អ្នក​ជំនាញ និង​អ្នកនយោបាយ​ព្រមាន​ពី​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ជាតិ ខណៈ​រលក​ជំងឺ​កូវីដ-១៩ កំពុង​វាយ​លុក​នៅ​កម្ពុជា

0:00 / 0:00

អ្នក​ជំនាញ និង​អ្នកនយោបាយ មើល​ឃើញ​ពី​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ ខណៈ​រលក​ជំងឺ​កូវីដ​១៩ កំពុង​វាយលុក​នៅ​កម្ពុជា​។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល មិន​ព្រម​ចាត់វិធានការ​សមស្រប​ណាមួយ​ដើម្បី​ទប់​ទល់នឹង​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​នេះ ឱ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ នោះ​កម្ពុជា​អាច​នឹង​គ្រប់គ្រង​ស្ថានការណ៍​លែង​បាន ហើយ​ប្រទេស​ទាំងមូល​នឹង​ធ្លាក់​ចូល​វិបត្តិ​ធ្ងន់ធ្ងរ។

វិបត្តិ​ដែល​អ្នក​ជំនាញ និង​អ្នក​នយោបាយ មើល​ឃើញ​នោះ​គឺ ហានិភ័យ​ដល់​សេដ្ឋកិច្ច​ជាតិ សន្តិសុខ​ស្បៀង និង​សុខុមាលភាព​សង្គម ប្រសិនបើ​ជំងឺ​កូវីដ១៩ ចេះតែ​បន្ត​អូស​បន្លាយ គ្មាន​ការ​ដោះស្រាយ និង​ទប់ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ​។ ពួកគេ​យល់ស្រប​គ្នា​ថា វិបត្តិ​ទាំងនោះ នឹង​ចាក់​ស្រេស​ក្នុង​សង្គម​កម្ពុជា​ដែល​កំពុង​ក្រីក្រ​ស្រាប់ ឱ្យ​ក្លាយ​ជា​សង្គម​មួយ​ងាយ​នឹង​រងគ្រោះ ដោយសារតែ​បញ្ហា​ប្រឈម​ដល់​សុខភាព​សាធារណៈ បណ្ដាល​មក​ពី​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩​ដ៏​កាច​សាហាវ​នេះ​។ ពួកគេ​បារម្ភ​ថា ការ​កើន​ឡើង​នៃ​អត្រា​ពលរដ្ឋ​ឥត​ការងារ​ធ្វើ អត្រា​ពលរដ្ឋ​ជាប់​បំណុល​វ័ណ្ឌក កង្វះ​ស្បៀងអាហារ ចាំបាច់ និង​អាហារូបត្ថម្ភ​ប្រចាំថ្ងៃ ដោយសារ​ករណី​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ នឹង​បង្ក​ជា​វិបត្តិ ជាន់​លើ​វិបត្តិ​នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​មាន​ស្រាប់ ស្រប​ពេល​ដែល​ប្រទេស​នេះ កំពុង​ជួបប្រទះ​វិបត្តិ​នយោបាយ​ស្រាយ​មិន​រួច និង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ព្រមទាំង​ការ​ញាំញី​ដោយ​អំពើពុករលួយ​នោះ។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល មើល​ឃើញ​ថា ក្នុង​ស្ថានភាព​អាក្រក់​បំផុត ដែល​ឈាន​ទៅ​ដល់​ការ​បិទ​ប្រទេស​កម្ពុជា​ទាំងស្រុង នោះ​ចលាចល ឬ​ភាព​វឹកវរ​សង្គម នឹង​កើតមាន។ លោក​ថា របប​ក្រុង​ភ្នំពេញ​អាច​នឹង​បណ្ដែតបណ្ដោយ​ឱ្យ​ពលរដ្ឋ​ខ្លួនឯង​ស្លាប់ ហើយ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា នឹង​ត្រូវ​ដួល​រលំ ព្រោះ​ពលរដ្ឋ​ជាច្រើន នឹង​ត្រូវ​គេ​ទុកចោល ឱ្យ​ស្លាប់ ឬ​មិន​ទទួល​បាន​ការ​ព្យាបាល​ថែទាំ​ណាមួយ​ឡើយ​។

សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​រូប​នេះ ពន្យល់​ថា សេណារីយ៉ូ​នៃ​ការ​បិទ ប្រទេស​កម្ពុជា​ទាំងស្រុង នឹង​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ត្រូវ​ត្រដរ​ខ្យល់​រស់ ដោយសារ​កម្ពុជា​ពឹងផ្អែក​លើ​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​។ រីឯ​វិស័យ​ឯកជន​វិញ នឹង​រង​ការ​ប៉ះពាល់ មិន​ខុស​ពី​វិស័យ​សេវាកម្ម​ឡើយ​។ លើស​ពី​នេះ​ទៀត លោក​ថា បញ្ហា​ពលរដ្ឋ​ជំពាក់​បំណុល​នឹង​កើន​ឡើង ដោយសារ​ពលរដ្ឋ​ត្រូវការ​ខ្ចីបុល​លុយ សម្រាប់​យក​ទៅ​ថែទាំ​សុខភាព​ពី​គ្រោះអាសន្ន​នេះ ហើយ​នឹង ខ្ចីបុល​ដើម្បី​ឱ្យ​តែ​បាន​រស់ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ក៏ប៉ុន្តែ លោក​ថា របប​នេះ​មិនបាន​ខ្វល់ខ្វាយ​នឹង​រឿងរ៉ាវ​ទាំងអស់​នេះ​ឡើយ។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​រូប​នេះ កើតមានឡើង​ស្រប​ពេល​កម្ពុជា​កំពុង​ប្រឈម នឹង​ការ​កើន​ឡើង​ជា​លំដាប់​នៃ​ចំនួន​អ្នក​កើត​ជំងឺ​កូវីត​១៩។ បញ្ហា​នេះ​កំពុង​បង្ក​ឱ្យ​មាន ការភ័យខ្លាច​ក្នុងចំណោម​ពលរដ្ឋ​ទូទៅ​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នៅ​មិនទាន់​ប្រកាស​ដាក់​ប្រទេស​ទាំងមូល ក្នុង​ភាព​អាសន្ន ឬ​បិទ​ប្រទេស​ទាំងស្រុង​នៅឡើយ​ទេ តែ​លោក​ធ្លាប់​បង្ហើប​ថា លោក​កំពុង ពិចារណា​បញ្ហា​នេះ​។ លោក ហ៊ុន សែន ដែល​កន្លងមក​ធ្លាប់​អួតអាង​ថា លោក​មិន​ខ្លាច​ជំងឺ​កូវីដ​១៩ នេះ​ទេ តែ​អ្វី​ដែល​លោក​ខ្លាច​គឺ​ជំងឺ​ភ័យខ្លាច​ទៅវិញ​នោះ បាន បញ្ជា​ឱ្យ​ស្ថាប័នរដ្ឋ​នានា កាត់បន្ថយ​ចំណាយ​ពាក់​កណ្តាល និង​ត្រៀម​បម្រុង​ថវិកាជាតិ ពី​៨០០​លាន​ដុល្លារ ទៅ​២​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩​នេះ៖ «រាជរដ្ឋាភិបាល​បម្រុង​ទុក​នៃ​ថវិកា​តាម​សេណារីយ៉ូ​ទីមួយ ឬ​ទី​ពីរ​។ បើ​ទី​មួយ គឺ​ត្រៀម​បម្រុង​ប្រមាណ​ជាជាង​៨០០​លាន​ដុល្លារ​។ នេះ​បើសិនជា​ចេញ​សេណារី​យ៉ូ វិបត្តិ​អូស​បន្លាយ ៦​ខែ រឿង​កូរ៉ូណា ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​។ ហើយ​បើ​វា​ទៅដល់​១​ឆ្នាំ យើង​ក៏បាន​ប៉ាន់​ស្មានថា បើ​៦​ខែ តើ​សេដ្ឋកិច្ច​ធ្លាក់​កំណើន​ប៉ុណ្ណា​ ? ផល​ប៉ះពាល់​វា​ធំ​ប៉ុណ្ណា ហើយ​បាត់បង់​ចំណូល​ប៉ុណ្ណា​ ? ប្រសិនបើ​វា​កើត​ដល់​១​ឆ្នាំ តើ​កំណើន​សេដ្ឋកិច្ច​របស់​យើង ធ្លាក់​នៅ​ប៉ុណ្ណា​ ? ហើយ​យើង​ត្រូវ​ប៉ះប៉ូវ​ទំហំ​សាច់ប្រាក់​ប៉ុណ្ណា​ ? អ៊ីចឹង វា​ស្ថិត​​ក្នុង​ចន្លោះ​ពី ៨០០ លាន ទៅ​២​ពាន់​លាន ដែល​យើង​ត្រៀម​បម្រុង»។

