HRWស្នើរដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម និងបញ្ឈប់ធ្វើទុក្ខបុកម្នេញ
2020.06.15
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើឲ្យរដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមម្នាក់ ដែលកំពុងជាប់ឃុំ និងឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមដទៃទៀត ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិ។ សំណើនេះធ្វើឡើងស្របពេល ដែលក្រសួងការបរទេសអាមេរិក ក៏រកឃើញដែរថា អាជ្ញាធរវៀតណាម កំពុងបំបិទសិទ្ធិសេរីភាពផ្នែក អ៊ិនធឹណែតរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមផងដែរ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៣ មិថុនាថា អាជ្ញាធរវៀតណាម កំពុងប្រើប្រាស់លេសគ្រប់យ៉ាង ដើម្បីធ្វើបាបពលរដ្ឋខ្មែរក្រោម ណាដែលហ៊ានរិះគន់រដ្ឋាភិបាល វៀតណាម តាមរយៈបណ្ដាញសង្គម។ ការលើកឡើងនេះ ដោយសារ តែរដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះ ទើបតែបានផាកពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរទៅលើយុវជនខ្មែរក្រោមពីរនាក់ ដោយសារតែម្នាក់ហ៊ានរិះគន់ ករណីវៀតណាមចែកអង្ករអត់គុណភាពដល់ខ្មែរក្រោម និងម្នាក់ទៀតរឿងចែកចាយព័ត៌មានពីសហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមលើកទី ៧១ឆ្នាំ កាលពីថ្ងៃទី៤ មិថុនា កន្លងទៅ៖ «ទាំងនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វៀតណាមតាមដានយ៉ាងយកចិត្តទុក្ខដាក់ ចំពោះការប្រើប្រាស់បណ្ដាញសង្គមរបស់ពលរដ្ឋទូទៅ ហើយវៀតណាមប្រើប្រាស់ច្បាប់ដ៏តឹងរ៉ឹងរបស់គេ ដើម្បីផ្ដន្ទាទោសនរណា ដែលហ៊ានរិះគន់រដ្ឋាភិបាល។ បច្ចុប្បន្ននេះបណ្ដាញសង្គម (facebook) បានក្លាយជាជម្រើសដ៏សំខាន់មួយ ដែលគេប្រើប្រាស់ដើម្បីទាក់ទងគ្នា និងចែកចាយព័ត៌មានអំពីព្រឹត្តិការណ៍កើតឡើងនៅប្រទេសវៀតណាម។ ខ្ញុំគ្មានអ្វីភ្ញាក់ផ្អើលនោះទេ ដែលអាជ្ញាធរវៀតណាម ផ្ដន្ទាទោសខ្មែរក្រោម ដោយសារតែការបញ្ចេញមតិ។ ការផ្ដន្ទាទោសនេះ ជាការរំលោភសេរីភាពនៃការបញ្ចេញមតិ។ ពលរដ្ឋខ្មែរក្រោមទាំងនោះ មិនត្រូវរងការចោទប្រកាន់ទាំងនោះទេ។ តាមពិតអាជ្ញាធរវៀតណាមវិញទេ ដែលត្រូវបកស្រាយពីបញ្ហាអ្វីដែលកើតមាន។ ដូចជាករណី មានការចោទប្រកាន់ថា អង្កដែលវៀតណាមចែកឲ្យខ្មែរក្រោមនោះ គ្មានគុណភាពជាដើម។ ការចោទប្រកាន់ទាំងនោះ អាចជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយ ឬក៏អាចជាបញ្ហារបស់មន្ត្រីថ្នាក់ក្រោម ដែលត្រូវតែត្រួតពិនិត្យ។ ករណីផ្សេងទៀត ខ្មែរក្រោមខ្លះ បានលើកយកព័ត៌មានស្ដីពីសហព័ន្ធខ្មែរក្រោមមកនិយាយ អាជ្ញាធរវៀតណាមមិនត្រូវធ្វើទុកបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយសារតែពួកគេស្រង់សំដី របស់អង្គការនៅក្រៅប្រទេស មកនិយាយនោះទេ»។
លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) បន្តទៀតថា ការបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរពីសំណាក់អាជ្ញាធរវៀតណាមនេះ ដោយសារតែវៀតណាមរើសអើងពូជសាសន៍ខ្មែរ និងខ្លាចខ្មែរកម្ពុជាក្រោម ទាមទារបំបែករដ្ឋទៅថ្ងៃអនាគត៖ «អាជ្ញាធរវៀតណាម បានគាបសង្កត់ពលរដ្ឋខ្មែរក្រោម អស់ជាច្រើនទសវត្សហើយ។ វៀតណាមចាត់ទុកខ្មែរក្រោមថា ជាក្រុមមនុស្សមិនស្មោះត្រង់នឹងវៀតណាម។ វៀតណាមរើសអើងនឹងខ្មែរក្រោម ដោយសារតែពូជសាសន៍ ភាសា និងសាសនា ខុសប្លែកនឹងជនជាតិ វៀតណាម។ ពលរដ្ឋទាំងនោះ មិនគួរត្រូវគេចាប់ខ្លួនដាក់ពន្ធនាគារ ឬផ្អាកពិន័យ ដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិនោះទេ។ នេះជាឧទាហរណ៍មួយ ដែលវៀតណាមប្រើប្រាស់អំណាចរបស់ខ្លួនដើម្បី បំបិទសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម។ ជារៀងរាល់ពេល ខ្មែរក្រោមតែងទទួលរងការរំលោភបំពានទាំងនេះ ពីសំណាក់អាជ្ញាធរវៀតណាម ដោយសារតែខ្មែរត្រូវគេរើសអើង ហើយអាជ្ញាធរសង្ស័យពួកគេចង់ បំបែករដ្ឋ ចេញពីប្រទេសវៀតណាម។ អាជ្ញាធរវៀតណាមតែងតែស្វែងរកលេសគ្រប់យ៉ាង ដើម្បីចាប់ខ្មែរកម្ពុជាក្រោមដាក់ពន្ធនាគារ»។
ខ្មែរកម្ពុជាក្រោមនៅជុំវិញពិភពលោក ទើបបារម្ភខួបបាត់បង់ទឹកដីខ្មែរក្រោមលើកទី ៧១ឆ្នាំ ដែលបារាំង បានកាត់ទឹកដីខ្មែរក្រោមទាំងខុសច្បាប់ទៅឲ្យវៀតណាម កាលពីឆ្នាំ១៩៤៩។ ក្នុងទិវាបាត់បង់ទឹកដីនោះ សហគមន៍ខ្មែរក្រោម ប្រកាសស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាប្ដឹងទៅតុលាការអន្តរជាតិទាមទារដីខ្មែរពីវៀតណាមមកវិញ និងទាមទារសិទ្ធិជាម្ចាស់ដើមកំណើត ដើម្បីអាចមានសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួនឯងទៅថ្ងៃអនាគត។
ស្របពេលមានសំណើពីអង្គការសិទ្ធិមនុស្សអន្តរជាតិនេះដែរ ក្រសួងការបរទេស សហរដ្ឋអាមេរិក ក៏បានបញ្ចេញរបាយការណ៍ស្តីពីសេរីភាពសាសនា កាលពីសប្ដាហ៍មុន ដោយរកឃើញថា ពេញមួយឆ្នាំ កាលពីឆ្នាំ២០១៩ វៀតណាម បានប្រើប្រាស់ច្បាប់សន្តិសុខ ផ្នែកអ៊ិនធឹណិត ជាលេសក្នុងពេលចាប់ខ្លួន និងសួរចម្លើយ ពលរដ្ឋខ្មែរក្រោម។ របាយការណ៍បន្តថា ខ្មែរក្រោមបានរងគ្រោះ ដោយសារពួកគេប្រើប្រាស់បណ្តាញសង្គម ចែកចាយព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្រសួងការបរទេសសហរដ្ឋអាមេរិកថា សហព័ន្ធខ្មែរក្រោមអះអាងថា វៀតណាមចោទប្រកាន់សហព័ន្ធថា ជាក្រុមបំបែករដ្ឋ ប៉ុន្តែសហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការធ្វើការងារ ដើម្បីសេរីភាពផ្នែកសាសនា និងសិទ្ធិមនុស្ស។ ក្រសួងការបរទេសអាមេរិកក៏រកឃើញថា ព្រះសង្ឃខ្មែរក្រោម ក៏ត្រូវបានវៀតណាម បង្ខំឲ្យចូលធ្វើទាហាន ដោយមិនអាចប្រកែកបាន ទោះបីប្រទេសវៀតណាម មិនមានសង្គ្រាមក៏ដោយ។
