​អំពី​អនាគត​ប្រកប​ដោយ​ចីរភាព​ ​សម្រាប់​តំបន់​ទន្លេ​មេគង្គ ​និង​ដើម្បី​កំណត់​ជម្រើស​ផ្សេង​ដទៃ​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ។ ក្នុង​ពេល​ជាមួយគ្នា​នេះ ក៏​មាន​សហគមន៍​ជាច្រើន​ ​ដែល​ចាំបាច់​ត្រូវ​កំណត់​អត្តសញ្ញាណ មាន​បុគ្គល​ដែល​ធ្វើ​ការ​នៅ​តាម​កម្រិត​សហគមន៍​ ​និង​តាម​មូលដ្ឋាន​ ​ដែល​កំពុងតែ​តស៊ូ​រស់​ ​និង​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​នានា​ នៅ​តាម​ខ្សែ​ទឹក​ខាងលើ​ ​ដែល​រួម​មាន​ដូចជា​ ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​គម្រោង​ផ្លូវ​រថភ្លើង ឬ​ផ្លូវថ្នល់​ល្បឿន​លឿន​ជាដើម​ ​ឬ​ក៏​ថា​ ​គោល​នយោបាយ​កសិកម្ម​ដែល​មិន​មាន​ផែនការ​ច្បាស់លាស់​នោះ។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹង​ ​ពួក​គេ​ខ្លះ​ ​កំពុង​តស៊ូ​រស់ ​ចាត់ចែង​ ​និង​សម្រប​ខ្លួន​ទៅ​នឹង​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ជុំវិញ​ខ្លួន​របស់​ពួក​គេ។ ឯ​អ្នក​មួយ​ចំនួន​ខ្លះ​ទៀត​ ​កំពុងតែ​ឈ្មុស​ឈ្មុល​ស្វែង​រក​ដំណោះស្រាយ​ប្រកប​ដោយ​ចីរភាព។

ដូច្នេះ​ ​ខ្ញុំ​គិត​ថា​ ​ខណៈ​ដែល​ច្រក​នៃ​ឱកាស​នៅ​បើក​ចំហ​នៅឡើយ​ ក្នុង​ការកំណត់​អត្តសញ្ញាណ និង​ឈាន​ទៅ​រក​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​នា​ពេល​ខាងមុខ​នោះ វា​ជា​រឿង​សំខាន់ ដែល​ត្រូវ​និយាយ​ប្រាប់​ពី​រឿងរ៉ាវ​អស់​ទាំង​នេះ​ ​អំពី​អ្នក​ទាំ​ឡាយ​ណា​ដែល​បាន​កំណត់​ និង​នាំ​យក​ដំណោះស្រាយ​របស់​ពួក​គេ​មក​អនុវត្ត​ ​ហើយ​ជា​រឿយៗ គឺ​កើត​មាន​ឡើង​នៅ​តាម​មូលដ្ឋាន ក៏​ដូចជា​អំពី​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ។

លោក​ ​មាន​ ​ឫទ្ធិ​៖ ​តើ​អ្វី​ទៅ​ជា​មេរៀន​សំខាន់ៗ ដែល​លោក​ចង់​ឲ្យ​អ្នក​ដែល​បាន​អាន​សៀវភៅ​របស់​លោក​ ស្វែងយល់​អំពី​ទន្លេ​មេគង្គ​នេះ ?

លោក​ ​ប្រាយ​អ៊ិន ​អាយ​ល័រ៖ បាទ! មេរៀន​សំខាន់​មួយ​ដែល​គេ​អាច​រៀន​សូត្រ​បាន​នោះ​ ​គឺ​ថា បើ​ទោះ​បី​ជា​មាន​គំនរ​ដ៏​ខ្ពស់​​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដែល​បង្ហាញ​ថា ការសាងសង់​ទំនប់​វារី​អគ្គិសនី​ច្រើន​នៅ​លើ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​មេគង្គ នឹង​បំផ្លិចបំផ្លាញ​ដល់​ផល​មច្ឆា​ជាតិ​របស់​ប្រទេស​កម្ពុជា​ ​ផលិតភាព​កសិកម្ម​របស់​ប្រទេស​វៀតណាម​ ​ក៏​ដូចជា​ផលិតភាព​កសិកម្ម​របស់​កម្ពុជា​ផង​នោះ​ ​វា​ជា​ការ​គួរ​ឲ្យ​សោក​ស្ពាយ​ណាស់​ដែល​មាន​មនុស្ស​តិចតួច​ណាស់​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ ​បាន​ទទួល​ស្គាល់​អំពី​ហានិភ័យ​ទាំង​អស់​នេះ ហើយ​ហ៊ាន​ចេញ​មុខ​មក​ទទួល​យក​ជម្រើស​ដទៃ​ផ្សេង​ទៀត​នៃ​ការ​អភិវឌ្ឍ។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​មេរៀន​មួយ។