ក៏ប៉ុន្តែ ផ្ទុយ​ពី​ការ​អួតអាង​របស់​លោក ហ៊ុន សែន នេះ ក្រសួង​សេដ្ឋកិច្ច គ្រោង​ចំណាយ​ថវិកា​សរុប​តែ​៦០​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ សម្រាប់​ជា​វិធានការ ដោះស្រាយ​ទប់ទល់​នឹង​បញ្ហា​ជំងឺ​កូវីដ​១៩​នេះ​។ ភាព​ផ្ទុយ​គ្នា​នេះ បាន​តម្រូវ​ឱ្យ​លោក ហ៊ុន សែន ងាក​ទៅ​ប្រកូក​ប្រកាស​រក​ជំនួយ​ពី​សាធារណជន និង​វិស័យ​ឯកជន​ទៀត​ផង ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​មិន​ប្រាកដប្រជា​នេះ។

ការ​តម្រូវ​ឱ្យ​កាត់បន្ថយ​ចំណាយ​ពាក់​កណ្ដាល​នៅ​តាម​ស្ថាប័នរដ្ឋ​នេះ ត្រូវ​មន្ត្រី​ផ្នែក​ផែនការ របស់​រដ្ឋាភិបាល លោក ថេង បញ្ញាធន ទទួល​ស្គាល់​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការអនុវត្ត ផែនការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០១៩-​ឆ្នាំ​២០២៣៖ «បាទ​ ! ជាក់ស្ដែង​ការ​ប៉ះពាល់ គឺ​យើង​ឃើញ​ហើយ​… គឺ​វា​ប៉ះពាល់​ក្នុង​ការ​អនុវត្ត​ការងារ ដំណើរការ​នៃ​ការអនុវត្ត​ការងារ​ផែនការ​របស់​យើង គឺ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ប៉ះពាល់​។ … គឺ​រឿង​ទាំងអស់​អត់​បាន​ព្រាងទុក​ទេ ដូចជា​បញ្ហា កូវីដ​១៩​នេះ​អញ្ចឹង គឺ​សកម្មភាព​ដំបូង រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាប់ផ្ដើម​ធ្វើការ​បែងចែក ឬក៏​វិភាជន៍​ថវិកា​របស់​រដ្ឋាភិបាល ដើម្បី​អន្តរាគមន៍​។ នេះ​គឺ​ដំណាក់កាល​បន្ទាន់​។​… នៅ​ពេល​ដែល​វា​មាន​បញ្ហា​កើតឡើង​បន្ទាន់​ដូច ករណី​កូវីដ​១៩​នេះ​អ៊ីចឹង គឺ​រាជរដ្ឋាភិបាល​បាន​បញ្ជា​ថវិកា​មួយ​ចំណែក​សម្រាប់ អន្តរាគមន៍​បន្ទាន់»។