ដោយឡែក ករណីបញ្ហាដីធ្លីនៅខ្មែរក្រោមវិញ កាលពីដើមខែ មិថុនានេះ មានពលរដ្ឋខ្មែរក្រោមម្នាក់ ត្រូវបានសមត្ថកិច្ចវៀតណាម ប្រើប្រាស់ហិង្សា វាយ និងចាប់ខ្លួន ហើយកំពុងជាប់ឃុំឃាំងមិនឲ្យជួបសាច់ញាតិ និងគ្មានមេធាវីការពារក្តីរហូតមកទល់ពេលបច្ចុប្បន្ននេះ។ ពលរដ្ឋខ្មែរក្រោមរូបនោះ ជាអ្នកស៊ីឈ្នួលធ្វើដី ដើម្បីឲ្យពលរដ្ឋខ្មែរក្រោមផ្សេងទៀតធ្វើស្រែចម្ការ មុនពេលអាជ្ញាធរវៀតណាមរឹបអូសយក កាលពីចុងខែឧសភា បណ្តាលឲ្យផ្ទុះអំពើហិង្សា។ លោក ហ៊្វីល រ៉ូប៊ើតសុន លើកឡើងថា ករណីនេះបង្ហាញថា អាជ្ញាធរវៀតណាម គ្មានសមត្ថភាពដោះស្រាយវិបត្តិដីធ្លី ហើយពេលខ្លះមន្ត្រីពុករលួយ រឹបអូសដីធ្លីពលរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៖ «បញ្ហាសិទ្ធិដីធ្លី និងកម្មសិទ្ធិដីធ្លី កំពុងកើតឡើងជាបន្តបន្ទាប់នៅវៀតណាម ដោយសារតែអាជ្ញាធរគ្មានសមត្ថភាពដោះស្រាយ។ ដូចលោកដឹងហើយថា នៅវៀតណាម ដីទាំងអស់ជាកម្មសិទ្ធិរបស់រដ្ឋ។ យើងឃើញជាញឹកញយថា មន្រ្តីពុករលួយប្រើប្រាស់អំណាចនេះ ដើម្បី រឹបអូសយកដីធ្លីពលរដ្ឋ តាមតែចិត្តគេចង់បាន។ ក្នុងករណីដែលខ្មែរក្រោមតវ៉ាប្រឆាំងការរឹបអូសយកដីធ្លីរបស់ពួកគេ វៀតណាមត្រូវតែស្ដាប់ការតវ៉ារបស់គេ។ អាជ្ញាធរវៀតណាម មិនត្រូវធ្វើទុក្ខបុកម្នេញ ឬក៏ចាប់ខ្លួនពួកគេនោះទេ។ អាជ្ញាធរក៏មិនត្រូវឃុំខ្លួនខ្មែរក្រោម មិនឲ្យជួបមុខមនុស្ស និងមេធាវីដែរ។ បញ្ហាដែលកើតមានឡើងនោះ គឺថា ច្បាប់ព្រហ្មទណ្ឌវៀតណាម អនុញ្ញាតឲ្យប៉ូលិសរារាំងមិនឲ្យមេធាវី អាចជួបកូនក្តីរបស់ពួកគេបានរហូតដល់ការស៊ើបអង្កេតរបស់ប៉ូលិសបញ្ចប់។ ជារើយៗ យើងឃើញថា ពេលជនសង្ស័យឋិតក្នុងការឃុំខ្លួនរបស់ប៉ូលិស សមត្ថកិច្ចតែងធ្វើទារុណកម្មពួកគេ។ ខ្ញុំបារម្ភថា ខ្មែរក្រោមរូបនេះ ដែលកំពុងរងការឃុំខ្លួន អាចនឹងរងការធ្វើទារុណកម្ម។ សមត្ថកិច្ចត្រូវតែ ដោះលែងគាត់ជាបន្ទាន់។ ប្រសិន គាត់ប្រព្រឹត្តបទល្មើសហិង្សា ធ្ងន់ធ្ងរនោះ ជាករណីផ្សេង ប៉ុន្តែបើគាត់គ្រាន់តែតវ៉ារឿងដីធ្លីនោះ អាជ្ញាធរវៀតណាមមិនត្រូវចាប់ខ្លួនគាត់នោះទេ»។
លោក ហ៊្វីល រ៉ូប៊ើតសុន លើកឡើងថា ខ្មែរក្រោមនឹងពិបាកស្វែងរកយុត្តិធម៌ និងដំណោះស្រាយ ពីអាជ្ញាធរវៀតណាមណាស់ ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្ត វៀតណាម មានចរិតពីធម្មជាតិមក គឺធ្វើបាបពលរដ្ឋខ្លួនឯង និងមានប្រវត្តិរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែលោកថា ខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើតរបស់ពួកគេ អាចងើបឡើងទាមទារសិទ្ធិសេរីភាព និងតស៊ូមតិ តាមរយៈសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការផ្សេងទៀតដើម្បីបន្លឺសំឡេងទាមទាររកយុត្តិធម៌ ប្រឆាំងការចាប់ខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការរើសអើងជាដើម។ លោកថា ខ្មែរក្រោមត្រូវតែផ្សព្វផ្សាយជាសាធារណៈករណីរំលោភបំពានទាំងនោះ ឲ្យគេឯងដឹងឮ រហូតដល់វៀតណាមដឹងថា សហគមន៍អន្តរជាតិកំពុងតាមដានទង្វើរបស់ខ្លួនទៅលើពលរដ្ឋខ្មែរក្រោម និងបញ្ឈប់ការរំលោភបំពានទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។