មេរៀន​ទី​ពីរ​នោះ គឺ​ខ្ញុំ​ចង់​និយាយ​ថា បើ​ទោះបីជា​មធ្យោបាយ​នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នេះ មិន​បាន​ផ្ដល់​ដំណឹង​ឲ្យ​បាន​ទូលំទូលាយ និង​គ្មាន​ការ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់​ ពី​សំណាក់​ក្រុម​អ្នក​ដែល​ធ្វើឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​សហគមន៍ និង​លំហ​ធម្មជាតិ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​មាន​សហគមន៍​ដែល​អាច​ពិនិត្យមើល​កត្តា​នានា​ដែល​ប៉ះពាល់​ដល់​ពួក​គេ ធ្វើ​ការងារ​ជាមួយ​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នា​ពេល​ខាងមុខ ដូចជា​ថា ធ្វើ​ការអភិវឌ្ឍន៍​កសិកម្ម​បែប​សរីរាង្គ ឬ​ការពារ​ប្រជា​នេសាទ​តាម​មូលដ្ឋាន​ជាដើម។ មាន​ន័យ​ថា ពួកគេ​អាច​អភិរក្ស​រឿងរ៉ាវ​អស់​ទាំងអស់​នេះ​បាន។ ពួក​គេ​អាច​តស៊ូ​រស់​បាន ដែល​ជា​រឿយៗ តម្រូវឲ្យ​មាន​នូវ​មេដឹកនាំ​ឆ្លាតវៃ​មួយ ដើម្បី​ជំរុញ​ដំណើរ​ការ​នេះ​ទៅ​មុខ​ត​ទៀត។

ខ្ញុំ​ក៏​រក​ឃើញ​ផង​ដែរ​ថា​ ការ​ចាប់​ដៃ​សហការ​គ្នា​ជា​ក្រុម​ជាមួយ​អង្គការ​អន្តរជាតិ​នានា ​ដូចជា​អង្គការ​ IUCN ​អង្គការ​ WWF ​ហើយ​នៅ​ក្នុង​សៀវភៅ​នេះ ខ្ញុំ​បាន​គូស​បញ្ជាក់​អំពី​របៀប​ដែល​កិច្ចសហការ​គ្នា​នេះ អាច​កើតឡើង​បាន ដើម្បី​ចូលរួម​លើកកម្ពស់​ឲ្យ​មាន​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ខ្ញុំ​គិត​ថា មេរៀន​សំខាន់​មួយ​ទៀត​ដែល​គេ​អាច​រៀន​សូត្រ​បាន​នោះ គឺ​ថា ប្រទេស​វៀតណាម បាន​ធ្វើជា​ឧទាហរណ៍​គំរូ​ពិត​ប្រាកដ​មួយ​ឲ្យ​គេ​ឯង​បាន​យល់​អំពី​របៀប​ដែល​ប្រទេស​នេះ​ ធ្លាប់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អាក្រក់​មួយ ជុំវិញ​ការអភិវឌ្ឍន៍​ក្នុង​ស្រុក​របស់​ខ្លួន ហើយ​ដែល​ការណ៍​នេះ​អាច​ជា​សញ្ញា​មួយ​ក្នុង​ការ​ធ្វើ​ផែនការ​ប្ដូរ​ទិសដៅ​នៃ​ការអភិវឌ្ឍន៍​ទាំងស្រុង​តែ​ម្ដង។