ទោះជា​លោក ហ៊ុន សែន ប្រកាស​វិធានការ​បម្រុង​ថវិកា ដូច្នេះ​ក៏ដោយ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី មិន​រំពឹង​ថា រដ្ឋ​អាច​នឹង​មាន​លទ្ធភាព​ជួយ​ផ្ដល់​ប្រាក់ខែ​ឱ្យ​ដល់​ពលរដ្ឋ ដែល​បាត់បង់​ការងារ​ធ្វើ និង​ចេញ​ខាត​ដល់​វិស័យ​ឯកជន ដែល​រង​ផល​ប៉ះពាល់​នោះ​ទេ៖ «ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​នៅ​ក្នុង​វិបត្តិ​ដ៏​ធំធេង​នេះ រួម​ទាំង​ការ​ជួយ​ផ្ដល់​ប្រាក់ខែ​ជំនួស​ពេល​ដែល​បុគ្គលិក ឬ​ពលរដ្ឋ​ខ្លះ​ដែល​គាត់ បាត់បង់​ការងារ​ធ្វើ​នេះ ខ្ញុំ​មិន​រំពឹង​ថា រដ្ឋាភិបាល​យើង​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ទេ​។ ហើយ​បើសិនជា​ធ្វើ ក៏​គ្មាន​លទ្ធភាព​នឹង​ធ្វើ​ដែរ​។ បើសិនជា​យើង​ចូល​ដល់ ការ​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ ដែល​អត់​ការងារ​ធ្វើ ឱ្យ​បាន​ទទួល​នូវ​បៀវត្ស បណ្ដោះអាសន្ន នោះ​លុយ​៨០០ ទៅ​២​ពាន់​លាន​នោះ ក៏​អត់​ច្រើន​ដែរ គឺ​មិន​អាច​យក​ទៅ​ទប់ទល់​រឿង​អស់នេះ​កើត​ទេ»។

បណ្ឌិត មាស នី ព្រមាន​ថា បញ្ហា​អត់​ការងារ​ធ្វើ​នេះ នឹង​ធ្វើ​ឱ្យ​វិបត្តិ​បំណុល​ដែល​មាន​ស្រាប់ របស់​ពលរដ្ឋ កើន​ឡើង ហើយ​បើ​រដ្ឋ​ពុំ​ជួយ​ទប់ស្កាត់ ឬ​អន្តរាគមន៍​ទាន់​ពេល​នោះ​ទេ នោះ​ពលរដ្ឋ​ត្រូវ​ក្ស័យធន ព្រោះ​គ្មាន​លុយ​សង​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។ រីឯ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ខ្លួនឯង ក៏​ត្រូវ​រង​នូវ​ការ​ក្ស័យធន​ដូចគ្នា៖ «បើសិនជា​មិន​​ទាន់​មាន​ការ​ផ្អាក ការ​សង មាន​រយៈពេល​យូរ​តទៅទៀត នោះ​ខ្ញុំ​គិត​ថា វិបត្តិ​ផ្នែក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នឹង​មាន​កើត ឡើង​រវាង​អ្នក​ខ្ចី និង​អ្នក​សង នឹង​អាច​មាន​បញ្ហា​ជាមួយគ្នា​។ ពេលនោះ​រដ្ឋាភិបាល នឹង​ត្រូវ​ទទួលខុសត្រូវ​លើ​ផ្នែក​ណាមួយ បើ​មិន​ដូច្នេះ​ទេ វា​ដួល​ទាំង​ពលរដ្ឋ អ្នក​ខ្ចី គ្មាន​អី​ផ្ដល់​សង​សំណង​ទៅ​ឱ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ហើយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នឹង​អាច​ដួល​រលំ​ដោយ​ខ្លួនឯង បើសិនជា​មិន​មាន​ការ​ជួយ​សង្គ្រោះ ពី​រដ្ឋាភិបាល​ក្នុង​ផ្នែក​ណាមួយ​ទេ»។

របាយការណ៍​ស្រាវជ្រាវ​មួយ កាល​ពី​ឆ្នាំ​២០១៩ របស់​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជិត ២​លាន ៤​សែន​គ្រួសារ កំពុង​ជាប់ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ដែល​គិត​ជា​ប្រាក់​សរុប​ស្មើនឹង​ប្រមាណ​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​៨ ប៊ី​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០១៨​។ ក្នុង​នោះ គិត​ជា​មធ្យម ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ អាច​ជំពាក់​បំណុល​រហូតដល់​ទៅ​ជិត ៣​ពាន់​៤​រយ​ដុល្លារ​អាមេរិក​។ ការ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជាប់​បំណុល ដ៏​សន្ធឹកសន្ធាប់​នេះ គេ​នៅ​មិនទាន់​គិត​ករណី ក្រោយ​ពេល​ដែល​មានការ​ផ្ទុះឡើង​នៃ មេរោគ​កូរ៉ូណា​នេះ នៅ​ឡើយ​ទេ។

បណ្ឌិត មាស នី ថា ផល​ប៉ះពាល់​សេដ្ឋកិច្ច​ធ្លាក់​មក​លឿន​ជាង​វិបត្តិ​នៃ​ការ​រីក​រាលដាល នៃ​ជំងឺ​នេះ​ទៅទៀត ព្រោះ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ហើយ​មាន​ភាព​ងាយ​រងគ្រោះ​ខ្លាំង​។ លោក​ថា ការបាត់បង់​ការងារ​ធ្វើ​របស់​បុគ្គលិក ឬ​កម្មករ​ជាច្រើន កើតមាន​ក្នុង​វិស័យ​មួយ​ចំនួន ដូចជា​វិស័យ​ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ វិស័យ​អប់រំ​ឯកជន និង​វិស័យ​សេវាកម្ម កម្សាន្ត​ជាដើម​។ លោក​ថា បញ្ហា​ទាំងនេះ គឺ​គេ​នៅ​មិនទាន់​គិតដល់​ការ​បិទទ្វារ​រោងចក្រ នៅ​ពេល​មានការ​ឆ្លង​ជំងឺ​នេះ​ក្នុងចំណោម​កម្មករ​-​កម្មការិនី សរុប​ជិត ៨​សែន​នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង។

របាយការណ៍​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា​មាន​កម្លាំង​ពលកម្ម​សរុប​ចំនួន ១០​លាន​នាក់ ហើយ​ពលរដ្ឋ​ដែល​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​មាន​ជាង ១,២៨​លាន​នាក់​។ ពលរដ្ឋ​ជាង ១​លាន​៥​សែន​នាក់ បម្រើការ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ជាង ២,២០​លាន​នាក់ បម្រើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ខណៈ​ពលរដ្ឋ​ជាង​៤​លាន​នាក់​ជា​កសិករ​។

បណ្ឌិត មាស នី ថា សេដ្ឋកិច្ច​ជា​លក្ខណៈ​គ្រួសារ ក៏​នឹង​រង​ផល​ប៉ះពាល់ ដោយសារ​ពលរដ្ឋ ខ្លាច​រអារ​មិន​ហ៊ាន​ចេញទៅ​លក់ដូរ ឬ​ប្រកប​អាជីវកម្ម​នៅ​ខាងក្រៅ​ដូច​ធម្មតា រីឯ ទំនិញ​នៅ​តាម​ទីផ្សារ​ក៏​ត្រូវ​ឈ្មួញ​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ យក​ចំណេញ​កប់​ក្តោង។ លោក​ព្រមាន​ថា ក្រៅពី​ការ​ដួល​រលំ​នៃ​វិស័យ​ឯកជន ដោយសារ​ការ​បិទ​ប្រទេស​ទាំងស្រុង​នោះ ហេតុការណ៍​នេះ ក៏​នឹង​រុញច្រាន​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ងាក​ទៅ​ប្រើ​លទ្ធភាព​ខ្ចីបុល​ពី​ចិន កាន់តែ​ច្រើន​ថែមទៀត ដើម្បី​យក​មក​ទប់ទល់​ស្ថានការណ៍​អាសន្ន​នេះ៖ «បើសិនជា​ទទួលរង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​មែនទែន រដ្ឋាភិបាល​ប្រហែលជា​នឹង អាច​សុំ​ឱ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​ចិន​ទៀត ឬ​យ៉ាងណា​នោះ ឬក៏​មាន​កម្ចី​ថែមទៀត ពី​ប្រទេស​ចិន​ថែមទៀត នោះ​ជា​រឿង​មួយ​ដែល យើង​គិត​ថា ជា​ច្រក​ដែល​នឹង​អាច​ចេញ ដែល​រដ្ឋាភិបាល​អាច​នឹង​យក​មក​ប្រើ»។