ក្នុង​ជំពូក​ចុង​ក្រោយ​នៃ​សៀវភៅ​របស់​ខ្ញុំ​និយាយ​អំពី​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ ​ខ្ញុំ​បាន​បង្ហាញ​អំពី​របៀប​ដែល​ប្រទេស​វៀតណាម​ ក្នុង​អំឡុង​ពេល ២៥ឆ្នាំ​ចុង​ក្រោយ​នេះ​ ​បាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អាក្រក់​មួយ​ចំនួន​ ​ជុំវិញ​ផលិតភាព​កសិកម្ម​ ​ពិសេស​ គឺ​ការ​ផលិត​ស្រូវ​អង្ករ​ និង​ការ​នេសាទ​បង្កង​នៅ​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ។ ហេតុការណ៍​នេះ បាន​ញ៉ាំង​ឲ្យ​ជីវភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់​ដី​សណ្ដ​របស់​មនុស្ស ៣សែន​នាក់ បាន​ប្រែក្លាយ​កាន់តែ​អាក្រក់​ទៅៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​បាន​ធ្វើឲ្យ​ពួក​គេ​នាំ​គ្នា​ចាកចេញ​ពី​តំបន់​ដី​សណ្ដ​នោះ​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ​ដោយសារ​តែ​ពួក​គេ​មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​អ្វី​បាន​តទៅ​ទៀត​នៅ​ទី​នោះ។ ពួក​គេ​ភាគ​ច្រើន​បាន​ធ្វើដំណើរ​ទៅ​ក្រុង​ហូជីម៉ិញ​ ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ។

ក៏ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា​នេះ ប្រទេស​វៀតណាម​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ ប្រទេស​របស់​ខ្លួន​បាន​សម្រេច​ចិត្ត​ខុស ហើយ​វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​កែប្រែ​ទិសដៅ ទៅ​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​ចីរភាព និង​ជម្រើស​ដទៃ​ទៀត​វិញ​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម។

លោក មាន ឫទ្ធិ៖ ដោយសារតែ​លោក​បាន​លើកឡើង​អំពី​ផល​ប៉ះពាល់​របស់​ចិន​ ​និង​គំរូ ​ឬ​ម៉ូដែល​នៃ​ការអភិវឌ្ឍន៍​របស់​ចិន ​ដែល​លោក​បាន​សរសេរ​ក្នុង​សៀវភៅ​នោះ​ថា មិន​មាន​ចីរភាព​នោះ ខ្ញុំ​សង្កេតឃើញ​ថា​ ​ទស្សនៈ​របស់​លោក​ភាគ​ច្រើន​ ក្នុង​សៀវភៅ​នោះ​ លោក​បាន​សរសេរ ​អវិជ្ជមាន​អំពី​ចិន។ តើ​លោក​មើល​ឃើញ​យ៉ាង​ដូច​ម្ដេច​ដែរ​ ​ចំពោះ​ម៉ូដែល​អភិវឌ្ឍន៍​របស់​ចិន​ ​នៅ​ក្នុង​តំបន់​ប្រព័ន្ធ​ទន្លេ​មេគង្គ ជាពិសេស​ចំពោះ​ប្រទេស​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម ? តើ​ម៉ូដែល​អភិវឌ្ឍន៍​របស់​ចិន​នេះ ប៉ះពាល់​ដល់​បរិស្ថាន និង​កិច្ចសហការ​ក្នុង​តំបន់​នេះ​យ៉ាង​ណា​ខ្លះ​ដែរ ?

លោក​ ​ប្រាយ​អ៊ិន ​អាយ​ល័រ៖ បាទ! ជំពូក​ចំនួន​បួន​ដំបូង​ក្នុង​សៀវភៅ​នេះ​ និយាយ​ពី​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ប្រទេស​ចិន។ គោលបំណង​ ​គឺ​ដើម្បី​ពិនិត្យ​មើល​ ​អំពី​របៀប​ដែល​ក្រុម​អ្នក​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​របស់​ចិន ក៏​ដូច​ជា​ក្រុម​អ្នកធ្វើ​គោល​នយោបាយ​របស់​ចិន​ ​គិតគូរ​អំពី​ចំណែក​របស់​ពួក​គេ​នៃ​ទន្លេ​មេគង្គ ហើយ​នឹង​អំពី​របៀប​ដែល​មិន​សូវ​ខុសគ្នា​ប៉ុន្មាន​ដែរ​នេះ​ ​ដែល​ក្រុម​អ្នក​អភិវឌ្ឍន៍​របស់​ចិន និង​ក្រុម​អ្នកធ្វើ​គោលនយោបាយ​របស់​ចិន​ទាំងនេះ​ យក​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​ក្រោម។