អ្នក​ជំនាញ​មួយ​រូប​ទៀត​ផ្នែក​កសិកម្ម ហើយ​ក្លាយ​ជា​អ្នកនយោបាយ គឺ​បណ្ឌិត យ៉ង សាំងកុមារ មើល​ឃើញ​ថា លទ្ធភាព​នៃ​ការ​កើតឡើង​នូវ​បញ្ហា​ជះឥទ្ធិពល ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា មាន​កម្រិត​ខ្ពស់ ដោយសារ​តែ​មាន​ការ​បិទ​ព្រំដែន​ថៃ និង​វៀតណាម ហើយ​មានការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ​ខ្លាំង​នៅ​អឺរ៉ុប និង​នៅ​អាមេរិក ក្រៅតែ​ពី​ប្រទេស​ចិន​។ បើ​ទោះ​ជា​លោក​ថា កម្ពុជា​នឹង​មិន​ទាន់​ឈាន ដល់​ការ​បិទ​ប្រទេស​ទាំងស្រុង​ក៏ដោយ ក៏ប៉ុន្តែ​លោក​ថា ប្រសិនបើ​ករណី​នេះ​កើតឡើង មែន នោះ​សកម្មភាព​សេដ្ឋកិច្ច​ទាំងអស់​នឹង​ត្រូវ​ផ្អាក ហើយ​បញ្ហា​សន្តិសុខ​ស្បៀង នឹង​ចោទឡើង៖ «ពេល​ហ្នុង អ្វី​ដែល​សំខាន់​បំផុត គឺ​រឿង​ធ្វើ​ម៉េច​ឱ្យ​មាន​ស្បៀង មានការ​ផ្គត់​ផ្គង់ស្បៀង​គ្រប់គ្រាន់ ហើយ​ធ្វើ​ម៉េច​កុំ​ឱ្យ​មានការ​ចលាចល​អី​ជាដើម ដោយសារ​ការភ័យខ្លាច​ខ្វះ​ស្បៀង ជាដើម​។ ពេលនោះ យើង​ត្រូវ​គិត​ថា ត្រូវ​ធ្វើ​យ៉ាងម៉េច​ប្រជាពលរដ្ឋ នៅ​តាម​ផ្ទះ​នីមួយៗ​នោះ គាត់​អាច​មាន​លទ្ធភាព​ទទួល​ស្បៀង ដូច​នៅ​ប្រទេស​ខ្លះ មួយ​អាទិត្យ​ចេញ​មក​ម្តង មក​ទិញ​ស្បៀង​។ មាន​ដឹក​ស្បៀង​ដល់​ផ្ទះ​ដល់​អី​។ យើង​ត្រូវ​រៀបចំ​គិត គឺ​ដូចគ្នា​ដែរ យើង​ត្រូវ​មើល​បទពិសោធន៍​តាម​ប្រទេស​ផ្សេងៗ»។

បណ្ឌិត យ៉ង សាំង​កុមារ ផ្ដល់​អនុសាសន៍​ថា បញ្ហា​សំខាន់ រដ្ឋ​ត្រូវ​ធ្វើ​យ៉ាងណា​ចេញ វិធានការ​ទប់ស្កាត់ កុំ​ឱ្យ​ទំនិញ​ហូបចុក​ប្រចាំថ្ងៃ​ឡើងថ្លៃ​ពេក ជាពិសេស​អង្ករ អំបិល ស្ករ របស់​របរ​ចាំបាច់​ប្រចាំថ្ងៃ និង​ការ​ផ្គត់ផ្គង់​ហ្គាស​ជាដើម៖ «រដ្ឋាភិបាល​ត្រូវ​ធ្វើ​ម៉េច​កំណត់​នូវ​មុខទំនិញ ឬ​ផលិតផល​មួយ​ចំនួន ត្រូវ​ត្រៀមខ្លួន​ដើម្បី​ការពារ​ធ្វើ​ម៉េច​កុំ​ឱ្យ​ផលិតផល​ទាំង​ហ្នុង​វា ថ្លៃ​ពេក ហើយ​កុំ​ឱ្យ​វា​អត់​។ នៅ​កម្ពុជា​ភាគច្រើន​នៅ​អ្នក​ជនបទ នៅ​ស្រុកស្រែ ៦០ ទៅ​៧០​ភាគរយ វា​មិនសូវ​ធ្ងន់ធ្ងរ​ដូច​នៅ​ប្រទេស​ដែល​ភាគច្រើន​គេ​មក​នៅ​ទីក្រុង នោះ​គឺ​ប្រឈម​ខ្លាំង​។ នេះ​ជា​រឿង​អំណោយផល ដែល​មិន​សូវ​មាន​មនុស្ស​បុក​សម្រុក មក​នៅ​ទីក្រុង​ខ្លាំង»។

សម្រាប់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ក្លាយ​ជា​អ្នក​នយោបាយ លោក សម រង្ស៊ី ផ្ដល់​អនុសាសន៍​ថា ក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​កំពុង​ជួបប្រទះ​នូវ​បញ្ហា អាសន្ន​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ដូច្នេះ រដ្ឋ​ត្រូវ​ចាត់​ទុក​បញ្ហា​អាយុជីវិត​ពលរដ្ឋ​ជាធំ តាមរយៈ​ការ​ធ្វើ​តេស្ត​បន្ទាន់​រក​អ្នក​ឆ្លង​ជំងឺ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​។ លោក​បន្ថែម​ថា ការ​ដោះស្រាយ​បញ្ហា​ស្បៀង និង​បញ្ហា​ជីវភាព​ពលរដ្ឋ​ក៏​សុទ្ធសឹងតែ​ជា​វិធានការ​ចាំបាច់៖ «យើង​ត្រូវ​គិតគូរ​ថា​រវាង​ខ្មែរ និង​ខ្មែរ អ្នកទទួលខុសត្រូវ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​មិន​ត្រូវ​ព្រលែង​ចោល ឱ្យ​ប្រជាពលរដ្ឋ​ឈឺ ឬ​មួយ​ប្រជាពលរដ្ឋ​បាត់បង់​ការងារ អត់​ប្រាក់ចំណូល ប្រជាពលរដ្ឋ​ស្លាប់ ដោយ​ដាច់​បាយ​។ រដ្ឋ​អំណាច​ដែល​ទទួលខុសត្រូវ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​អ៊ីចឹង​ទេ»។