ខ្ញុំ​បាន​ព្យាយាម​មើល​ពី​តក្ក​វិជ្ជា ​ឬ​ឡូហ្សិក ដែល​ក្រុម​អ្នក​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​របស់​ចិន ឬ​ក៏​គណនេយ្យករ​របស់​ពួកគេ​ ​គិតគូរ ​ឬ​ក៏​យក​ចិត្ត​ទុក​ដាក់ អំពី​ការ​បន្លាស់​ទីលំនៅ​របស់​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តាម​តំបន់​ភ្នំ។ ថា​តើ​វា​មាន​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ខ្លាំង​ប៉ុណ្ណា ​ដែល​ក្រុម​ប្រជាជន​រស់នៅ​ទីក្រុង​ក្នុង​តំបន់​ទំនាប ដូចជា វិស្វករ ឬ​គណនេយ្យករ​ជា​ដើម​ គិតគូរ​អំពី​តម្រូវការ​ពិត​ប្រាកដ​ ​ហើយ​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ជនជាតិ​ភាគ​តិច​នៅ​តាម​តំបន់​ភ្នំ ដែល​មាន​ជីវភាព​រស់នៅ​ខុស​ប្លែក​ពី​ក្រុម​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទំនាប​យ៉ាងណា​នោះ។ ខ្ញុំ​ក៏​និយាយ​អំពី​អំពើ​រើសអើង​ដោយ​ស្វ័យប្រវត្តិ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ផ្នត់គំនិត​នេះ។

ដូចគ្នា​នេះ​ដែរ​ ​ខ្ញុំ​ក៏​ពិនិត្យមើល​អំពី​វិធី​ដែល​វិស្វករ​ជនជាតិ​ចិន​ ​មើល​ឃើញ​អំពី​ ​ដីធ្លី ​ដូច​នៅ​តំបន់​ភ្នំ​ ​និង​ទន្លេ​នៅ​ខេត្ត​យូណាន ​ប្រទេស​ចិន​។ ​ជា​រួម​ទៅ​ ​ពួកគេ​មើល​ឃើញ​តំបន់​ទាំងនោះ​ក្នុង​ទិដ្ឋភាព​ជា​កន្លែង​សម្រាប់​សាងសង់​ទំនប់​វារី​អគ្គិសនី​។ ​អ្នក​ដឹង​ទេ​ ​ក្នុង​ក្រសែភ្នែក​ក្រុម​អ្នក​ទាំងនោះ​ ​ពួកគេ​មើល​ឃើញ​ថា​ ​វា​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​សាងសង់​វារី​អគ្គិសនី ​ដោយ​មិន​ខ្ចី​ខ្វល់ខ្វាយ​អំពី​រឿងរ៉ាវ​អ្វី​ផ្សេង​ដែល​កើត​មាន​ឡើង​នៅ​ទីនោះ​ ក្នុង​ន័យ​ថា​ ​តំបន់​នោះ​ជា​ទឹកដី​របស់​ពលរដ្ឋ​ជនជាតិ​ភាគ​តិច​រាប់​លាន​នាក់​កំពុង​រស់នៅ​នោះ​ឡើយ។ ផ្នត់គំនិត​នេះ ក៏​ត្រូវ​បាន​គេ​នាំ​ចេញ​យក​ទៅ​សាប​ព្រួស​ដល់​ក្រុម​ប្រទេស​ខ្សែ​ទឹក​ខាងក្រោម​ដែរ។

អ្នក​ដឹង​ទេ ​ភាព​សម​ហេតុ​សម​ផល​ និង​ឡូហ្សិក​បែប​នេះ​ ​គឺជា​របៀប​ដែល​វិស្វករ​ជនជាតិ​ចិន​ទាំង​នេះ​ ​កំពុង​និយាយ​ទៅ​ប្រាប់​រដ្ឋាភិបាល​ឡាវ​ថា ​អ្នក​អាច​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ទន្លេ​របស់​ខ្លួន​បាន អ្នក​អាច​ស្វែងរក​ចំណូល​បាន​យ៉ាង​ច្រើន​ពី​នេះ និង​ថា វា​នឹង​ផ្ដល់​ចំណេញ​យ៉ាង​ច្រើន​ដល់​រដ្ឋាភិបាល​អ្នក​នា​ពេល​អនាគត។ យើង​នឹង​សាងសង់​ទំនប់​វារី​អគ្គិសនី​ឲ្យ​អ្នក។

សារ​ដូចគ្នា​នេះ​ដែរ ក៏​កំពុងតែ​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ជុំ​រុញ​ទៅ​មុខ​ឲ្យ​មាន​នូវ​កិច្ច​សន្ទនា​ ​អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ដែល​ចិន​បាន​សង់ ​ហើយ​ដែល​បាន​រាំង​ខ្ទប់​ទន្លេ​សេសាន ​និង​ទន្លេ​ស្រែ​ពក។