លោក សម រង្ស៊ី ផ្តល់​អនុសាសន៍​ថា យ៉ាងហោចណាស់ រដ្ឋ​គួរ​មាន​វិធានការ​អន្តរាគមន៍ ដោះស្រាយ​ធានា​បញ្ហា​សុវត្ថិភាព ស្បៀង និង​ប្រាប់​ទៅ​ស្ថាប័ន​ហិរញ្ញវត្ថុ ឱ្យ​ផ្អាក​ការ​ទារ​បំណុល​ពី​ពលរដ្ឋ​ក្នុង​គ្រាអាសន្ន នេះ៖ «​ប៉ុន្តែ​ទន្ទឹម​នឹង​ស្បៀង​នេះ យើង​ត្រូវ​មើល​បញ្ហា​ប្រជាពលរដ្ឋ​មាន​អ្វី​ដែល​ចាំបាច់ ដូចជា​បំណុល បើ​មិន​សងបំណុល​ឱ្យ​ធនាគារ សហគ្រាស​អី មីក្រូហិរញ្ញវត្ថុ​នោះ គេ​មក​រឹបអូស​ផ្ទះ កំពុងតែ​ភ័យខ្លាច​ស្លាប់ កំពុងតែ​ជួបប្រទះ​ជីវភាព​រស់នៅ​ខ្លាច​ដាច់​បាយ ស្រាប់តែ​គេ​មក​រឹបអូស​ផ្ទះ រឹបអូស​ដីធ្លី​។ ដូច្នេះ​ហើយ​បាន​ត្រូវ​ចាត់វិធានការ​ថា​ផ្អាក ឱ្យ​ធនាគារ អង្គការ​ទាំងអស់​ហ្នឹង​ផ្អាក គឺ​ប្រាប់​ប្រជាពលរដ្ឋ​ទៅ​ថា ក្នុង​គ្រាអាសន្ន ដែល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក មិន​ដឹង​ស្លាប់ មិន​ដឹង​រស់​នេះ មិន​ចាំបាច់​បង់​ការប្រាក់ មិន​ចាំបាច់​សងបំណុល​ទេ»។

ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ផ្សាយ​កាលពីដើម​ខែ​មីនា អំពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ការ​រាតត្បាត​នៃ​​ជំងឺ​កូវីដ១៩ ទៅលើ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី រក​ឃើញ​ថា ក្នុង​សេណារីយ៉ូ​អាក្រក់​បំផុត​រយៈពេល​អូស​បន្លាយ ៦​ខែ ចំណូល​បានមក​ពី​វិស័យ​ទេសចរណ៍​របស់កម្ពុជា​អាច​ខាតបង់ប្រាក់​ដល់​ទៅ​ជាង ៨៥០ លាន​ដុល្លារ ឬ​ស្មើនឹង​ការខាតបង់ ជាង ៣,៤៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប GDP​។ នេះ​មានន័យថា កំណើន​សេដ្ឋកិច្ច​កម្ពុជា GDP ដែល​លោក ហ៊ុន សែន ធ្លាប់​អួត​ថា មាន​កំណើន​ថេរ​ក្នុង​រង្វង់ ៧% នោះ នឹង​ធ្លាក់​ស្រុត​ចុះ​ខ្លាំង​ក្នុង​ឆ្នាំ​២០២០​នេះ ខណៈ​កម្ពុជា​របស់​លោក មាន​ចក្ខុវិស័យ​ចង់​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ​២០៥០។

ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB នេះ ធ្វើឡើង​ដោយ​ពិនិត្យមើល​លើ សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល​។ សកម្មភាព​សេដ្ឋកិច្ច​ទាំងនោះ រួមមាន ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​សកម្មភាព​សេដ្ឋកិច្ច ការ​វិនិយោគ និង​ការ​ចំណាយ នៅ​ក្នុង​ប្រទេស​ចិន ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍ ការ​អាក់ខាន​ចង្វាក់​ផលិតកម្ម និង ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម ជាដើម​។ នៅ​ទូទាំង​ពិភពលោក ធនាគារ​ដដែល​ព្យាករណ៍ ថា ក្នុង​សេណារីយ៉ូ​អាក្រក់​នេះ ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នឹង​ធ្វើ​ឱ្យ​ពិភពលោក​ខាតបង់​ប្រាក់​អស់​ជាង ២៣៥ ប៊ី​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។