កិច្ច​សន្ទនា​នោះ​បាន​កើត​មាន​ឡើង​យ៉ាង​ឆាប់រហ័ស។ បន្ទាប់មក​គេ​បាន​ចុះ​កិច្ចសន្យា​ត្រូវ​រ៉ូវ​គ្នា​យ៉ាង​ឆាប់រហ័ស ​ហើយ​ចាប់​ផ្ដើម​សាងសង់​ទំនប់​នេះ​ឡើង ដោយ​មិន​ខ្ចី​អើ​ពើ​អំពី​តម្រូវការ​ផ្នែក​ជីវភាព​នៃ​សហគមន៍​នៅ​ជុំវិញ​ទំនប់​វារី​អគ្គិសនី​នេះ​ ​ក៏​ដូចជា​រឿងរ៉ាវ​ដែល​ទំនប់​វារី​អគ្គិសនី​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​កាត់បន្ថយ​បរិមាណ​ត្រី​សរុប​ជា​រួម​ ​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ ​រហូតដល់​ទៅ ១០ ភាគរយ​ឯណោះ​នោះ។

អ្នក​ដឹង​ទេ ​នេះ​គឺ​ជា​កង្វល់​ចម្បង​មួយ។ វា​គឺជា​ភាព​លម្អៀង​មួយ ដែល​កើត​មាន​ឡើង​ទៅ​ក្នុង​ផ្នត់គំនិត​របស់​ជនជាតិ​ចិន ជុំវិញ​ការ​មើល​ឃើញ​ប្រើប្រាស់​ និង​អភិវឌ្ឍន៍​ ដីធ្លី និង​លំហ​ធម្មជាតិ​របស់​ពួក​គេ ហើយ​ដែល​ពួក​គេ​បាន​នាំចេញ​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​ឡាវ​ និង​កម្ពុជា។ មាន​មនុស្ស​ជាច្រើន នៅ​ប្រទេស​កម្ពុជា និង​នៅ​ឡាវ ​ដែល​ជឿជាក់​ទៅលើ​ភាព​សម​ហេតុសមផល​នៃ​គំនិត​របស់​ចិន​នេះ។

លោក មាន ឫទ្ធិ៖ ក្រៅតែ​អ្វី​ដែល​ជា​កង្វល់​ទាំង​អស់​នេះ ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​នា​ពេល​អនាគត​ក្នុង​អ្វី​មួយ​ដែល​ចិន​ហៅ​ថា គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​ និង​ផ្លូវ ក៏​កំពុង​កើត​មាន​ យ៉ាង​ប្រទាក់​ក្រឡា​គ្នា​ ក្នុង​តំបន់​នៃ​ប្រទេស​តាម​ទន្លេ​មេគង្គ​នេះ។ ខ្ញុំ​ចង់​ដឹង​ថា ប្រសិនបើ​ចិន​ព្យាយាម​បម្លែង​ទន្លេ​មេគង្គ​នេះ ឲ្យ​ក្លាយទៅជា​គមនាគមន៍​ផ្លូវ​ទឹក​ក្នុង​វិស័យ​ពាណិជ្ជកម្ម ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ទៅ​ចិន ​ទៅ​វិញ​ទៅ​មក​នោះ តើ​អ្វី​ខ្លះ​ទៅ​ដែល​ជា​ផល​ប៉ះពាល់​ធំ​បំផុត​ដល់​តំបន់​ទាំងមូល​នោះ ?

លោក ប្រាយ​អ៊ិន ​អាយ​ល័រ៖ បាទ! នេះ​គឺជា​មហិច្ឆតា​ដែល​ក្រុម​អ្នកធ្វើ​គោលនយោបាយ​របស់​ចិន បាន​គិតគូរ​ឡើង​អស់​រយៈ​ពេល​ស្ទើរ​តែ ២០ឆ្នាំ​ ឬ​ក៏​យូរ​ជាង​នេះ​ទៅ​ទៀត ដើម្បី​កែប្រែ​ទន្លេ​មេគង្គ​នេះ ឲ្យ​ក្លាយ​ទៅ​ជា​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​មួយ​ សម្រាប់​កប៉ាល់​ដឹកជញ្ជូន​ចិន​ធំៗ ចេញ​ពី​ប្រទេស​ចិន ទៅ​ដល់​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ។ មាន​តំបន់​ភូមិសាស្ត្រ​រាំង​ខ្ទប់​ចំនួន​ពីរ ដែល​មិន​អាច​ធ្វើឲ្យ​កប៉ាល់​ធំៗ ឆ្លង​កាត់​បាន។ ភូមិសាស្ត្រ​ទី​មួយ គឺ​នៅ​តំបន់​ត្រីកោណ​មាស និង​មួយ​ទៀត​នៅ​ចំណុច​ព្រំប្រទល់​រវាង​ឡាវ និង​កម្ពុជា។ ទី​ដែល​មាន​ទឹក​ធ្លាក់ និង​ផ្ទាំង​ល្បាក់​ថ្ម ​ដែល​ត្រូវ​បំផ្ទុះ​ចោល​ ​ប្រសិនបើ​ចង់​ឲ្យ​កប៉ាល់​ដឹក​ទំនិញ​អាច​ឆ្លងកាត់​បាន ឬ​ក៏​មិន​អញ្ចឹង​ទេ បង្កើត​ព្រែក​ជីក ដើម្បីឲ្យ​កប៉ាល់​អាច​ឆ្លងកាត់​បាន។ ប្រសិន​បើ​ផ្ទាំង​ថ្ម​ទាំង​នោះ​ ត្រូវ​ដាក់​គ្រាប់បែក​បំផ្ទុះ​ចោល​ ឬ​ផ្លូវ​វៀង​ត្រូវ​បង្កើត​ឡើង ពេល​នោះ​ទន្លេ​មេគង្គ ​អាច​ត្រូវ​បាន​គេ​បំប្លែង​ទៅ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ល្បឿន​លឿន។ ទន្លេ​នេះ នឹង​ក្លាយ​ដូច​គ្នា​ ​ទៅ​នឹង​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ទន្លេ​ចៅ​ផាយ៉ា ​ក្រុង​បាងកក ឬ​ដូច​អ្វី​ដែល​ទន្លេ​មេគង្គ​ដី​សណ្ដ​នៅ​វៀតណាម​ ពី​ភ្នំពេញ​ទៅ​វៀតណាម ដែល​មាន​ចរាចរណ៍​តាម​ផ្លូវ​ទឹក​ខ្លាំង។

យើង​ត្រូវ​គិត​អំពី​ផល​ប៉ះពាល់​លើ​របៀប​ដែល​តំបន់​មួយ​ចំនួន នៅ​ប្រទេស​ឡាវ នឹង​ប្រែក្លាយ ឬ​អភិវឌ្ឍន៍​ ​ដោយសារ​តែ​រឿង​នេះ។ ប្រាកដ​ណាស់​ថា វា​មាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ ​ប៉ុន្តែ​ជាមួយ​នឹង​ចំនួន​អ្នក​ធ្វើ​ដំណើរ​ និង​កប៉ាល់​ដឹក​ជញ្ជូន​ទំនិញ​ដ៏​ច្រើន​បែបនេះ​ និង​នាវា​ជា​ច្រើន​នៅ​លើ​ដង​ទន្លេ ​គឺ​ប្រាកដ​ណាស់​ថា វា​នឹង​មាន​ផល​ប៉ះពាល់​ ​រួម​មាន​ដូចជា ការ​បំពុល​បរិស្ថាន គុណភាព​ទឹក​ ផល​ប៉ះពាល់​លើ​ជីវៈ​ចម្រុះ​នៃ​ទន្លេ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​មួយ​នេះ ដែល​មាន​ពូជ​ត្រី​រាប់​ពាន់​ពូជ​ ហែល​ឆ្លងកាត់​នោះ។ ចំណុច​ចុងក្រោយ​នោះ​ ​គឺ​ថា វា​មិន​មែន​អាស្រ័យ​ទៅលើ​ប្រទេស​ចិន​ទេ ​ជា​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​នោះ​ តែ​គឺ​ជា​ការ​សម្រេចចិត្ត​របស់​ប្រទេស​ក្នុង​តំបន់ ដើម្បី​ធ្វើ​ដូច្នេះ​ទៅ​រួច​បាន។ នៅ​តំបន់​ត្រីកោណ​មាស ដែល​សុទ្ធតែ​ផ្ទាំង​ថ្ម ហើយ​ជា​ផ្នែក​មួយ​នៃ​អធិបតេយ្យ​របស់​ប្រទេស​ថៃ​នោះ គឺ​ថា ​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ ហាក់​បី​ដូច​ជា​មាន​ការ​នឿយណាយ​ខ្លាំង មិន​ចង់​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ធ្វើ​ដូច្នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។